Social Icons

ល្បែងចាប់កូនខ្លែង

ល្បែងចាប់កូនខ្លែង
ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូល​ឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូង​ហៅថា​មេ​មាន់ ចាត់​ច្រើន​នាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់​គេ​យកក្រមា​ក្រវាត់​ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ ​ភ្លើងអោយបានជាភ្នក់១តូច ដោយ​កំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់​បញ្ជាអោយកូន​របស់ខ្លួនតោង​ចង្កេះតៗគ្នារហូតដល់អស់ ដោយ​ឈរ​ជាជួររួច​ដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់​ពោល​ពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖

ចាប់កូនខ្លែងប្រលែងកូនអក         ពពេចញ៉ែកញ៉ក     កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន           ទន្សាយរត់ពួន    ត្រកួនឡើងលាស់។
ទៀន១គូតាំងយូបាំងព្រះ  លើកដៃសំពះ    ដូនៗសុំភ្លើង។
ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់​ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំ​មួយ​អង្កត់​»។​ខ្លែង​កាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែល​នៅ​ក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោង​ចង្កេះគ្នាយ៉ាង​ជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះ​យក​កូន​បាន​ម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូន​ណា​របូត​ចេញ​ពីមេ​ព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាល​​​អស់​កំលាំង​​ហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេង​តែង​​របៀប​នេះ​រហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យ​តាម​របៀប​លេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់​មនុស្សអោយ​ចេះប្រុង​ស្នៀត​ប្រុង​ស្មារតី​អោយ​​រហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។

0 ការពិគ្រោះ:

Post a Comment

Booking.com