Social Icons

ប្រវត្តិវត្ត

ប្រវត្តិវត្តបិដកត្យារាម ក្នុងស្រុក



វត្តបិដកត្យារាម ក្នុងស្រុក មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៣ ឆៀងទៅទិស​អាគ្នេរ​នៃខែត្រព្រះត្រពាំង (ត្រាវិញបច្ចុប្បន្ន) មានផ្ទៃដីភូមិរាងបួនជ្រុងស្មើ មានរបងឥដ្ឋ​ព័ទ្ធ​ជុំវិញ ក្លោងទ្វារចូលទាំងពីរផ្លូវសង្ខាង នៅត្រង់ពីខាងលិចមានព្រះពុទ្ធបដិមាករទ្រង់សឹង​សម្រាកព្រះឥរិយាបថ បែរព្រះភ័ក្ត្រទៅទីសខាងលិចព្រះកេសទៅទិសខាងជើង ព្រះភ័ក្ត្រា​សែនស្រស់សោភាគួរជាទីគយគន់និងជ្រះថ្លាយ៉ាងក្រៃលែង ។ ចូលមកដល់ខាងក្នុងមាន​ព្រះវិហារមួយខ្នងមានចំណាស់ប្រមាណ ៣០០ឆ្នាំ ខាងកើតមានព្រះចេតីយ៍មួយធំខ្ពស់​ស្កឹមស្កៃ មានទ្រង់ទ្រាយដ៏ស្រស់សង្ហារ កំពស់ជាង ២៥ម៉ែត្រ មានកុដិសាលាធំ ៗ ព័ទ្ធជុំវិញព្រះវិហារទៀតផង ។ បរិវេណថ្វីត្បិតតែតូច ប៉ុន្តែស្រស់ល្អបំព្រងគួរជាទីទស្សនា​ណាស់,រមណិយដ្ឋានរំលេចទៅដោយសួនច្បារផ្កាភ្ញី រាត្រី សារិកា,ចម្ប៉ា,ចម្ប៉ី,ក្ដាំងងារ,និងឱទ្យានព្រឹក្ស មានពោធិ, ជ្រៃ, គគីរ, ស្នៃនិងឈើទាលជាដើម ដាំដុះជាជួរ ៗ យ៉ាងមាន​របៀប​ធ្វើឲ្យមណ្ឌលវត្តមានម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យ ។ ខាងកើតព្រះចេតីយ៍មាន​ដើម​ពោធិព្រឹក្សមួយដើមបែកមែកសាខា ធ្វើជារបាំងបាំងម្លប់ក្នុងពេលព្រះពុទ្ធអង្គកំពុង​ផ្ចាញ់មារ, នៅក្បែរនោះមានស្រះពីរទន្ទឹមគ្នាពោរពេញទៅដោយហ្វូងមច្ឆាធំតូចហែបហែល​ប្រឡែងគ្នាឆ្វែលឆ្វាត់ក្រោមរបត់រលកបោកបក់រមេញប្រដេញគ្នាតាមជំនោរវាយោបក់រំភើយដ៏សែនត្រជាក់ ។ ក្រឡេកជុំវិញឃើញរូបចម្លាក់ព្រះពុទ្ធបដិមាករដែលជាស្នាដៃវិចិត្រករខ្មែរ​រួម​ជាមួយព្រះសង្ឃច្នៃប្រឌិដ្ឋតាមរឿងរ៉ាវក្នុងពុទ្ធប្រវត្តិឬហៅថាឋានធំទាំងប្រាំបីកន្លែង គឺមាន​តាំងពីទ្រង់ប្រសូតិរហូតបរិនិព្វាន ។ កាលបើយើងសម្លឹងមើលដោយភាពរួម យើង​អាចប៉ានស្មានថា វត្តទើបតែកសាងឡើងក្នុងពេលថ្មី ៗ តែតាមសេចក្ដីពិតទៅ វត្តក្នុងស្រុក ជាវត្តមួយមានអាយុកាលចំណាស់ចំណាត់ចម្បង ៗ ក្នុងបណ្ដាវត្តទាំងអស់នៅខែត្រ​ព្រះត្រពាំង បើគិតទៅមានអាយុកាលជាង ១៣ ស.វ. គឺ ជាង ១៣០០ ឆ្នាំទៅហើយ, ដែលសម្លឹងឃើញថ្មីដូច្នេះ ព្រោះស្នាព្រះហស្ថរបស់ព្រះសង្ឃាធិការ ព្រះនាម ចន្ទត្ថេរោ ថាច់សុភា ព្រះប្រមុខសង្ឃអង្គបច្ចុប្បន្ន ខិតខំយកចិត្តទុកដាក់ដើម្បីជួសជុលស្ថាបនាសារ​ជាថ្មី​នូវកុដិសាលាមួយចំនួនដែលមានការទ្រុឌទ្រោមខូចខាត,ហើយនឹងបានរៀបចំបរិវេណ​វត្តបន្ថែមទៀត, ក្រោមការដឹកនាំរបស់ព្រះអង្គនិងគណៈកម្មការសង្ឃជាច្រើនអង្គទៀត ។ វត្តនេះបានស្ថាបនាឡើងនៅចុងសម័យនគរភ្នំ (ហ្វូណន) ឬដើមសម័យចេនឡាមកម្ល៉េះ ក្រោមថ្វីព្រះហត្ថស្ថាបនិករបស់ព្រះតេជព្រះគុណព្រះនាម ព្រឹក្ស ព្រះឧបជ្ឈាយ៍អង្គដំបូងនៃ​វត្តបិដកត្យារាម ក្នុងស្រុកព្រមទាំងព្រះសង្ឃនឹងពុទ្ធបរិស័ទរបស់ព្រះអង្គរួមមួយគណៈ និមន្តជម្លៀសខ្លួនពីខែត្រ កំពង់ឫស្សី (បេនត្រែ)មកកសាងវត្តទុកជាកេរមត៌ករហូត​ដល់​បច្ចុប្បន្ន ដោយមានប្រវត្តិនិងសេចក្ដីដំណាលដូចតទៅ៖

តាមសាវតាប្រវត្តិសាស្ត្របានកំណត់ទុកមកថា ក្រោយពីការបិទទំព័រប្រវត្តិសាស្ត្រ(នគរភ្នំ)ឬ (ហ្វូណន)ដែលជាអាណាចក្រមហាអំណាចនៅក្នុងឧបទ្វីបនៃឥណ្ឌូចិនតាំងពីដើម​សតវត្សរ៍​រហូតមកដល់ចុងសតវត្សរ៍ទី៦នៃគ្រឹះសក្ករាជ,ជាពិសេសនៅក្នុងរាជកាលព្រះបាទ (កៅណ្ឌិន្យា​ជ័យវរ្ម័ន)ដែលមានព្រំប្រទល់ដ៏ធំទូលាយមហាសាល មានបូរណភាពទឹកដីយ៉ាង​ពេញលេញគួរជាទីកោតស្ងើចក្រៃលែង ។ អំណឹះកាល ព្រះមហាក្សត្រអង្គនេះសោយ​ទីវង្គត​ទៅនៅឆ្នាំ ៥១៤ នៃគ.ស.។ ក្រោយមកព្រះបាទ(រុទ្រវរ្ម័ន)ក៏បានពិឃាតព្រះជេដ្ឋារបស់ខ្លូន​ឯង​ព្រះនាម (តុណវរ្ម័ន)ហើយក៏បានឡើងសោយរាជ្យដោយព្រះអង្គឯងរហូតទៅដល់ឆ្នាំ៥៣៩ ទើបបានសោយទីវង្គត ជាក្សត្រចុងក្រោយបង្អស់នៃហ្វូណន ។ បន្ទាប់ពីនោះទៅ(ហ្វូណន) បានក្លាយជាប្រទេសដែលមានសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយរហូតមកពុំមាន​ឈប់​ឈរ ។ ជាឱកាសដ៏ល្អសម្រាប់ពួកអ្នកឱកាសនិយមមួយចំនួនដែលឃ្លាំចាំឆក់ឱកាសពីអ្នក​ទន់ខ្សោយថយអំណាច ពេលនោះគេឃើញមានឈ្មោះប្រទេសមួយថ្មីបាន​កើតឡើង​ក្នុង​គំនរ ភ្លើងនៃសង្គ្រាមកំពុងឆេះ គឺ (ចេនឡានគរ)។ ពាក្យថា(ចេនឡា)នេះបើតាមសាស្ត្រា ចារ្យកេង វ៉ានសាក់ មានប្រភពមកពីពាក្យពីព្យាង្គ គឺ (ចិនលា) ។ចិនលា បានសេចក្តីថា ចិនមិនអាចរស់នៅក្នុងប្រទេសនេះតទៅទៀតបាន ព្រោះមានសង្គ្រាមរវាងព្រះរាជ​វង្សានុវង្ស​ក្នុងប្រទេសមិនអស់មិនហើយទើបនាំគ្នាគេចចេញពីប្រទេសនេះទៅ ។

តែតាម​ទស្សនះរបស់លោក (ឆ័ត្រាប្រេមឫឌី) វិញ ពាក្យថា (ចេនឡា) មកពីពាក្យ (ជាន់លើ) ឯចំណែកផ្នែកខាងក្រោមវិញគេហៅថា (ក្រោមពូជ) ។ គឺព្រះបាទ ភវវរ្ម័ន ជាស្តេចនគរចេនឡា ក្នុងសម័យនោះ ព្រះអង្គបានលើកទ័ពទៅវាយជាមួយទ័ពរបស់ជីតា​ឯង គឺព្រះបាទ (រុទ្រវរ្ម័ន) ដែលបានដណ្តើមរាជ្យពីព្រះរាជជេដ្ឋានោះអាស្រ័យមកពីការ​ដណ្ដើម​រាជ្យរវាងគ្នាឯងនឹងគ្នាឯងក្នុងវង្សានុវង្សនេះហើយទើបព្រះបាទ ភវវរ្ម័នបានភៀស​ខ្លួនទៅកែនទ័ពនៅឯជាន់លើ ឬ ចិនលា ហើយឆ្លៀតឱកាសល្អក៏បានលើកទ័ពមកវាយស្តេច​សោយរាជ្យនេះឯង ។ ប្រការមួយទៀត អាចជាជម្លោះរវាងសាសនាផងដែរគឺដោយសារ​កាលណោះ​ក្នុងរជ្ជកាលព្រះបាន (រុទ្រវរ្ម័ន) ព្រះអង្គបានគោរពរាប់អានព្រះ​ពុទ្ធសាសនាយ៉ាង​ខ្លាំង ហើយព្រះពុទ្ធសាសនាក៏មានប្រជាប្រិយភាពយ៉ាងក្រៃលែងនៅក្នុងរជ្ជកាលព្រះបាទ (រុទ្រវរ្ម័ន) ព្រះអង្គនេះផងដែរ ។ រីឯព្រះបាទភវវរ្ម័ន វិញនោះទ្រង់គោរពបូជាទៅខាងឯ​ព្រហ្មញ​សាសនា ឯណោះទៅវិញជាហេតុនាំឲ្យមានការគម្រាមគម្ហែងដល់សាសនា​កើត​ឡើងជាលំដាប់។

ភ័ស្តុតាងជាក់ស្តែង គឺនៅកម្ពុជាក្រោម ​(វៀត​ណាម​ខាងត្បូង)​ មានវត្តកោះកែវសេរី បាន​កសាងឆ្នាំ ៦១៣ វត្តសង្ឃមង្គល ខែត្រវិញឡុងកសាងឆ្នាំ ៦៣២ វត្តសំរោងឯក វត្តពោធិ​សាលរាជ​កំពង់ វត្តបិដកត្យារាម ក្នុងស្រុក បានកសាងឡើងក្នុងដំណាលគ្នា គឺនៅឆ្នាំ ៦៤១ ឬ ៦៤២ នៃគ្រឹះសក្ករាជ។ ល័ក្សណ៍ឋានមួយទៀតដែលបញ្ជាក់ឲ្យ​ដឹងថា​ព្រះពុទ្ធសាសនា​អាចផ្សព្វផ្សាយយ៉ាងទូលំទូលំទូលាយក្នុងដែនដីកម្ពុជាក្រោម (វៀតណាមខាងត្បូង)ដ៏យូរអង្វែងមកហើយនោះ គឺ មានវត្តសម្បួណ៌រង្សី កូវកែ បានកសាងតាំងពី គ.ស.៣៧៣ មកម្ល៉េះ ។ មិនតែប៉ុណ្នោះសោតនៅមានវត្តមួយចំនួនទៀតដែលយើងមិនអាចដឹងឬ​ស្គាល់​បាន​ដោយអាស្រ័យភាវះនៃ សង្គ្រាមបំភ្លេចបំផ្លាញ រវាងផ្ទៃក្នុង និងសង្គ្រាម​សាសនា​ដែលបានបញ្ឆេះឡើងដោយ ព្រះបាទភវវរ្ម័ន ជាដើមហេតុនោះ ។ ទ្រង់​បានដុត​បំផ្លាញ់​វត្តវ៉ាអារាម កាប់សម្លាប់ព្រះសង្ឃនៃព្រះពុទ្ធសាសនាស្ទើរអស់គ្មានសេសសល់ វត្តខ្លះនៅសល់តែស្លាកស្នាំតំណាល វត្តខ្លះនៅសល់តែខឿនដែលត្រឹមតែជា​ស្រមោល​នៃប្រវត្តិ សាស្ត្រគួរឲ្យអាណោចអាធមប៉ុណ្ណោះ។ ជាក់ស្តែងគឺ វត្តសិរីសាគរ ខែត្រកំពង់​ឫស្សី (បេនត្រែ) ដែលជាប់ចំណងដើមទងជាមួយការកើតឡើងនៃវត្តក្នុង ឬ វត្ត​បិដកត្យារាម ក្នុងស្រុកបច្ចុប្បន្ន សព្វថ្ងៃនៅសល់ត្រឹមតែជាកិត្តិនាម​ក្នុងតម្រាតែ​ប៉ុណ្ណោះ​។

នៅពាក់កណ្ដាលសតវត្ស៍ទី ៧ មានបេសកជនចិនម្នាក់ឈ្មោះ យិស្ហិង បានមកដល់ដំបន់​នេះ ហើយបានសរសេរថា (កាលពីដើមនៅ (ហ្វូណន)ព្រះធម៌បានចម្រើនលូតលាស់​ណាស់ ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះ មានព្រះរាជាកំណាច់មួយអង្គបាន​បំផ្លាញចោលអស់រកព្រះសង្ឃតែមួយអង្គក៏គ្មានដែរ) ។

ហេតុការនៃប្រវត្តិសាស្ត្រដោយ​សង្ខេប​ប៉ុណ្ណេះនេះអាចសរបញ្ជាក់ឲ្យយើងដឹងបាននូវ​រឿង​រ៉ាវ​ក៏​ដូចជា​ចលនភាពនៃព្រះពុទ្ធសាសនាក្នុងអតីត ជាមួយការជម្លៀសខ្លួនរហូត​ទៅដល់​មានការកសាងគ្រឹះស្ថានផ្សេង ៗ ដើម្បីទ្រទ្រង់នូវព្រះពុទ្ធសាសនាដែលជាពំនឹងខាង​ចិត្ត​គំនិតស្មារតីនៃប្រជាជនអ្នកគោរពបូជាទាំងអស់ឲ្យគង់វង់រហូតទល់ឥឡូវនេះគឺពុំមែនជាការងាយ ៗ នោះទេ ។ ព្រោះហេតុនោះ ការកើតឡើងនៃវត្តក្នុងក៏ពុំដេកនៅក្រៅរង្វង់នៃ​ក្រប​ខណ្ឌ​នេះដែរ ។ ដោយហោចទៅគេអាចសន្និដ្ឋានបានថា វត្តក្នុង ដែលបានកសាងឡើង​ឲ្យមានជារូបធម៌ប្រាកដដល់សព្វថ្ងៃនេះដោយអាស្រ័យមូលហេតុ ៣ ប្រការជាសំខាន់គឺ

ប្រការទី១
កើតឡើងដោយសារសង្គ្រាមរ៉ាំរ៉ៃផ្ទៃក្នុងរវាង រាជវង្សានុវង្ស នៅចុងសម័យ (នគរភ្នំ ហ្វូណន) ហើយត្រូវបិទទំព័រប្រវត្តិសាស្រ្តហ្វូណននៅក្រោយពីចេនឡា បានវាយ​ដណ្ដើមយ​កនូវរាជធានីនៃ (ហ្វូណន) បានហើយក្រោយមកក៏បានចាប់ផ្តើម​ទំព័រ​ប្រវត្តិ​សាស្ត្រ​​ថ្មីមួយទៀតគឺ ចេនឡា ប្រាកដឈ្មោះឡើងក្នុងអាណាចក្រខ្មែរដោយថ្វី​ព្រះហស្ថ​របស់​ព្រះបាទភវវរ្ម័ន។

ប្រការទី ២
កើតឡើងដោយសារសង្គ្រាមសាសនា ដោយអាស្រ័យការផ្លាស់​ប្តូររបបសាសនារវាងព្រះរាជាពីមួយអង្គទៅមួយអង្គ។ បានន័យថា ព្រះបាទរុទ្រវរ្ម័ន សម័យ​ហ្វូណនព្រះពុទ្ធសាសនាមានប្រជាប្រិយភាពយ៉ាងខ្លាំងណាស់, តែលុះមកដល់យុគព្រះបាទ​ភវវរ្ម័ននាដើមសម័យចេឡាក៏បែជាព្រះអង្គគោរពសាសនាព្រាហ្មណ៍ទៅវិញ,ដែលជាហេតុ​នាំឲ្យស្រុកកើតកលិយុគស្មុកស្មាញ់ មានការដុតបំផ្លាញ់វត្តវ៉ាអារាមកាប់សម្លាប់ព្រះសង្ឃ​អស់​ជាច្រើន ខ្លះក៏សុគត ខ្លះក៏ស្លាប់ ខ្លះទៀតក៏និរាសព្រាត់ប្រាស់ខ្ចាត់ខ្ចាយជម្រៀស​ពីភូមិ​មួយទៅភូមិមួយ ដូចជាប្រទេសឥណ្ឌាសម័យបូរាណដែរ ។ ជារឿងធម្មតា បើព្រះរាជាអង្គ​ណា​មួយគោរពរាប់អានសាសនាណាហើយ សាសនានោះក៏នឹងរីកចម្រើនជាលំដាប់ ទន្ទឹម​នឹងនោះសាសនាមួយទៀតក៏ត្រូវអន់ថយខ្សោយសភាពជារឿងដែលមិនអាចចៀសវៀង​បាន។

តែទោះជាយ៉ាងណាក្តី ក៏ត្រូវតែមានបុគ្គលមួយចំនួនពុំព្រមបណ្ដោយឲ្យព្រឹត្តិហេតុ​ដ៏អាក្រក់​ដូច្ឆេះរាតត្បាតរហូតដល់ថ្នាក់បាត់បង់នូវពុទ្ធធម៌ដ៏ឧត្តមដែលជាពំនឹងនៃចិត្តវិញ្ញណរបស់ខ្លួនទៅដោយទទេ ៗ នោះឡើយ។

ប្រការទី ៣
គឺ ដោយសារសុឆន្ទដ៏ខ្ពង់ខ្ពស់របស់ព្រះតេជព្រះគុណព្រះ​ឧបជ្ឈាយ៍​រួមជាមួយគណៈរបស់ព្រះអង្គ បានតស៊ូយ៉ាងម៉ឹងម៉ាត់ ពុះពារឧបសគ្គគ្រប់បែបសព្វយ៉ាងនិង​ស្មារតី​លះបង់ចំពោះបុព្វហេតុជាតិនិងសាសនាដ៏ខ្ពង់ខ្ពស់មិនព្រមរាថយ ថែមទាំង​មិនព្រម​វេះពួនទុកបណ្ដោយឲ្យព្រះពុទ្ធសាសនាសាបរលៀបទៅក្នុងគំនរនៃភ្លើងសង្គ្រាមជាតិឯងនោះជាដាច់ខាត់ ។ ប្រការសំខាន់គឺព្រះអង្គបានមើលឃើញនូវតម្លៃនៃព្រះពុទ្ធសាសនាដែលជាមូលដ្ឋានដ៏ឧត្តមក្នុងការជួយទ្រទ្រង់នូវខឿនវប្បធម៌ ប្រពៃណីសម្រាប់កូនចៅខ្មែរក្នុងបច្ចុប្បន្នក៏ដូចជា​អនាគត។ ព្រះអង្គគឺពិតជាព្រះវិរសមណមួយអង្គដ៏ឆ្នើមក្នុងបេះដូងនៃព្រះសង្ឃ​និងពុទ្ធ​បរិស័ទ​ខ្មែរនិយាយរួម និងដោយឡែកគឺ វត្តបិដកត្យារាមក្នុងស្រុកយើងនេះ។

ដូច្នេះ រឿងរ៉ាវនៃប្រវត្តិសាស្ត្រនិងឧត្តមគតិទាំងនេះឃើញថាសមស្របគ្នាទៅនឹងពាក្យ​បរមបរាដែលមានការនិយាយគ្នាពីមាត់មួយទៅមាត់មួយជាប់មិនដាច់ ហើយបានផ្សព្វផ្សាយ​តាមបណ្ដាញព្រះសង្ឃនិងពុទ្ធបរិស័ទស្តីអំពីការឧប្បត្តិឡើងនៃ "វត្តក្នុង" រហូតទល់សព្វថ្ងៃ, នោះគឺ ព្រះតេជព្រះគុណព្រះឧបជ្ឈាយ៍របស់យើងបានជន្លៀសខ្លួនមកពីខែត្រកំពង់ឬស្សី ឬបេនត្រែ មកកសាង "វត្តក្នុង" ព្រមជាមួយគណះរបស់ព្រះអង្គមួយចំនួនទៀត។

សេចក្តីដំណាលថា ខែត្រកំពង់ឬស្សី ជាខែត្រមួយដែលមានវត្តអារាមចំនួន ២៥ វត្ត មានព្រះ​សង្ឃជាច្រើនគង់នៅសិក្សារៀនសូធ្យ។ បន្ទាប់ពីមានសង្គ្រាមរ៉ាំរ៉ៃកើតឡើងពួកខ្មាំងក៏កេណ្ឌ​កាប់​សម្លាប់​ព្រះសង្ឃ​និងពុទ្ធបរិស័ទឥតមានឈប់ឈរ ចំណែកព្រះសង្ឃនិងពុទ្ធបរិស័ទ​វិញ​ក៏មានការភិតភ័យតក្កមា បាននាំគ្នាគេចវេះរត់ពួនយកអាយុជីវិតរៀងៗខ្លួន ។

ពេលនោះ​លោកគ្រូព្រះនាម..............ព្រឹក្ស គង់នៅវត្តសិរីសាគរ ខែត្រកំពង់ឫស្សី (បេនត្រែ), កាលណោះនៅជាលោកគ្រូមានព្រះជន្មាយុប្រមាណជាង ៣៥ព្រះវស្សាប៉ុណ្ណោះ​, ​ព្រះអង្គក៏មានព្រះទ័យភិតភ័យក្រៃលែង ខ្លាចក្រែងពួកឃ្មាំងតាមរុករកធ្វើទុក្ខបុកម្នេញដល់​ព្រះអង្គនិងពុទ្ធបរិស័ទ ។ ស្របពេលនោះព្រះអង្គក៏បានបបួលព្រះសង្ឃនិងឧបាសក ឧបាសិកា រកទូកជិះឆ្លងទន្លេចូលមកជ្រកក្នុងព្រៃជ្រៅ ហៅថាព្រៃស្មាច់ គឺព្រៃវត្តក្នុងយើង​នេះ ដែលស្ថិតនៅក្នុងខែត្រព្រះត្រពាំង ។ ព្រៃនោះ មានផ្នោរខ្សាច់ទួលខ្ពស់ កណ្ដាលវែង ខាងកើតទំនាបខាងលិចទំនាបដុះសុទ្ធតែដើមស្មាច់និងឈើព្រៃផ្សេងៗជាច្រើនញៀតស្បាតដុះហ៊ុំជុំជិតរកផ្ទៃដីទំនេធ្វើចំការច្បារដំណាំអ្វីពុំមានឡើយ មិនត្រឹមតែប៉ុណ្ណោះ នៅមាន​សត្វ​សាហាវរស់នៅជាច្រើនទៀតផង ។

ព្រះតេជព្រះគុណព្រះនាម ………………ព្រឹក្ស ​បាន​បបួល​ឧបាសក ឧបាសិកា ចាស់ក្មេង ព្រមទាំងព្រះសង្ឃ បានស្របមតិគ្នាជាឯកច្ឆានចាប់ផ្តើមកាប់ខ្លាឆ្កាព្រៃ​ដើម្បីកសាងវត្ត​នៅ​កណ្ដាលព្រៃ គង់់នៅរហូតមក ហើយបានដាក់ឈ្មោះថា "វត្តក្នុង" ដល់សព្វថ្ងៃនេះ ដោយ​អាស្រ័យ​បានកសាងនៅក្នុងព្រៃនោះឯង។

ចំណែកខែត្រកំពង់ឫស្សី​ (បេនត្រែ)​ វិញ​សព្វថ្ងៃពុំមាននៅសេសសល់អ្វីទេ តាំងពីពេលនោះ​មក​សង្គ្រាម​អូសបន្លាយតិចៗច្រើនៗ តរៀងមក បច្ចុប្បន្ននេះ សូម្បីតែវត្តមួយក៏គ្មាននៅ​សល់ដែរ ។ សម្រាប់ព្រះពុទ្ធសាសនា សម្រាប់យើងជាពុទ្ធសាសនិកជននោះ គឺជា​ការបាត់បងដ៏ធំក្រៃលែងមួយរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ តើយើងជាពុទ្ធមាមកជន ទាំងអស់គ្នា ក្នុងនោះមានព្រះសង្ឃនិងពុទ្ធបរិស័ទដែលជាសាសនទាយាទដោយត្រង់នោះ គួរនឹង បណ្ដោយឲ្យព្រះពុទ្ធសាសនា វត្តវ៉ាអារាម ដែលជាខឿនវប្បធម៌ប្រពៃណី​និងជា​មត៌កដ៏សំខាន់នេះ ក្លាយជាសាសនាត្រឹមតែក្នុងរឿងតំណាល ឬយ៉ាងណា ? តើយើងព្រម​នៅស្ងៀមទុកឲ្យនាវាដែលកំពុងផ្ទុកចម្លងយើងទៅកាន់ត្រើយខាងនាយសន្សឹម ៗ លិចលង់​ទៅដោយរន្ធតូចជាច្រើន ឬជួយចុកជួយចែវដើម្បីស្ថេរភាពជីវិតយើង ដើម្បីនាវាដ៏ឆ្នើមនេះ​គង់វង់ត​ទៅទៀត ? យើងត្រូវដឹងថា

"ការជួសជុលទូកឲ្យជា ប្រសើរជាងស្វែងរកក្ដានាវាក្នុងសមុទ្រជ្រៅ"

ព្រោះថា ពេលនោះយើងគ្មាននៅទៀតទេដើម្បីទៅស្វែងរកកំទេចក្ដានាវាដែលលិចលង់​ខ្ទេចខ្ទីទៅហើយនោះ។

0 ការពិគ្រោះ:

Post a Comment

Booking.com