Social Icons

ទិសដៅអភិវឌ្ឍវិស័យសិក្សាព្រះពុទ្ធសាសនា

ទិសដៅអភិវឌ្ឍន៍វិស័យសិក្សាព្រះពុទ្ធសាសនា
សង្គមខ្មែរតាំងពីបូរាណកាលរៀងមករហូតដល់បច្ចុប្បន្ន គឺជាសង្គម​ដែលមានវប្បធម៌​ប្រពៃណី​​ព្រះពុទ្ធសាសនានិងអក្សរសាស្ត្រជាតិ​ជាឯកលក្ខណ៍ប្រចាំជាតិ​របស់ខ្លួនហើយ​តម្រង់ជីវិតនៅ​លើ​មូលដ្ឋាន​នេះជារៀងដរាបមក។ ការដែលសង្គមខ្មែរធ្លាក់ដុនដាបឃ្លាតឆ្ងាយវត្តវ៉ាអារាម ខ្វះ​ការយល់ដឹងពី​ដើមកំណើតមូលដ្ឋាគ្រឹះទាំងនេះច្រើនជាបង្គួរនោះពុំមែន​ជាកំហុសរបស់នរណាម្នាក់​ឡើយ តែជា​កំហុស​របស់​ពួកយើងទាំងអស់គ្នា ដែលខ្វះការយកចិត្តទុកដាក់និងជួយពង្រឹងពង្រីកគ្នា បណ្ដោយ​ឲ្យល្បឿន​នៃ​ខឿន​វប្ប​ធម៌ប្រពៃណី​ព្រះពុទ្ធសាសនាអក្សរសាស្ត្រ​ជាតិរបស់​យើងរំយារ​ទៅបន្តិចម្ដងៗ ។ លោកាភិវឌ្ឍន៍ គឺការធ្វើដំណើរបោះ​ជំហានទៅជារឿយៗ ពុំមានការឈប់ឈរ, ពេលវេលាមានតម្លៃ​​តាំងពីមួយវិនាទី។ ការដែលយើងឈប់សម្រាកឬផ្អាកមួយខណៈចិត្ត​ដែលពុំមានការរំកិលនោះ ឈ្មោះថាយើងត្រូវបាត់បង់នូវឱកាសដ៏ថ្លៃថ្នូរយ៉ាងមហាសាលដោយមិ​ន​​អាច​ប្រមាណបាន ហើយ​យើង​ត្រូវចាប់ផ្ដើមតម្លើង​គ្រឿងឡើងសាជាថ្មី​ក្នុងខណៈដែល​គេវឹង​បាត់​ទៅហើយនោះ។ សម្លឹង​មើលមកលើខឿនវប្បធម៌ប្រពៃណីព្រះ​ពុទ្ធសាសនាអក្សរសាស្ត្ររបស់​យើងវិញ ឃើញមានការ​សល់នៅដ៏តិចតួចណាស់ បើទន្ទឹមនឹងការបាត់បង់ទៅហើយ។ ថ្វីត្បិត​តែសង្គមខ្មែរមានការគោរព​ព្រះពុទ្ធសាសនាមានចំនួនស្ទើរតែ ១០០%, វត្តវ៉ាអារាមនៅតែមានការ​ស្ថាបនា​កសាង, បុណ្យប្រ​ពៃ​ណីជាតិនៅតែមានការចាត់តាំងរាល់រដូវកាលក៏ពិត​ តែបើសិនជាយើង​ធ្វើការសម្ភាស​មួយជាមួយប្រ​ជាជនធម្មតា ស្ដីពីពុទ្ធសាសនាគឺអ្វី? ព្រះពុទ្ធទ្រង់ប្រៀនប្រដៅរឿងអ្វី? ព្រះពុទ្ធសាសនាបានផ្ដល់អ្វី​ដល់អ្នកខ្លះ? ឬអ្វីខ្លះជាបុណ្យប្រពៃណីខ្មែរ? ។ល។ សំណួរងាយៗ បែប​នេះ អ្នកដែលឆ្លើយតបបាន​យ៉ាងត្រឹមត្រូវពុំមានប៉ុន្មាននាក់ទេ ប៉ុន្តែ ក៏ពុំមែនមានន័យថា វប្បធម៌​ខ្មែរ ព្រះពុទ្ធសាសនាខ្មែរអក្សរ​សាស្ត្រខ្មែរបាត់បង់ទៅពីក្រឳបេះដូង​នៃអ្នកទាំងនោះ​ក៏ទេដែរ។ ខ្ញុំជឿថា បើសិន​ជាមាននរណា​ម្នាក់​ជាន់ឈ្លី បំផ្លិចបំផ្លាញឬបំបាត់បង់នូវគ្រឹះស្ថានរបស់ពួកគាត់ ពួកគាត់ក៏ឥត​មាន​នរណា​ម្នាក់​ស្ងៀមនៅ​ដោយ​ឥត​មាន​ការក្រោកឡើងតស៊ូជា​ដាច់​ខាត។ ទាំងនេះ​ក៏ព្រោះ​សេច​ក្ដី​ជំនឿ សេចក្ដីស្រឡាញ់វប្បធម៌​ប្រពៃណី ព្រះពុទ្ធសាសនា និងអក្សរ​សាស្ត្ររបស់​ខ្លួននៅតែ​មាន​កម្រិត​ពេញទាំងបេះដូងដដែល​ជានិច្ចឥតមានការផ្លាស់ប្ដូរ។ ហេតុដែលប្រជាជនខ្មែរខ្វះការចេះដឹង​ព្រោះ​ពីគាត់ពុំបានសិក្សារៀនសូត្រឬទទួលបានវិស័យអប់រំផ្នែកនេះជាបង្គួរ។ ម្យ៉ាងទៀត ល្បឿន​​ជម្រុញ​នៃវប្បធម៌បរទេសកំពុងតែមានកម្លាំង ចលនភាពនៃការជម្រុញវប្បធម៌គេហើយជម្រុល​វប្បធម៌ឯងកំពុងតែមាននិន្នាការប្រព្រឹត្តទៅយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរ។ ចំណុចអន់មួយដែល​យើងពុំអាចបដិសេធន៍បានគឺ ខ្មែរយើងចូលចិត្តបន្ទាបខ្លួន ហើយមានការស្រូបយកវប្បធម៌បរទេស​បានយ៉ាងងាយៗ តួយ៉ាងក្នុងការជួបជុំមួយ បើសិនជាមានជនបរទេសតែម្នាក់ ខ្មែរយើងក៏នាំគ្នា​និយាយភាសាគេអស់ទាំងក្រុម ព្រោះខ្លាចគេស្ដាប់មិនបាន។ ទស្សនៈដែលគួរឲ្យភ័យខ្លាច​ម្យ៉ាង​ទៀត​ដែលបានផុះឡើងក្នុងសង្គមខ្មែរគឺ “រៀនអក្សរខ្មែរធ្វើអ្វី រៀនហើយក៏បានត្រឹមតែកាន់ដង​ចប​​ដងជំនីកដដែល ឬបួសរៀនច្រើនសឹកចេញទៅក៏បានត្រឹមតែជាកម្មករគូលី ឬថា ខ្ញុំកាន់ពុទ្ធសាសនា​តើពុទ្ធសាសនាផ្ដល់ឲ្យខ្ញុំបានអ្វីខ្លះ? ទស្សនៈដ៏អន្តរាយនេះខ្ញុំបានស្ដាប់បានឮផ្ទាល់ហើយនាំមក​និយាយក្នុងទីនេះដើម្បីជាទិដ្ឋានុគតិហើយជួយគ្នារកផ្លូវបង្ការនិងទប់ស្កាត់លប់បំបាត់គតិនេះចេញឲ្យទាន់ពេល កុំឲ្យដុះរាលដាលតទៅទៀត ព្រោះពុំមែនជាទស្សនៈនាំឲ្យសង្គមខ្មែររីកចម្រើន​ឡើយ។​ តាមពិតទៅ សម្រាប់សង្គមខ្មែរ ”ព្រះពុទ្ធសាសនាបានផ្ដល់ផលប្រយោជន៍ដល់សង្គមខ្មែរច្រើន​ជាងភាពជាព្រះពុទ្ធសាសនារាប់រយរាប់ពាន់ដងទៅទៀត” ។
ខ្មែរយើងច្រើនមានពាក្យស្លោកមួយឃ្លាថា “អានេះបើមិនកើត​ឲ្យចូលវត្ត” ជាក់ស្ដែងវត្តក្នុង​ទី​នេះបានដល់ពុទ្ធសាសនា​ហ្នឹងឯង បានន័យថា ពុទ្ធសាសនាបានបង្រៀនមនុស្ស​ឲ្យក្លាយជា​មនុស្ស, បង្កើត​អវជាតបុត្រឲ្យទៅជាអភិជាតបុត្រ ។ មិនតែប៉ុណ្ណោះសោត វត្តនៅជាខឿនវប្បធម៌ ជាថ្នាលបណ្ដុះ​បណ្ដាលចំណេះដឹងនានប្បការឲ្យដល់កូនខ្មែរនិងសង្គមខ្មែរ ដូចជា សិប្បកម្ម ស្ថាបត្យកម្ម វិចិត្រកម្ម​។ល។ សុទ្ធតែមានប្រភពចេញពីវត្ត នេះមិនទាន់គិត​ទាំងមន្ត្រីរាជការ​ទៀតផង។ និទស្សនៈប៉ុណ្ណេះ​នេះ ខ្ញុំចង់បញ្ជាក់ថា ព្រះពុទ្ធសាសនាមានតម្លៃច្រើនជាង​ភាពជា​ព្រះពុទ្ធសាសនាឆ្ងាយណាស់ក្នុង​សង្គមខ្មែរ។ ប៉ុន្តែ បច្ចុប្បន្នបញ្ហាទុទិដ្ឋិនិយមដែល​បានវាយលុបមក​លើពុទ្ធសាសនាក៏មិនតិចដែរ។ កត្តា​ទាំងនេះអាចកើតឡើងអាស្រ័យបច្ច័យផ្សេងៗពីបរិដ្ឋានជុំវិញ ដូចជាតួពុទ្ធសាសនិកជនឯងមានការ​ព្រងើយកន្តើយ ពាហិរសាសនាវាយប្រហារមកលើ បញ្ហាផ្ទៃ​ក្នុងគ្មានការ​សាមគ្គីគ្នាឲ្យដៃសត្រូវ និង​ថាមពលវត្ថុនិយមនៃលោកាភិវឌ្ឍន៍​កំពុងមានឥទ្ធិពល​ក៏ខ្លាំង​ក្លា...ជាអាទិ៍។ ដូច្នេះ​ដើម្បីចូលរួមក្នុង​ការ​ជួយជម្រុញខឿនវប្បធម៌របស់​យើងឲ្យមានភាពរស់រវើក​និងរីក​ចម្រើនឡើងវិញខ្ញុំសូមចូលរួម​វិធីសាស្ត្រមួយចំនួនដូចជា៖
១. អប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស
នេះគឺជំហានដំបូងដែលត្រូវអនុវត្តហើយក៏ជាពន្លកដ៏​សំខាន់ដើម្បីឈាន​ទៅ​កាន់ចំណុចបន្ត។ ពន្លកនេះត្រូវតែបានទទួលការហ្វឹកហាត់លត់ដំ​យ៉ាង​គាប់ប្រសើរនិងត្រូវបានថែទាំរក្សា​យ៉ាង​យកចិត្តទុកដាក់ទៀតផងទើបល្បឿនលូតលាស់អាចលូតបានលឿនតាមត្រូវការបាន។ ការសិក្សា​រៀនសូត្រគឺការចាប់ផ្ដើមរបស់វិស័យបណ្ដុះបណ្ដាល បន្ទាប់មកការ​ស្រឡាញ់​ការ​​យល់​ពីតម្លៃ​នៃពាក្យ​ប្រៀនប្រដៅ វប្បធម៌ប្រពៃណីទាំងនោះក៏ជាកត្តាចំបាច់ដូចគ្នា ព្រោះថា ការធ្វើអ្វីម្យ៉ាងៗ បើមិន​យល់​ពីតម្លៃរបស់វា មិនមានចិត្តស្រឡាញ់ឬយកចិត្តទុកដាក់ទេ ការងារនោះក៏ពុំសូវ​ទទួ​ល​បាន​លទ្ធ​ផលយ៉ាងពេញលេញដែរ។
ម្យ៉ាងទៀត កម្លាំងចិត្ត ការជម្រុញទឹកចិត្តដល់គ្នានឹងគ្នា ការគាំទ្រនូវគ្នានឹង​គ្នាក៏ជាកត្តាសំខាន់ ព្រោះវាជាប្រេងរំអិលសម្រាប់ជម្រុលល្បឿនរទេះឲ្យលឿនទៅបាន ។ តាមពិតសង្គម​ខ្មែរ​​យើងពុំមែនខ្វះទេចំណុចនេះ វត្តអារាមក្ដីវប្បធម៌ប្រពៃណីរបស់យើងក្ដីដែលគង់​វង់នៅដល់សព្វ​ថ្ងៃ​​នេះក៏អាស្រ័យគុណសម្បត្តិទាំងនេះឯង។ ប៉ុន្តែ យើងធ្លាប់បានសង្កេតខ្លះទេ ហេតុអ្វីពុទ្ធសាសនា​មួយថ្ងៃកាន់​តែអន់ថយទៅ? ពុទ្ធបរិស័ទចូលវត្តមួយថ្ងៃកាន់តែតិចទៅ? ព្រះសង្ឃតាមវត្តមួយឆ្នាំៗ​កាន់តែបាត់ទៅ? បញ្ហាទាំងនេះក៏ព្រោះពីកងពលមិនរឹងប៉ឹងមិន​ទាន់បានបញ្ចេញ​ឲ្យអស់ពី​សមត្ថ​ភាព ជាពិសេស​គឺ​ខ្វះការគាំទ្រនិងយកចិត្តទុកដាក់ពីជុំវិញ មិនតែប៉ុណ្ណោះ បែជាមានឧបសគ្គ​រងចាំរារាំងពីគ្រប់ទិសទីទៀត​ផង។ សម្លឹងទៅមើលប្រវត្តិសាស្ត្រពុទ្ធសាសនា​ព្រះពុទ្ធ​មុន​នឹងទេសនាប្រោសសត្វ ប្រកាសព្រះសាសនា ព្រះពុទ្ធអង្គបានត្រៀមកងពលមួយដ៏អង់​អាច​ក្លាហាននិងមានគុណភាព  នោះគឺប្រោសព្រះអរហន្ត ៦០អង្គ មានព្រះបញ្ចវគ្គី យសកុលបុត្តនិង​សម្លាញ់ព្រះយសជាដើម​រួចបញ្ជូនទៅប្រកាសសាសនាដោយ បាវចនៈថា “ចារថ ភិក្ខវេ ចារិកំ ពហុជនានំ អត្ថាយ ហិតាយ សុខាយ លោកានុកម្បាយ” ប្រែថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរត្រាច់ទៅកាន់ចារិក​ដើម្បី​សេចក្ដីសុខ សេចក្ដីចម្រើនដើម្បីប្រយោជន៍ដល់ជនទាំងឡាយដ៏ច្រើន និង​ដើម្បី​អនុគ្រោះ​ដល់សត្វ​លោកចុះ​​”។ ចំណែកព្រះអង្គវិញ​ទិសដៅសំខាន់គឺព្រះបាទពិម្ពិសារ ​ព្រះរាជាក្រុងមគធៈ មន្ទាប់មក​ជដិល​ទាំងបីនាក់បងប្អូនដែលជាមេលទ្ធិបូជាភ្លើង​។ កត្តាទាំងនេះ​រាប់ថា​ជា​យុទ្ធវិធីមួយ​ដ៏ជ័យ​ជំនះរបស់ព្រះអង្គ។
២. ចូលឲ្យដល់ជុំជនដោយការសិក្សា(អនុវត្តការងារ)
ពុទ្ធសាសនិកជននិយាយរួម ជាពិសេសគឺព្រះសង្ឃដែលជាសាសនទាយាទ, ការបង្រៀនអក្សរសាស្ត្រខ្មែរ ទេសនាដឹក​នាំពុទ្ធបរិស័ទ បង្រៀនធម៌អាថ៌វិន័យ ជាភារកិច្ចរបស់ព្រះសង្ឃ។ ម្យ៉ាងទៀត ភូមិស្រុកនីមួយៗ វត្តនីមួយៗ ព្រះសង្ឃជាគោលជំហរ ព្រះសង្ឃជាអ្នកនៅជិតក្បែរជាងនរណាទាំងអស់។ ពីដើមមក​វត្តគឺជាមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្នែកវិជ្ជាការផ្សេង ៗ ប៉ុន្តែ បច្ចុប្បន្នស្ថាប័ននេះក្លាយ​ជាហួស​សម័យ បញ្ហាទាំងនេះក៏ព្រោះ​ពីការ​បដិបត្តិ​របស់យើងខ្វះគុណភាព ក្រឡាស់ខ្លួនមិនទាន់នឹងរលកនៃ​លោកាភិវឌ្ឍន៍ រត់ប្រដេញតាម​វត្ថុនិយម​រហូត​ដល់ថ្នាក់ស្ទើរ​នឹងភ្លេច​ទាំងកំណើតខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ អ្នកខ្លះបែ​ជាមានទុទិដ្ឋិនិយមមកលើពុទ្ធសាសនា វាយប្រហារពុទ្ធសាសនា​ពីគ្រប់​ជ្រុង​ជ្រោយ​ ដូច្នេះបញ្ហាទាំង​អស់នាបច្ចុប្បន្ននេះយើងត្រូវតែមានការបដិរូបឡើងវិញកុំទុកឲ្យដល់​ជ្រុលហួសពេល ដោយការប្រតិបត្តិ ការសិក្សាព្រះពុទ្ធសាសនាយ៉ាងពិតៗ ធ្វើយ៉ាងណាដើម្បី​​ឲ្យ​ពុទ្ធសាសនិកជន​យល់បានច្បាស់ពីតម្លៃព្រះពុទ្ធសាសនានិងមហន្តរាយនៃការបាត់បង់ទៅនៃ​ពុទ្ធសាសនា វត្តអារាមដែលជាខឿនវប្បធម៌អក្សរសាស្ត្រជាតិ។
ការសិក្សាត្រូវបានបដិរូបឲ្យទាន់សម័យ បង្រៀនមនុស្សឲ្យចេះគិត ចេះវិភាគ ចេះកែច្នៃ ប្រើ​សតិបញ្ញាជាចង្កូតក្នុងការដោះស្រ័យបញ្ហាជីវិត ចៀសវាងគំនិតចាស់គំរិលនិងកុំលុះក្នុងអំណាចនៃ​អវិជ្ជូបនីយកម្ម ប្រើបញ្ញាសម្លឹងមើលឲ្យឃើញទៅតាមយថាភូតញាណទស្សនៈ។
ក្មេងៗយុវជនគឺជាមុខតម្រុយសំខាន់ដែលត្រូវបានទទួលការសិក្សាអប់រំយ៉ាងពេញជម្ទុក ត្រូវផ្ដល់ឱកាសសម្រាប់យុវជនដើម្បីអភិវឌ្ឍន៍ខ្លួនឯង តែប្រការសំខាន់គឺអាណាព្យាបាល ព្រោះ​អាណា​ព្យាបាលជាអ្នកនៅក្បែរយុជនជាទីបំផុត, តែទោះជាយ៉ាងណាក៏ដោយ តួបុគ្គលឯងក៏​ត្រូវជួយ​ខ្លួន​ឯង​ផងដែរ​។ ព្រះពុទ្ធជាម្ចាស់​ទ្រ​ង់សម្ដែងថា​”អត្តា ហិ អត្តនោ នាថោ ខ្លួនទីពឹងខ្លួន” ជាក់ស្ដែង បើយើងព្រម​ជួយ​ខ្លួន​យើង​ហើយ​អ្នកដទៃ​គេនឹងជួយយើងជាបន្ត​។ ដុកទ័រ ឯមបេតការ (Dr.B.R. Ambedkar) បាន​ពោល​​ថា “ការជួយមានពីរយ៉ាង មួយគឺការ​ជំនួយ​អំពី​អ្នក​ដទៃ ពីរគឺយើងត្រូវ​ជួយ​ខ្លួន​យើងផង”[1]​។​​
“ខន្តី តស៊ូ កតញ្ញូ ក្លាហាន និងសាមគ្គី” នេះគឺទស្សនៈរបស់ខ្មែរ ដូច្នេះសង្គមខ្មែរក៏ពុំអាច​ខ្វះចំ​ណុចនេះបានដែរ ជាពិសេសធនធានមនុស្សដែលបានបង្កើត​រួចនិងបម្រុងនាំចំណេះដឹង​របស់ខ្លួន​​ទៅ​សាបព្រោះបណ្ដុះពូជជាបន្ត ត្រូវតែមានការអត់ធ្មត់ ការតស៊ូ ការដឹងគុណ សេចក្ដីក្លាហាននិង​សាមគ្គីយ៉ាងមុះមុតដើម្បីជួយជន្លងព្រះពុទ្ធសាសនាឲ្យបានរីកចម្រើន ព្រោះវាមានន័យថា វប្បធម៌​ប្រពៃណី អក្សរសាស្ត្រជាតិយើងរីកចម្រើនទៅតាមផង។ ករណកម្ម​ទាំងប៉ុន្មាននេះ គឺកា​រ​នាំ​សង្គម​ខ្មែរ​ឲ្យ​រួចផុតពីអន្លង់នៃអវិជ្ជា សម្លឹងឃើញ​នូវពន្លឺនៃ​ប្រាជ្ញាដូច​ជាតិគេដទៃ ស្គាល់បានបច្ចក្ខភាព​ក្នុង​សង្គម​និងការតបស្នង​សងគុណដល់ដុំបា​យដែលយើងបាន​អាស្រ័យ។
៣.  ចាត់កិច្ចកម្មបំប៉នការសិក្សា
ដើម្បីជំនួយស្មារតីពង្រឹងពង្រីកចំណេះដឹង តម្លើងប្រសិទ្ធិ​ភាពអ្នករៀន ការស្វែងរកកិច្ចកម្មឬ​ចាត់កិច្ចកម្មផ្សេងៗ មិនអាចខាតបានទេ ព្រោះគឺជាការអនុវត្តន៍​នូវចំណេះដឹងដែលខ្លួនបាន​រៀនបានសិក្សាមកដោយផ្ទាល់ ហើយជា​បទពិសោធន៍ដែលអ្នកសិក្សា​ត្រូវនាំទៅបដិបត្តិនៅអនាគត។
បើប្រៀបទៅនឹងការសិក្សា​ក្នុងព្រះពុទ្ធសាសនាវិញ ព្រះពុទ្ធជាម្ចាស់បានបែងការ​សិក្សាជា​៣​លំដាប់គឺ ៖
១). បរិយត្តិធម៌ ការសិក្សាផ្នែកបរិយត្តិ ពោលគឺភាគទ្រឹស្ដីដែលសាលារៀន​បានតម្រូវឲ្យ​និង​ការស្រាវជ្រាវរាវរកបទពិសោធន៍នានាមកបំប៉នសតិបញ្ញា វិជ្ជាការរបស់អ្នករៀន  ធ្វើយ៉ាង​ណាឲ្យ​​ទទួលបានការចេះដឹងយ៉ាងខ្ពស់បំផុតតាមលទ្ធភាពដែលអាចប្រព្រឹត្តទៅបាន ។
២). បដិបត្តិធម៌ ការសិក្សាផ្នែកបដិបត្តិ គឺការនាំយកទ្រឹស្ដីដែលខ្លួនបាន​សិក្សារួច​ហើយនោះ​មកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ម្យ៉ាងទៀតការអនុវត្តន៍នេះនៅមានន័យថា ការធ្វើវិសោធន​កម្ម​នូវ​គោលទ្រឹស្ដីដែលខ្លួនបានរៀនមកទៀតផង ដើម្បីស្វែងរកសេចក្ដី​ពិតឬផលប្រយោជន៍​នៃការ​សិក្សា ។ បើខ្វះការអនុវត្តន៍លទ្ធផលក៏មិនអាចកើតមានបាន ដូច្នេះ បរិយត្តិធម៌ត្រូវដើរជាគូ​នឹងបដិបត្តិធម៌​ទើបកើតបដិវេធធម៌បាន
៣). បដិវេធធម៌ គឺសេចក្ដីសម្រេចផលដែលកើតពីការសិក្សានិងអនុវត្ត​តាមមេរៀន​ដែល​ខ្លួន​បានសិក្សាបានប្រតិបត្តិ ឬពីបទពិសោធន៍ដែលបានល្បងខុសល្បង​ត្រូវអស់ជាច្រើនលើក​ច្រើន​គ្រា​។ ព្រះពុទ្ធជាម្ចាស់ទម្រាំនឹងបានត្រាស់ដឹងជាសាស្ដាឯកក្នុងលោក ព្រះអង្គទ្រង់បានឆ្លងកាត់​បទ​​ពិសោធន៍​​មួយ​ឬការបណ្ដាក់ទុនមួយដ៏មានតម្លៃខ្ពស់ ​​ត្រូវប្រើទាំងកម្លាំងកាយនិងកម្លាំង​ចិត្ត​ព្រមទាំងសេចក្ដីព្យាយាមដ៏តឹងរឹង គឺទុក្ករកិរិយា។ និយាយរួម ការបង្កើតកិច្ចកម្មដើម្បីការសិក្សា បំប៉នចំណេះដឹង គឺការចាត់ឲ្យមានព្រលានឬបន្ទប់ដកពិសោធន៍ហ្នឹងឯង។
៤. ផ្សព្វផ្សាយនិងពង្រឹងពង្រីក
បច្ចុប្បន្ននេះ ប្រពន្ធផ្សព្វផ្សាយមានគ្រប់ប្រភេទ យើងអាចរួប​រួមលទ្ធផលដែលយើងបង្កើត​បានចុះផ្សាយតាមប្រពន្ធនានាដើម្បីឆ្លុះបញ្ចាំងឲ្យទូរជននិងអ្នកជិតខាង​បានឃើញច្បាស់នូវសមិទ្ធិផលរបស់យើង ។ បណ្ដាញអិនធើណេត ទស្សនវដ្ដី សរសេរសៀវភៅ សរសេរអត្ថបទ។ល។ គឺជាប្រពន្ធផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធិភាព ។
អក្សរសាស្ត្រខ្មែរគឺជាគោលចារឹកដ៏សំខាន់របស់ខ្មែរ។ អក្សរ​សាស្ត្ររីកចម្រើន​ពុំមែនជា​អក្ខរ​​ក្រម​ដេកខ្វៀនៗ ក្នុងសាស្ត្រាស្លឹករឹត ឬត្រូវផ្ដិតផ្ជាប់​ជាមួយ​ជញ្ជាំងថ្មត្រឹមតែជាឈ្មោះ​ពុទ្ធបរិស័ទ​ចូល​កុសលប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវតែជាអក្ខរក្រម​ដែលបានសិក្សារៀនសូត្រ ត្រូវបានសរសេរ​យ៉ាង​​សម្បូណ៌បែប ត្រូវបានបង្ហាញ់ខ្លួនក្នុង​ទីសាធារណផង។
ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ ពុំមែនជាព្រះធម៌សម្រាប់សូត្ររំដោះគ្រោះ សូត្រ​ន​មស្ការ ទន្ទេញចាំមាត់ក្នុងសាលាឬពុំនោះសោតជាព្រះត្រៃបិដក​ដែលជាប់សោនៅក្នុង​ទូ​នោះ​​​ទេ​​តែ​​ត្រូវបានរៀនសូត្រនិងយកទៅប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃទៀតផងទើបពុទ្ធសាសនាអាចវិវឌ្ឍនាការ​ទៅបានសមតាមវត្ថុបំណងដែលព្រះអង្គបានតាំងប្រណិធានទុកព្រមទាំង​​ឲ្យសមទៅនឹងតម្លៃ​ដែល​​ព្រះអង្គខំបំពេញទុក្ករកិរិយា​ស្វែងរកសច្ចធម៌សម្រាប់មនុស្សជាតិ។
មានទស្សនៈមួយបានពោលថា “ព្រះពុទ្ធសាសនាមិនជាអ្វីទាំងអស់ ក្រៅពីវិថីជីវិត” មានន័យ​ថា ព្រះពុទ្ធសាសនាបានបង្រៀនយើងឲ្យចេះដើរតាមគន្លងធម៌ ស្គាល់ប្រជាធិបតេយ្យ ស្គាល់​សច្ចធម៌ សមភាព ភាតរភាព សាមគ្គីភាពនិងសេចក្ដីយុត្តិធម៌ ជាដើមរបស់មនុស្សជាតិ។ ជាងនេះទៀត ពុទ្ធសាសនាពុំដែលទៅបង្កជម្លោះឬធ្វើសង្គ្រាមជាមួយនរណាម្ដងណាឡើយ ក្រៅពីត្រូវតែសាសនា​ដទៃ​រុករាន​ទន្ទ្រាន​ និងពួកឧបសគ្គនិយមមួយចំនួនឆ្លៀតឱកាស​បំផ្លិចបំផ្លាញព្រះពុទ្ធសាសនា​តែ​ប៉ុណ្ណោះ​។​​ ប្រការទាំង​នេះ​ពិភពលោកគេបានសម្លឹងមើលឃើញ ហើយបានទទួលស្គាល់ថា “ព្រះពុទ្ធសាសនាជា​សាសនា​​នៃសន្តិភាព” យ៉ាងពិតប្រាកដ​ រហូតដល់បានប្រកាសយក​ថ្ងៃវិសាខ​បូជា​ជា​ថ្ងៃសំខាន់​ពិភពលោក​ ឬ “វិសាខបូជាជាថ្ងៃសន្តិភាពលោក” នាសម័យប្រជុំសាមញ្ញនៃ​អង្គ​ការ​​សហ​ប្រជាជាតិ​លើកទី​៥៤ ខែធ្នូ ព.ស. ២៥៤២ ។
ដូច្នេះ ការផ្សព្វផ្សាយព្រះពុទ្ធសាសនាទំនៀមទំលាប់ប្រពៃណីអក្សរ​សាស្ត្រ​ពិតជា​រឿងសំ​ខាន់​​ណាស់ ម្យ៉ាង​ទៀតបច្ចុប្បន្នមាន​ប្រពន្ធផ្សព្វផ្សាយជាច្រើន យើងអាចផ្សាយតែមួយកន្លែងតែគេ​អាច​មើល​បានទូទាំង​ពិភពលោក។ មិនតែប៉ុណ្ណោះ យើងអាចឆ្លុះបញ្ចាំងឲ្យពិភពលោក​គេ​បានដឹង​ច្បាស់ថា ពុទ្ធ​សាសនាសមគួរជា​សាសនាប្រចាំលោក​ ដូចព្រះធម្មកោសាចារ្យ​បានពោល​ថា “ព្រះពុទ្ធ​សាសនា ជាសាសនាកើត​ឡើង​ដោយសារ​មនុស្ស សម្រាប់មនុស្ស​និង​ដើម្បីមនុស្ស[2]”  ហើយ​នឹងប្រជាជនខ្មែរគោរពព្រះពុទ្ធសាសនា ពិតជារឿងដែលគួរមោទនៈ​ជាទិបំផុត។
សរុបសេចក្ដីមក ទិសដៅអភិវឌ្ឍន៍វិស័យសិក្សាព្រះពុទ្ធសាសនា ដែលខ្ញុំបាន​បរិយាយ​​​មក​នេះ​​បើរួមចូលមក​ឲ្យខ្លីត្រឹមតែពាក្យមួយម៉ាត់គឺ “ការសិក្សា”។ ការសិក្សាគឺ​ជា​បណ្ដូល​​នៃ​ទិសដៅទាំង​ឡាយ​ ព្រោះថា បណ្ដាមុខវិជ្ជាការទាំងអស់​នៅលើលោក​នេះសុទ្ធតែ​កើត​មក​ពី​ការសិក្សាជា​មូលដ្ឋាន​ ហើយក៏ពុំដែលមាននរណាម្នាក់ចេះដោយគ្មានការសិក្សានោះទេ មួយវិញទៀត”ការ​សិក្សា​​គឺជា​សិទ្ធិនិងជាកាតព្វកិច្ចរបស់ប្រជាជន(មនុស្ស)គ្រប់រូប”[3]។
សម្រាប់សង្គមខ្មែរវិញ បញ្ហាមួយដ៏ធ្ងន់ដែលយើងពុំអាចទាត់ចោលបានគឺ ប្រជាជនខ្មែរ​៩០% ជាអ្នកក្រីក្រ ហើយពិតជាគួរឲ្យឈឺក្បាលចំពោះបញ្ហានេះ ។ ប៉ុន្តែ ចំណុចនេះ យើងមាន​​មេរៀន​ជា​ច្រើនសម្រាប់សិក្សាហើយយកមកធ្វើជាគំរូ ឧទាហរណ៍ វត្តនីមួយៗ មានបច្ច័យ​សម្រាប់វត្ត​ដើម្បី​​ស្ថាបនា​​​កុដិសាលាព្រះវិហារ ។ សម្ពន្ធសមណនិស្សិត-និស្សិតខ្មែ​រក្រោម​ក្ដី មូលនិធិពុទ្ធិកសិក្សាខ្មែរ​ថេរវាទវៀតណាមខាងត្បូង ក្ដី មានមូលនិធិដើម្បីជួយសម្រាល​ឧបសគ្គ​ទាំងនោះ​ថែមទាំង​ផ្ដល់​ឱកាសឲ្យគ្នារៀងៗ ខ្លួនបានមួយកម្រិតទៀតផង នោះសបញ្ជាក់ថា ការចូលរួមដើម្បីជួយជម្រុញគ្នា​ពិតជារឿងសំខាន់ណាស់ ហើយក៏អាចញ៉ាំងការសិក្សារៀន​សូត្រឲ្យ​​ព្រឹត្តិទៅបានផងដែរ​។ កត្តាទាំងនេះយើងសុទ្ធតែដឹងច្បាស់ទាំងអស់គ្នា តែអ្វីដែលខ្ញុំនិយាយគឺ ខ្ញុំចង់​​ឲ្យ​យើង​គួរ​តែ​​ផ្ដល់​សេចក្ដីសំខាន់ជាងនេះទៀត តម្លើងកម្រិតឲ្យបានកាន់តែខ្ពស់ ការសិក្សា​របស់យើងក៏អាច​ប្រព្រឹត្តិទៅបានយ៉ាងរលូន ។បូរាណភាសិតលោកបានពោលថា “តក់ៗដូច​ទឹក​ត្នោត ព្រឹកឡើង​សោតពេញបំពង់” ។ទន្ទឹមនឹងនោះគឺ សាមគ្គី ស្មោះស្ម័គ្រ សុចរិត យុត្តិធម៌​និងសេចក្តីអត់ធន់ក៏ត្រូវ​តែមានតាមមកផងទើបអាចបន្លុះតាមគោលបំណង ហើយខ្ញុំក៏ជឿជាក់ដែរថា វាស្ថិតនៅក្នុងសមត្ថ​ភាពរបស់យើងទាំងអស់គ្នា។


[1] ដុកទ័រ ឯមបេតការ (Dr.B.R. Ambedkar) រដ្ឋបុរសកំសត់ ដោយ វិរ័ជ ថីរពន្ធុមេធីទំព័រ ៩២(ភាសាថៃ)
[2]  Buddhism A Worldview professor Dr. Phra Dharmakosajarn (Prayoon Dhammacitto) p.5
[3]  ច្បាប់ក្រសួងសិក្សាធិការ សាធារណរដ្ឋសង្គមនិយមវៀតនាម មាត្រាទី១០ ឃ្លាទី១

0 ការពិគ្រោះ:

Post a Comment

Booking.com