Social Icons

ការគប់មិត្ត

កាលនោះ មហាបណ្ឌិតវិសណុសម័ន ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយ ដែលប្រថាប់នៅក្នុងទី​ចំពោះមុខដោយសេចក្ដីសុខសំរាន្ដលើផ្ទៃនៃប្រាសាទ ដោយស្លោកដូច្នេះថា៖
១ - អ្នកប្រាជ្ញតែងប្រើកាលវេលាអោយប្រព្រឹត្ដទៅដោយការកំសាន្ដកាព្យសាស្រ្ដ មនុស្សល្ងង់តែងប្រើកាល​វេលា​អោយប្រព្រឹត្ដទៅ ដោយការប្រព្រិត្ដិសេចក្ដីវិនាសដោយការដេក និងដោយការឈ្លោះទាស់ទែង។
ព្រោះហេតុនោះទូលព្រះបង្គំ នឹងពោលកថាដ៏វិចិត្រ មានរឿងក្អែក និងអណ្ដើកជាដើមចម ទុកជាព្រះសណ្ដាប់ដើម្បីកំសាន្ដព្រះហរិទ័យនៃទ្រង់ទាំងឡាយ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបថា បពិតលោកអាយិៈ! សូមលោកមេត្តារាយរឿងនោះៗ អោយទានស្ដាប់។ បណ្ឌិតវិសណុសម័នពោលពាក្យដាស់តឿនថា «បើដូច្នោះ សូមទ្រង់តាំងព្រះទ័យស្ដាប់ចុះការគប់មិត្រនេះនឹង ផ្ដើមពោលអិលូវនេះដូចមានស្លោកទុកជាខាងដើមថា៖
២ - អ្នកប្រាជ្ញមានចិត្ដល្អ សូម្បីខ្សត់ទ្រព្យហើយអិតកម្លាំង ក៏អាចជួយកែខៃអោយសំរេច​ប្រយោជន៍បានដោយរួសរាន់ ដូចរឿងក្អែក អណ្ដើក និងកណ្ដុរ។ ព្រះរាជបុត្រទាំងឡាយសួរថា «រឿនោះតើដូចម្ដេច» បណ្ឌិតវិសណុសម័ក្រាបទូលថា៖ ។រឿងក្អែក អណ្ដើក និង កណ្ដុរនៅលើត្រើយស្ទឹងគោទាវរី មានជ្រៃមួយដើមធំត្រសុំ​មែកសាខា មែកត្រឈឹងត្រឈៃ។ ពួកហ្វូងបក្សីផ្សេងៗ លុះដល់វេលាទន់ទាបព្រះសុរិយាល្ងាចថ្ងៃហើយ តែងបបួលគ្នាហើរមកពីទិសានុទិស ច្រៀវច្រៃចូលមកជ្រកអាស្រ័យអៃដ៏ដើមជ្រៃនោះ។ សម័យមួយ វេលាព្រឹកព្រាងស្វាងឡើង ជិតអស់ខែនៃរាត្រីកាលហើយ ព្រះចន្ទជាទីគោរពជានាយកនៃកងកោមុទជាតិ លិចបាត់វង់រស្មីកំពូលភ្នំអស្ដង្គត មានក្អែកមួយឈ្មោះ លឃុបតនកៈ ភ្ញាក់ឡើងពីពន់ព្រលឹម ក្រឡេកមើលទៅឃើញ​ព្រានម្អ្នកមកដល់ ប្រៀបដូចឃើញព្រះយមរាជទី២ លុះឃើញហើយក៏រំពឹងគិតថាថ្ងៃនេះ ឃើញអុបទ្រព្យច​ង្រៃកើតឡើងតាំងពីព្រលឹមតែម្ដង អាត្មាអញមិនគប្បីដឹងបានថា អុបទ្រព្យចង្រៃនេះ​នឹងកើតប្រាកដឡើងបែបណា! រំពឹងគិតហើយ រន្ធត់តក់ស្លុតក្នុងចិត្ដអិតអុបមា ក៏ហើរឆ្លាទៅតាមមើលស្នាមព្រាននោះចរទៅ ព្រោះថា៖
៣ - មនុស្សល្ងង់តែងជួបប្រទះប៉ះទង្គិច ហេតុដែលនាំអោយកើតសេចក្ដីសោកមួយពាន់ដង រឺហេតុដែលនាំអោយកើត​ភ័យមួយរយដង ក្នុងមួយថ្ងៃៗ តែអ្នកប្រាជ្ញជួបប៉ះទង្គិចហេតុដូច្នេះអិតអង្គឺមានឡើយ។ នរជននៅក្នុងលោកនេះគួរធ្វើមនសិការដូច្នេះរាល់ថ្ងៃកុំខាន។
៤ - ការភ្ញាក់ក្រោកឡើងពីព្រលឹម នរជនគប្បីដាស់សតិរលឹករាល់ថ្ងៃថា «មហាភ័យទាំងឡាយជិតមកដល់​ហើយបណ្ដាមហាភ័យទាំងឡាយនោះ ការឈឺចាប់ សេចក្ដីស្លាប់ និងសេចក្ដីទុកសោកភ័យ រឺអន្ដរាយអ្វីមួយ មុខជាធ្លាក់មកដល់អាត្មាអញក្នុងថ្ងៃនេះ»។កាលនោះ ព្រានបក្សីនោះខ្មីឃ្មាត ព្រោះគ្រាប់ស្រូវ ហើយត្រដាងលប់ លុះចាត់ចែងសព្វគ្រប់ហើយ ក៏ពួនអាត្មាក្នុងទីមួយ។ ក្នុងកាលនោះអែង ស្ដេចព្រាបចិត្រគ្រីព ហើរចរមកពីចំងាយ ព្រមជាមួយអន្លើដោយព្រាបជាបរិវារ រេរាលើអាកាសវេហាស៍ ឃើញគ្រាប់ស្រូវរាត់រាយខ្ចាត់ខ្ចាយដូច្នោះ ក៏ពោលរំលឹក​ព្រាបជាបរិវារដែលល្មោភចង់ចុះទៅស៊ីគ្រាប់ស្រូវនោះថា៖ «ហេតុអ្វី ក៏មានគ្រាប់ស្រូវនៅក្នុងដងព្រៃជ្រៅ នីរជនលន្លង់​លន្លោចឆ្ងាយពីទីថានមនុស្សដូច្នេះហ្ន៎ ដំណើរនេះគួរពិចារណាមើលសិន យើងឃើញរបស់​នេះនឹងទុកជាលាភចំរើនក៏អិតអង្គឺមាន ព្រោះការល្មោភស៊ីគ្រាប់ស្រូវនេះ នឹងត្រលប់អោយវិនាសអន្ដរាយ ក្ដៅក្រហាយស្ដាយក្រោយដល់យើងគ្រប់គ្នាក៏សឹងថាបាន។
៥ - ព្រោះលោភចង់បានកងមាស អ្នកដំណើរម្អ្នកធ្លាក់ផុងជាប់ក្នុងបឹង ភក់ជ្រៅឡើងមិនរួច ត្រូវខ្លាចាស់សង្រ្គប់ចាប់ហែកស៊ីស្លាប់ទៅ។ បរិវារសួរឡើងថា រឿងនោះតើដូចម្ដេច? ស្ដេចព្រាបចិត្រគ្រីបនិយាយរឿង ប្រាប់ថា៖ (តទៅកថាទី ១)

0 ការពិគ្រោះ:

Post a Comment

Booking.com