Social Icons

ប្រមុខនៃសេចក្ដីវិនាស ១២ ប្រការ (ត)

៧- បុគ្គលអ្នកប្រកាន់រើសអើងជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ ឋានៈ ហើយមើលងាយអ្នកដទៃ មើលស្រាល​ញាតិសន្តាន មិនប្រមូលញាតិមិត្តសត្វលាដឹកលាមក ក៏ស៊ីស្មៅ សត្វលាដឹកមាសក៏ស៊ីស្មៅ ។ ជីវិតលើលោកនេះ មាន តម្លៃស្មើគ្នា រឿងឋានៈ ជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ រួមទាំងរបស់ជាច្រើនទៀតនៅក្នុងលោកនេះ រមែងមានភាព​ខុសគ្នាជាធម្មតា ដែលមិនគប្បីយករបស់ទាំងនោះជាកត្តាវាស់វែងមនុស្សឡើយ ។ ការប្រព្រឹត្តិលើកកំពស់ខ្លួនឯង ហើយមិនគោរ ពអ្នកដទៃ មើលងាយអ្នកដទៃ សូម្បីសាច់ញាតិខ្លួនឯងក៏មិនអើពើផង ដោយហេតុតែគិតថា គេក្រ តូចទាប អន់ថយជាងខ្លួនជាដើមនោះ រមែងធ្វើអោយខ្លួនឯងជាមនុស្សឯកោ លែងមាន របងការពារ ហើយអាចធ្វើ​អោយ​អ្នកខ្លះ ក្តៅក្រហាយ ស្អប់ខ្ពើម និង ជាគោលដៅនៃការចងគំនុំ ក៏សឹងមាន ។ ហេតុនេះ ការប្រកាន់ខ្លួន មើល​ងាយ​អ្នកដទៃ មិនប្រមូលញាតិ និង មិត្ត ជាប្រមុខនៃក្តីវិនាសទី៧ ។
៨- ជនអ្នកប្រព្រឹត្តល្បែង៣ប្រការ គឺល្បែងស្រី១ ល្បែងស្រា១ និង ល្បែងភ្នាល់ទាំងឡាយ១
ត្រេកអរ​ចំពោះ​ភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រីរមែងជួបផលអវិជ្ជ មានជាច្រើនដូចជា ខូចខាតទ្រព្យ​ដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើអោយប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវ ច្រើនមិន ចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេល​មិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហឹង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចអោយគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។ល្បែងភ្នាល់គ្រប់យ៉ាង​ក៏ធ្វើ​អោយស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជា​សំណូក​សូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំអោយមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើអោយអ្នកដទៃ​អស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណា​ក៏ជាប្រមុខនៃក្តីវិនាសទី៨ ។
៩- បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹង ស្រីពេស្យា ទ្រូស្តនឹងប្រពន្ធកូនខ្លួនឯង
ស្រី​ពេស្យា គឺស្រីអ្នកប្រកបរបរផ្លូវភេទ ដោយចេញមុខ ឬ ដោយលួចលាក់ ធ្វើជាទូទៅ ឬ មិនទូទៅ (គឺចំពោះតែបុគ្គល​ជាក់លាក់ ដែលមានរូបភាពជាស្រីកំណាន់ជាដើម ) មិនពិបាកយល់ទេ គឺថានាងនែបនិត្យរួមមេត្រី ដើម្បីផលប្រយោជ​ន៍អ្វីម្យ៉ាង ហេតុនេះនាងមុខជាសំដែងប្ញកពារម្ញ៉ិកម្ញ៉ក់ ខ្នក់ខ្នាញ់ ផ្គាប់ផ្គុនណាស់ ប៉ុន្តែចូរចងចាំថា នាងកំពុង​មើលមក​អ្នកថាជាមនុស្សមិនដឹងខ្យល់អ្វីឡើយ ហើយអ្នកនឹងត្រូវ​នាងអូសទាញអោយធ្វើអាក្រក់ជំនួសនាងក៏មាន ។ ចំណែក​នាង​ជាភរិយា ដោយហេតុតែនាងត្រូវរួមដំណើរជីវិតនឹងអ្នក ទើបត្រូវនិយាយពាក្យពិត ហើយពាក្យពិតរែងស្លែង ។ ជួនកាលនាងខ្វល់តែរឿងថែទាំគ្រួសារ ភ្លេចថែទាំខ្លួនឯង ធ្វើអោយរូបសម្ផស្សរបស់នាងមិនសូវផូរផង់ ប៉ុន្តែ នាងជា​អ្នកគូសវាសផែនទីនៃសុភមង្គលគ្រួសារ ជាសំបុកដ៏កក់ក្តៅសម្រាប់អ្នក ។ ពេលប្តីយំ នាងជាអ្នកស្រក់ទឹកភ្នែក (ឬ ជូតទឹក​ភ្នែកអោយប្តី ) ពេលស្វាមីសើច នាងជាអ្នកទះដៃ ពេលស្វាមីច្រៀង នាងជាអ្នកបន្ទរ....។ អ្នកត្រេកអរ​នឹងស្រី​ពេស្យា នាំអោយអស់ទ្រព្យសម្បត្តិ ប្រាក់កាស់ និង បែកបាក់គ្រួសារ (អាចនាំអោយប្រពន្ធផិតក្បត់ក៏មាន ) សុខភាព​ចុះ​ថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងរោគច្រើនប្រការមានកាមរោគជាដើម នឹង ត្រូវគេតិះដៀល (មើលងាយដល់កូន ) ។ ហេតុនេះបុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជក់ចិត្ត ជាប់ជួន នឹងស្រីពេស្យា ទ្រូស្តនឹងប្រពន្ធកូនខ្លួន ជាប្រមុខ​នៃក្តិវិនាសទី៩ ។
១០- បុរសដែលមានវ័យចំណាស់ពេក ហើយមានតម្រេកដោយក្តីតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា
បុគ្គលដែលមានវ័យចំណាស់ចាស់ទៅហើយ យកមនុស្សវ័យក្មេងធ្វើជាភរិយា ឬ ជាស្វាម៉ី, នៅចំពោះមុខ ប្រហែល​ជាមានគេសរសើរថាជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែជនជាសប្បុរស និង បណ្ឌិតទាំឡាយរមែងតិះដៀល (មនុស្សទូទៅ​ហៅថាចាស់ព្រើល) ។ ដោយហេតុតែការងប់ងល់នឹងភរិយា (ឬស្វាមី) ក្មេងនោះ ធ្វើអោយបុគ្គល ចំណាស់នោះ​​តែងខ្វល់ខ្វាយតែនឹងរឿងផ្គាប់ផ្គុន ទោះនាងធ្វើអ្វីខុសឆ្គង ក៏មិនហ៊ានប្រកាន់ ព្រោះខ្លាចនាង​មិនសប្បាយចិត្ត នាងង៉ក់​ងរ ម្ល៉ោះហើយចេះតែញាក់តាមមនោគតិរបស់នាង ដែលអាចអោយបុរសចំណាស់ នោះហ៊ានប្រព្រឹត្ត អកុសល និង អំពើអយសផ្សេងៗដើម្បីបំពេញចិត្តនាង ប៉ុន្តែអ្នកដទៃឆ្គងភ្នែក ឃ្នើសចិត្តក្រៃពេក ។ បើបុគ្គល នេះមានកូនប្រពន្ធ​ស្រាប់​ផងនោះ កូននិងប្រពន្ធមុខជាខ្ចាត់ខ្ចាយ និរាសចាកសុខជាប្រាកដ។ ដោយហេតុតែរវល់នឹង​រឿងផ្គាប់ផ្គុន ទើបមិនមាន​ពេលគិតពិចារណារកធម៌អាថ៌សម្រាប់ខ្លួន ។ លុះពេលស្លាប់ទៅ យកទៅតាមខ្លួនតែបាបកម្មដោយសារផ្គាប់ចិត្តនាង ហើយស្លាប់ទាំងបិទភ្នែកមិនជិត ស្លាប់ទាំងអាឡោះអាល័យ ចំពោះភរិយាក្មេងខ្ចី ។ ប្រការនេះ មានរឿងតាជូជក ជាគំរូ​ស្រាប់ ។ ហេតុនេះ បុរសដែលមានវ័យចំណាស់ ហើយមាន តម្រេកតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា ជាប្រមុខ​នៃក្តីវិនាសទី១០ ។
១១- បុរសអ្នកតាំងស្រី ឬ ស្ត្រីអ្នកតាំងបុរសដែលជាអ្នកលេងខ្ជះខ្ជាយ ការតាំងស្រី ឬ តាំងបុរស​អ្នកលេង​ខ្ជះខ្ជាយ បានដល់ការដែលយកស្ត្រី ឬ បុរសដែលជាបុគ្គល​មានចិត្តគំនិតគិតតែពីរឿងស៊ីចាយសប្បាយហ៊ឺហា មិនខ្វល់​ខ្វាយ ពីរឿងសិក្សារៀនសូត្រដើម្បីចាប់យកអាជីព ឬ ប្រកបការងារក្នុងការរកនិង រក្សាទ្រព្យសម្បត្តិ មិនត្រៀម​ខ្លួនសម្រាប់​ជីវិតនាពេលខាងមុខជាដើម មកជាគូកំណាន់ ឬ ជាគូកៀកកើយ ជាគូមេត្រី ។ ប្រការនេះ នាំអោយបុគ្គល​នោះរលាយទ្រព្យសម្បត្តិ និង សមត្ថភាពដែលមានស្រាប់នោះយ៉ាងលឿន ។ មិនយូរប៉ុន្មាន គេនឹងខ្សោះអស់ទ្រព្យ ធ្លាក់​ខ្លួនក្រ ហើយ ក៏មិនដឹងថា នឹងត្រូវធ្វើយ៉ាងណា ដើម្បីក្រោកឈរវិញឡើយ ។ ស្ត្រី ឬ បុរសដែលខ្លួន​តាំងជាគូគាប់​នោះ ប្រហែលជាងាកមកមើលងាយ បញ្ឈឺបញ្ចើចបញ្ចើដាក់បុគ្គលនោះវិញ ហើយហក់ទៅ សប្បាយហ៊ឺហា​ជាមួយ​អ្នកផ្សេងទៀត ។ ការតាំងស្រី ឬ តាំងបុរសដែលជាអ្នកលេងខ្ចះខ្ជាយ ជាប្រមុខនៃក្តីវិនាសទី១១ ។
១២- ជនអ្នកកើតក្នុងត្រកូលក្សត្រ ហើយក្រខ្សត់ធនធាន មានគំនិតគិតប៉ងជាក្សត្រដោយសារ​តែចិត្តលោភ​លន់នេះ បុគ្គលដែលស្ថិតនៅក្នុងខត្តិយត្រកូល (ឬត្រកូលអ្នកដឹកនាំជាតិ) ជាត្រកូលដ៏ខ្ពង់ខ្ពស់រូបនេះ បង្កើត​ក្រុមបក្សពួកដើម្បីដណ្តើមរាជ សម្បត្តិ (ឬ អាសនៈជាអ្នកដឹនាំជាតិ ) ដោយហេតុតែចង់សោយសុខលើគំនរភ្នំមាស ភ្នំប្រាក់ និង ភ្នំកាមសុខផ្សេងៗ ។ បុគ្គលនេះ ចង់បានជាក្សត្រ (ជាអ្នកដឹកនាំជាតិ) នេះមិនមែន ដោយសារ​ខ្លួនមានសមត្ថភាពដឹកនាំជាតិ ចំណែកអ្នកដឹកនាំកំពុងនៅក្នុងតំណែង ជាមនុស្សអសមត្ថភាព ឬ អ្នកអយុត្តិធម៌ជា​ដើមនោះទេ ការពិតគេចង់បានតំណែងនោះដោយសារតែគេចង់សោយសុខ ឬ ដោយហេតុល្មោភ ឬ ដោយភាពលង់​ក្នុងការបញ្ជោររបស់អ្នកដទៃទាំងងងឹតងងល់តែប៉ុណ្ណោះ ។ ហេតុនេះ ប្រសិនបើបំណងរបស់គេបានសម្រេចមែននោះ បុគ្គលនេះមុខជាគ្មានធ្វើអ្វីសម្រាប់ជាតិ ក្រៅតែសប្បាយហ៊ឺហា ចាយបង្ហិនបង្ហោចទ្រព្យជាតិ បំផ្លាញច្បាប់រដ្ឋ បំផ្លាញ​ភាព​រលូននៃរចនាសម្ព័ន្ធនានា បំផ្លាញភាពសាន្តត្រាណរបស់សង្គមឡើយ ។ មិនយូរប៉ុន្មាន មុខជាមានការបះបោរ ហើយនឹងនាំយកបុគ្គលនេះទៅផ្តន្ទាទោសជាមិនខាន ។ ជួនកាលបុគ្គលនេះ លុះក្នុងការលួងលោម បញ្ឆោតបញ្ជោ​ពីពួកខិលខូចក្រុមណាមួយអោយលង់ធ្វើបែបនេះ ដូចជាសរសើររឿយៗថា បុគ្គលនោះមានចារិត ប្ញកពា រូបរាង មុខមាត់ និង សមត្ថភាព...សក្តិសមនឹងឋានៈដ៏កំពូលនោះ ហើយថា ពេញចិត្តផ្ញើវាសនា និង សន្យាថានឹងជួយ​បុគ្គល​នោះអោយបានជោគជ័យដោយប្រការផ្សេងៗជាដើម ។
តាមពិត បុគ្គលនោះគ្រាន់តែឧបករណ៍ នៃល្បែងដណ្តើមអំណាច ឬ ជាកម្មបទនៃការបំបែកបំបាក់សាមគ្គីភាព​នៃរាជវង្ស (ឬគ្រួសារអ្នកដឹកនាំជាតិ ) តែប៉ុណ្ណោះ ។ ជាអកុសលបុគ្គលនោះ ដោយហេតុតែភាពលង់ខ្លៅ ឬ ដោយហេតុ​តែភាពល្មោភ ទើបមិនយល់ពីឧបាយនេះ ក៏ក្លាយទៅជាសត្វមាន់ដែលជនទុច្ចរិតចាប់បញ្ជល់ជាមួយគ្នាឯង ។ ប៉ុន្តែ​ដោយហេតុតែភាពលង់ខ្លៅនេះ ប្រហែលជាមិនទាន់បានសម្រេចបំណងផង ក៏ត្រូវគេចាប់បញ្ជូលទ្រុង ឬ និរទេស​បាត់ទៅហើយ
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សំដែងថា ប្រមុខនៃក្តីវិនាស មាន១២ ប្រការយ៉ាងនេះឯង ។

0 ការពិគ្រោះ:

Post a Comment

Booking.com