Social Icons

ពុទ្ធបដិមាកម្មបុរេអង្គរ

ពុទ្ធបដិមា​កម្ម​បុរេ​អង្គរ​បែប​មហាយាន នៅ​ខ្ពង់រាប​នគររាជ (​ស​.​ត ទី​៧-៩ នៃ​គ​.​ស​)
ក្នុង​គោលដៅ​លើក​តម្លៃ​សម្បត្តិ​វប្បធម៌​បុរាណ ព្រមទាំង​អភិរក្ស​ការចងចាំ​របស់​ជនជាតិ​ខ្មែរ​យើង សូម​លើកយក​ពុទ្ធបដិមា​កម្ម​នៅ​ខ្ពង់រាប​នគររាជ​មក​សិក្សា ដោយហេតុ​ថា រហូត​ដល់​សព្វថ្ងៃនេះ បន្ទាប់ពី​មាន​ការរកឃើញ​បុរាណវត្ថុ​ទាំងនោះ មិនទាន់​មាន​ការវិភាគ​ស៊ីជម្រៅ​ណាមួយ​គួរ​ឲ្យ​កត់​សម្គាល់ទេ ។ យើង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការវិភាគ​នេះ​នឹង​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជា​មាន ដែល​ជា​ផ្លែផ្កា​នៃ​ការខិតខំ​ស្រាវជ្រាវ​របស់​យើង ។
គេ​បាន​រកឃើញ នៅ​ស្រុក​ព្រះ​កូន​ជ័យ (​ប្រាខូន​ឆ័យ​) ក្នុង​ខេត្ត​បុរី​រម្យ ដែល​ជា​តំបន់​និយាយ​ភាសា​ខ្មែរ នូវ​ចម្លាក់​តំណាង​ព្រះ​អវលោកេស្វរៈ និង​ព្រះ​ស្រី​អារ្យ​មេត្រី ក្រោម​រូបភាព​ជា​មនុស្ស​ចំនួន​ជាច្រើន​រយ​អង្គ ។ ចម្លាក់​បែប​មហាយាន​ទាំងនោះ​ធ្វើ​អំពី​ប្រាក់​លាយ​មាស ឬក៏​មាស​សុទ្ធ និង​សំរឹទ្ធិ​មាន​ទំហំ​ធំ​តូច​មិន​ស្មើគ្នា​ទេ គឺ​ពី ១០ សង់ទីម៉ែត្រ​ដល់ ១,៣០​ម​. ។ ខ្លះ​មាន​ដៃ​២ ឯ​ខ្លះ​ទៀត​មាន​ដៃដល់​ទៅ ៤ ។ គួរ​កត់សម្គាល់​ផង​ដែរ ខេត្ត​ពេជ្រ​បុរី (​ផេ​ជ្រ​ប៊ូន​) ដែល​មាន​ទីក្រុង​បុរាណ​ស្រី​ទេព ក៏​បាន​បន្សល់​ព្រះ​ពុទ្ធបដិមា​អំពី​សំរឹទ្ធ​មាស និង​ថ្ម​មួយចំនួន គួរ​ឲ្យ​មោទនៈ ។
ម្យ៉ាងវិញទៀត ពុទ្ធបដិមា​កម្ម​ទាំងនោះ ក៏​មិន​ស្ថិត​ក្នុង​សម័យកាល​តែមួយ​ទេ ពីព្រោះថា ខ្លះ​ស្ថិត​ក្នុង​រចនាបថ​ព្រៃ​ក្មេង និង​ខ្លះទៀត​ក្នុង​រចនាបថ​កំពង់ព្រះ (​ស​.​ត​ទី​៧-៨) សម្លៀក​បំពាក់​គ្រឿង​តុបតែង នៃ​ព្រះ​បដិមា​ទាំងនោះ​ដូចជា ជដា​មុក​ដ្ឋ ឬ​ធោ​តី​ជាដើម ឆ្លាក់​សម្រេច​ឡើង​ដោយ​មាន​លក្ខណៈ​ល្អ​វិចិត្រ មាន​រាង​ដ៏​សង្ហារ ។គួរ​បញ្ជាក់​ផង​ដែរ​ថា មិនមែន​តែ​បុរីរម្យ​ទេ ដែល​មាន​ពុទ្ធបដិមា​កម្ម​បែប​មហាយាន  ប៉ុន្តែ​សឹងតែ​មាន​គ្រប់​តែ​ទាំងអស់ នៃ​ខេត្ត​នៅ​ខ្ពង់រាប​នគររាជ​បច្ចុប្បន្ន ដែល​បាន​ជ្រូត​ជ្រាប​ដោយ​លទ្ធិ​មហាយាន ។ ដោយយោង​តាម​ឯកសារ​ខាង​បុរាណវិទ្យា​និង​តាម​សំណល់ ដែល​ប្រទះឃើញ​នោះ យើង​អាច​កត់សម្គាល់​ថា ចម្លាក់​ពុទ្ធ​បដិកម្ម​មហាយាន​ទាំងនោះ ក៏​មាន​ក្នុង​ខេត្ត​ខ្មែរ​បច្ចុប្បន្ន​មួយចំនួន​ដែរ ដែល​ក្នុងនោះ​មាន​ខេត្ត​បន្ទាយមានជ័យ​, ឧត្តរមានជ័យ​,​បាត់ដំបង់​, សៀមរាប និង​កំពង់ស្ពឺ ជាដើម ។
នេះ​ស​ឲ្យឃើញថា សិល្បៈ​បែប​មហាយាន មាន​ភាព​ត្រចះត្រចង់ មាន​លក្ខណៈ​ខ្ពង់ខ្ពស់​មិន​ចាញ់​សិល្បៈ​បែប​ពុទ្ធ​និយម​ឡើយ ក្នុងសម័យ​ជាមួយគ្នា​នោះ​។ ដោយហេតុនេះ ខុស​ពី​អ្នកនិពន្ធ​ថៃ យើង​រកឃើញ​ថា ដូច​តំបន់​ផ្សេង​នៅ​ឯ​កម្ពុជា​ក្រោម ចម្លាក់​បុរេ​អង្គរ​ទាំងនោះ មិនមែនជា​ស្នាដៃ​របស់​ជនជាតិ​មន​ទេ ទោះបី​បាន​ទទួល​ឥទ្ធិពល​ពី​មន ដែល​ជា​ជនជាតិ​រួម​ឈាមជ័រ​ជាមួយ​ខ្មែរ​ក៏ដោយ ។ បើ​និយាយ​ម្យ៉ាងទៀត ទោះបី​សិល្បៈ​ខ្មែរ​នា​សម័យ​ចេនឡា មាន​លក្ខណៈ​ស្រដៀង​គ្នា និង​សិល្បៈ​មន​នៃ​ទីក្រុង​ទ្វារ​វ​តី តែ​ចម្លាក់​ទាំងនោះ ត្រូវ​បាន​បង្ក​បង្កើតឡើង ហើយ​បាន​ឈាន​ទៅ​ដល់​កម្រិត​កំពូល​នា​សម័យ​ក្រោយៗ ដោយ​ស្នាដៃ​នៃ​របស់​ពុទ្ធសាសនិកជន​ខ្មែរ ។
យើង​បាន​លាតត្រដាង​រួច​មកហើយ​នូវ​យោបល់​របស់​អ្នកស្រាវជ្រាវ​ថៃ ដែល​គ្រាន់តែ​ជា​សមិទ្ធកម្ម​គ្មាន​មូលដ្ឋាន ក៏ប៉ុន្តែ​យើង​យល់ស្រប​នៅត្រង់​ចំណុច​មួយ​តែប៉ុណ្ណោះ គឺ​ឥទ្ធិពល​សិល្បៈ​មន​លើ​ខ្មែរ ។ តាម​ការប៉ាន់ស្មាន​របស់​យើង​បញ្ហា​នេះ​ជា​រឿង​ធម្មតា ដោយហេតុ​ថា ក្នុង​វិស័យ​ជំនឿ​សាសនា ក៏​ដូច​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម រមែងតែ​មាន​ការជះឥទ្ធិពល​ទៅ​វិញ​មក​ទៅមក ។ មានន័យ​ថា មិនមែន​ដូច​អ្នកនិពន្ធ​ថៃ​យល់​នោះទេ នគរ​មានឈ្មោះ​ទ្វារ​វ​តី ត្រូវ​បាន​ប្រសូត​ឡើង​ក្រោយពី​ការបែកបាក់​របស់​នគ​រ​ភ្នំ​ដូច្នេះ សិល្បៈ​ខ្មែរ​មុន​ស​.​ត​ទី​៦ មិនមែនជា​ស្នាដៃ​របស់​ជនជាតិ​មន​នោះទេ ។ ទាំង​ខ្មែរ​ទាំង​មន សុទ្ធសឹងតែ​បាន​ទទួល​ឥទ្ធិពល ពី​សិល្បៈ​ឥណ្ឌា​ទាំងអស់ ដែល​ជា​លទ្ធផល​នៃ​ការកែ​ច្នៃប្រឌិត ។
យើង​បាន​ពិចារណា​សមិទ្ធកម្ម​ពី​ខាងលើនេះ រួច​ហើយ​តែ​សម្រាប់​យើងៗ​យល់ថា គេ​ត្រូវ​កំណត់​តំណាក់កាល​នៃ​ការបង្កើត និង​វិវត្តន៍​រចនាបថ នៃ​សិល្បៈ​ខ្មែរ​និង​មន ឲ្យបាន​ត្រឹមត្រូវ​មុន​នឹង​ធ្វើសេ​ច​ក្តីសន្និដ្ឋាន​ណាមួយ ។ ជារួមពុទ្ធបដិមា​កម្ម​បុរេ​អង្គ​នៅ​ខ្ពង់រាប​នគររាជ (​កូរ៉ា​ត​) នៃ​ប្រទេស​សៀម​សព្វថ្ងៃ ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​សិល្បៈ​បុរេ​អង្គរ នៅ​ប្រទេស​កម្ពុជា ថៃ​និង​លា​វ ​(​ឡាវ​) បច្ចុប្បន្ន​ដោយ​មូលហេតុ​ភូមិសាស្ត្រ និង​ប្រវត្តិសាស្ត្រ ។ចុងក្រោយ​យើង​យល់ឃើញថា ការ​ដែល​អ្នកស្រាវជ្រាវ​ចាត់ទុកថា រាល់​សមិទ្ធផល​បុរេ​អង្គរ​នៅ​ក្នុង​ទឹកដី នៃ​ព្រះរាជាណាចក្រ​ថៃ និង​លាវ សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​ជនជាតិ​មន គឺជា​ការខុសឆ្គង ។
បើ​និយាយ​ឲ្យ​ងាយ​យល់ មុន​ស​.​ត​ទី​៧ ទីក្រុង​ទ្វារ​វ​តី ពុំទាន់​បាន​ប្រសូត​នៅឡើយ​ទេ ហើយ​ការណ៍​ដែល​ជនជាតិខ្មែរ​អនុវត្តន៍​ប្រតិបត្តិ​តាម​ក្រិត្យក្រម​នៃសិ​ល្បៈមន ក៏​ពុំ​ទាន់​មាន​នៅឡើយ​ដែរ នោះ​កុំ​និយាយ​ពី​វត្តមាន​របស់​ប្រជាជន​ថៃ និង​ប្រទេស​ថៃ ឬក៏​សិល្បៈ​ថៃ​ដែល​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ថ្មីថ្មោង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​អាស៊ីអាគ្នេយ៍​យើង​នេះ 

0 ការពិគ្រោះ:

Post a Comment

Booking.com