Social Icons

ការគប់មិត្ត (ត)

កថាទី២
រឿងប្រើស ចចក និងក្អែក
ក្នុងប្រទេសមគធៈ មានព្រៃធំមួយឈ្មោះចម្បាកវតី ជាទីអាស្រ័យនៅ ប្រើសនិងក្អែក សត្វទាំងពីរនេះចងគ្នាជាមិត្ដសិទ្ធស្នេហាស្រលាញ់គ្នាយូរយាណាស់មកហើយ។ ប្រើសតែងត្រេកត្រអាលចរទៅស្វែងរកស្មៅជាចំណីអាហារតាមទំនើងចិត្ដតាមធម្មតា ជាវិស័យសត្វអិតមានខ្លាចក្រែងរអែងរអាអ្វីឡើយ រហូតមានកាយធាត់មាំមួនឡើងត្រលុចៗ។ សម័យមួយមិនដឹងជាទេសកាល អ្វីបណ្ដាលអោយធ្លោយគំនិតភ្លាត់ខ្លួនអោយចចកឃើញ។ អែចចកលុះឃើញប្រើសហើយ ក៏ត្រេកអរកខិបកខុប នឹកត្រិះរិះរកអុបាយថា៖ «ធ្វើដូចម្ដេចអេះ អាត្មាអញនឹងបានស៊ីសាច់ប្រើសមុខគួរអោយឆ្ងាញ់នេះហ្ន៎? គង់បានកណ្ដាប់ដៃអញទេ អាត្មាអញនឹងបញ្ជោរបោកវ៉ៃអែបអោយស្និទ្ធទាល់តែស្លាប់ចិត្ដជាមុនសិន» ចចកគិតអុបាយឃើញហើយក៏ចូលទៅសុំជួបនិងប្រើស ស្រែកសួរពីចំងាយថា៖ «អើសំលាញ់អើយ! អ្នកបានប្រកបដោយសេចក្ដីសុខសប្បាយរឺទេ។ ប្រើសបានលឺហើយដណ្ដឹងសួរថា៖ «បងឈ្មោះអ្វីចចកឆ្លើយប្រាប់ថា៖ ឈ្មោះក្សុទ្រពុទ្ធ អាស្រ័យនៅព្រៃនេះអិតមានញាតិសាច់សន្ដានពឹងពាក់ទេ នៅត្រមង់ត្រមោចអែកការអនាថាតែម្នាក់អែង ដូចជាមនុស្សស្លាប់ទៅហើយ ពេលនេះមានភ័ព្វសំណាងបានសាងមកជួបនឹងបង នាំអោយកើតសេចក្ដីស្រលាញ់ពេញចិត្ដ ហាក់ដូចជាបានចាប់កំណើតកើតក្នុងលោកនេះជាថ្មីម្ដងទៀត ហើយបានជួបជុំញាតិសន្ដានព្រៀងលានវិញ តទៅរូបខ្ញុំសូមធ្វើជាមិត្រស្និទ្ធស្នាលជាមួយនឹងបង គ្រាន់បានជាទីពឹងពាក់ បណ្ដើរគ្នាទៅមករកស៊ីតាំងពីពេលនេះតទៅ ប្រើសស្លុងចិត្ដជឿ ហើយឆ្លើយថា៖ «មិនអីទេតាមចិត្ដបងស្ម័គ្រចុះ»។ក្សិណនោះព្រះទិនករដ៏ជាទីគោរព មានរស្មីរុងរឿងភ្លឺត្រចះពណ្ណរាយ ទ្រង់បររថប្រទក្សិណភ្នំព្រះសុមេរុ រសៀលជ្រៀងជ្រេរទេរទន់ទាបរៀបនឹងអស្ដង្គតរលត់ចូលទៅកាន់សន្ធិយារាត្រី នៅនាភ្នំខាងបស្ចឹមទិស សត្វទាំងពីរក៏លីលាបណ្ដើរគ្នាត្រសងចូលទៅកាន់ទីលំនៅនៃប្រើស។ កាលនោះក្អែកឈ្មោះសុពុទ្ធិ ដែលជាមិត្រស្និទ្ធស្នេហានឹងសត្វប្រើសមកអស់កាលយូរអង្វែងហើយ កំពុងទុំអាស្រ័យនៅលើមែកចំបក់នោះ លុះឃើញសត្វទាំងពីរបណ្ដើរគ្នាមកដល់ក៏សួរទៅថា! «ហៃសំលាញ់ចិត្រាង្គៈ! អ្នកទីពីរនោះហ្ន៎! ត្រូវជាអ្វីនឹងបងអែង»។ ប្រើសឆ្លើយប្រាប់ថា៖ «ជាសត្វចចកចូលមកសូមចងស្ពានមេត្រីរាប់អានយើង»។ ក្អែកពោលឡើងថា នែសំលាញ់ការទុកចិត្ដចងមេត្រីរាប់អានជាមួយអាគន្ដុកៈមិនស្គាល់មុខដូច្នេះមិនល្អទេ ព្រោះថា៖
៥៦ - អ្នកណានិមួយ មិនគួរគប្បីអោយទីអាស្រ័យនៅរួមគ្នាដល់មនុស្សមិនស្គាល់មុខ មានត្រកូលផ្សេងគ្នាឡើយដូចត្មាតឈ្មោះជរទ្ដវៈត្រូវគេសំលាប់បង់ ព្រោះទោសមកពីឆ្មា។ ប្រើសនិងចចកសួរឡើងថា៖ «រឿងនោះតើដូចម្ដេច? ក្អែកថ្លាថ្លែងរឿងនោះថា៖----
(តទៅកថាទី ៣)

0 ការពិគ្រោះ:

Post a Comment

Booking.com