Social Icons

បុណ្យចូលព្រះវស្សា

បុណ្យចូលព្រះវស្សា


តាមទំនៀមក្នុងព្រះពុទ្ធសាសនា លុះចូលដល់រដូវវស្សាហើយ ពុទ្ធសាសនិកជនតែង​នាំគ្នាប្រា​​​ រព្ភ​ "បុណ្យចូលព្រះវស្សា" ជាភាសាបាលីថា "វស្សូបនយិកា" ។ បុណ្យចូលវស្សាជាបុណ្យមួយ​មានដើម​កំណើតតាំងអំពីសម័យព្រះពុទ្ធ​កាលមកម្ល៉េះ ។

គ្រាដែលព្រះពុទ្ធជាម្ចាស់និងភិក្ខុទាំង ១២៥០រូប ប្តូរពីចំការត្នោតមក​គង់ក្នុងព្រៃឫស្សី ទៀបក្រុង​រា​គ្រឹះ គឺជារដូវវស្សាដែលធ្វើឲ្យពិបាកដល់​ការកសាងវត្តថ្មីផង និងដល់ការនិមន្តបិណ្ឌបាតផង ។ ក្នុង​ពេលជា​មួយគ្នានោះ មានភិក្ខុមួយចំនួនអង្គចូលទៅក្រាបបង្គំទូល ព្រះសាស្ដាចារ្យថា "បពិត្រព្រះអង្គ​ដ៏ចម្រើន! ក្នុងកាលដែលខ្ញុំព្រះអង្គ​ទាំងឡាយ ត្រាច់បិណ្ឌបាតតាមភូមិអ្នកស្រុក ខ្ញុំព្រះអង្គបាន​ឮអ្នកស្រុក​គេពោលតិះដៀលនិង​បន្តុះបង្អាប់ដល់គណៈរបស់​យើងថា " ពួកសមណជាសាក្យបុត្រ មិនសមនឹង​ដើរបិណ្ឌបាតក្នុង​វស្សានរដូវ ដើរជាន់ស្មៅស្រស់ ជាន់ជន្លេននិងសត្វល្អិតដែលចេញមកលើដី នៅពេលភ្លៀង​ធ្លាក់នេះឡើយ ។ សូម្បីតែពួកបរិព្វាជក នៅក្នុងលទ្ធិដទៃ និងពួក​អន្យ​តិរត្ថីយ ដែលជា​អ្នកពោលនូវធម៌​អាក្រក់ ក៏គង់តែពួគេឈប់សម្រាកនៅក្នុងរដូវវស្សា​នេះ ។ មិនតែប៉ុណ្ណោះ សូម្បីតែសត្វស្លាបទាំងឡាយក៏គង់វាចូលជ្រកក្នុងសម្បុកលើចុងឈើដែរ "។

ព្រះពុទ្ធទ្រង់ព្រះតម្រិះថា "ពាក្យតិះដៀលរបស់អ្នកស្រុក​ទាំងនោះ គឺជាពាក្យត្រឹមត្រូវ និងព្រះអង្គ​ផ្ទាល់ក៏មិនទាន់បានបញ្ញត្តិនូវ​ការចូលវស្សានេះ ដល់ភិក្ខុទាំងឡាយផងដែរ ទើបព្រះ​អង្គ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយមក​ប្រជុំដើម្បីទ្រង់អនុញ្ញាតការចូលកាន់​វស្សាជាផ្លូវការ" ។ ព្រះ​អង្គ​ទ្រង់ត្រាស់​ថា " ម្នាល​ភិក្ខុទាំងឡាយ! នៅរដូវវស្សាអាកាសធាតុមិនសូវ​ល្អដល់ការ​ធ្វើ​ដំណើរ​ឡើយ។ ភិក្ខុទាំងឡាយ​​ក៏ត្រូវ​ការទីកន្លែងសម្រាប់រៀន​សូត្រព្រះ​ធម៌​រួមគ្នា ក្នុងរដូវភ្លៀងនេះដែរ ។ ឥឡូវនេះ យើងមានកន្លែងល្អ​មួយ​ដែលអាចជួយភិក្ខុសង្ឃឲ្យចៀសផុតអំពីជម្ងឺតម្កាត់ផ្សេង ៗ និងចៀស​វាង​ការដើរជាន់ស្មៅស្រស់​និងសត្វល្អិតនានា​ ដែលចេញមកលើដីទៀតផង ។ រៀងរាល់ឆ្នាំ ក្នុង​រដូវ​វស្សា ភិក្ខុណាដែលកំពុង​ស្ថិតនៅក្នុងដំណើរ ឬក៏ត្រាច់ចរទៅ​តាមជនបទផ្សេង ៗ នោះត្រូវតែវិល​ត្រឡប់​កមកាន់វត្ត​វិញឲ្យទាន់​ពេលដើម្បីចូលកាន់ព្រះវស្សា ។ ពេលចូលកាន់វស្សានោះ អ្នកអាចបវរណា​ឧបាសក​​ឧបាសិការស់​នៅ​ក្នុងតំបន់ដែលអ្នកគង់នៅនោះឲ្យជួយផ្គត់ផ្គង​នូវ​ចង្ហាន់​​បិណ្ឌបាត ។ ឧបាសក-ឧបាសិកានោះក៏​បានទទួលនូវប្រយោជន៍អំពីការប្រៀនប្រដៅធម៌អាថ៌​របស់​ព្រះ​សង្ឃ ក្នុងឱកាសនោះដែរ" ។

ដោយហេតុថា ក្នុងរដូវវស្សាមាន​ទៅដល់ ៤ ខែ ចាប់ពីថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយា​​សាធ បើឆ្នាំនោះមានអធិកមាស) រហូតដល់ថ្ងៃ ១៥កើតខែ​កត្តិក ភិក្ខុត្រូវចាំវស្សាបានតែ ៣ខែ ទើបព្រះដ៏​មានព្រះភាគទ្រង់ត្រាស់អនុញ្ញាតឲ្យមានការ​ចូលវស្សាជាពីរបែប គឺ ៖ ថ្ងៃចូលកាន់វស្សា​ដើម ​(បុរិមិ​កាវស្សា) និង ថ្ងៃចូលវស្សាចុង (បច្ឆិមិកាវស្សា) ។

ភិក្ខុទាំងឡាយ ដែលមិននៅក្នុងដំណើរ អាចចូលកាន់បុរិមិកាវស្សា នៅថ្ងៃ ១រោចខែអាសាធ (ឬខែទុតិយា​សាធ) រហូតដល់ថ្ងៃ ១៥កើតខែអស្សុជទើបចេញវស្សាវិញ ។ តែបើសិនជាមានឆ្នាំណា​អធិកមាស គឺឆ្នាំដែលត្រូវលើកខែ ត្រូវចូលនៅថ្ងៃ១៥កើតទុតិយាសាធ និងចេញ​នៅថ្ងៃ ១៥កើតខែ​អស្សុជ ព្រោះមាន​ពុទ្ធានុញ្ញាតថា " អនុជានាមិ ភិក្ខវេ រាជូនំ អនុវត្តិតំ" ប្រែថា "ម្នាលភិក្ខុទាំងឡាយ! តថា​គត អនុញ្ញាតឲ្យភិក្ខុចូលកាន់វស្សាទៅតាមការអនុវត្តលើកខែ របស់ព្រះរាជាចុះ"។

ចំពោះភិក្ខុណា​ដែលជាប់កិច្ចធុរៈ អាចចូលកាន់បច្ឆិមិកាវស្សានៅថ្ងៃ ១រោចខែស្រាពណ៍ រហូត​ទៅដល់ថ្ងៃ ១៥កើតកត្តិក ទើបចេញ​វស្សាវិញក៏បានដែល ។

ការចូលវស្សាទាំង ២ យ៉ាងនេះ ភិក្ខុមិនអាចគេចវេះ​បានឡើយ គឺត្រូវតែចូលជាដាច់ខាត ដូច​មានពុទ្ធបញ្ញត្តិថា "ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ​ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស" ប្រែថា " ម្នាល​ភិក្ខុទាំងឡាយ! ភិក្ខុមិនអាចមិនចូលវស្សាបានឡើយ គឺត្រូវតែចូលវស្សាដាច់ខាត បើភិក្ខុណាមិន​ចូល​វស្សា ភិក្ខុរូបនោះនឹងត្រូវអាបត្តិទុក្កដ"

ថ្ងៃចូលវស្សា ភិក្ខុត្រូវចូលក្នុងរោងឧបោសថាគារ (វិហារ) ដើម្បីអធិដ្ឋានចូលវស្សា​ព្រមគ្នាថា "ឥមស្មឹ អាវាសេ ឥមំ តេមាសំ វស្សំ ឧបេម" ប្រែថា "យើងទាំងឡាយចាំវស្សា​អស់ ៣ខែនេះ​ ក្នុង​អាវាសនេះ"

ពេលអធិដ្ឋានភិក្ខុត្រូវតាំងចិត្តថា នឹងនៅក្នុងវេលារាត្រីរក្សា​អរុណរះឡើង តែក្នុងពេលខ្លួននៅ​ក្នុងខែត្រនៃ​អាវាស រហូតដល់កំណត់ ៣ ខែ ។

បើភិក្ខុនៅចាំវស្សាក្នុងទីសេនាសនៈណាមួយ ត្រូវតែកំណត់​ខែត្រ និងបរិវេណទីសេនាសនៈ​នោះ។ បើនៅច្រើនគ្នា ត្រូវអធិដ្ឋានចូលគ្នា​ព្រមគ្នាថា "ឥមស្មឹ សានាសនេ ឥមំ តេមាសំ វស្សំ ឧបេម" ប្រែថា "យើង​ទាំងឡាយ នៅចាំវស្សាអស់ ៣ ខែនេះ ក្នុងទីសេនាសនៈនេះ" ។

បើភិក្ខុនៅតែម្នាក់ឯង ត្រូវតែអធិដ្ឋានថា "ឥមស្មឹ សេនាសនេ ឥមំ តេមាសំ វស្សំ ឧបេមិ" ប្រែថា "អញ ឬ អាត្មាអញនៅចាំវស្សាអស់ ៣ខែនេះ ក្នុងទីសេនាសនៈនេះ"។

បើនៅក្នុងកុដិធំច្រើនគ្នា ត្រូអធិដ្ឋានព្រមគ្នាថា "ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេម" ប្រែថា "យើងទាំងឡាយ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ "។

បើនៅតែឯងត្រូវតែអធិដ្ឋានថា "ឥមស្មឹ វហារេ ឥមំ តេមាសំ វស្សំ ឧបេមិ" ប្រែថា "អាត្មាអញ នៅចាំវស្សាអស់ ៣ខែក្នុងវិហារនេះ "។

បើនៅក្នុងតូបឬកុដិតូច តែម្នាក់ឯង​ក្នុងព្រៃ ត្រូវកំណត់ខែត្រ ឬទីបរិវេណនៃតូបឬកុដិ​នោះ ត្រូវ អធិដ្ឋានថា "ឥមិស្សំ ឬ ឥមាយំ កុដិយំ ឥមំ តេមាសំ វស្សំ ឧបេមិ" ប្រែថា "អញ ឬអាត្មាអញនៅចាំ​វស្សាអស់ ៣ខែក្នុងតូបនេះ" ។

ក្នុងអាវាសនីមួយ ៗ នៅពេលភិក្ខុសង្ឃ​បានអធិដ្ឋានចូលវស្សារួចហើយ ភិក្ខុចៅ​អាវាស ឬ មហា​ថេរ ត្រូវប្រកាសប្រាប់ នូវខែត្រនៃអាវាស គឺកំណត់ព្រំប្រទល់វត្ត​គ្រប់ទិសទាំង ៤ ឲ្យភិក្ខុសាមណេរ គ្រប់រូបបាន​ដឹង ដើម្បីនឹង​ចៀសវាងអំពីការដាច់វស្សា ពីព្រោះតែការបណ្ដោយ​ឲ្យអារុណរះឡើង ក្នុងពេលដែលខ្លួនស្ថិតនៅ​ក្រៅខែត្រនៃអាវាស​នោះ។

បើដល់ថ្ងៃចូលវស្សារួចហើយ មានភិក្ខុណានៅធ្វើដំណើរទៅមក ឬអែអង់រងចាំចូលវស្សាក្រៅ​វត្ត ឃើញថា មិនសមគួរឡើយ ភិក្ខុនឹងត្រូវអាបត្តិទុក្កដ ។ បើភិក្ខុចូលវស្សានៅទីណាហើយ ត្រូវតែ​រក្សារាត្រីនៅក្នុងទីនោះ រហូតគ្រប់​ពេល​កំណត់ ៣ខែ ។ បើមានធុរៈត្រូវចេញទៅក្រៅអាវាសជា​ចាំបាច់ខានមិនបាន គប្បីចេញចុះ តែប្រញាប់ត្រឡប់មក​វិញឲ្យទាន់​ពេលមុនអរុណរះ។ ភិក្ខុអាច​ទៅដោយសត្តាហករណីយ បាន៖

  • បើបានដឹងជាមុនថា មាតាឬបិតា នៃភិក្ខុឬសាមណេរនោះ មានធុរៈ ឬមានជម្ងឺធ្ងន់។

  • បើមានគេមកនិមន្តថា មានឧបាសក ឬឧបាសិកា បងប្អូនឬញាតិមិត្រ មានធុរៈ។

  • បើមានគេមកនិមន្ត ក្នុងសង្ឃករណីយកិច្ច ណាមួយ។ ក៏ប៉ុន្តែ តាមទម្លាប់ មុននឹងចេញ​អំពីវត្ត ឬអាវាស ទៅត្រូវអធិដ្ឋានថា "សច្ចេ មេ អន្តរាយោ នត្ថិ សត្តាហព្ភន្តរេយេវ បុន និវត្តិស្សាមិ …...ទុតិយម្បិ……..តតិយម្បិ…"។ ប្រែថា "បើមិនមានអន្តរាយ ឬឧបសគ្គដល់អា​ត្មាអញទេ​អាត្មាអញនឹងត្រឡប់មកវត្តវិញ ក្នុងចន្លោះសត្តាហៈ ពុំខាន ។ ………ជាគម្រប់ពីរដងផង។ ……..ជា​គម្រប់បីដងផង។ ភិក្ខុលើកសត្តាហៈចេញទៅក្រៅវត្តរួចហើយ ត្រូវតែត្រឡប់មកវត្ត ខាងក្នុងអរុណ​នៃថ្ងៃទីប្រាំពីរវិញ (គឺអាចនៅក្រៅវត្តតែត្រឹម ៦រាត្រី) ។ ភិក្ខុមិនត្រូវនៅក្រៅវត្តឲ្យហួសអរុណនៃថ្ងៃ​ទី​៧ឲ្យសោះ ពុំនោះសោតនឹងត្រូវដាច់វស្សា នឹងត្រូវអាបត្តិទុក្កដ មិនអាចទទួលអានិសង្សកឋិន និងសង្ឃលាភផ្សេង ៗ ដែលកើតឡើងក្នុងវត្តនោះ បានទៀតផង។

    ការចូលវស្សាមិនចំពោះតែភិក្ខុទេ សាមណេរក៏ត្រូវចូលវស្សាដែរ ទើបត្រូវតាមពុទ្ធានុញ្ញាត ចែកនូវសង្ឃលាភ តែសាមណេរមិនមានកិច្ចដោយការបវរណាឡើយ គ្រាន់តែឲ្យអធិដ្ឋានចូលវស្សា​ប៉ុណ្ណោះ ។

    នៅប្រទេសខ្មែរ ក៏ដូចជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាក្នុងលោកដែរ ពេលចូលវស្សានេះ ជាឱកាសសំខាន់បំផុតដែលយុវជននាំគ្នាចូលបួសនិងមកសំណាក់​នៅក្នុងវត្ត ដើម្បីអប់រំខ្លួន ឲ្យមាន​ចរិយាសម្បត្តិ​ល្អ តាមគន្លងព្រះពុទ្ធសាសនា ។

    សាសនវិធី៖

    រណ្ដាប់៖ ឧបាសក ឧបាសិកា ត្រូវរៀបរណ្ដាប់ជា​ចតុប្បច្ច័យមាន៖ ចង្ហាន់បិណ្ឌបាត សំពត់​សាដក ប្រេង ទៀនវស្សា (សម្រាប់ដុត ៣ខែ) ។ល។ ក្នុងវិន័យបិដក ភាគទី ៨ និយាយអំពី​អានិសង្ស​សំពត់សាដកសម្រាប់ព្រះសង្ឃ​ប្រើស្រង់ទឹក ។ ទៀនវស្សា ត្រូវមានវិជ្ជមាត្រ(មាត់) ១តឹក និងកំពស់​២​ហត្ថ ធ្វើអំពីក្រមួន​សុទ្ធឬក្រមួនចំបក់ មានជើងទ្រជាឈើឬស្ពាន់ ក្បាច់ផ្កាឈូក ។ សម័យបច្ចុប្បន្ន​ច្រើនប្រើ​ចង្កៀងប្រេងកាត ឬប្រេងដូងជំនួស ។ ទៀនវស្សា​គឺជា និមិត្តរូបនៃព្រះបញ្ញាញាណ របស់​ព្រះសម្ពុទ្ធ ដែលតែងតែភ្លឺជានិច្ចចំពោះសព្វសត្វមិនមានរលត់សោះឡើយ ។

    ការប្រារព្ភ៖ ក្នុងថ្ងៃចូលវស្សា គឺល្ងាចថ្ងៃទី ១៥កើត ខែអាសាធ ឬទុតិយាសាធ ឧបាសក ឧបាសិក និងពុទ្ធបរិស័ទ ទៅជួបជុំគ្នាក្នុងទីវត្ត ។ លុះជួបជុំ​ហើយ នាំគ្នាហែរទៀនវស្សា សំពត់សាដក និងគ្រឿងបរិក្ខារ​ផ្សេង ៗ ប្រទក្សិណព្រះវិហារ ឬ អាវាសណាមួយ​ដែលព្រះសង្ឃ​បាន​កំណត់​ ។ បន្ទាប់ម​ក​ទៀត នាំគ្នានមស្សការថ្វាយបង្គំព្រះរត្តនត្រ័យ សមាទានសីល ៥ សីល ៨ និមន្តព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និងបវរណាព្រះធម្មកថិកមួយអង្គ សម្ដែងព្រះធម្មទេសនា ព្រមទាំងវេរទៀនវស្សា សំពត់សាដក និងគ្រឿង​បរិក្ខារ​ប្រគេនព្រះសង្ឃ ។

    លុះព្រឹកឡើងថ្ងៃ ១រោច ខែអាសាធ មានប្រគេនយាគូ និងភត្តប្រគេនព្រះសង្ឃទៀតផង​ ។

    តំណម៖ ក្នុងរយះពេលចូលវស្សា ៣ ខែនេះ​ ពុទ្ធបរិស័ទតែងមានតំណម ដូចជា មិនរៀប​មង្គលការកូនចៅ និងមិន​សង់ផ្ទះថ្មី ជាដើម ដោយចាត់ទុកថាថ្ងៃទាំងអស់ ក្នុងកំណត់ ៣​ ខែនោះ ជា​ថ្ងៃឃ្លុប គឺជាថ្ងៃឥតមានឫក្សល្អ ឥតមានជោគជ័យ និងឥតមានសិរីសួស្ដី ៕
    សរសេរដោយភិក្ខុ សញ្ជាតវិរិយោ ង្វ៉ៀង វ៉ាំង ថឿង

  • 0 ការពិគ្រោះ:

    Post a Comment

    Booking.com