Social Icons

បុប្ផវគ្គវណ្ណនា

៤. បុប្ផវគ្គ

៤៤.                 កោ ឥមំ បថវិំ វិជេស្សតិ ,    យមលោកញ្ច ឥមំ សទេវកំ;
កោ ធម្មបទំ សុទេសិតំ,      កុសលោ បុប្ផមិវ បចេស្សតិ។
អ្នកណានឹងដឹងច្បាស់នូវផែនដីគឺអត្ថភាពនេះ និងយមលោកគឺអបាយភូមិ ៤ និង​មនុស្ស​លោកនេះព្រមទាំងទេវលោកបាន អ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើស​រើសនូវផ្កាដូច្នោះឯង។

៤៥.                 សេខោ បថវិំ វិចេស្សតិ,        យមលោកញ្ច ឥមំ សទេវកំ;
សេខោ ធម្មបទំ សុទេសិតំ, កុសលោ បុប្ផមិវ បចេស្សតិ។
ព្រះសេក្ខបុគ្គលនឹងដឹងច្បាស់នូវផែនដីគឺអត្តភាពនេះ និងយមលោកគឺអបាយភូមិ៤និង​មនុស្សលោកនេះព្រមទាំងទេវលោកបាន ព្រះសេក្ខបុគ្គលនឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលព្រះតថាគតសំដែងប្រពៃហើយ ដូចមាលាការដែលឈ្លាសវៃ ជ្រើសរើសនូវផ្កាដូច្នោះ។

៤៦.                 ផេណូបមំ កាយមិមំ វិទិត្វា, មរីចិធម្មំ អភិសម្ពុធានោ;
ឆេត្វាន មារស្ស បបុប្ផកានិ , អទស្សនំ មច្ចុរាជស្ស គច្ឆេ។
ភិក្ខុនឹងដឹងច្បាស់នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មាន​សភាព​ដូចព្រេញថ្ងៃ គប្បីកាត់នូវផ្កាជាប្រធាននៃមារគឺវដ្ដៈ៣ទៅកាន់ស្ថាន​ជាទីមិន​ឃើញនៃមច្ចុរាជ។
៤៧.                បុប្ផានិ ហេវ បចិនន្តំ,             ព្យាសត្តមនសំ នរំ;
សុត្តំ គាមំ មហោឃោវ,       មច្ចុ អាទាយ គច្ឆតិ។
មច្ចុគឺសេចក្ដីស្លាប់តែងកៀរយកទៅនូវនរជន អ្នកមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍​ផ្សេង ៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ នុះឯង ដូចទឹកជំនន់ធំ ដែលកួច​យក​អ្នកស្រុកកំពុងដេកលក់ទៅ ដូច្នោះឯង។

៤៨.                 បុប្ផានិ ហេវ បចិនន្តំ,             ព្យាសត្តមនសំ នរំ;
អតិត្តំយេវ កាមេសុ,            អន្តកោ កុរុតេ វសំ។
អ្នកធ្វើទីបំផុតគឺមរណៈ តែងក្រុងសត្វ ដែលមានចិត្តជាប់ជំពាក់ក្នុងអារម្មណ៍ផ្សេង ៗ កំពុងជ្រើសរើសនូវផ្កាគឺកាមគុណ ៥ មិនឆ្អែតឆ្អន់ក្នុងកាមទាំងឡាយនុះឯង ឲ្យ​នៅ​ក្នុងអំណាចរបស់ខ្លួន។

៤៩.                 យថាបិ ភមរោ បុប្ផំ, វណ្ណគន្ធំ អហេឋយំ ;
បលេតិ រសមាទាយ,            ឯវំ គាមេ មុនី ចរេ។
ភមរជាតិមិនធ្វើផ្កាឈើដែលមានពណ៌និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញគប្បីត្រាច់ទៅក្នុងស្រុកក៏យ៉ាងនោះឯង។

៥០.                 ន បរេសំ វិលោមានិ,             ន បរេសំ កតាកតំ;
អត្តនោវ អវេក្ខេយ្យ,            កតានិ អកតានិ ច។
ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ កិច្ចដែលធ្វើ ហើយនឹងមិនទាន់ធ្វើហើយរបស់ជនដទៃ(ដែលមិនមែនជាមុខការរបស់ខ្លួន) បុគ្គល​មិន​គួរពិនិត្យមើលទេ បុគ្គលគួរពិនិត្យពិចារណា តែកិច្ចការទាំងឡាយ ដែលធ្វើ​ហើយ​នឹង​មិនទាន់ធ្វើហើយរបស់ខ្លួនតែម៉្យាង។

៥១.                 យថាបិ រុចិរំ បុប្ផំ,                   វណ្ណវន្តំ អគន្ធកំ;
ឯវំ សុភាសិតា វាចា,            អផលា ហោតិ អកុព្ពតោ។
ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌(ល្អ) តែគ្មានក្លិន(ក្រអូប)​(រមែងមិន​ក្រអូប​ដល់​អ្នកដែលទ្រទ្រង់)ដូចម្ដេចមិញ វាចាជាសុភាសិត រមែងគ្មានផល​ដល់អ្នក​ដែល​មិន​ធ្វើ​តាមដូច្នោះ។

៥២.                 យថាបិ រុចិរំ បុប្ផំ,                   វណ្ណវន្តំ សគន្ធកំ ;
ឯវំ សុភាសិតា វាចា,            សផលា ហោតិ កុព្ពតោ ។​
ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន(រមែងក្រអូប​ដល់អ្នក​ដែលទ្រ​ទ្រង់)ដូចម្ដេចមិញ វាចាជាសុភាសិត រមែងមានផលដល់​អ្នកដែល​ធ្វើតាម​ដោយ​គោរព ដូច្នោះឯង។

៥៣.                យថាបិ បុប្ផរាសិម្ហា,             កយិរា មាលាគុឡេ ពហូ;
ឯវំ ជាតេន មច្ចេន,                កត្តព្ពំ កុសលំ ពហុំ។
មាលាការចេះធ្វើសំណុំនៃកម្រផ្កា អំពីគំនរនៃផ្កា(ផ្សេងៗគ្នា) ឲ្យច្រើនបាន យ៉ាងណា​មិញ កុសលដែលសត្វកើតមកហើយ គួរធ្វើឲ្យច្រើនយ៉ាងនោះ។
៥៤.                 ន បុប្ផគន្ធោ បដិវាតមេតិ, ​ន ចន្ទនំ តគរមល្លិកាវា;
សតញ្ច គន្ធោ បដិវាតមេតិសព្វា ទិសា សប្បុរិសោ បវាយតិ។
ក្លិនផ្កាឈើ ផ្សាយទៅច្រាស់ខ្យល់​មិនបាន ក្លិនខ្លឹមច័ន្ទន៍ក្ដី ក្លិមខ្លឹមក្រស្នាក្ដី ក្លិនផ្កា​ម្លិះ​រួត​ក្ដី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែង​ផ្សាយ​ទៅច្រាសខ្យល់បាន ព្រោះសប្បុរសរមែងផ្សាយទៅគ្រប់ទិស។

៥៥.                 ចន្ទនំ តគរំ វាបិ,                     ឧប្បលំ អថ វស្សិកី;
ឯតេសំ គន្ធជាតានំ,             សីលគន្ធោ អនុត្តរោ។
ក្លិននៃសីលជាគុណជាតិប្រសើរបំផុតជាងគន្ធជាតិទាំងនេះគឺ ខ្លឹមច័ន្ទន៍ ខ្លឹមប្រស្នា ផ្កា​ឧប្បល ផ្កាម្លិះលា។

៥៦.                 អប្បមត្តោ អយំ គន្ធោ,         យ្វាយំ តគរចន្ទនំ ;
យោ ច សីលវតំ គន្ធោ,        វាតិ ទេវេសុ ឧត្តមោ។
ក្លិនក្រស្នា និងក្លិនច័ន្ទន៍ណា ក្លិននេះក្រអូបមានប្រមាណតិចទេ ចំណែកក្លិន​នៃ​បុគ្គល​មានសីលទាំងឡាយណា ក្លិននោះទើបក្រអូបលើសលប់ ផ្សាយទៅក្នុង​ទេវ​លោកនិងមនុស្សលោក​បាន។

៥៧.                តេសំ សម្បន្នសីលានំ,        អប្បមាទវិហារិនំ;
សម្មទញ្ញា វិមុត្តានំ,   មារោ មគ្គំ ន វិន្ទតិ។
មារាធិរាជ(ទុកជាខំស្វែងរក)ក៏មិនជួបនូវផ្លូវរបស់លោក អ្នកមានសីលបរិបូណ៌ អ្នក​នៅដោយសេចក្ដីមិនប្រមាទ អ្នករួចស្រឡះ(ចាកធម៌ជាគ្រឿងសៅហ្មង) ព្រោះ​ដឹង​ច្បាស់នូវហេតុ។

៥៨.                 យថា សង្ការធានស្មិំ ,          ឧជ្ឈិតស្មិំ មហាបថេ;
បទុមំ តត្ថ ជាយេថ, សុចិគន្ធំ មនោរមំ។
ផ្កាឈូកទុកជាកើតក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មាន​ក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្ដេចមិញ ។

៥៩.                 ឯវំ សង្ការភូតេសុ,                 អន្ធភូតេ បុថុជ្ជនេ;
អតិរោចតិ បញ្ញាយ,             សម្មាសម្ពុទ្ធសាវកោ។
បណ្ដាជនដែលដូចជាគំនរសម្រាម សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ​រមែងរុងរឿង​កន្លង​ផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា(របស់ខ្លួន) ដូច្នោះឯង។​
បុប្ផ​វគ្គវណ្ណនា និដ្ឋិតា ។

0 ការពិគ្រោះ:

Post a Comment

Booking.com