កថាទី៣
រឿងត្មាត ឆ្មា និង បក្សី
នៅក្បែរត្រើយទន្លេគង្គា លើភ្នំគិជ្ឈកូដមានជ្រៃមួយដើមធំត្រសុំសាខា ដ៏ហើយដោយព្រង់ជាទីអាស្រ័យនៅនៃបក្សី និងត្មាតឈ្មោះជរទ្គវៈ។ ដោយកម្មអាក្រក់តាមអោយផលត្មាតនោះ ក៏ទៅជាខ្វាក់ងងឹតងងល់ក្រចករេចរឹលក្សិលអស់រលីង។ ហ្វូងបក្សីជាតិទាំងឡាយដែលអាស្រ័យនៅនាដើមជ្រៃនោះ មានចិត្ដអាណិតអាសូរតែងរំលែកចែកអាហារខ្លួនបន្ដិចៗម្នាក់អោយដល់ត្មាតនោះ ជួយចិញ្ចឹមអោយមានជីវិតរស់នៅតទៅ។ គ្រានោះ មានឆ្មាមួយឈ្មោះទីឃ៌កណៈ ចូលមករកចាប់កូនបក្សីស៊ីជាចំណីអាហារនៅក្នុងព្រង់ឈើនោះ។ កូនបក្សី ទាំងឡាយ កាលឃើញឆ្មាកំពុងដើរចូលមក ក៏ភិតភ័យរន្ធត់រត់ឆ្លេឆ្លាកោលាហលពេញទាំងព្រង់។ ត្មាតឈ្មោះជរទ្គវៈ បានលឺសូរសម្លេងអឹងកងខ្ញៀវខ្ញាដូច្នោះ ក៏ស្រែកសួរទៅថា៖ «អាណាមកធ្វើអ្វីអោយច្រួលច្របល់រចល់ដូច្នេះ?។ ឆ្មាសម្លឹង មើលទៅឃើញត្មាត ក៏តក់ស្លុតញាប់ញ័រត្រិះរិះគិតថា៖ អោអាត្មាអញដល់គ្រោះស្លាប់ហើយតើ ព្រោះថា៖
៥៧ - ដរាបណាក្ដីភយន្ដរាយមិនទាន់មកដល់ទេ ដរាបនោះបុគ្គលគប្បីប្រុងប្រយ័ត្នដល់ភ័យនោះ បើក្ដីភយន្ដរាយមកដល់ហើយ បុគ្គលគប្បីក្លាហាន តស៊ូនឹងភ័យនោះ តាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយ។អិលូវនេះអាត្មាអញចូលមកខកខ្លួនដល់ជិតក្ដីស្លាប់ហើយ នឹងដកខ្លួនថយរត់ទៅក្រោយវិញក៏មិនបាន ណ្ហើយចុះបើមានការណ៍យ៉ាងណាកើតឡើង ក៏តាមការណ៍ចុះ អាត្មាអញនឹងចូលទៅអោយដល់ត្មាត វ៉ៃអែបអោយសិទ្ធជាមុនសិន។ ឆ្មាគិតរកអុបាយឃើញដូច្នេះហើយ ក៏លោតចូលទៅជិតត្មាត ពោលពាក្យ សំពះជំរាបសួរលោក។ ត្មាតសួរថា៖ អែងជាអ្វី? ឆ្មាឆ្លើយតបទៅវិញថា៖ «ខ្ញុំជាសត្វឆ្មា»។ ត្មាតនិយាយកំហែងថា៖ នែអាសត្វចង្រៃ! ចូរថយចេញអោយឆ្ងាយទៅ បើមិនថយចេញទេ អាអែងត្រូវគ្រោះស្លាប់អិលូវមិនខាន។ ឆ្មានិយាយអង្វរករថា៖ «សូមលោកស្ដាប់ពាក្យខ្ញុំបាទសិន កាលបើលោកស្ដាប់ពាក្យខ្ញុំបាទហើយ ឃើញថាគួរសំលាប់កាលណា ខ្ញុំបាទក៏សុខចិត្ដទទួលស្លាប់អិតប្រកែកកាលនោះ ព្រោះថា៖
៥៨ - ហេតុអ្វីក៏ស្រាប់តែត្រូវគេកាប់សំលាប់ រឺត្រូវគេបូជាដល់អ្នកណានិមួយ តាមតែជាជាតិអ្វីក៏ដោយតែម្ដង គួរតែពិចារណាអោយជុំវិញខ្លួនមើលអោយឃើញច្បាស់សេចក្ដីប្រព្រឹត្ដរបស់គេសិន សឹមយល់ជាគួរសំលាប់រឺពុំនោះគួរបូជា។ ត្មាតស្ដាប់ហើយនិយាយថា៖ «មើល៍! និយាយមកមើលអាអែងចូល មកនេះត្រូវការរកអ្វី?»។ ឆ្មាឆ្លើយប្រាប់ថា «ខ្ញុំបាទនៅក្បែរត្រើយទន្លេគង្គារនេះអែង ប្រព្រឹត្ដមុជទឹកលាងបាបជានិច្ច ប្រព្រឹត្ដព្រហ្មចរិយធម៌ជាប្រក្រតី មិនហ៊ានស៊ីសាច់ឈាមទេ សមាទានតែចន្រ្ទាយណព្រត (១) ខ្ញុំបាទបានលឺហ្វូងបក្សីជាតិ សរសើរកិត្ដិគុណលោកចំពោះមុខខ្ញុំបាទជារឿយៗថា លោកជាអ្នកចេះដឹងច្រើន ចិត្ដធន់ក្នុងធម៌ ល្មមទុកចិត្ដសិទ្ទស្នែហា យកជាវិស្សាសភូមិ ហេតុនេះបានជាខ្ញុំមានចិត្ដត្រេកអរចង់ចូលមកត្រងត្រាប់ស្ដាប់ធម៌រៀនវិជ្ជា ច្បាប់គតិលោកគតិធម៌ អំពីសំណាក់លោកដែលជាបុគ្គលចាស់ព្រឹទ្ធាចារ្យ មានការចេះដឹងស្ទាត់ជំនាញប្រសប់ប៉ិនប៉ាវក្នុងវិជ្ជាផ្សេងៗ ហេតុអ្វីក៏លោកដែលជាអ្នកចេះធម៌អាថិជ្រាលជ្រៅប្រាកដយ៉ាងនេះ បែរទៅ ជារករឿងកាប់សំលាប់ខ្ញុំបាទដែលជាភ្ញៀវទៅវិញ ព្រោះធម៌ជានាទីអ្នកគ្រប់គ្រងផ្ទះនេះលោកពោលថាដូច្នេះ៖១ = ការប្រតិបត្ដិវត្ដតាមដំណើរព្រះចន្រ្ទតាមទំនៀមប្រទេសអិណ្ឌា។ព្រតនេះមានច្រើនបែប ព្រតដែលគេប្រតិបត្ដិ ដោយច្រើននោះគឺការប្រព្រឹត្ដបរិភោគបាយ ១៥ពំនូតនៅថ្ងៃ១៥កើត ហើយបន្ថយ១ថ្ងៃ១ពំនូតទៅខាងរនោចគឺថ្ងៃទី២បរិភោគ១៤ពំនូត ថ្ងៃទី៣ បរិភោគ ១៣ពំនួត ធ្វើដូច្នេះរៀងរាល់ថ្ងៃដល់ទី១៥ គេអត់អាហារ។ ដល់ខាងខ្នើតថ្ងៃ ១កើត គេបរិភោគកើន១ពំនូតវិញ គឺថ្ងៃទី១បរិភោគ១ពំនូត ថ្ងៃទី២បរិភោគ២ពំនូត ធ្វើដូច្នេះរៀងទៅដល់ថ្ងៃ១៥កើតគេបរិភោគ១៥ពំនូត។
៥៩ - បុគ្គលគប្បីធ្វើបដិសណ្ឋារៈ ទទួលភ្ញៀវដែលមកដល់ផ្ទះហើយ ទោះបីភ្ញៀវជាសត្រូវក៏ដោយ ដូចព្រឹក្សាជាតិតែងអោយម្លប់ជាទីសំចតមិនរើសមុខ សូម្បីនាក់កាប់ឈើក៏ដោយ។បើទុកជាខ្សត់ខ្សោយទ្រព្យ មិនមានចំណីអាហារទទួលភ្ញៀវដែលមកដល់ដោយហោចទៅ ក៏គួររាប់អានរាក់ទាក់ទទួលភ្ញៀវ ដោយសំដីដ៏ពិរោះជាទីត្រេកអរដែរ ព្រោះថា៖
៦០ - ស្មៅ រឺចំបើងសំរាប់អុជបំភ្លឺ ភូមិទីលំនៅ ទឹក និង សំដីពិរោះផ្អែម ធម៌៤ប្រការនេះ ក្នុងកាលណាក៏ដោយមិនដែលខ្វះខាតរលីបរលាប ក្នុងផ្ទះលោកអ្នកសប្បុរសទាំងឡាយទេ។
៦១ - លោកសប្បុរសទាំងឡាយតែងសំដែងមេត្តាករុណាចំពោះសត្វ ទាំងឡាយមិនរើសមុខ សូម្បីបុគ្គលថោកទាបក៏ដោយ ដូចជាព្រះចន្ទនឹងថាកំណាញ់ពន្លឺមិនអោយដល់លំនៅជនចណ្ឌាល ក៏អិតអង្គឺមានឡើយ។ (ហិតោបទេសបារាំងរបស់លោកឡង់សឺរូ និងសៀមរបស់លោកនាគប្រទីប មានគាថាលើសដូច្នេះគឺ ទោះពីក្មេងកំលោះក្រមុំ រឺចាស់ព្រឹទ្ធាចារ្យ ដែលមកដល់ផ្ទះហើយ បុគ្គលត្រូវតែជ្រះថ្លាទទួលរាក់ទាក់ដោយការរាប់អានយ៉ាងខ្ពង់ខ្ពស់ ព្រោះក្នុងលោកនេះ គេទុកភ្ញៀវជាបុគ្គលខ្ពង់ខ្ពស់ជាងជនទាំងពួង)។
៦២ - ភ្ញៀវវិលត្រលប់ចេញពីផ្ទះអ្នកណា ដោយក្ដីក្ដៅក្រហាយចិត្ដ ភ្ញៀវនោះឈ្មោះថាប្រគល់អោយនូវបាប អពមង្គលដល់អ្នកម្ចាស់ផ្ទះនោះ ហើយកាន់យកសេរីសួស្ដីត្រលប់ទៅវិញ។
៦៣ - បុគ្គលមានគោត្រកូលអុត្ដមខ្ពង់ខ្ពស់ បើមានភ្ញៀវត្រកូលថោកទាបមកដល់ផ្ទះហើយ ក៏គួរតែគោរពបូជាតាមគួរដែលអាចទទួលបាន ព្រោះភ្ញៀវទាំងអស់សុទ្ធតែទេវតា។ត្មាតនិយាយកាត់ថា «អោយឈ្មោះតែឆ្មាហើយ សុទ្ធតែជាសត្វចូលចិត្ដ ស៊ីសាច់ជាអាហារទាំងអស់ នៅក្នុងព្រង់ដើមឈើនេះ មានសុទ្ធតែកូនបក្សីអាស្រ័យនៅ ហេតុនេះកូវ បានជាអញនិយាយហាមឃាត់យ៉ាងនេះ»។ ឆ្មាស្ដាប់ពាក្យត្មាតហើយ ក៏ស្រពោនអោនដាក់មុខ យកជើងមុខស្ទាបត្រចៀកទាំងសងខាង ក្រាបសំពះនិយាយបញ្ជាក់ថា! ខ្ញុំបាទបានសិក្សាគម្ពីរធម្មសាស្រ្ដចប់អស់ហើយ បានប្រព្រឹត្ដធម៌ លះបង់រាគៈ មោហៈ សមាទានចន្រ្ទាយណព្រត ជាទុក្ករកម្មដ៏ក្រៃលែង សូម្បីគម្ពីរធម្មសាស្រ្ដទាំងឡាយ ដែលមានសេចក្ដីខ្លះប្លែក គេតែងជជែកវែកញែកគ្នាទៅវិញទៅមក ក៏គង់រួមគោលសេចក្ដីធំដើមមកនៅត្រឹមមួយម៉ាត់គឺ «អហឹង្សាការមិនបៀតបៀន» ថាជាធម៌ដ៏ប្រសើរក្រៃលែង ព្រោះថា៖
៦៤ - នរជនណាមិនបៀតបៀនសព្វសត្វទាំងឡាយអោយក្ដៅក្រហាយមាន ព្យាយាមអត់ធន់ចំពោះការងារ ទាំងពួងនិង ជាទីពឹងពុំនាក់អាស្រ័យនៃសព្វសត្វ នរជននោះឈ្មោះថា កសាងស្ពានទៅកាន់ស្ថានសួគ៌។
៦៥ - មានតែធម៌ទេ លោកហៅថា «មិត្រធម៌» ដែលជាប់ដិតតាមជាមួយខ្លូនទៅក្នុងពេលស្លាប់ អែអវយវដ៏ទៃទៀតសុទ្ធតែដល់នូវក្ដីវិនាសអន្ដរាយ ជាមួយនឹងសរីរាងកាយទាំងអស់។
៦៧ - កាលបើអ្នកនឹងស៊ីសាច់គេ គួរពិចារណាមើល អ្នកស៊ីសាច់គេ និង សាច់គេដែលអ្នកត្រូវស៊ី អោយឃើញប្លែកគ្នាទាំងសងខាងសិនថា អ្នកម្ខាងបានឆ្អែត មានបីតិរីករាយតែក្នុងមួយខណៈប៉ុណ្ណោះ អែអ្នកម្ខាងទៀតនោះត្រូវបាត់បង់ជីវិត។
៦៨ - នរជនតែងមានសេចក្ដីទុក្ខព្រួយ ដោយគិតឃើញថា «ខ្លួនត្រូវគេសំលាប់» កាលបើគិតឃើញដូច្នេះគ្រប់គ្នាហើយ និយាយថ្វីដល់ទៅមិត្រ សូម្បីសត្រូវក៏អាចជួយការពារជីវិតបាន។
៦៩ - បុគ្គលគប្បីបំពេញផ្ទៃខ្លួនអែង ដោយបន្លែជារុក្ខាលតាជាតិ ដែលដុះក្នុងព្រៃតាមទំនើងវាបាន ហេតុអ្វីក៏ចាំបាច់កាប់សំលាប់គេ ដ៏អាក្រក់ក្រៃលែងដើម្បីបំពេញផ្ទៃខ្លួនគ្រាន់តែស្រេកឃ្លានប៉ុណ្ណោះ?។កាលឆ្មា វិឡារជាតិ និយាយបន្ទន់ចិត្ដត្មាតអោយជឿទុកចិត្ដហើយ ក៏សរសៀចូលទៅក្នុងព្រង់ជ្រៃនោះបាន។ លំដាប់មកឆ្មាចាប់កូនបក្សីក្នុងព្រង់យកមកហែកជញ្ជែងស៊ីជាចំណីអាហាររាល់ៗថ្ងៃ អែមេបក្សីទាំងឡាយលុះឆ្មាស៊ីកូន អស់ហើយ ក៏សោកសង្រេងសង្រៃយំខ្ញៀវខ្ញា រត់ឆ្លេឆ្លាទៅខាងនេះខាងនោះ ប្រជុំគ្នាសើបសួររកដំណើរដើមទងនៃការបាត់កូន។ អែឆ្មាលុះបានដឹងរឿងនោះហើយ ក៏បោលចេញពីព្រង់រត់ទៅខាងក្រៅបាត់ភ្លាម។ ក្រោយដែលឆ្មារត់បាត់ទៅ បក្សីទាំងឡាយបបួលគ្នាគយគន់មើលខាងនេះខាងនោះ ប្រទះឃើញតែឆ្អឹងកូន នៅក្នុងព្រង់ដើមជ្រៃនោះក៏ចោទប្រកាន់ត្មាតចាស់នោះថា៖ «ត្មាតខ្វាក់កញ្ចាស់ នេះអែងដែលស៊ីកូនរបស់យើង» ទើបបក្សីទាំងអស់នោះមូលមតិគ្នាសំលាប់ ត្មាតចាស់ចោលបង់សៀតអៃដ៏កាលនោះទៅ។ ហេតុនោះបានជាខ្ញុំ(ក្អែកឈ្មោះ សុពុទ្ធិ) ពោលថា៖«អ្នកណានិមួយមិនគួរគប្បីអោយទីអាស្រ័យនៅរួមគ្នាដូច្នេះជាដើម(៥៦)។ កាលនោះ ចចកបានស្ដាប់ក្អែកនិយាយមកត្រូវគំនិតខ្លួនហើយក៏ក្រេវក្រោធច្រលោតខឹង និយាយស៊កតបទៅវិញថា៖ «កាលបងអែងនិងប្រើសបានមកជួបប្រទះគ្នាជាបឋមនោះ រូបរាងក៏មិនបានស្គាល់វង្សត្រកូលនិងចិត្ដថ្លើមបងក្អែកដែរ ហេតុអ្វីក៏បងអិតចេះស្នេហាស្រលាញ់គ្នាសិទ្ធស្នាលរហូតមកកើត?។
៧០ - ទីឋានណា មិនមានអ្នកប្រាជ្ញរាជបណ្ឌិត ទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្ដិចបន្ដួចក៏គួរលើកដំកើងសរសើរ ដូចប្រទេសណានិមួយដែលអិតមានព្រឹក្សាជាតិ បើមានតែដើមល្ហុង ក៏លោកសន្មត់ថា ជាដើមឈើបានដែរ។
៧១ - អ្នកនេះជាពួកយើង អ្នកនោះជាពួកគេ នេះជាសំដីអ្នកមានចិត្ដគំនិតស្រាលទេ អែអ្នកដែលមានការសិក្សាច្រើន មានចិត្ដគំនិតល្អតែងនិយាយថា អ្នកនៅលើផែនពសុធាសុទ្ធតែជាផៅពង្សនឹងគ្នាទាំងអស់។ប្រើសនេះជាផៅពង្សរូបខ្ញុំយ៉ាងណា បងអែងក៏យ៉ាងនោះដែរ។ ប្រើសឆ្លើយ «និយាយជជែកតវ៉ាគ្នាតទៅទៀតបានប្រយោជន៍អ្វី។ ចូរយើងទាំង៣នាក់ នៅជាសុខសប្បាយក្នុងទីនេះជាមួយគ្នាជាមិត្រសិ្នទ្ធស្នាលតទៅ ព្រោះថា៖
៧២ នឹងថាអ្នកណាជាមិត្រអ្នកណាក៏ពុំទាន់បាន នឹងថាអ្នកណាជាសត្រូ វនឹងអ្នកណាក៏ពុំទាន់បាន ដោយអំពើដែលគេប្រព្រឹត្ដទើបគេស្គាល់គ្នា «អ្នកនេះជាមិត្រ អ្នកនោះជាសត្រូវ»។ក្អែកនិយាយចាក់បណ្ដោយតាមថា៖ «យ៉ាងនេះក៏បាន»។ លុះព្រឹកព្រាងស្វាងឡើង សត្វទាំងបីបបួលគ្នាទៅស្វែងរកចំណីអាហារតាមទីថានដែលខ្លួនគាប់ចិត្ដ ថ្ងៃមួយចចកនិយាយនឹងប្រើសដោយសំងាត់ថា៖ «សំលាញ់អើយ! នៅក្នុងព្រៃមួយមានស្រែមួយពេញដោយសន្ទូងលាស់ខៀវខ្ចី រូបខ្ញុំនឹងនាំសំលាញ់ភក្ដីទៅបង្ហាញសន្ទូងក្នុងស្រែនោះ»។ លុះចចកបង្ហាញស្រែនោះហើយ ប្រើសទៅរកស៊ីសន្ទូងក្នុងស្រែនោះតែរាល់ថ្ងៃ។ កាលនោះអ្នកស្រែបានឃើញប្រើសចេះតែចូលទៅស៊ីសន្ទូងក្នុងស្រែខ្លួន ក៏គ្នាន់ក្នាញ់មួម៉ៅក្នុងចិត្ដណាស់ ទើបធ្វើអន្ទាក់ដាក់ប្រើសនោះ។ តមកមិនយូរប៉ុន្មានប្រើសមកស៊ីសន្ទូងក្នុងស្រែនោះទៀត ត្រូវអន្ទាក់ជាប់រើខ្លួនមិនរួចទើបត្រិះរិះគិតថា «ក្រៅពីមិត្រនរណាហ្ន៎អាចជួយដោះទុក្ខអាត្មាអញចេញពីអន្ទាក់ព្រាន ដែលទុកដូចជាអន្ទាក់នៃព្រះកាលនេះបាន? កាលប្រើសកំពុងវិតក្កដូច្នេះ ចចកដើរមកដល់ជិត នឹងសប្បាយក្នុងចិត្ដថា៖ «អុបាយកលរបស់អាត្មាអញបានសំរេចផលតាមបំណងហើយតើ! កាលបើអ្នកស្រែពន្លះប្រើសនេះអាត្មាអញត្រូវបានឆ្អឹងដែលជាប់ដោយសាច់និងឈាម ដោយពិតអិតសង្ស័យឡើយ អាត្មាអញនឹងបានភោជនាហារឆ្ងាញ់ពិសាយ៉ាងច្រើនបរិភោគមិនខាន»។ អែប្រើសលុះឃើញចចកមកដល់ហើយក្រោកឈរឡើងសប្បាយចិត្ដអិតអុបមា ស្រែកប្រាប់ថា «អើ សំលាញ់អើយ! ចូរសំលាញ់ អាណិតកាត់អន្ទាក់នេះឆាប់ៗ ដើម្បីអោយខ្ញុំបានរួចខ្លួន ព្រោះថា
៧៣ - គេដឹងចិត្ដមិត្រក្នុងគ្រាក្រ ដឹងចិត្ដហានក្លៀវក្លាក្នុងសង្រ្គាមដឹងចិត្ដស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្ដភរិយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្ដផៅពង្សក្នុងគ្រាវិនាសអន្ដរាយ។
៧៤ - អ្នកណាមិនលះបង់មិត្រក្នុងគ្រាមានទុក្ខ ក្នុងគ្រាអន្ដរាយ ក្នុងគ្រាទុរភិក្ស ក្នុងគ្រារាស្រ្ដចលាចល ក្នុងទ្វាព្រះរាជា និងក្នុងអង្គព្រៃស្មសាន អ្នកនោះលោកហៅថាផៅពង្ស»។ចចកសំលឹងមើលអន្ទាក់ មើលហើយមើលទៀតច្រើនដងឃើញថា អន្ទាក់នេះជាប់មាំមួនណាស់ទើបនិយាយថា៖សំលាញ់អើយ! អន្ទាក់នេះធ្វើពីសរសៃសត្វថ្ងៃនេះជាភដ្ដារកវារ(ថ្ងៃព្រះជាម្ចាស់សួគ៌ គឺថ្ងៃអាទិត្យគេកាន់សីលតមមិនធ្វើបាប មិនពាល់សាច់) ខ្ញុំយកធ្មេញទៅអោយប៉ះពាល់អន្ទាក់សរសៃសត្វដូចម្ដេចកើត? ណ្ហើយសំលាញ់ ខំអត់ទ្រាំបន្ដិចទៅសិនចុះ ថាបើចិត្ដបងមិនមានគិតអ្វីដទៃផ្សេងទេ ចាំព្រឹកព្រាងស្អែកឡើង ពេលនោះបើបងប្រាប់អោយធ្វើយ៉ាងណា ខ្ញុំនឹងធ្វើតាមចិត្ដបងមិនខាន។ ចចកថាដូចច្នោះហើយ ចូលទៅលាក់ខ្លួនពួនអាត្មា សំងំក្នុងព្រៃស៊ុមទ្រុមជិតខាងនោះទៅ។ ថ្លែងពីក្អែក លុះវេលារសៀលជ្រៀងជ្រេរទេរទន់ទាបព្រះទិនករ ក្រឃើញប្រើសវិលត្រលប់មកលំនៅវិញក៏ ហើរឆ្លេឆ្លាតាមរក ខាងនេះខាងនោះ រកទៅៗ បានឃើញប្រើសមានគ្រោះជាប់អន្ទាក់ទើបសូរទៅថា៖ហៃសំលាញ់! ហេតុអ្វីក៏ជាប់អន្ទាក់ឆ្វាក់កដូច្នេះ? ប្រើសបានស្ដាប់ពាក្យក្អែកហើយ ឆ្លើយប្រាប់ថា៖ «អំពើនេះជាផលនៃការមើលងាយពាក្យសំដីមិត្រនេះអែង ព្រោះថា៖
៧៥ - នរជនណា មិនជឿស្ដាប់ភាសិតមិត្រសំលាញ់ដែលប្រាថ្នាធ្វើប្រយោជន៍អោយ ក្ដីភយន្ដរាយស្ថិតនៅជិតអ្នកនោះនរជននោះឈ្មោះថាធ្វើសេចក្ដីត្រេកអរដល់សត្រូវ។ក្អែកសួរប្រើសថា៖ «ចុះអាចចកចង្រៃបោកប្រាស់គេនោះ វាទៅនៅអែណាហើយ?»។ ប្រើសប្រាប់ថា៖ «វាទៅពួនសំងំនៅក្នុងព្រៃស៊ុមទ្រុមនោះអែង ដើម្បីចាំស៊ីសាច់ខ្ញុំ»។ ក្អែកនិយាយសើរើរឿងដើមមកពោលថា៖ «អើ! ដូចខ្ញុំបានដាស់តឿនបងតាំងពីដើមមកហើយ។
៧៦ - បើមានអ្នកណានិមួយនិយាយថា «ខ្ញុំមិនមានចិត្ដអាក្រក់ព្យាបាទគេ ដូច្នេះក៏ដោយ បុគ្គលមិនគួរជឿពាក្យនេះយកជាហេតុមេត្រីសិ្នទ្ធស្នាលឡើយ សេចក្ដីពិត អ្នកដែលមានគុណគឺការចេះដឹងច្រើន ក៏តែងមានភ័យកើត មកពីមនុស្សទុច្ចរិតទាំងឡាយដែរ។
៧៧ - មនុស្សស្លាប់ មិនធំក្លិនផ្សែងចង្កៀងដែលគេលត់ ស្ដាប់មិនលឺពាក្យដាស់តឿនមិត្រសំលាញ់ មើលមិនឃើញផ្កាយអរុន្ធតី(ផ្កាយព្រឹក)។
៧៨ - បុគ្គលគប្បីវៀរមិត្រ ដែលប៉ងបំផ្លាញការងារក្នុងទីកំបាំងមុខហើយនិយាយពាក្យពិរោះផ្អែមល្ហែមក្នុងទីចំពោះមុខ មិត្របែបនេះប្រៀបដូចឆ្នាំង ដ៏ពេញដោយពិសពុល មានមាត់ប្រលាក់ដោយទឹកដោះផ្អែម។ខណៈនោះ ក្អែកតានតឹងចិត្ដស្ទើរប្រេះទ្រូង ដកដង្ហើមវែងឃូរៗនិយាយថា៖ អោអាចង្រៃបោកប្រាស់នេះ!ម្ដេចក៏អាអែងហ៊ានធ្វើកម្មអាក្រក់អ្វីម្លេះ? ព្រោះថា៖
៧៩ - ក្នុងលោកនេះ បើគេនិយាយអោយស្លាប់ចិត្ដ ដោយប្រើពាក្យផ្អែមល្ហែមដូចទឹកឃ្មុំ បើគេធ្វើអោយលុះក្នុងអំណាចដោយអុបាយមិច្ឆាចារ គេមិនបញ្ឆោតបោកបាន? អោ! គួរសង្វេគណាស់។
៨០ - អោព្រះម្ចាស់ដែនពសុធាដ៏មានបុណ្យអើយ! ហេតុអ្វីក៏លោក ព្រមទទួលមនុស្សបោកគេ ដែលគេប្រគល់ជំនឿ គឺជឿទុកចិត្ដអស់ពីពោះពុង និងដែលគេមានចិត្ដបិរសុទ្ធអោយនៅលើផ្ទៃផែនដីនេះដូច្នេះ?
៨១ - បុគ្គលកុំគប្បីចងមិត្រសំលាញ់ រឺចងស្ពានមេត្រីមួយអន្លើដោយ មនុស្សទុរជនអោយសោះ ដូចជាធ្យូងបើនៅក្ដៅវារលាកដៃ បើរលត់ហើយវាប្រលាក់ដៃ។ ពាក្យទាំងនេះ ជាលក្ខណៈនៃមនុស្សទុរជន។
៨២ - នៅមុខនាក់ វាសំពះលុតក្រាបជិតបាទជើង នៅក្រោយអ្នកវាបេះសាច់ឆ្អឹងជំនីរស៊ី វានិយាយសំដីទន់ផ្អែមល្អូកល្អិន មានលែបខាយដ៏វិចិត្រល្ហឹមៗ ជិតត្រចៀកអ្នក បើមានចន្លោះ លូកចូលទៅបេះយកថ្លើមប្រមាត់មួយរំពេចអិតកោតញញើតឡើយ សត្វរុយវាចេះធ្វើត្រាប់លក្ខណៈមនុស្សចិត្ដអាក្រក់ សាមាន្យបានទាំងអស់។
៨៣ - មនុស្សទុរជន និយាយពាក្យពិរោះគួរជាទីពេញចិត្ដ តែមិនត្រូវយកជាហេតុមកធ្វើសេចក្ដីសិ្នទ្ធស្នាល ព្រោះតែសំដីពីរោះនោះទេ ប្រៀបដូចទឹកឃ្មុំជាប់នៅចុងអណ្ដាត ក្នុងចិត្ដពេញដោយពិសពុលដ៏ក្ដៅក្រហាយរោលរាល។លុះព្រឹកព្រាងស្វាងឡើង ក្អែកសុពុទ្ធិនោះ ឃើញអ្នកស្រែកាន់ដំបងងងាសដើរមកដល់ ទើបស្រែកទៅប្រើសថា៖«អើបងប្រើសសំលាញ់! អ្នកស្រែមកដល់ហើយ ចូរបងដេកពុតក្លែងជាស្លាប់ទៅ ធ្វើភ្នែកស្លឹង បំប៉ោងពោះអោយធំ ជើងអោយរឹងស្ដូក ហើយនៅអោយស្ងៀមនឹងថ្កល់។ ដរាបណាខ្ញុំស្រែកប្រាប់អោយសញ្ញា ដរាបនោះចូរបងក្រោកភ្លាមយ៉ាងរហ័ស ហើយស្ទុះរត់បោលអោយអស់ទំហឹង។ អែប្រើសលុះបានស្ដាប់ពាក្យក្អែកហើយ ក៏ពុតក្លែងធ្វើជាស្លាប់ដូចសំដីក្អែកប្រាប់នៅនឹងថ្កល់។ ថ្លែងអែអ្នកស្រែដើរមកដល់យល់ប្រើសជាប់ អន្ទាក់ស្លាប់ក្រញង់ដូច្នោះបើកភ្នែកក្រលោតធំៗ រីករាយសប្បាយចិត្ដណាស់ លាន់មាត់ថា៖«អេះប៉ៃអាតាយហោង អាអែងស្លាប់ខ្លួនអែងហើយតើ!. ពោលហើយក៏ស្រាយអន្ទាក់ចេញពីប្រើស ដោះរួចស្រេចភ្លេចខ្លួនអាល័យតែរៀបចំអន្ទាក់ ស្រាប់តែក្អែកស្រែកអោយសញ្ញាក្វកៗ ប្រើសក៏ក្រោកឡើងស្ទុះបោលផ្លោះប្រិចដូចគេបោះពួយលឿនស្លៅសំដៅព្រៃប្រោក អែអ្នកស្រែស្រលាំងកាំង ក៏ស្ទុះរលះរលាំង ទៅចាប់បានដំបងគ្រវែងចោលប្រូសសំដៅទៅប្រើសនោះភ្លាម ហេតុតែកម្មតាមទាន់ ពានទៅត្រូវចចកម៉ោកដួលស្លាប់ហិនហោចទៅហោង។ ហេតុនេះអែង បានជាលោកពោលទុកថា៖
៨៤ - បុណ្យបាបដែលបុគ្គលធ្វើទុកក្នុងលោកនេះ មានកម្លាំងប្លែកចំលែកអស្ចារ្យណាស់ តែងអោយផលតបស្នងវិញយ៉ាងយូរ៣ឆ្នាំរឺ៣ខែ ពុំនោះ៣កប្ប បើពុំនោះត្រឹម៣ថ្ងៃ។
ព្រោះហេតុនោះបានជាខ្ញុំ (កណ្ដុរហិរណ្យកៈ) និយាយជាភាសិតទុកខាងដើមថា៖ ការចងគ្នាជាមិត្ររវាងអ្នកស៊ី និងអ្នកត្រូវគេស៊ី ដូច្នេះជាដើម(៥៥)។ ក្អែកឈ្មោះលឃុបតនកៈ ឆ្លើយឡើងថា៖
ព្រោះហេតុនោះបានជាខ្ញុំ (កណ្ដុរហិរណ្យកៈ) និយាយជាភាសិតទុកខាងដើមថា៖ ការចងគ្នាជាមិត្ររវាងអ្នកស៊ី និងអ្នកត្រូវគេស៊ី ដូច្នេះជាដើម(៥៥)។ ក្អែកឈ្មោះលឃុបតនកៈ ឆ្លើយឡើងថា៖
៨៥ - អោសំលាញ់ជាអ្នកនីរទុក្ខដូចស្ដេចព្រាបចិត្រគ្រីព បើខ្ញុំ ស៊ីបងជាអាហារ ខ្លួនបងតូចម្លេះមិនស្កប់ផ្ទៃខ្ញុំទេកាលបើបងរស់នៅ ខ្ញុំក៏ឈ្មោះថារស់នៅដែរ។
៨៦ - ទោះបីសត្វតិរច្ឆាន ដែលប្រព្រឹត្ដល្អតែម្យ៉ាង វិស្សាសៈស្និទ្ធស្នាល អាចធ្វើអោយគេឃើញជាក់ស្ែដងបាន ដូចសភាពលោកសប្បុរសទាំងឡាយ នឹងថាវិលត្រលប់ទៅផ្សេងក៏អិតអង្គឺមាន ព្រោះលោកមានសភាពជាសប្បុរសជាប្រក្រតី។
៨៧ - សន្ដានចិត្ដលោកសប្បុរសទាំងឡាយ សូម្បីមានសេចក្ដីក្រេវក្រោធកើតឡើងក៏មិនប្រែព្រួលអាកប្បកិរិយាដូចជាគេមិនអាចយកគុបស្មៅមួយគុប ទៅដុតកំដៅទឹកសមុទ្រសាគរអោយក្ដៅពុះពោរបានឡើយ។កណ្ដុរហិរណ្យកៈបានស្ដាប់ហើយ ក៏និយាយទៅវិញថា៖ «បងអែងនេះ ជាសត្វចិត្ដរប៉ិលរប៉ូចខិលខូចណាស់ បុគ្គលមិនគប្បីចងជាមិត្រស្និទ្ធស្នេហាជាមួយ នឹងសត្វដូច្នេះទេ ព្រោះថា៖
៨៨ - ឆ្មា១ ក្របី១ ចៀម១ ក្អែក១ និងមនុស្សចិត្ដអាក្រក់ទាំង៥ ពួក នេះ បានសេចក្ដីរុងរឿង ព្រោះអាងស្នៀតវ៉ៃអែបធ្វើវិស្សាសៈសិទ្ធស្នាល ព្រោះហេតុនោះ បុគ្គលមិនគួរគប្បីប្រគល់អោយនូវវិស្សាសៈសិ្នទ្ធស្នាលចំពោះបុគ្គលទាំង៥ពួកនោះឡើយ។ មួយទៀតខ្លួនបងជាសត្វពួកខាងសត្រូវ នឹងយើងផង ព្រោះថា៖
៨៩ បើជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្ដយ៉ាងជិតសិ្នទ្ធអោយសោះដូចទឹកទុកជាពុះខ្លាំងគគ្រឹកៗក៏អាចលត់ភ្លើងបាន។
៩០ - រីមនុស្សទុរជន សូម្បីប្រដាប់ខ្លួនដោយគ្រឿងអំពរគឺ ចំណេះវិជ្អា ក៏បុគ្គលគប្បីចៀសវាងចេញអោយផុតដូចសត្វអសិរពិសសូម្បីប្រដាប់ដោយកែវ មណី វានឹងមិនធ្វើអោយយើងមានភ័យរឺអ្វី?។
៩១ - របស់ណាមិនអាច របស់នោះនៅតែមិនអាចពិតប្រាកដ របស់ណាអាច របស់នោះនៅតែអាចពិតប្រាកដ ដូចជារទេះបរទៅលើទឹកមិនបានទេ អែទូកអុំលើគោក ក៏ទៅមិនបានដូច្នេះដែរ។
៩២ -នរជនណាទៅចងចិត្ដស្និទ្ធស្នាល នឹងសត្រូវរឺភរិយាដែលមិនមានចិត្ដប្រតិព័ទ្ធខ្លួនដោយអាងថាមានទ្រព្យសម្បត្ដិច្រើន ជីវិតនរជននោះឈ្មោះថា ចូលទៅដល់ទីបំផុតខែត្រត្រឹមនោះហើយ។ក្អែកពោលតមទៅវិញថា៖ «ខ្ញុំបានស្ដាប់សំដីបងនិយាយសព្វគ្រប់អស់ ប៉ុណ្ណឹងហើយ ក៏ដូចជាឃើញថាបងមិនព្រមព្រៀងសោះ តែទោះជាយ៉ាងណា ក៏ខ្ញុំបានតាំងចិត្ដទុកជាមុនរួចហើយ ថានឹងយកបងធ្វើជាមិត្រស្និទ្ធស្នេហាពិតប្រាកដអិតសង្ស័យឡើយ ថាបើមិនដូច្នោះទេរូបខ្ញុំនឹងអត់អាហារ បោកខ្លួនសំលាប់នូវមាត់ព្រង់បង អោយស្លាប់ចោលបង់សៀតទៅល្អជាង ព្រោះថា៖
៩៣ - មនុស្សទុរជនចិត្ដអាក្រក់សាមាន្យ ប្រៀបដូចឆ្នាំងដីបែកបាក់ ប្រេះឆាក៏ឆាប់រហ័សណាស់ ដល់តវិញមិនជាប់ទេ អែលោកសាធុជនចិត្ដសប្បុរស ប្រៀបដូចឆ្នាំងមាស មិនងាយបាក់បែកប្រេះឆាទេ ដល់ផ្សារភ្ជាប់វិញ ក៏ងាយជាប់។
៩៤ - ជាតិលោហធាតុទាំងអស់ រលាយចូលគ្នាបាន ព្រោះដែកមានការរលាយជលក្ខណៈ ម្រឹគបក្សីទាំងឡាយរួបរួមចូលជាហ្វូងបានព្រោះមានរូបរាងសណ្ឋានជាលក្ខណៈ មនុស្សល្ងង់រួបរួមគ្នា ព្រោះមានភ័យ និងលាភជាលក្ខណៈ អែសាធុជនមានមហាត្ម័ន រួបរួមគ្នាបានដោយទស្សនាញាណ(ស្គាល់ហេតុស្គាល់ផល)។
៩៥- មែនពិត សាធុជនមានចិត្ដល្អ គេមើលទៅឃើញមានអាការដូចផ្លែដូង អែអ្នកដទៃទៀត គេមើលទៅដូចផ្លែពុទ្រាមានសំបកក្រៅរលោងស្រិលគួរជាទីពេញចិត្ដ។
៩៦ - ខ្សែមេត្រីចិត្ដនៃលោកសប្បុរសទាំងឡាយ សូម្បីមានអុបស័គ្គ អ្វីមកផ្ដាច់ពីក្ដីស្នេហាគ្នា គុណប្រសើរមិនផ្លាស់ប្ដូរប្រែព្រួលទេ ដូចដើមឈូក សូម្បីបាក់ពាក់កណ្ដាល ក៏នៅតែមានជាប់សរៃសអន្លាយដែរ។
៩៧ - ភាពជាបុគ្គលមានចិត្ដបរិសុទ្ធ ភាពជាបុគ្គលមានចិត្ដចង់អោយទាន ភាពជាបុគ្គលមានចិត្ដអង់អាច ភាពជាបុគ្គលមានចិត្ដស្មើក្នុងគ្រាសុខទុក្ខ ភាពជាបុគ្គលមានចិត្ដមេត្តាករុណា ភាពជាបុគ្គលមានចិត្ដស្រលាញ់រាប់អានភាពជាបុគ្គលមានចិត្ដទៀងត្រង់ ទាំងអស់នេះជាគុណសម្បត្ដិនៃមិត្ដ។ខ្ញុំនឹងទៅរកមិត្រសំលាញ់អោយប្រកបដោយគុណសម្បត្ដិដូច្នេះ ក្រៅពីរូបបងអែណាបាន?។ កណ្ដុរហិរណ្យកៈលុះបានលឺពាក្យក្អែកលឃុបតនកៈពោល ដូច្នោះហើយ ក៏ចេញពីព្រង់មកខាងក្រៅ និយាយតបថា៖ «ខ្ញុំមានចិត្ដត្រេកអរចំពោះសំដីបងណាស់ ដូចបានក្រេបផឹកទឹកអំរឹត ព្រោះថា៖
៩៨ - កិរិយាមុជទឹកត្រជាក់ត្រជុំក្ដី កិរិយាប្រកបដោយខ្សែកដ៏ហើយ ដោយកែវមុក្ដាក្ដី កិរិយាប្រោះព្រំរឹតរួតសព៌ាង្គកាយដោយខ្លឹមចន្ទក្ដី នឹងថាមិនធ្វើបុគ្គលដែលក្ដៅស្អុះស្អាប់ ដោយកំដៅអោយត្រជាក់ស្រួលក៏មិនមែន តែមិនប្រសើរជាងសុភាសិតនៃលោកសប្បុរសទាំងឡាយដែលអាចចូលទៅប៉ះពាល់ដល់ ចិត្ដត្រជាក់មុនដោយបិតិជ្រះថ្លាដ៏ក្រៃលែង ព្រោះលោកទុកភាសិតជាត្រីមុខ ទុកដូចជាមន្ដសំរាប់ស្រូបចិត្ដលោកសប្បុរសទាំងឡាយ។
៩៩ - កិរិយាទំលាយអាថិកំបាំងក្ដី ល្មោភស្មូមក្ដី ភាពជាបុគ្គលមាន ចិត្ដរឹងរូសក្ដី ភាពជាបុគ្គលមានចិត្ដរប៉ិលរប៉ូចក្ដីសេចក្ដីក្រោធច្រើនក្ដី ភាពជាបុគ្គលមិនមានសច្ចៈក្ដី ស្រវឹងឈ្លក់ល្បែងក្ដី ទាំងអស់នេះជាគ្រឿប្រទូស្ដនៃមិត្ដ។តាមពាក្យសំដីដែលបងបាននិយាយមកទាំងអស់នេះ រូបខ្ញុំមិនឃើញមានទោសជាគ្រឿងប្រទូស្ដអ្វី សូម្បីតែមួយក៏អិតអង្គឺមាន ព្រោះថា៖
១០០ បុគ្គលគប្បីសង្កេតដឹងនូវសភាពនៃបុគ្គលមានចិត្ដអាក្រក់ និងភាពនៃបុគ្គលពោលពាក្យសច្ចៈ ដោយទឹកប្រយោគសំដី បុគ្គលគប្បីមើលឃើញនូវ ភាពនៃបុគ្គលមានចិត្ដមិននឹងធឹង និងភាពនៃបុគ្គលមានចិត្ដមិនរប៉ិលរប៉ូចដោយឃើញប្រចក្សនឹងភ្នែក។
១០១ មែនពិត មេត្រីចិត្ដនៃបុគ្គលមានចិត្ដបរិសុទ្ធ មានសភាពម្យ៉ាង អែសំដីនៃបុគ្គលមានចិត្ដអាក្រក់ខិលខូច មានសភាពម្យ៉ាងទៀត។
១០២ មនុស្សចិត្ដអាក្រក់ចិត្ដគិតផ្សេង សំដីនិយាយផ្សេងទៀត កិរិយាប្រព្រឹត្ដធ្វើផ្សេងទៅទៀត អែបុគ្គលមានមហាត្ម័ន ចិត្ដគិត សំដីនិយាយប្រព្រឹត្ដធ្វើតែមួយ។ប្រពៃហើយ! ប្រពៃហើយ! សូមអោយបងបានសំរេចតាមប្រាថ្នាកុំបីឃ្លាត លុះនិយាយដូច្នោះហើយ កណ្ដុរហិរណ្យកៈព្រមព្រៀងចងស្ពានមេត្រីរាប់ អានជាមួយនឹងក្អែកលឃុបតនកៈ រៀបចំភោជនាហារ ដ៏ពិសេសអោយក្អែកបរិភោគស្កប់ស្កល់ ហើយក៏លាចូលទៅកាន់ព្រង់របស់ខ្លួនដូចប្រក្រដីដើមវិញ អែក្អែកក៏លាត្រលប់ទៅកាន់លំនៅខ្លួនវិញហោង។ ចាប់ដើមតាំងពីថ្ងៃនោះរៀងមក ក្អែកលឃុបតនកៈតែងហើរទៅជួបសន្ទនាជាទីរីករាយសប្បាយជាមួយកណ្ដុរហិរណ្យកៈ ចែកអាហារគ្នាបរិភោគតាមមានតាមបាន សួរសុខទុក្ខទៅវិញទៅមក ធ្វើធម្មសាកច្ឆាសាកសួរគ្នាពីគតិលោកគតិធម៌រឿយៗ ដោយសេចក្ដីសិទ្ធស្នាលដ៏ក្រៃលែងអស់កាលយូរអង្វែង។ថ្ងៃមួយ ក្អែកលឃុបតនកៈនិយាយប្រឹក្សាជាមួយកណ្ដុរហិរណ្យកៈថា៖ «ហៃសំលាញ់! ទីនេះសត្វក្អែកពិបាករកចំណីអាហារចិញ្ចឹមជីវិតណាស់ ខ្ញុំគិតថាលះបង់ទីស្ថាននេះ ហើយនឹងហើរទៅស្វែងរកទីស្ថានអែទៀតដែលងាយរកចំណីអាហារបរិភោគចិញ្ចឹមជិវិតជាងទីនេះ»។ កណ្ដុរហិរណ្យកៈ ស្ដាប់ពាក្យក្អែក ហើយមានចិត្ដបារម្ភទើបសួរទៅថា៖«នែសំលាញ់! សំលាញ់គិតទៅនៅទីឋានណាវិញ? ព្រោះថា៖
១០៣ អ្នកមានប្រាជ្ញ កាលដែលលើកជើងក្រោយ លុះត្រាតែជើងមុខ ជាន់ស៊ុបហើយគឺថា រកទីឋានអែទៀតបានហើយទើបលះបង់ទីឋានចាស់ចោលបាន»។ (ហិតោបទេសបារាំងរបស់លោកឡង់សឺរូមានគាថាផ្សេងមួយទៀតធ្មេញ សក់ ក្រចក និងមនុស្សបើផ្លាស់ទីកន្លែងថ្មី ក្រៅពីកន្លែងដើមមិនល្អទេអ្នកមានប្រាជ្ញារិៈគិតអោយជ្រាលជ្រៅហើយ មិនគួរលះបង់ចោលទីថានឡើយ)ក្អែកប្រាប់ថា ទីឋានដែលខ្ញុំបានពិនិត្យមើលឃើញថាល្អនោះ មានមួយកន្លែង។ កណ្ដុរហិរណ្យកៈសួរវិញថា៖ «ចុះទីឋាននោះនៅអែណា?»។ ក្អែកប្រាប់ថា «មានស្រះមួយទឹកថ្លាយល់ដីឈ្មោះកបូរគោរៈ (មានពណ៌ដូចកបូរ) ឋិតក្នុងព្រៃទណ្ឌក មានអណ្ដើកមួយឈ្មោះមន្ថរៈជាមិត្រសំលាញ់ខ្ញុំចិត្ដថ្លើមល្អណាស់ អាស្រ័យនៅក្នុងស្រះនោះព្រោះថា៖
១០៤ ការគ្រាន់តែប្រដៅនរជនទាំងឡាយដទៃ អោយគេបានជាបណ្ឌិត នរណាក៏ធ្វើបានងាយ តែការទូន្មានខ្លួនអែងអោយប្រព្រឹត្ដទៅតាមគន្លងធម៌ជាការក្រ ធ្វើបានចំពោះតែបុគ្គលមានមហាត្ម័ន។អណ្ដើកមន្ថរៈជាសំលាញ់ខ្ញុំ មុខជាធ្វើបដិសណ្ឋារៈទទួលដោយគ្រឿងភោជនាហារដ៏ឆ្ងាញ់ពិសាក្រៃលែង»។ កណ្ដុរហិរណ្យកៈឆ្លើយតបទៅវិញថា៖ «បើដូច្នោះមែន រូបខ្ញុំនឹងក្រាញនៅក្នុងទីនេះតែម្នាក់អែងធ្វើអ្វីព្រោះថា៖
១០៥ ប្រទេសអែណា មិនមានគេរាប់អាន មិនមានផ្លូវរកស៊ីចិញ្ចឹមជីវិត មិនមានញាតិសន្ដានផៅពង្ស រឺក៏មិនមានវិទ្យាគមចំរើនចំណេះវិជ្ជា បុគ្គលគប្បីលះបង់ប្រទេសនោះចេញ។
១០៦ លោកយាត្រា(ការលក់ដូរ)១ សេចក្ដីភ័យ១ អាម៉ាស់មុខ១ មេត្ដាករុណា១ ការបរិចាគទាន១ ទីឋានណាមិនមានធម៌៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងទីឋានអាស្រ័យនៅនៅក្នុងទីនោះឡើយ។
១០៧ មនុស្សសងបំណុលគេ១ គ្រូពេទ្យ១ សមណព្រាហ្មណ៍ចេះដឹង វេទ១ ទន្លេមានទឹកថ្លាបរិសុទ្ធ១ នែសំលាញ់! ទីឋានណាមិនមានវត្ថុ៤ប្រការនេះទេ បុគ្គលមិនគប្បីតាំងទីលំនៅក្នុងទីឋាននោះឡើយ។កណ្ដុរហិរណ្យកៈនិយាយថា «សំលាញ់អើយ! បងចូរនាំគ្នាទៅជាមួយផង»។ ក្អែកនាំកណ្ដុហិរណ្យកៈទៅ កាលបណ្ដើរគ្នាទៅនិយាយសន្ទនាគ្នាជាទីរីករាយ សប្បាយក្សេមក្សាន្ដតាមដំណើរផ្លូវរៀងទៅត្រាតែដល់ស្រះនោះ។ អែអណ្ដើកមន្ថរៈកាលឃើញសត្វទាំងពីរបណ្ដើរគ្នាត្រសងតាំងពីចំងាយមក រីករាយសប្បាយចិត្ដណាស់ ធ្វើបដិសណ្ឋារដ៏ខ្ពង់ខ្ពស់ តាមដែលបានគិតទុកមុន ទទួលក្អែកព្រមទាំងកណ្ដុរហិរណ្យកៈជាភ្ញៀវថ្មីដោយសក្ការៈរាប់អានដ៏ក្រៃលែងព្រោះថា៖
១០៨ ទោះក្មេងតូច រឺកំលោះក្រមុំ ពុំនោះចាស់ព្រឹទ្ធាចារ្យក៏ដោយ ដែលជាភ្ញៀវមកដល់ផ្ទះហើយ បុគ្គលគប្បីរៀបចំគ្រឿងសក្ការរាប់អានដល់ជននោះៗ ព្រោះអ្នកទាំងនោះមកដល់ផ្ទះហើយ លោកទុកជាគ្រូទាំងអស់។១០៩ ព្រះអគ្គីជាគ្រូនៃព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ជាគ្រូនៃជនវណ្ណៈអែទៀត ប្ដីជាគ្រូនៃភរិយាទាំងឡាយ អែភ្ញៀវដែលមកដល់ផ្ទះជាគ្រូជនទាំងអស់ខណៈនោះក្អែកលឃុបតនកៈ និយាយឡើងថា៖ «ហៃបងសំលាញ់មន្ថរៈ សូមសំលាញ់រៀបទទួលភ្ញៀវថ្មីអោយជាពិសេស ព្រោះថាភ្ញៀវថ្មីនេះជាស្ដេចកណ្ដុរឈ្មោះហិរណ្យកៈ ជាកំពូលនៃអ្នកប្រព្រឹត្ដធ្វើបុណ្យទានទាំងឡាយ ជាកែវមុក្ដានៃមនុស្សមានមេត្តាករុណាទាំងឡាយ បើទុកជាស្ដេចនាគមានជីវ្ហា២០០០ ខ្ញុំជឿថា មិនអាចនឹងពោលសរសើរពីកិត្ដិគុណស្ដេចកណ្ដុរនេះអោយបានអស់ឡើយ» លុះក្អែកនិយាយដូច្នោះហើយក៏ពណ៌នារឿងស្ដេចព្រាបចិត្ដគ្រីពមកថ្លា ថ្លែងប្រាប់ទៀត។ អណ្ដើកមន្ថរៈបានស្ដាប់ពាក្យក្អែកហើយ ក៏មានចិត្ដសាទរអិតអុបមា ទើបគោរពបូជាកណ្ដុរហិរណ្យកដ៏ក្រៃលែង ហើយពោលពាក្យប្រស្រ័យ ថា៖ «នែសំលាញ់ដ៏ចំរើនអើយ! សូមបងមេត្តាប្រាប់ហេតុដែលនាំអោយមកកាន់ទីឋាននិរជនស្ងាត់ដូច្នេះ អោយខ្ញុំបានដឹងផង!»។ កណ្ដុរហិរណ្យកៈនិយាយប្រាប់ ថា៖ «សូមចាំស្ដាប់ ខ្ញុំនឹងពណ៌នាពីប្រព្រឹត្ដហេតុអោយស្ដាប់ដូចតទៅនេះ»។
0 ការពិគ្រោះ:
Post a Comment