Social Icons

ប្រមុខនៃក្តីវិនាស ១២ ប្រការ

នៅក្នុង គម្ពីរសុត្តន្តបិដក, ខុទ្ទកនិកាយ, សត្តនិបាត, តតិយភាគទី៥៤, ទំព័រទី៣៦ (បរា ភវសូត្រ) មាន​ដំណាល​ថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែល នាំមកនូវក្តីចំរើន ឬ មង្គល (មង្គល​សូត្រ​ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និង ទេវតា​ទាំង​ឡាយ​ដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួល​ស្រស់​ស្រាយនឹងគ្នាឡើង​ដោយពុំមាន​ក្តី​មន្ទិល​ឡើយ ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថា ធម្មតា​ក្នុង​លោក​នេះរមែង​មានសភាវៈជាគូនឹងគ្នា គឺថា៖ មាន គូនឹង ក្រ, សុខ គូនឹង ទុក្ខ ជាដើម, ហេតុនេះ ហេតុនៃ​ក្តីចំរើន​ត្រូវ​​តែជាគូនឹងហេតុនៃក្តីវិនាស ។ ព្រះសមណគោត្តមបានដឹងនូវហេតុនៃក្តីចំរើន ដូចដែល​ព្រះ​អង្គបានសំដែងប្រាប់​យើង​រួច​ហើយ ហើយជាធម៌ដ៏ពិរោះដែលពួកយើងពុំធ្លាប់បានឮ ហេតុនេះ​ព្រះ​អង្គពិតជាដឹងអំពីហេតុ នៃ ក្តីវិនាស ។ ហេតុ​នេះ​ទើបពួកគេបានមូលគំនិតគ្នាទៅទូលសួរព្រះពុទ្ធថា៖ បពិត ព្រះសមណគោត្តមបរមសាស្តាដ៏ចំរើន សូមព្រះ​អង្គ​មេត្តា​ប្រាប់ពួកយើង​ខ្ញុំអោយបាន​ដឹង​នូវ​ហេតុ​ ដែលនាំអោយមនុស្សសត្វក្នុងលោកសន្និវាសនេះនឹងជួបនូវ ក្តីវិនាស​សាបសូន្យចាកគុណ​ដោយប្​រការយ៉ាងណា?”
ព្រះពុទ្ធបានសំដែងថាហេតុនៃក្តីវិនាសមានដូចតទៅៈ
១- បុគ្គលអ្នកទ្រូស្តធម៌, ស្អប់ធម៌ធម៌ សំដៅដល់ការបង្រៀន ឬ គោលការណ៍ទាំង​ឡាយណា​ដែល​ត្រឹម​ត្រូវ​ទៅ​តាមសភាវៈពិត ពុំមែនជាការក្លែងបន្លំ, ល្បួងលួងលោម, បញ្ឆោតបញ្ចុះបញ្ចូល ។ ធម៌ក៏បានដល់ការបង្រៀន​ទាំឡាយ​របស់​ព្រះសម្មាសម្ពុទ្ធផងដែរ ព្រោះព្រះពុទ្ធបង្រៀនតែអ្វីដែលពិត (ចូរប្រយ័ត្នច្រឡំគ្នារវាងការបង្រៀនរបស់ព្រះពុទ្ធ និង ទស្សនៈមួយចំនួនដែល ពុទ្ធសាសនិកបានតាក់តែងឡើងដូចជាធម៌ដែលយើងធ្លាប់ឮព្រះសង្ឃ និង ពុទ្ធបរិស័ទ​សូត្រនៅពេលបុណ្យទានជាដើម ។ ធម៌របស់ព្រះពុទ្ធ មិនមែនមានន័យថា ធម៌​សម្រាប់​សូត្រ​ឡើយ ។ ប៉ុន្តែ​ក៏មានធម៌​ដែលជាការបង្រៀនរបស់ព្រះពុទ្ធ ត្រូវបានគេសូត្រដែរ, ដូចជា​ធម៌​ពហុទេវា គឺមង្គលសូត្រ និង ធម្មចក្កប្បវត្តនសូត្រ ជាដើម) ។ ន័យម្យ៉ាងទៀតថា ធម៌ = សភាវៈពិត ។ ហេតុនេះបុគ្គលអ្នកទ្រូស្តធម៌ ស្អប់ធម៌ គឺបុគ្គលទ្រូស្ត និង ស្អប់នូវ​មុខវិជ្ជាពិត មុខវិជ្ជាមិនកុហក ហើយចូលចិត្តតែការបង្រៀនឬទ្រឹស្តីទាំងឡាយណាដែលជាការកុហក, លួងលោម, បញ្ឆោត បំភ័ន្តបន្លំ ។
ប្រការនេះ នឹងនាំមកនូវក្តីវិនាសជាច្រើន ក្នុងនោះវិនាសដំបូងបំផុត​ដែលខ្លួន​គេ​មិនដឹង​គឺ​វិនាស​បញ្ញា គឺគេ​មិន​ដឹងការពិត ដោយហេតុតែគេស្អប់ការពិត មិនព្យាយាមស្វះស្វែង ខ្នះខ្នែងឈ្វេង​យល់​ សង្កេតពិនិត្យ គិតពិចារណា សិក្សា​ អោយបានដឹងការពិត ដោយហេតុតែគេមិន​ចូលចិត្តអ្វី​ដែលពិត ចូលចិត្ត និង លុះតែក្នុងការបំភ័ន្តគំនិតប្រាជ្ញា ។ ហេតុនេះ ចាប់ពីពេលនោះទៅ គេបាន​ចេះ​ និង បានដឹង និង សិក្សាតែក្នុងរឿងមិនត្រឹម មិនត្រូវ ហើយការប្រព្រឹត្តិ​របស់គេ ទាំងពាក្យសំដី ទាំងទង្វើក៏សុទ្ធតែប្រព្រឹត្តក្នុងនិយាមខុសពីការពិតទាំងអស់ ហើយលទ្ធផលក៏ស្របតាមអ្វី​ដែលគេធ្​វើនោះឯង ។ ដូច្នេះ ការទ្រូស្តធម៌ និង ស្អប់ធម៌ ជាប្រមុខនៃក្តីវិនាសទី១ ។
២- បុគ្គលស្រលាញ់ពេញចិត្ត និង សេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់ នឹង ជនជាសប្បុរស ជនជាអសប្បុរសមានន័យស្មើនឹងបុគ្គលពាលដែរហើយមានគ្រឿងសំគាល់គឺ
ក. បុគ្គលលង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាព​លង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជា​បុគ្គលពាលជំពូកមួយ ដោយហេតុ​ធ្វើខ្លួន​អោយជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនអោយបាត់​បង់​ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួន មាន​ឱកាសកើតជាមនុស្ស  
ខ. បុគ្គល​ស្វែង​រក​ក្តី​សុខ​ ឬ ប្រយោជន៍ខ្លួនឯង ដោយការធ្វើអោយខូចប្រយោជន៍អ្នកដទៃ ខូចក្តី​សុខអ្នកដទៃគ. បុគ្គលធ្វើអោយខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង នៅក្នុងមង្គលសូត្រ ព្រះពុទ្ធបង្រៀនថា ការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់​ជាមួយមនុស្សប្​រ​ភេទណា យើងនឹង​ក្លាយជាមនុស្ស​ប្រភេទនោះដែរទោះតិច ឬ ច្រើនមិនលែងឡើយ ។ បុគ្គលពាល​ទាំង៣ ជំពូកខាងលើ ជាប្រភេទមនុស្សគួរអោយខ្លាច​ជាងអ្វីៗទាំងអស់ ហើយមិនគប្បី​សេពគប់​ជា​ដាច់ខាត ព្រោះការសេព​គប់ជាមួយបុគ្គលប្រភេទនេះ ផ្សេងពីធ្វើអោយ​យើងវិនាសប្រយោជន៍ អាសោចិកេរ្តិ៍​ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំអោយយើង​ក្លាយ​ជាបុគ្គល​ពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះ មានតែ​មនុស្សពីរនាក់ គឺម្នាក់​ជារូបយើង ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេព​គប់​បុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់​ឯងដោយរឹងមាំចុះ
ចំណែកជនជាសប្បុរសបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកមាន ចំណេះវិជ្ជាខ្ពង់ខ្ពស់ មាន​គុណធម៌ មានគំនិតប្រាជ្ញា មិនបៀតបៀនអោយខូចប្រយោជន៍កេរ្តិ៍ ឈ្មោះខ្លួនឯងផង មិនបៀតបៀន​ក្តីសុខអ្នកដទៃផង ធ្វើតែអំពើ​ជាប្រយោជន៍ដល់ខ្លួនឯងផង ធ្វើតែកិច្ចការជាប្រយោជន៍​រួមផង ។ បុគ្គលណាសេពគប់នឹង​លោកអ្នកជាសប្បុរស​ទាំងនេះ រមែងមិនសាបសូន្យ មិនមានទោស ហើយ​លោកតែងដឹក​នាំអោយយើងដើរទៅរកក្តីចំរើនជានិរន្តរ៍ទៀតផង ។ បុគ្គល​ដែលមិនបានសេពគប់នឹងលោកជាអ្នកសប្បុរសបែបនេះ បុគ្គលនោះពេញជាខាត​បង់យ៉ាងធំ​ធេ​ង​ក្នុងជីវិត ព្រោះ​មិនបានចាប់យកឱកាសទាំងប្រយោជន៍ទ្រព្យសម្បត្តិ ទាំងគំនិតប្រាជ្ញា និង ភ័ព្វ​សំណាង​ផ្សេងៗ ។ ហេតុនេះបុគ្គល​អ្នកចូលចិត្តសេពគប់ នឹងជនជាអប្បុរស មានកិរិយាមិន​សេពគប់​នឹងជនជាសប្បុរស ជាប្រមុខនៃក្តីវិនាសទី២ ។
៣- អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជឹលច្រអូស១, ពេលខឹងសំដែងអោយ​គេ​ឃើញ​បាន១ដេកច្រើនពេក ខាតពេល​ក្នុងការប្រកបការងារ សិក្សារៀន​សូត្រ បណ្តាលអោយស្ពឹក​ដៃជើង ស្ទក់ខួរក្បាល អ័ព្ទគំនិត ស្វិតក្រៀមប្រាជ្ញា ប្រាថ្នានឹងគិតអ្វីក៏ពុំធ្លុះធ្លាយ ទោរទន់ទៅរក​តែក្តី​ងោកងុយ លុះពេលក្រោកពីដំណេកកាល​ណា​ក៏ប្រាថ្នា នឹកឃើញតែបរិភោគ រួចក៏ងោកងុយទៀត ។ប្រ​សិនបើធម្មជាតិអនុគ្រោះ​អោយមនុស្សនិយាយ​ច្រើនជាង​ស្តាប់ និង ច្រើនជាងមើលនោះ ធម្មជាតិមុខជាបានបង្កើតអោយមនុស្សមានមាត់ពីរ ឯត្រចៀកតែមួយ និង ភ្នែកតែមួយដែរ​ហើយ ។ និយាយច្រើនពេក រមែងមានការភ្លាំងភ្លាត់ ប្រាសចាកសិល្បៈ នាំអោយការនិយាយក្​លាយជារោយ​រាយ​ឥតខ្លឹមសារ ។ និយាយរឹតតែច្រើនទំលាយ អាថ៌កំបាំងកាន់តែច្រើន បង្ហាញអោយគេឃើញ​ចំណុច​ខ្សោយកាន់តែច្រើន ។ អ្នកស្តាប់កាន់តែធុញថប់ អ្នកដទៃមិនបាននិយាយ ធ្វើអោយខ្លួនឯង​បាត់​បង់ឱកាសស្តាប់គំនិតរបស់ដៃគូ ធ្វើអោយ​បាត់បង់ព័ត៌មានពីដៃគូ ខានសិក្សាពីអ្នកដទៃ ខាតប្រាជ្ញា ។ មិនថាបុគ្គលណាជឿព្រះ ឬ មិនជឿព្រះឡើយ ប៉ុន្តែគ្រប់គ្នា​បាន​ទទួលអ្វីមួយ​សុទ្ធតែ​បាន​មកដោយការប្រកបការងារ មិនដែលបានមកដោយព្រះ ឬអាទិទេពយកមកអោយឡើយ ហើយបើគេធ្វើការដោយត្រឹមត្រូវនោះ ទោះជាគេបួងសួងព្រះក្តី មិនបួង សួងព្រះក្តី ក៏សុទ្ធ​តែ​បានផលដូចគ្នា ។ ព្រះពុទ្ធបានសំដែងថា តថាគតមិនដែលបង្រៀនថា អោយអ្នករង់ចាំ​ព្រេង​សំណាង​ឡើយ ប៉ុន្តែតថាគតតែង​តែបង្រៀនអ្នកអោយធ្វើការដើម្បីទទួលបានផលសំណាង(១) ។ ព្រះពុទ្ធសាសនាជឿថាមនុស្សមាន​ព្រេងសំណាង​ពីអតីត​ជាតិ ប៉ុ​ន្តែ បានអះអាងថា ព្រេងសំណាង​គឺ​អ្វី ដែលគេធ្វើហើយពីពេលខាងដើមនោះ ប្រៀបដូចជាកំណប់ដែល​គេកប់នៅក្នុងដី ដែលគេត្រូវ​តែធ្វើការ គឺតោងតែជីកកកាយ យកចេញពីក្នុងដី ប្រកបដោយក្តីព្យាយាមយ៉ាងមាំ ប្រាសចាក​ក្តីរាយមាយ ទើបអាចរកកំណប់នោះឃើញ បើពុំនោះទេ កំណប់នោះនឹងនៅក្នុងដីជារៀងរហូត ។ ហេតុ​នេះ បុគ្គលណា​មិនធ្វើការ ឬ ធ្វើមិនមានក្តីព្យាយាមអោយបានពេញលេញទេ បើទោះបីខ្លួន​គេ​ជាមនុស្សមានភ័ព្វក្តី ក៏គេក្លាយទៅ​ជាមនុស្សឥតភ័ព្វទៅវិញ ។ ផ្ទុយទៅវិញបុគ្គលណា ពុំមានព្រេងសំណាងក្តី បើគេខិតខំធ្វើការ​មិនខ្ជឹល​ច្រអូស យកចិត្តទុកដាក់ពិនិត្យ ពិចារណារកវិធី រហូតឃើញឧបាយដ៏ត្រូវនោះ គេក៏អាចរកទ្រព្យបានដែរ ដូចពុទ្ធភាសិត​ថា បុគ្គលឆ្លងអន្លង់ទុក្ខ (និងឧបសគ្គគ្រប់ប្រការ ដោយរួមទាំង ភាពលង់ខ្លៅ ភាពក្រខ្សត់ ៘ ) បានដោយក្តីព្យាយាម ។ កាលណាមានភាពខ្ជឹលច្រអូសហើយ ប្រយោជន៍ទាំងឡាយ មានការស្វែងរកទ្រព្យសម្បត្តិក្តី កិត្តិយសក្តី ស្វែងរក​ចំណេះវិជ្ជាក្តី ទោះជាជននោះអធិដ្ឋានចំពោះព្រះ ឬអាទិទេពណាក៏គេ​មិនបាន​សម្រេចអ្វីឡើយ ។ បើពោលដល់ការ​ស្វែងរកធម៌ជាន់ខ្ពស់ ដើម្បីសម្រេចមគ្គផល និព្វាន ទៀត​នោះរឹត​តែ​មិនបានសម្រេចសោះតែម្តង ត្បិតធម៌ទាំងនោះត្រូវ​ការ​នូវក្តីព្យយាមយ៉ាងខ្លាំង ទាំងការ​ហាត់ពត់ ផ្លូវកាយ និង ផ្លូវចិត្តអោយដល់ថ្នាក់ឯក ។ ខឹងសំដែងអោយគេឃើញបាន គឺបញ្ចេញ​អាកប្បកិរិយា​អោយអ្នកដទៃដឹង ឬ មើលយល់បានថាយើងខឹង ឬ ត្រូវបានកំហឹងគ្របដណ្តប់ហើយ ។ បុថុជ្ជន គឺជនដែលនៅក្រាសដោយកិលេស រមែងមានការញាប់ញ័រ គឺសប្បាយ រីករាយ រំភើប ពោលគឺសោមនស្ស និង ទោមនស្សចំពោះលោកធម៌៨យ៉ាងគឺមាន៖លាភសក្ការៈ១, ការបាត់ បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភ សក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១ ។ មួយសោតក្នុងជីវិ​ប្រចាំថៃ្ង មនុស្សគ្រប់រូបតែប៉ះទង្គិចនឹងរឿងមិនជាទីពេញចិត្តក៏ច្រើន ដូចជារងនូវការតិះដៀល ឬ និយាយបង្កាច់បង្ខូច ឬ ត្រូវគេបៀតបៀនជាដើម ។ ជាទូទៅបុគ្គលដែល មានការអប់រំចិត្ត​តិច​តួច ឬ ជាអ្នកមិនមានការគ្រប់គ្រង់អារម្មណ៍ អោយបាន​ល្អនោះ​រមែង​ប្រតិកម្ម​តាមសភាវគតិ នៃកំហឹង (កំហឹង​ទល់កំហល់) ប្រការនេះធ្វើអោយអ្នកដទៃ ជាពិសេសគូសត្រូវ​ងាយនឹងមើល​ចំណុច​ខ្សោយ​របស់​យើង ហើយងាយ​នឹង​រុញច្រាន ឬអូសទាញយើងអោយធ្លាក់ទៅក្នុងរណ្តៅអន្តរាយផ្សេងៗ ។ ចំពោះអ្នកដទៃ នឹងមើលមកយើងថា ជាប្រភេទមនុស្សពុំមានក្តីអត់ធ្មត់ ជាមនុស្សចិត្តស្រាល ។ ជនជាសប្បុរស និង បណ្ឌិតទាំងឡាយ លោករមែងមិន​សេពគប់នឹងបុគ្គលគ្មានខន្តីខ្ជាប់ខ្ជួនឡើយ ដែលការណ៍នេះធ្វើអោយយើងក្រៅពីងាយត្រូវសត្រូវធ្វើបាបទៅ នៅបាត់​បង់​ឱកាស​នៃការអនុគ្រោះ ពីលោកអ្នកសប្បុរស និង បណ្ឌិតទាំងឡាយ បាត់បង់ឱកាស​ទទួលបាន​ប្រយោជន៍​ពីពួក​លោកទាំងនោះ បែរជាបានតែឱកាសវាយប្រហារយ៉ាងផុយស្រួយពីអមិត្តទៅវិញ ។ បុគ្គល​ប្រភេទនេះ ជាដំបូងគឺវិនាស​ក្តីអត់ធ្មត់ បន្ទាប់មកបាត់បង់គ្រឿងលំអ គឺភាពថ្លៃថ្នូរ ធ្វើអោយអ្នកដទៃ ក្រែងរអា​ និង ងាយត្រូវគេបញ្ឆោះ ។ ទោះខឹងប៉ុណ្ណា ធ្ងន់ធ្ងរប៉ុណ្ណាក្តី ជនជាបណ្ឌិត តែងតែប្រព្រឹត្ត​ខ្លួនប្រតិកម្មចំពោះបញ្ហាទាំងឡាយ ក្នុងសភាពស្ងប់សា្ងត់ ទន់ភ្លន់​ ប៉ុន្តែមានសភាពស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និង មានទំងន់ដូចថ្មភ្នំដែលមិនកក្រើកដោយកំលាំងព្យុះ ហើយក៏មិន​ញាប់ញ័រដោយអគ្គិភ័យ ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជឹលច្រអូស១, អ្នកណាពេលខឹង​សំដែង​អោយ​គេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។
៤- បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតាដោយស​មគួរ​សត្វ​សេក​​ស៊ីផ្លែ​​ជ្រៃហើយ ហោះហើរទៅបាត់ដោយមិនបានអរគុណ ដឹងគុណ ឬ មិនទាំងងាកក្រោយមើលដើមជ្រៃផង ក៏មិនទទួល​បាន​ការតិះ​ដៀលអ្វីដែរ ព្រោះសត្វ​គ្មានវិចារណ​ញ្ញាណ មិនចេះគិតគុណទោសអ្វីឡើយ ។ ប៉ុន្តែ សម្រាប់មនុស្ស​ដែលមាន​ទ្រព្យ​សម្បត្តិហើយ សូម្បី​តែ​ឪពុក ម្តាយរបស់ខ្លួន ជាអ្នកមានគុណ ក៏គេមិនទាំងអើពើ ហើយក៏អាចមើល​រំលងទៅកើតនោះ តើសង្ឃឹមថានឹងមានគុណធម៌ ឬ សេចក្តីល្អ កើតចេញពីបុគ្គលប្រភេទនេះយ៉ាងម្ត៉េចនឹងបានទៅ ។តាមពិត,កូនត្រូវធ្វើចំពោះឪពុកម្តាយដោយប្រការ៥យ៉ាងគឺ ត្រូវចិញ្ចឹម មាតា បិតា​១,​ធ្វើ​ការ​ងារ​ជំនួសគាត់១,រក្សាវង្ស​ត្រកូល​ឱ្យគង់វង្ស និងខ្ពង់ខ្ពស់​១(ដោយការមិនប្រព្រឹត្តិអោយថោក​ទាប​ដល់វង្ស​ត្រកូល និង លើកតំកើងត្រកូល) , ធ្វើខ្លួនឱ្យ​សមរម្យជាអ្នក ទទួលមរតកពីគាត់១, និង ធ្វើបុណ្យ​ជូន​គាត់​ពេលពួកគាត់លាចាកលោកនេះ១ ។ ពេលមាតា​បិតា លាចាកលោកទៅហើយ មិនអើ​ពើ​ជា​រឿង​មួយ ប៉ុន្តែ ពេលពួកគាត់នៅរស់ហើយខ្លួនមិនអើពើនោះ តើអោយសប្បុរស និង បណ្ឌិត​ទាំងឡាយ​ផ្តល់ទំនុកចិត្ត អោយតម្លៃបុគ្គលនោះយ៉ាងណាទៅ ? សូម្បីតែមនុស្សធម្មតា ក៏រមែង​តិះដៀល​បុគ្គល​ដែលមានធនធាន ហើយមិនបានផ្គត់ផ្គង់ឪពុក ម្តាយ បណ្តោយ​អោយពួកគាត់រងទុក្ខ វេទនា ដោយក្តីស្រេក ឃ្លាន និង រងាជាដើមនោះដែរ ។ បុគ្គ​លនេះ​វិនាសជាដំបូងគឺ គុណតម្លៃ បន្ទាប់មកនឹងបាត់បង់ទំនុកចិត្តពីកល្យាណជន ។ គេច្រើនឃើញថា លុះបុគ្គល​ប្រភេទនេះមានកូនទៅ ក៏កូននោះពុំសូវប្រកបដោយធម៌ឡើយ ព្រោះកូននោះ​ដើរតាម​គន្លងឪពុកម្តាយ ប៉ុន្តែបើបែរជាមានសំណាងមានកូនចេះដឹងខុសត្រុវវិញ រមែងឃើញឪពុកម្តាយខ្លួនថាជាបុគ្គលអធម៌ ក៏រមែងលួចតិះដៀលក្នុងចិត្ត ដែលប្រការនេះ ធ្វើអោយកូនល្អនោះមានទោសដែរ ។ ហេតុនេះ បុគ្គលអ្នកមាន​ទ្រព្យ​ធនធានច្រើន ប៉ុន្តែ​មិន​បានចិញ្ចឹមមាតាបិតា ដោយសមគួរ ជាប្រមុខនៃក្តីវិនាសទី ៤ ។
៥- បុគ្គលអ្នកភូតកុហក បោកបញ្ឆោតពួកសមណៈ ព្រាហ្មណ៍ ស្មូម ឬ អ្នកដទៃសមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូច​ជាពួក​ស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះ រស់នៅដោសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោល​ឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះ​ពួកស្មូមទាំងឡាយ..... សូមលោកម្ចាស់និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើ សេចក្តីអនុគ្រោះ​ដល់​សត្វលោក​ដែល​មានសេចក្តីជ្រះថ្លាផង និង ដើម្បីលោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ មានអាហារ​ជាដើ​មផង....។ លុះពេល​លោកនិមន្តទៅ ទើបឃើញថា ជាការកុហកជាក់ស្បាន់ ធ្វើអោយលោកខាត​ពេល​ជាច្រើន....។ មិនទាន់គិត​ដល់បាបកម្មជាតិខាងមុខទេ យើងគិតត្រឹមតែ​បច្ចុប្បន្ន​ជាតិនេះ ក៏ឃើញថាទារុណ ណាស់ទៅហើយ ។ អ្នកដទៃ​នឹង​មើល​ទៅបុគ្គលនោះថា ជា​មនុស្ស​គ្មា​នគុណធម៌ គ្មានគារវធម៌គឺការគោរពបន្តិចបន្តួច ក្នុងខ្លួនទាល់តែសោះ ជាមនុស្ស​​មិនអាចទុកចិត្តបាន ត្បិតសូម្បីតែពួកបព្វជិតជាអ្នករក្សាសីល ពួកស្មូមជាអ្នកខ្សត់ខ្សោយ​ដល់​ម្ល៉ឹង​ហើយ ក៏គេមិនយល់​មុខផង ចុះទម្រាំបើមនុស្សធម្មតា តើនឹងទទួលបានភាពសុចរិតពី​មនុស្សនេះ​ដោយប្រការណាទៅ ?
ការកុហកដោយបំណងធ្វើបាប ធ្វើអោយគេខូចប្រយោជន៍ ខូចកិត្តិយស បែកបាក់សាមគ្គី ពោលគឺកុហក ក្នុង​បំណងទុច្ចរិតក្តី ក្នុងបំណងលេងសើចក្តី រមែងអោយអ្នក ដទៃស្អប់ខ្ពើម ក្តៅក្រហាយ ហើយនឹងអាចញ៉ាំងអន្តរាយ មក​វិញ​ជាការផ្ចាញ់ផ្ចាលក៏សឹងមាន ។ ម្យ៉ាងទៀត អ្នកពោលពាក្យកហុក នឹងធ្វើអោយអ្នកដទៃបាត់បង់ទំនុក ចិត្ត អស់​ភាពជឿជាក់ ។ មនុស្សគេតែងយកសំដី គឺការគោរពពាក្យសំដី បើពាក្យសំដីយកជាការលែងបានទៅហើយ តើរំពឹង​លើអ្វី ? ហេតុនេះ ការកុហកជាប្រមុខនៃក្តីវិនាសទី៥ ។
៦- អ្នកមានធនធាន និង អាហារឆា្ងញ់ពិសារ លាក់ទុកតែម្នាក់ឯងមនុស្សក្នុងលោក​រមែងមាន​ការពឹងអាស្រ័យ​គ្នាទៅវិញទៅមកដោយប្រការ ណាមួយ ។ បុគ្គលណារត់ទៅរកគេ ពោលពាក្យផ្អែម​ពីរោះ ​តែពេល​ត្រូវការគេ ឬ ពេល​មាន​​ទុក្ខ លុះពេលគេត្រូវការវិញ ក៏គេចមុខបាត់ ដោយសំអាង​លេស​ថា មានធុរៈនេះ ធុរៈនោះ ឬ មិនអើពើ មិនខ្នះ​ខ្នែងជួយគេវិញ ដោយប្រការមួយ ។ ពេលខ្លួន​អត់ឃ្លាន រត់រកគេ លុះពេលបានសុខ ឬ ពេលមានរបស់ប្រណីត មានអាហារ​ឆាញ់ពិសារ ក៏សំងំ​លាក់​ខ្លួនពួនសោយសុខតែម្នាក់ឯង (បុគ្គលខ្លះពេលសោយសុខរួចហើយ ក៏ទើបទៅ​អួត​អាងប្រាប់គេទៀត ) មិនចែករំលែកអ្នកដទៃដោយប្រការមួយ ។ លុះពេលត្រូវការ​ពឹងអាស្រ័យ​គេ​នៅ​គ្រា​​ក្រោយ​ទៀតនោះ តើបុគ្គលណាទៅហ្ន ដែលមានចិត្តនៅជួយ​បុគ្គលប្រភេទ​នេះទៀត​នោះ ! ហេតុ​នេះ​បុគ្គល​អ្នកមានធនធាន និង អាហារឆា្ងញ់ពិសារហើយ​ក្រសោបទុក​តែម្​នាក់ឯង ជាប្រ​មុខ​នៃ​ក្តីវិនាសទី៦ ។

0 ការពិគ្រោះ:

Post a Comment

Booking.com