Social Icons

បណ្ដាំចុងក្រោយ


បរិយាយទ្រឹស្តី
ឆ្លៀតពេលក្នុងពិធីបុណ្យសម្ពោធ (ថេរសភា) ត្រូវនឹង​ថ្ងៃចន្ទ មួយរោចខែ​ផល្គុន ព.ស.២៥១៦ គ.ស.១៩៧៣។
ភិក្ខុ កេសរវិនយោ មហាត្រឹងយន់ នាទី​ចៅអាវាសវត្ត​នោះ មានវត្ថុ​បំណង​ រៀបរៀងជា​សៀវភៅ​​មួយ​ឲ្យឈ្មោះថា "ឱវាទចុងក្រោយនៃ​ព្រះសមណគោតម" ដើម្បីចែកជាធម្មទាន​ក្នុង​ពិធីបុណ្យ​នោះ​ផង ។
ខ្ញុំមានភារកិច្ចច្រើន, ទាំងសុខភាពមិនបរិបូណ៌ទៀតផង ទោះបីយ៉ាង​នេះក៏ដោយ ការរៀបចំ​អត្ថបទតាមសមត្ថភាព​ដែលខ្លួនបានចេះដឹងបន្តិចបន្តួច ទុកជាទិដ្ឋានុគតិដល់​ពុទ្ធបរិស័ទខ្មែរ ។ ត្បិតបូរាណបានផ្ដាំយើងថា "កុំចាំថ្ងៃ​ស្អែក, ធ្វើអ្វីធ្វើឲ្យហើយ"។ ព្រះពុទ្ធបរមគ្រូបានបង្រៀន​យើងថា ៖ កុំអាងហេតុ ៦​យ៉ាងគឺ ៖

១.ព្រឹកណាស់


២.ល្ងាចណាស់

៣.ស្រេកណាស់

៤. ឃ្លានណាស់

៥. ក្ដៅណាស់

៦. ត្រជាក់ណាស់
ព្រះបរមគ្រូទ្រង់រំឭកតទៅទៀតថា
"វិរិយេន ទុក្ខមច្ចេតិ "ចង់រួចចាកទុក្ខ​ត្រូវព្យាយាម"​​ ចំពោះការងារគ្រប់ចំពូក។
ភាសិតសម័យវិទ្យាសាស្ត្រថា "ខំស៊ូចំពោះធម្មជាតិ,..ក្ដៅ,ត្រជាក់,ឈឺចាប់"កុំទម្រន់ខ្លួន។
"តស៊ូចំពោះបុគ្គលដែលមានទ្រឹស្តី និងប្រាកដនិ​យម ផ្ទុយពីសាធារណប្រយោជន៍
នៃ​ពុទ្ធបរិស័ទ​ភាគច្រើន (គិតតែអត្តទត្ថប្រយោជន៍) ឯការ​តស៊ូចំពោះធម្មជាតិ​ក្ដី ចំពោះបុគ្គលក្ដី, ទោះបី​ដំណើរ​តស៊ូនោះជួបគ្រោះថ្នាក់ដល់​ស្លាប់រស់ វេទនា រាប់រយជំពូក គង់តែបានប្រវត្តិសាស្ត្រ​ចារ​ឈ្មោះ​លើក្រាំងមាសមិនខាន,បើមិនដល់ថ្នាក់នោះទេ ក៏ត្រូវបាននាមាភិធេយ្យដ៏ត្រចះត្រចង់​ថា "កូន​ប្រុសឪ"។


ហេតុនេះ ខ្ញុំខិតខំស្រាវជ្រាវពិនត្យពីច្ច័យ អំពីព្រឹត្តិកាណ៍ជិតឆ្ងាយ ពិសេសបញ្ហា​ជុំវិញខ្លួន​យើង
និងពុទ្ធបរិស័ទរួម ព្រោះឆាកនយោបាយសកល​កំពុងអន្ទោកអន្ទោល នាំឲ្យឧត្តមគតិរបស់​មនុស្ស​លោក​ផ្កាប់ផ្ងារ អណ្ដែតអណ្ដូង តាមចរន្តលទ្ធិរៀងខ្លួន ក្នុងដំណើរ​នោះ មានបរិស័ទ​យើងខ្លះ,​ រៀបជ្រុល,កំពូងជ្រុល, និងជ្រុលក្បាលក្រពើទៅតាមមនោគមវិជ្ជា បរទេស​ផ្លូវលោក ក្រែលណាស់ទៅហើយ រហូតដល់ឪ​និងកូន គ្រូនិងសិស្ស មិនសូវស្ដាប់គ្នា ឬក៏​មិនចុះសម្រុងគ្នាសោះ ព្រោះ​សតិអារម្មណ៍​របស់មនុស្សសម័យនេះ ជឿបុណ្យបាប គុណទោស ។ល។ មានភាគតិច​ណាស់​ ។ ខ្ញុំតាមដានស្រាវជ្រាវ​ដោយគំនិតឯកជនឃើញមានគុណវិបត្តិ ៣ យ៉ាងគឺ ៖


១. ឪពុកម្ដាយខ្លះការអប់រំសុជីវធម៌ និងសីលធម៌លើបុត្រធីតា ដែល​ជ្រុលបំផុតត្រង់ប្រគល់​កូន​ប្រុសស្រី តាំងពីតូចឲ្យចូលទៅរៀនអក្សរនិងភាសាបរទេស មុននឹង​អប់រំក្នុងគ្រួសារផ្ទាល់ ឯសាលារៀននោះច្រើនប៉ះចំលើលោកគ្រូនិងអ្នកគ្រូខ្លះប្រឆាំង​ចំពោះសាសនា លោកគ្រូខ្លះ​គ្មាន​សាសនាតែម្ដង។
២. ឪពុកម្ដាយខ្លះមិនព្រមឲ្យកូនខ្មែរ និយាយខ្មែរ ខ្លាចថោក ពិសេសទៀត​ចង់ឲ្យកូន​ប្រឡង​ជាប់​ធ្វើតន្ត្រី អុងអាង ។ល។ នេះគេហៅថា "ចាស់នាំក្មេងខូច ឬ ក៏ក្មេងខូចមក​ពីចាស់" ខ្លះទៀត​ខូចជ្រុលណាស់ រហូតដល់ហ៊ាន​ផ្លាស់គោត្តនិងនាម ឲ្យក្លាយទៅជាឈ្មោះបរទេស ឲ្យត្រូវនិងអក្សរបរទេស ដើម្បីដូរយកងារ​ស័ក្តិផ្ទាល់ខ្លួន ។
៣. ឪពុកម្ដាយខ្លះខំអប់រំកូនចៅប្រុសស្រីដែរ​តែកូនមិនព្រមទទូលសារភាពយកការទូន្មានពី​ឪពុក​ម្ដាយសោះដោយជ្រុលជាប់កៀកស្អិតញ៉ាំញ៉ៀនដោះដៃមិនរួច "អវជាតបុត្ត"។
ខ្ញុំបារម្ភណាស់ ! ត្រង់ខ្មែរមិនចេះនិយាយខ្មែរ មិន​ព្រមរៀនអក្សរខ្មែរ! មិនព្រមទទួល​ស្គាល់
​ទំនៀម​ទម្លាប់ខ្មែរ ថែមទាំងមិនដឹង ។ មិនជឿថា៖ ជាតិខ្មែរមានប្រពៃណី មានវប្បធម៌ និងអារយធម៌​ដ៏ខ្ពង់ខ្ពស់ ហើយជាជាតិមានប្រវត្តិសាស្ត្រ ចម្បងជាងគេ ផ្នែកខាងអាស៊ីអាគ្នេយ៍​យើងនេះ ។ ខ្មែររបៀបនេះ លង់ទ្រនេសហ៊ានជេរ ហ៊ានពេបជ្រាយជាតិខ្លួនទៅហើយខ្មែរនេះ, ចាស់ទុំច្រើន​ដំណាល​ថា "តម្រិះជិះកេង " ប្រសិនណាបើគេយកខ្មែរភ្លេចជាតិខ្មែរនោះប្រើការវិញ, ប្រើក្នុងឋានៈជា​កល្បិចគៀបកគៀបខ្លួន ប៉ុណ្ណោះ ឬ ដើម្បីជាថ្នាក់សម្រាប់រងាវដង្ហោយ​ហៅឲ្យជាបាវ​ព្រាវគេតែប៉ុណ្ណោះឯង ។


ខ្មែរមួយបែបទៀត ត្រឹមតែ "ខ្ញុំព្រះបាទម្ចាស់ ៗ " ត្រូវហើយៗ (ល្អហើយៗ)(ស្រួលហើយៗ)។
ខ្មែរនេះបូរាណហៅថា (ក្រុមទ្រជើងពាន) សម័យ​សក្តិភូមិ ។ខ្មែរមួយក្រុមទៀត បម្រើនាយ​
ចៅហ្វាយឆាបទាន់ចិត្តផ្នែកខាងអបាយមុខ ដូចជា​ដើររកស្រី,ស្រាជូនម្ចាស់ញយ ៗ តម្រូវ​តាម​កិលេស​តណ្ហា សម្រាប់យួរកញ្ឆែ កំប្រោង កាកតាបតាមម្ចាស់ ដែលមានចរិតខិល​ខូចក្នុង​ខ្លួន ខ្មែរនេះ បូរាណលោក​ហៅថា (ក្រុមអាថោង អាម៉ី) រឿងខុនឆាងទាត់សី។

ខ្មែរមួយបែបទៀត ដើរចាក់រុកអុចអាល ទូលទាស់ បង្កាច់បង្កិន សជាខ្មៅ បាតដៃជាខ្នងដៃ
ជួបមុខល្អ កំបាំងមុខដើរជេរ ស្ដីដើម ធ្វើឲ្យអ្នកដទៃ ទុក្ខវេទនាដោយសារខ្លួន ខ្មែរនេះ​បូរាណហៅថា (ក្រុមទូលទាស់) ចង់បានគាប់គួរពីនាយ​ចៅហ្វាយ ។


ខ្មែរមួយបែបទៀត ធ្វើជាខ្ញុំនាយចៅហ្វាយដែរ,ប៉ុន្តែជាមនុស្ស មានគំនិតថ្លៃថ្នូរ,មានឧត្តមគតិ​
ជ្រៅជ្រះ ស្គាល់ផលប្រយោជន៍រួម ,រកសុចរិតយុត្តិធម៌ជូនសាធារណជន,ដឹងច្បាស់ជាតិសាសនា មិនងាករេក្នុងខួរក្បាលនេះបូរាណហៅថា (ក្រុមគំនិតជាតិ)មានគំនិតជាតិនៅក្នុងខ្លួន ។

មានខ្មែរមួយបែបទៀត គ្រាន់តែថយពីភូមិកំណើតចំនួន ៥០០​ម៉ែត្រ ទៅនៅទី​ក្រុងឬផ្សារ​
តូច​តាចជិតបង្កើយ ស្រាប់តែលបធ្វើដូចជាភ្លេចនិយាយខ្មែរ រហូតដល់​ថ្នាក់លប​ធ្វើភ្លេចស្គាល់​ផ្កាអង្គាដី, កញ្ឆែត, កំពឹងពួយ រម្យ​ចេក ព្រលឹត ។ល។ ដែលខ្លួនធ្លាប់​អាស្រ័យជាមួយប្រហុករាល់ថ្ងៃនៅ​​ស្រុក​ស្រែ ហើយជាម្ហូបប្រចាំគ្រួសាររាល់ថ្ងៃដ៏ទៀង​ទាត់ផង លុះចូលដល់ទីក្រុងត្រូវទឹកម៉ាស៊ីននិង​អគ្គិសនីយប្រែខ្លួនភ្លាម លបធ្វើឫកពាក្អេងក្អាង ប្រៀបដូចជាទើបតែចុះមកពីពពកខៀវថ្មីៗ ។


វោហាបរិយាយនេះ គង់មានជូរចត់ ហឺរប្រៃ ល្វីងខ្លះមិនខាន , តែខ្ញុំយល់ថា ៣០% គង់បាន​ផ្លែផ្កា
ជាជម្ងឺចុកផាលដោយសារឱសថនោះពុំខាន។


ព្រះបរមគ្រូទ្រង់ប្រដៅធម៌និងវិន័យដល់ពុទ្ធបរិស័ទ អស់ ៤៥ ព្រះវស្សា ទើបទ្រង់​អស់​ព្រះ​
ជន្មាយុ​​សង្ខារ ទ្រង់ជាគ្រូមានបច្ចេកទេសដ៏ប៉ិនប្រសប់មានព្រះកិត្តិនាម​ដ៏​ល្បីល្បាញ់ ក្នុងការ​ដឹក​នាំ​បរិស័ទ តាមមាគ៌ាសុចរិត​យុត្តិធម៌ ព្រះអង្គជាគ្រូត្រាយមុខគ្រប់ឧបសគ្គ ទ្រង់ទេសនា​ប្រាប់យើងថា (មុន​បង្រៀនគេត្រូវបង្រៀនខ្លួនឯងសិន,មុននឹងជួយគេត្រូវជួយខ្លួន​ឯង​សិន,​មុននឹងថា​​គេពាល ត្រូវធ្វើខ្លួនឯងឲ្យជាបណ្ឌិតសិន) នេះជាច្បាប់ព្រះបរមគ្រូ​នៃយើង ដើម្បី​បញ្ជាក់​កុំឲ្យច្រឡំ នឹង​ពាក្យចាស់ទុំដំណាលថា (ហើមលក់ថ្នាំហើម) បានសេចក្ដិថា ៖ "ខ្លួនឯងមិន​ខ្មោច​បែរ​ជាទូន្មាន​គេ​ព្រ​ងើយ" ។

ភាសិតទាំងអស់នេះ ទោះពុទ្ធភាសិត ចាស់ទុំភាសិត សម័យវិទ្យាសាស្ត្រភាសិត
អត្តនោមតិ​ភាសិត សង្ខេបមកមានគោលបំណងធំតែមួយគឺ ក្រើនរំលឹកជាតិខ្មែរប៉ុណ្ណោះឯង។

ការខុសឆ្គងដោយចេតនាក្ដី អចេតនាក្ដី ប្រយោលក្ដី ផ្ទាល់ក្ដីចំពោះក្ដីមិន​ចំពោះក្ដីសូម​​បណ្ដិត
​ ​​​អស់​លោកអ្នកពុទ្ធបរិស័ទខ្មែរមេត្តាអត់ឱនជួយផ្ដល់យោបល់ថែមព្រោះគំនិតខ្ញុំចង់ឲ្យ "ខ្មែរនៅជា​ខ្មែរ"ដដែល ៕

"ស្ដាយឈើស្ដាយព្រៃចាស់លោកដាំ ទុកជាដំណាំក្នុងអារាម


កាលមានចាស់នៅចាស់​លោកហាម អត់ពីចាស់ភ្លាមក្មេងបានដៃ។
ស្ដាយមិនបានដាំ​ចាំតែកាប់ លក់ដូរប្រញាប់យកប្រាក់ចាយ
ចែកគ្នាមិនត្រូវកើតអន្តរាយ ជំនុំសព្វថ្ងៃមិនចេះចប់"។
ធ្វើនៅវត្តលាវចន្ទស្សរារាម វត្តដីក្រហម ថ្ងៃសៅរ៍ប្រាំបី​កើតខែមាឃ ព.ស.២៥១៦ គ.ស.១៩៧៣
ភិក្ខុ កេសរវិនយោ មហាត្រឹងយន់

0 ការពិគ្រោះ:

Post a Comment

Booking.com