បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល ពោលគឺ អ្នកមានត្រចៀក សឆាប់ ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។ ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធីបដិបត្តិក្នុងរឿង ដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈ មុននឹងជឿរឿងណាមួយថាពិតឬមិនពិត ចំនួន ១០ យ៉ាង ដូចតទៅនេះ
១)មា អនុស្សវេនកុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
២)មា បរម្បរាយ កុំអាលជឿព្រោះទំនៀមទម្លាប់។
៣)មា ឥតិកិរាយ កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
៤)មា បិដកសម្បទានេន កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
៥)មា តក្កហេតុ កុំអាលជឿព្រោះហេតុនៃតក្កវិជ្ជា ។
៦)មា នយហេតុ កុំអាលជឿព្រោះលំនឹកស្មាន ។
៧)មា អាការបរិវិតកេ្កន កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែល ពិនិត្យពិច័យហើយ។
៩)មា ភព្វរូបតាយ កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
១០)មា សមណោ នោ គរូតិ កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង។
បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា «លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជា អកុសល ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬ បដិបត្តិតាម ។
0 ការពិគ្រោះ:
Post a Comment