បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

១. តើសិរីសួស្តីរបស់មនុស្ស ពេលព្រឹកស្ថិតនៅកន្លែងណា ?
២. តើសិរីសួស្តីរបស់មនុស្ស ពេលថ្ងៃត្រង់ស្ថិតនៅកន្លែងណា ?
៣. តើសិរីសួស្តីរបស់មនុស្ស ពេលល្ងាចស្ថិតនៅកន្លែងណា ?ការភ្នាល់មានកម្រិតខ្ពស់ គឺថា បើ ធម្មបាលកុមារ ដោះប្រស្នាទាំងអស់រួច កបិលមហាព្រហ្ម សុខចិត្តកាតព្រះកេសរបស់ព្រះអង្គ បូជាដល់កុមារ និងប្រសិនជា ធម្មបាលកុមារ ដោះប្រស្នាទាំង ៣ យ៉ាងមិនរួច ព្រះអង្គនឹងកាត់ក្បាល ធម្មបាលកុមារ ទុកធ្វើជាជ័យភណ្ឌ ក្នុងជ័យជំនះរបស់ព្រះអង្គ ។ ធម្មបាលកុមារ សុខចិត្តរកប្រស្នាទាំងអស់នោះ និងសុំបង្អង់ ៧ ថ្ងៃសិន ដើម្បីគិតនូវប្រស្នានោះ ។ធម្មបាលកុមារ ចាប់ផ្ដើមរកចម្លើយប្រស្នារបស់ កបិលមហាព្រហ្ម នោះ ។ លុះវេលាកន្លងទៅ៦ ថ្ងៃហើយ ធម្មបាលកុមារ នៅតែគិតប្រស្នានោះ មិនឃើញ និងដឹងខ្លួនថា ព្រឹកស្អែកនេះអាត្មាអញនឹងត្រូវកំបុតក្បាលស្លាប់ដោយអាជ្ញារបស់ កបិលមហាព្រហ្ម ។ បើដូច្នោះ គួរតែអញរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់បង់ខ្លួនឯងប្រសើរជាង ។ គិតយ៉ាងនេះហើយ ធម្នបាលកុមារ ក៏ចុះពីប្រាសាទទៅពួនដេកនៅក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីយ៍ញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ ។ វេលាយប់ឥន្ទ្រីយ៍ញីសួរទៅឥន្ទ្រីយឈ្មើ់លថា "ព្រឹកស្អែកនេះ យើងនឹងបានអ្វីធ្វើជាអាហារ" ។ ឥន្ទ្រីយឈ្មោលឆ្លើយថា "យើងនឹងបាន សាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ពីព្រោះដោះប្រស្នាមិនរួច" ។ ឥន្ទ្រីយ៍ញី សួរថា "តើប្រស្នានោះមានន័យដូចម្ដេចខ្លះ ?" ឥន្ទ្រីយ៍ឈ្មោលប្រាប់ថា "វេលាព្រឹកសិរីស្ថិតនៅត្រង់ណា? " ត្រូវឆ្លើយថា សិរីស្ថិតនៅលើមុខ ។ វេលាថ្ងៃត្រង់ សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា សិរីស្ថិតនៅលើដើមទ្រូង ។ និងវេលាល្ងាច សិរីស្ថិតនៅត្រង់ណា ?ត្រូវឆ្លើយថា សិរីស្ថិតនៅលើជើង ។ ហេតុដូច្នេះហើយ បានជាមនុស្សយកទឹកមកលុបមុខ នៅពេលព្រឹក មកលាបទ្រូងនៅពេលថ្ងៃត្រង់ និងមកលាងជើងនៅពេកល្ងាចមុនពេលចូលដំណេក ។ កាលបានស្ដាប់ឮពាក្យដូច្នេះហើយ ធម្មបាលកុមារ ក៏បានត្រឡប់វិលទៅកាន់ប្រាសាទវិញ ។លុះព្រឹកស្អែកឡើង កបិលមហាព្រហ្ម ភ្នាល់ចាញ់ ធម្មបាលកុមារ ហើយក៏បង្ខំកាតព្រះកេសរបស់ព្រះអង្គ បូជាដល់ធម្មបាលកុមារ តាមកិចសន្យា ។ ទោះបីយ៉ាងណា ក៏មុនពេលបំពេញកិច្ចនេះ កបិលមហាព្រហ្ម ដ៏អភព្វ បានហៅបិត្រីទាំង ៧ រូប ដែលជាបាទចារិការបស់ព្រះឥន្ទមកប្រាប់ថា "ឥឡូវនេះ បិតាត្រូវកាត់ក្បាលបូជា ធម្មបាលកុមារ ក៏ប៉ុន្តែបើដាក់ក្បាលនេះលើផែនដី ក៏នឹងកើតជាភ្លើង ឆេះលោកធាតុទាំងមូល បើបោះទៅលើអាកាស នឹងគ្មានភ្លៀងធ្លាក់អស់កាល ៧ ឆ្នាំ ហើយបើនឹងចោលទៅក្នុងមហាសាគរ ក៏នឹងរីងស្ងួតហួតហែងអស់ទៅមួយរំពេច" ។ដើម្បីចៀសវាងនូវមហន្តរាយនេះ កបិលមហាព្រហ្ម ក៏បានបញ្ជាបុត្រីទាំង ៧ រូបរបស់ព្រះអង្គ ចែកវេនគ្នា ទ្រព្រះកេសរបស់ព្រះអង្គដែលតំកល់នៅលើពានមាស ម្នាក់ ៗ ក្នុងរយះពេលមួយឆ្នាំ ។ ព្រះអង្គទ្រង់បញ្ជាបុត្រីច្បងឈ្មោះ ទុង្សា យកពានមកទទួលព្រះកេសរបស់ព្រះអង្គ មុនគេរួចហើយក៏ហែព្រះកេសនោះ ប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទី ទើបយកព្រះកេសនោះទៅប្រដិស្ឋានទុកក្នុងមណ្ឌបមួយក្នុងមហាគុហាគន្ធមាលី នៃភ្នំកៃលាស ដើម្បីបូជាគ្រឿងទិព្វផ្សេង ២ ។ ព្រះវិស្សកម្មទេវបុត្តក៏និមិត្តរោងមួយប្រកបដោយកែវ ៧ ប្រការ ឈ្មោះថា ភគវតីសភា ឲ្យជាទីប្រជុំនៃពួកទេវតាទាំងឡាយ ។ លុះគម្រប់មួយឆ្នាំ ជាសង្ក្រាន្តហើយ គឺនៅពេលចូលឆ្នាំថ្មីម្ដង ៗ កូនស្រី កបិលមហាព្រហ្ម តែងនាំពួកទេពនិករបវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់មហាគុហាគន្ធមាលី នៃភ្នំកៃលាសក្នុងខេត្តហេមពាន្តដែលជាកន្លែងប្រដិស្ឋានព្រះសិរសារនៃកបិលមហាព្រហ្មតំកល់ទុកលើពានមាសនោះ មកដង្ហែប្រទក្សិណភ្នំព្រះសុមេរុ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយក៏អញ្ជើញទៅតំកល់ទុកកន្លែងដើមវិញ ។ រួចមក ទើបប្រជុំអស់ពួកទេវបុត្រនិងទេពធីតាទាំងឡាយមួយសែនកោដិចូលទៅស្រង់ទឹកមហាអនោត្តស្រះ ដែលមានកំពង់ ៧ ហូរចេញពីថ្មកែវ ដែលជាមាត់ តោឧសភរាជ យ៉ាងត្រជាក់ក្សេមក្សាន្តព្រះហឫទ័យ ។ លុះស្រង់ទឹករួចហើយ ទើបនាំគ្នាចូលទៅសមាទាន រក្សាសីល នៅឯក្នុងធម្មសាលា ដែលវិស្សកម្មទេបត្របាននិមិត្តថ្វាយ ។ កាលបន្ទោរបង់នូវអពមង្គលជ្រះស្រឡះហើយ រាល់ព្រះអង្គបានទទួលនូវសិរីសួស្ដីជយមង្គល វិបុលសុខជន្មវស្សាយឺនយូរ តាំងពីចូលឆ្នាំថ្មីនេះមក ។មានរឿងមួយទៀតដំណាលថា កាលព្រះសម្ពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយព្រះបាទបសេនទិកោសលបានចូលទៅបង្គំទូលសួរព្រះអង្គថា បពិត្រព្រះអង្គដ៏ចម្រើន ! បើព្រះអាទិត្យចរចូលមកកាន់ទីជួបមួយជុំនៃរាសីចក្រនេះហើយ តើពួកពុទ្ធបរិស័ទ ត្រូវប្រតិបត្តិដូចម្ដេច ដើម្បីឲ្យបានសេចក្តីសុខ កុំឲ្យមានជម្ងឺតម្កាត់មកបៀតបៀន ? ព្រះមានព្រះភាគទ្រង់ត្រាស់ថា "បពិត្រមហារាជ ត្រូវពុទ្ធបរិស័ទកុំមានសេចក្តីប្រមាទ គឺកុំប្រមាទក្នុងអំពើទុច្ចរិត ដោយកាយ វាចា ចិត្ត គឺ ត្រូវប្រព្រឺត្តឲ្យល្អ ក្នុងកុសលកម្មបថ ១០" ។ដូច្នេះ ពាក្យថា សង្ក្រាន្ត គឺ ដំណើរឃ្លាតចាកទី ឈានចូលដល់ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួប មួយជុំនៃរាសីចក្រ ឬ ក៏ដំណើរដែលដើមនិងចុងរាសីចក្រជួបគ្នា ពេញគ្រប់មួយឆ្នាំ បានដល់ការដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីនេះឯង ។ ពោលគឺ កំណត់យកពេលព្រះកេសរបស់ កបិលមហាព្រហ្ម ត្រូវប្តូរដៃគ្នាកាន់ហើយឆ្នាំក៏ប្ដូរដែរ ។ ឧទាហរណ៍ដូចជា ឆ្នាំទៅមិញជាឆ្នាំឆ្លូវ ត្រូវប្ដូរមកឆ្នាំនេះជាឆ្នាំខាល ។ សេចក្ដីទំនាយនៅក្នុងតម្រា មហាសំការសូត្រ បាននិយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង ៧ រូប និងគ្រឿងអាភរណៈរបស់នាងថា៖ បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារ ផ្លែឧទុម្ពរ អាវុធស្ដាំចក្រ ឆ្វេងស័ង្ខម និងពាហនៈគ្រុឌ ។បើសង្ក្រាន្តជា ថ្ងៃចន្ទ ទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្ដាំព្រះខ័នឆ្វេងកាន់ឈើច្រត់និងពាហនៈខ្លា ។បើសង្ក្រាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្ដាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។បើសង្ក្រាន្ត ថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះ សប្បិ អាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។បើសង្ក្រាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿប្រដាប់បុស្សរាគ៌ម ភក្សាហារចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។បើសង្ក្រាន្ត ថ្ងៃសៅរ៍ ទេពធីតាឈ្មោះ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត្ន ភក្សាហារសាច់ទ្រាយ អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។តាមទំនៀមទេពធីតាទាំង ៧ រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលដំកល់ក្បាលកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្ដែងកិរិយាតាមបែបបទផ្សេង ៗ ដូចជាគេលេងសៀក ។ ប៉ុន្តែ គេបានកំណត់យកតាមពេលហែចេញ យ៉ាងដូច្នេះ៖ពីពេលព្រលឹមដល់ថ្ងៃត្រង់ ជិះឈរលើខ្នងពាហនៈមិនបាច់កាន់បង្ហៀរឬខ្សែទេ ។ ពីថ្ងៃត្រង់ដល់ព្រលប់ ជិះអង្គុយពាក់ឆៀង ។ពីព្រលប់ដល់កណ្ដាលអាធ្រាត្រ ជិះដេកបើកភ្នែក ។ពីពាក់កណ្ដាលអាធ្រាត្រដល់ភ្លឺ ជិះដេកធ្មេចភ្នែគ ។បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល ៣ ថ្ងៃ ក្នុងខែចែត្រ ត្រូវនឹងថ្ងៃទី ១៣-១៤ និង១៥ ខែមេសាមានដូចតទៅនេះថ្ងៃទី១ ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។ថ្ងៃទី២ ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។ថ្ងៃទី៣ ហៅថា ថ្ងៃឡើងស័ក្តិ ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។ក្នុងថ្ងៃចូលឆ្នាំដំបូង ឬ ថ្ងៃមហាសង្ក្រាន្ត នៅតាមគេហដ្ឋាននីមួយ ៗ សមាជិកគ្រួសារម្នាក់ស្លៀកពាក់ស្អាតបាត មកអង្គុយជួបជុំគ្នា នៅមុខអាសនៈមានរៀបពលីកា រង់ចាំស្ដាប់សម្លេងស្គរពីវត្តឯនាយឲ្យសញ្ញាថា ឆ្នាំថ្មីនឹងមកដល់ឥឡូវហើយ ។ កាលឮសូរសម្លេងស្គររោទិ៍រណ្ដំហើយ ពិធីក៏ចាប់ផ្ដើមប្រព្រឹត្តទៅ ។ ទាននិងធូបត្រូវបានដុតឡើង ។ សមាជិកនៃគ្រួសារម្នាក់ ៗ ក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាករ បីដង និងនាំគ្នាចាប់ផ្ដើម សមស្សការថ្វាយបង្គំព្រះរតនត្រ័យ ព្រមទាំងនាំគ្នាសូមស្វាគមន៍ចំពោះទេវតាឆ្នាំថ្មី ដែលជាអ្នកទទួលបន្ទុកថែរក្សាសុខមាលភាពមនុស្សជាតិ ក្នុងរយះពេលមួយឆ្នាំ ។ នៅក្នុងឱកាសនោះ ម្នាក់ ៗ បន់សុំសេចក្ដីសុខ ចម្រើនគ្រប់ប្រការ អំពីទេតាឆ្នាំថ្មី ដោយយកទឹកមង្គលមក ស្រោចស្រពលើក្បាល និងលើខ្លួនប្រាណ តាមជំនឿរបស់ខ្លួន ។គ្រួសារនីមួយ ៗ នាំកូនចៅនិងយកម្ហូបអាហារដែលបានតាក់តែង រួចហើយនោះទៅប្រគេនព្រះសង្ឃ នៅឯវត្ត ក្នុងវេលាមុនថ្ងៃត្រង់ និងស្ដាប់ព្រះសង្ឃសូត្រមន្ត បង្សុកូល ។គេអាចដឹងនូវ ឈ្មោះទេវតា គ្រឿងអលង្ការ ក្រយាស្ងោយ វត្ថុដែលព្រះអង្គកាន់ ព្រះរាជទីនាំង សេចក្ដីសុខទុក្ខ ឫក្ស ឬ កាលបរិច្ឆេទ ដែលទេវតាឆ្នាំថ្មី ចុះមកទទួលវេនអំពីទេវតាឆ្នាំចាស់ កាលបរិច្ឆេទផ្លាស់សករាជថ្មី អាកាសធាតុ និងផលិតផលកសិកម្ម គន់គូរតាមក្បួនមហាសង្ក្រាន្ត បែបបូរាណ ។ ឧទាហរណ៍ ឆ្នាំថ្មីនេះជាឆ្នាំឆខាល សំរិទ្ធិសក្តិ ព.ស.២៥៤២ ទេវតាឆ្នាំថ្មីជាទេពធីតា ឈ្មោះរាក្យសាទេវី គង់នៅឋានចាតុមហារាជិកា ទ្រង់សៀតផ្កាឈូកនៅព្រះកាណ៌ ទ្រង់អម្ពរពណ៌ស្វាយ ប្រដាប់ដោយមោរា សោយលោហិតជាអាហារ ព្រះហស្ថស្ដាំទ្រង់ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កៅទណ្ឌ (ធ្នូ) គង់លើខ្នងសេះ ជារាជទីនាំង ។ ចូលឆ្នាំថ្មីនៅថ្ងៃអង្គារ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.១៩៩៨ វេលាម៉ោង ០៥:១២នាទី ព្រឹក ។ ផ្លាស់សករាជថ្មី នៅថ្ងៃ សុក្រ ៦រោច ខែចែត្រត្រូវនឹងថ្ងៃទី ១៧ខែមេសា ១៩៩៨ វេលាម៉ោង ០៥:១២នាទីព្រឹក ។ ភ្លៀងធ្លាក់ ៥០០ មេ ធ្លាក់នៅលើចក្រវាឡ ២០០ មេ ធ្លាក់នៅលើព្រៃហេមពាន្ត ១៥០ មេ ធ្លាក់នៅលើមហាសមុទ្រ ១០០ មេ និងធ្លាក់នៅលើផែនដី ៥០ មេ ។ ផលិតផលកសិកម្ម ចំរើនតែ១០ ភាគរយ ។ ធញ្ញាហារ ផល្លាផល មច្ឆមំសាហារ មិនគ្រប់គ្រាន់ ។ ប្រជាពលរដ្ឋលំបាកវេទនា និងមានទុរភិក្ស ។ល។ ក្នុងថ្ងៃទី ២ ថ្ងៃវ័នបត ម្នាក់ ៗ ភ្ញាក់ពីព្រលឹម ខុសពីធម្មតា ។ កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសំលៀកបំពាក់ថ្មីថ្មោងនិងចំណីអាហារ យកទៅជូនដល់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយន៍ ។ការធ្វើរបៀបនេះ បង្ហាញ់ឲ្យឃើញនូវការគោរពនិងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ ។ គ្រួសារបរិច្ចាកលុយកាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ។ក្នុងថ្ងៃទី ២ នេះ ពុទ្ធបរិស័ទនិយមធ្វើពិធីពូនឍភ្នំខ្សាច់ ។ គេពូនភ្នំធំមួយចំកណ្ដាល និងភ្នំតូច ៗ បួនសង្ខាង ធ្វើរាជវ័តិព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស ដែលហៅថា វាលិកចេតិយ ។ វាលុកចេតិយ គឺជាដំណាង ចុឡាមណីចេតិយ ជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមោលី (ព្រះកេសធាតុ) និងព្រះទាឋាធាតុ (ព្រះចង្កូមកឺវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៅឯឋានត្រៃត្រឹង្ស ដោយសំគាល់ថា បានផលានិសង្សច្រើនផង បានរួចរំដោះអំពីគ្រោះចង្រៃ ក្នុងឆ្នាំចាស់ចេញស្រឡះផង និងបានទទួលសិរីសួស្ដី ក្នុងឆ្នាំថ្មីជារៀងរហូតទៅផង ។ មានមតិត្រឹមត្រូវមួយ ដែលអាចនឹងកើតជាបុណ្យកុសលថា ភ្នំធំនៅចំកណ្ដាលនោះ គឺ ជាដំណាងព្រះសក្យមុនីចេតិយ ជាទីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះអង្គ រីឯភ្នំតូច ៤ ទៀតជាដំណាងចេតិយបញ្ចុះអដ្ឋិធាតុរបស់ព្រះសារីបុត្រ ព្រះមោគលាន ព្រះអានន្ទ និងព្រះមហាកស្សប ដែលជាសាវកសំខាន់ ៗ របស់ព្រះអង្គ សុទ្ធសឹងជា ព្រះអរហន្តមានគុណធម៌ខ្ពស់ កំចាត់អំពើបាបរួចអស់ហើយ ។ ម្យ៉ាងទៀត ខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់មួយគ្រាប់ ៗ ដែលចាក់ពូននោះ អាចផ្ដល់អានិសង្សដល់អ្នកដែលបានពូននោះឲ្យបានរួចរំដោះនូវបាបគ្រោះនិងកម្មពៀរវេរាទាំងពួងទៀតផង ។មហាសំការសូត្រ ក៏បានបញ្ជាក់ អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា "ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទបសេនទិកោសល បានចូលទៅទូលសួរព្រះដ៏មានព្រះភាគ ថា មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្តចូលឆ្នាំថ្មីម្ដង ៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ? "។ព្រះដ៏មានព្រះភាគត្រាស់ថា "បពិត្រមហារាជ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬទន្លេហើយនាំយកគ្រឿងសក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញីជាដើម មកបូជាថ្វាយចុះ " ។ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិសង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាងដូច្នេះថា"ពាលុកចេតិយំ កត្វា យេ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា សទ្ធាយ ច អានិសំសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ ផលំ " ។ប្រែថា "នរនារីណាដែលបានសាង វាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿងលាប ជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែងទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ ។ នេះជាផលអានិសង្សនៃការសាងវាលុកចេតិយ" ។ក្នុងថ្ងៃទីបី ថ្ងៃឡើងសក្តិ កម្មវិធីបុណ្យមានសារៈសំខាន់ ជាងថ្ងៃដទៃទៀត ។ វេលាព្រឹក ពុទ្ធបរិស័ទនិមន្ត ព្រះសង្ឃប័ង្សុកូល ឆ្លងភ្នំខ្សាច វាលុកចេតិយ ។ វេលារសៀល មានការស្រង់ ព្រះពុទ្ធបដិមាករ ព្រះសង្ឃ និងមាតាបិតា ឬជីដូនជីតា ។ ការងូតទឹកជម្រះកាយជូនចំពោះមានតាបិតា ឬជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុការ និងដំបូន្មានល្អ ៗ សម្រាប់អប់រំខ្លួន តទៅអនាគត ។ រីឯ ការស្រង់ព្រះពុទ្ធបដិមាករ ជានិមិត្តរូបថា ទឹក គឺជាសេចក្ដីត្រូវការចាំបាច់ចំពោះរុក្ខជាតិ និងជីវិតសព្វសត្វ ។មហាសំការសូត្រ ក្នុងគម្ពីរ សុត្តជាតក បញ្ជាក់ពីអានិសង្សនៃការស្រង់ទឹកព្រះសង្ឃនិងមាតាបិតា ថា "កាលថ្ងៃសង្ក្រាន្តចូលមកជិតដល់ព្រះបាទបសេនទិកោសលបានរៀបចំបារាំយ៉ាងស្អាត នៅឆ្នេរស្ទឹងមួយរួចហើយក៏និមន្តព្រះពុទ្ធនិងព្រះសង្ឃស្រង់ទឹក ដោយមានសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធនិងព្រះសង្ឃទាំងអស់ ក្នុងទីនោះផង " ។ គម្ពីរដដែលបញ្ជាក់ថា អ្នាកណាបានស្រង់ទឹកព្រះសង្ឃ មាតាបិតា និងគ្រូឧបជ្ឈាយ៍ បានទទួលអានិសង្សច្រើនណាស់ ។ លុះដល់អនាគតជាតិនិងបានទៅកើតក្នុងទេវលោកឋាននិងបានជាស្ដេចចក្រពត្តិ មានបុណ្យបារមីច្រើន មានរូបសម្បត្តិល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់បែបយ៉ាង ។ប្រទេសខ្មែរយើង សម័យបូរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពេលចូលឆ្នាំថ្មីម្ដង ៗ ពុទ្ធបរិស័ទតែងនិមន្តព្រះពុទ្ធរូបដ៏មានមហិទ្ធិឫទ្ធិ ២៥ អង្គដែលជាដំណាងនៃអាណាខែត្រនីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជាមកធ្វើពិធីស្រង់ទឹកនៅប្រាសាទព្រះខ័ន (ឬប្រាសាទជ័យស្រី) រួចហើយគេដង្ហែព្រះពុទ្ធរូបគ្រប់អង្គជាក្បួនយ៉ាងមហោឡារិក គគ្រឹកគគ្រេង មុននឹងយកទៅដំកល់ទុកនៅកន្លែងដើមវិញ ។រាជរដ្ឋាភិបាលក៏ប្រារព្ភបុណ្យឡើងស័ក្តិ ក្នុងថ្ងៃទី ៣ នេះដែរ ដើម្បីតម្លើងឋានន្តរស័ក្តិ ដល់ជនស៊ីវិលនិងទាហានណាដែលខំប្រឹងធ្វើការ បម្រើប្រទេសជាតិ អស់ពីសមត្ថភាព ឲ្យឡើងកាន់តំណែង ក្រសួង និងឋានៈខ្ពង់ខ្ពស់ ។ រាជរដ្ឋាភិបាលប្រកាន់យក ព្រះពុទ្ធសាសនាថេរវាទ ថាជាសាសនារបស់រដ្ឋ ។ ព្រះពុទ្ធទ្រង់ជ្រើសរើសផ្លូវសន្តោស យោគយល់និងសេចក្ដីស្រឡាញ់ ដើម្បីបញ្ឈប់នូវសេចក្ដីលោភៈ ទោសៈ និងមោហៈ ហេតុដូច្នេះហើយបានជាអ្នកទោសទាំងឡាយ ត្រូវបានបន្ថយទោសឬដោះលែងឲ្យរួចខ្លួន មានសិទ្ថិសេរីភាពឡើងវិញ ។ឱកាសបុណ្យចូលឆ្នាំទាំងបីថ្ងៃនេះ វេលាព្រឹក ពុទ្ធបរិស័ទនាំគ្នាទៅកាន់ទីវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ សមាទានសីល ៥ ពូនភ្នំខ្សាច់ និងនិមន្តព្រះសង្ឃប័ង្សុកូលឆ្លងភ្នំខ្សាច់នោះ ដើម្បីឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធ ជូនបុព្វការីជន ។ វេលារសៀល មនុស្សប្រុសស្រីនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយ ដូចជា នាំគ្នាបោះអង្គុញ ចោលឈូង ទាញព្រ័ត្រ ។ គេនាំគ្នាច្រៀងនិងប្រឡែងគ្នាលេង សំដែងរបាំប្រជាប្រិយ ។ល។ មិត្តភ័ក្ត្រសើចក្អាកក្អាយ សត្រូវក្លាយជាមិត្ត និងបំភ្លេចនូវរឿងអាស្រូវចាស់ចោល ។ គេធ្វើដំណើរកាត់ពីភូមិមួយទៅភូមិមួយ ពីវត្តមួយទៅវត្តមួយដើម្បីជួបជាមួយមនុស្សដទៃ ហើយលេងល្បែងប្រជាប្រិយ កំសាន្តសប្បាយទាំងអស់គ្នា ។ អ្នកខ្លះនាំគ្នាទស្សនាប្រាង្គប្រាសាទ ដែលជាបូជនីយដ្ឋាន ព្រៃភ្នំជ្រោះជ្រលងដងអូរ បឹងបួរ ឬមាត់សមុទ្រជាដើម ។ ការលេងល្បែងស៊ីសងមិនមែនជាទំនៀមទំលាប់ របស់ខ្មែរយើងទេ ក៏ប៉ុន្តែ ជាអាវុធសម្រាប់បំផ្លាញសុភមង្គលគ្រួសារ និងសង្គមខ្មែរ ទៅវិញ ។តំណម: តំណមត្រូវអនុវត្តយ៉ាងតឹងរឹងក្នុងពេលបុណ្យចូលឆ្នាំថ្មី៣ថ្ងៃនេះ ។ ពាក្យកំហឹង ឥរិយាបទច្រងេងច្រងាង និងការវាយតបគ្នា ត្រូវតែហាមឃាត់ ជាដាច់ខាត ។ ម្នាក់ ៗ ត្រូវប្រយ័ត្ន ក្នុងការជេរប្រទេចសត្វទោះបីជាសត្វចិញ្ចឹម មានជ្រូក គោ ក្របី សេះដំរី ឆ្កែ ឆ្មា និងសត្វធាតុដទៃទៀតក៏ដោយ ។ ត្រូវឲ្យទឹក ដុសលាងឲ្យបានស្អាតបាត បំប៉នចំណីអាហារ និងកនុងករណីខ្លះ សត្វខ្លះត្រូវដោះលែងឲ្យមានសេរីភាពទៀតផង ។មានសារៈមួយ បង្កប់ក្នុងរឿងមិនធម្មតានេះ ។ មុខទាំង ៤ របស់កបិលមហាព្រហ្ម គឺជានិមិត្តរូបនៃព្រហ្មវិហារធម៌ទាំង ៤ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មាន គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១ ។ ព្រហ្មវិហារធម៌គឺ គុណសម្បត្តិខាងផ្លូវចិត្ត មានសារៈប្រយោជន៍សម្រាប់សហវិជ្ឈមានសន្តិភាព និងសហប្រតិបត្តិការក្នុងសង្គម ។ ប្រសិនបើមនុស្សគ្រប់រូបមិនប្រព្រឹត្តតាមព្រហ្មវិហារធម៌ទាំង ៤ នេះ ហើយបោះបង់ធម៌ទាំងនោះចោល បញ្ហាស្មុគ្រស្មាញក្នុងសង្គម នឹងកើតមានឡើងពុំខានឡើយ ។ ដូច្នេះម្នាក់ ៗ ត្រូមានព្រហ្មវិហារធម៌ប្រចាំកាយប្រតិបត្តិចំពោះព្រះកេសរបស់ កបិលមហាព្រហ្ម ដោយប្រុងប្រយ័ត្នយ៉ាងណា ប្រព្រឹត្តចំពោះព្រហ្មវិហារធម៌ឲ្យដូចជាយ៉ាងនោះឯង ។បុណ្យចូលឆ្នាំខ្មែរមានគោលបំណងច្បាស់លាស់មួយ ដែលមានផ្លាស់ប្ដូរតាំងអំពីបូរាណកាល (ក្រុងនគរធំ) រហូតមកដល់សព្វថ្ងៃនេះ គឺ ៖១. កសាងជីវភាពផ្ទាល់ខ្លួន និងសង្គមថ្មី ព្រមទាំងបំភ្លេចនូវរឿងរាវអពមង្គលក្នុងឆ្នាំចាស់ចោល ។២. អបអរចំពោះធម្មជាតិ និងផលិតផលកសិកម្ម ក្នុងក្ដីសង្ឃឹម ថា ឆ្នាំក្រោយភោគផលនិងបានបរិបូណ៌ ។៣. សំដែងនូវកតញ្ញូតាធម៌ ចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយន៍ជាដើម ។៤. អបអរសាទរចំពោះកេរ្តិ៍តំណែលអមតៈ របស់បុព្វការីជន ។៥. គោរពវិញ្ញាណក្ខន្ធនៃវីរបុរសអ្នកស្នេហាជាតិ គ្រប់ជំនាន់ ។៦. ទំនុកបំរុងនិងរក្សាព្រះពុទ្ធសាសនា អស់កាលដ៏យូរអង្វែង ។៧. បណ្ដុះព្រហ្មវិហារធម៌ និងសាមគ្គីធម៌ក្នុងដួងចិត្តខ្មែរយើង គ្រប់ ៗ រូប ។នៅថ្ងៃទី ៤ ប្រជាពលរដ្ឋគ្រប់រូប ត្រឡប់ទៅប្រកបមុខការប្រចាំជីវិតរៀង ៗ ខ្លួនវិញ អស់មានកង្វល់អ្វីទៀតឡើយ ។ ទោះបីជាយ៉ាងណាក៏បុណ្យចូលឆ្នាំថ្មីមិនទាន់កន្លងផុត ទាំងស្រុងដែរ ថ្ងៃបុណ្យនៅតែបន្តជាវិសាមញ្ញនៅក្នុងចំណោមមនុស្សជាច្រើន ទាល់តែគេចំណាយអស់ប្រាក់បំរុងទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះ ៕ស្រង់ចាក បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ២០០០
0 ការពិគ្រោះ:
Post a Comment