កថាទី១០
រឿងត្រដេវវិចញីឈ្មោល និង សមុទ្រ
លើត្រើយសមុទ្រទក្ខិណា មានត្រដេវវិចញីឈ្មោលអាស្រ័យនៅ។ កាលដល់ពេលពង ត្រដេវវិចញីនិយាយទៅកាន់ត្រដេវវិចឈ្មោលថា «អ្នកបងជាទីពឹង!ខ្ញុំជិតពងហើយ សូមអ្នកបងរៀបចំកាច់សំបុកទុកពងក្នុងទីដទៃ អោយបានសុខស្រួលជាងនេះ»។ ត្រដេវវិចឈ្មោលសួរតបទៅវិញថា «ហៃអូន! ទីនេះមិនសមគួរនឹងពងរឺអ្វី ?»។ ត្រដេវវិចញីឆ្លើយប្រាប់ថា «ទីនេះប្រកបដោយភ័យធំ រលកសមុទ្រអាចបោក មកផាត់យកពងយើងទៅបាន» ត្រដេវវិចឈ្មោលនិយាយដោយការមើលងាយថា «យី! អីបងអិតកំលាំងតស៊ូ បណ្តោយអោយរលកសមុទ្របោកយកពងទៅបាន?»ត្រដេវវិចញីអស់សំណើច សើចហើយឆ្លើយតបថា «នែអ្នកស្វាមី! ចុះអ្នកបងនិង សមុទ្រអ្នកណាធំជាអ្នកណា?ព្រោះថា៖
១៥០ - នរជនណាដឹងច្បាស់ថាគួរ រឺមិនគួរប្រកបដើម្បីកំចាត់បង់នូវសេចក្តីវិនាស នរជននោះកាលដឹងថា «ទីនេះមានអន្តរាយ» ដូច្នេះហើយ មិនលិចលង់ផុងគំនិតនាំអោយវិនាស ក្នុងគ្រាក្រទុក្ខលំបាកឡើយ។
១៥១ - ការប្រារព្ធធ្វើការងារដែលមិនគួរធ្វើ១ ការទាស់ទែងខ្វែងគំនិតបងប្អូនអែង១ ការប្រណាំងប្រជែងតស៊ូអ្នកមានកំលាំងជាង១ ការទុកចិត្តស្រ្តីទាំងឡាយ១ ទាំង៤ ប្រការនេះឈ្មោះថាបើកទ្វារអោយដល់ម្រឹត្យុទាំងរស់»។កាលនោះអែង ត្រដេវវិចញី ប្រកែកមិនឈ្នះត្រដេវវិចឈ្មោលក៏ព្រមពងនៅលើឆ្នេរសមុទ្រនោះទាំងសេចក្តីទុក្ខព្រួយ។ កាលដែលបក្សីញីឈ្មោលជជែកគ្នា សមុទ្របានស្តាប់អស់អាថិសេចក្តីតាំងពីដើមដល់ចុង ក៏ចង់ដឹងសក្តានុភាពសត្វញីឈ្មោលនោះ ទើបផាត់រលកធំៗមកបោកយកពងអស់ទៅ។ លំដាប់នោះ ត្រដេវវិចញីកើតទុក្ខសោកសៅ ទង្គឹះខ្សឹកខ្សួលក្តៅចិត្ត យំបណ្តើរនិយាយប្រាប់ស្វាមីបណ្តើរថា «នែ អ្នកបងជាទីពឹង! ម៉េចមិនជឿពាក្យខ្ញុំ អិលូវនេះ ក្តីទុក្ខធ្លាក់មកដល់យើងហើយ ពងវិនាសអន្តរធានបាត់អស់រលីង»។ ត្រដេវវិចឈ្មោលឆ្លើយតបដោយអួតអាងថា «អូនអើយ! ប្អូនកុំភ័យបារម្ភថ្វីទុកងារអោយបងចុះ» និយាយដូច្នេះហើយស្រែកកញ្ជៀវ ខ្ញៀវខ្ញាហាហៅហ្វូងបក្សីទាំងឡាយ អោយចូលមកប្រជុំផ្តុំគា្នបានស្រេចកាលណា ក៏ហិចហើរទៅកាន់សំណាក់គ្រុឌជាស្តេចបក្សី លុះទៅដល់ទីឋានគ្រុឌហើយ ត្រដេវ វិចឈ្មោលនិយាយរៀបរាប់ព្រឹត្តិការណ៍ទាំងអស់ ប្តឹងគ្រុឌបក្សាដ៏មានបុណ្យដែលជាស្តេចគ្រប់គ្រងរក្សាពពួកបក្សី អោយដឹងសេចក្តីសព្វគ្រប់ប្រការថា «ទេវៈ!ខ្ញុំបាទ បានតាំងទីឋានកាច់សំបុកទុកពងអាស្រ័យនៅឆ្នេរសមុទ្រ មិនបានប្រព្រឹត្តឆ្គាំឆ្គងអោយខុសគន្លងធម៌ទេ អិលូវសមុទ្រកំណាចចង្រៃនេះ ផាត់រលកមកបោកយកពងខ្ញុំបាទ ទៅអស់រលីង ខ្ញុំបាទកើតទុក្ខពុំសុខចិត្តទើបចូលមកក្រាបប្រណិប័តជំរាបព្រះបាទម្ចាស់អោយជ្រាប»។ កាលនោះគ្រុឌស្តេចបក្សីបានស្តាប់សំដីត្រដេវវិចប្តឹងដូច្នោះហើយ ចូលទៅក្រាបបង្គំព្រះនរាយណ៍បរមអិសូរដ៏ជាកំពូល អ្នកមានបុណ្យស្តេច ជាអ្នកកសាងលោក ជាអ្នកគ្រប់គ្រងលោក និងជាអ្នកប្រល័យលាញលោកអោយទ្រង់ជ្រាបតាមដំណើរសេចក្តី។ ព្រះនរាយណ៍ កាត់សេចក្តីអោយសមុទ្រយកពង មកសងត្រដេវវិចឈ្មោលវិញ។ គ្រុឌស្តេចបក្សីទទួលទេវអោង្ការតំកល់លើត្បូងទុក ជាទីគោរពហើយត្រលប់វិលមកវិញ មកបង្គាប់សមុទ្រអោយយកពងទៅប្រគល់ អោយបក្សីញីឈ្មោលវិញក្នុងកាលនោះហោង។ ព្រោះហេតុនោះអែងបានជាខ្ញុំបាទ(ចចកទមនកៈ)ជំរាបថា «នរជនមិនដឹងភាវៈនៃការទាក់ទងជនដទៃហើយ»ដូច្នេះជាដើម(លេខ ១៤៩)សីហៈបិង្គលកៈ សួរបញ្ជាក់ថា «ធ្វើម្តេចយើងគប្បីដឹងបានថាសញ្ជីវកៈមានគំនិតក្បត់យើង?»។ ចចកទមនកៈ និយាយដំណើរទំនងប្រាប់ថា «សញ្ជីវកៈនេះជាសត្វព្រហើនណាស់ កាលណាវាចូលមកទេវបាទម្ចាស់ វាសំដែងអាការធ្វើហាក់ជាគោរពកោតក្រែង ហើយបង្ហាញស្នែងតំរង់ទៅមុខ កាលនោះទេវបាទម្ចាស់គង់ជ្រាបមិនខាន»។ ចចកនិយាយហើយដើររលះលាំងចូលទៅរកសញ្ជីវកៈបង្ហាញអោយសញ្ជី វកៈមើលឃើញខ្លួន ធ្វើទឹកមុខស្រងូតហាក់ជាមានភ័យធំខ្លាំងណាស់។ អែគោសញ្ជីវកៈមើលឃើញចចកត្រេកអរសាទរណាស់ សួរចៅរ៉ៅទៅថា «ហៃបងចចកដ៏ចំរើនអើយ! មានការអ្វីរលះលាំងដូច្នេះ រឺមួយសុខសប្បាយជាទេហៈ?» ទមនកៈឆ្លើយដោយអុបាយថា «អោលោកអើយ! ធម្មតាធ្វើជាខ្ញុំបំរើរាជការផែនទឹកផែនដីរកក្តីសុខ សប្បាយមកពីណា ព្រោះថា៖
១៥២ នរជនណាធ្វើជារាជសេវកាមាត្យ នរជននោះត្រូវតែពឹងសម្បត្តិដែលនៅក្នុងអំណាចនៃជនដទៃ មានចិត្តមិនដែលបានស្ងប់ក្សេមក្សាន្តល្ហែល្ហើយទេ ព្រមទាំងមិនទុកចិត្តក្នុងជីវិតខ្លួនថែមទៀតផង។
១៥៣ នរណាបានទ្រព្យសម្បត្តិហើយ មិនឡើងចាង? នរណារលុះក្នុងអំណាចវិស័យខ្លួន ហើយអាចរលត់ក្តីទុក្ខទោសអន្តរាយបាន? លើផែនដីនរណាមានចិត្តរឹង មិនធ្លោយខ្លួនដួលព្រោះស្រ្តី? មួយទៀតនរណាជាទីស្រលាញ់នៃព្រះរាជា? ក្នុងលោកនេះ នរណាមានអំណាចខ្លាំង មិនចូលទៅក្នុងកណ្តាប់ដៃនៃព្រះកាល? នរណាជាអ្នកសូមទានហើយបានដល់ក្តីគោរពដ៏ខ្ពង់ខ្ពស់? មួយវិញទៀតនរណាដែលធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃទុរជនហើយបានត្រលប់ជាបុរសបរិបូណ៌ដោយក្តីក្សេមក្សាន្ត?។សញ្ជីវកៈសួរដោយងឿងឆ្ងល់ថា «បងសំលាញ់អើយ! បងនិយាយនេះតើចង់ថាដូចម្តេច?»។ ចចកទមនកៈឆ្លើយប្រាប់ថា៖ «ចុះអោយខ្ញុំ ជាបុគ្គលមានបុណ្យតិច សក្តិតូចប្រាប់ដូចម្តេចទៅទៀតចូរមើល! លោកថា៖
១៥៤ - ខ្លួនខ្ញុំនេះ ដូចជាបុគ្គលលិចលង់ក្នុងមហាសមុទ្រ មានតែពស់កាចសំរាប់ តោង និងលែងក៏មិនកើតនឹងប្រតោងកាន់ពស់ទៅទៀតក៏មិនកើត ពេលនេះលំបាកចិត្តខ្វល់គំនិតខូចអស់ហើយដូចអ្នកតោងពស់ដូច្នោះអែង។
១៥៥ - មួយចំណែក ក្តីស្និទ្ធស្នាលចំពោះព្រះរាជា វិនាសអស់ហើយ មួយចំណែកទៀត ក្តីស្និទ្ធស្នាលចំពោះញាតិសន្តាន ក៏វិនាសដែរ អោយរូបខ្ញុំធ្វើដូចម្តេច?អោយ រូបខ្ញុំទៅអែណា ខ្លួនខ្ញុំដូចជាធ្លាក់ក្នុងកណ្តាលសមុទ្រសាគរ គឺក្តីទុក្ខស្រេចទៅហើយ។ ចចកនិយាយបណ្តើរដកដង្ហើមធំឃូរវែងៗបណ្តើរ ហើយអង្គុយធ្វើមុខក្រៀមផ្អេះ។ សញ្ជីវកៈអង្វរសួរថា «បងសំលាញ់! ចូរបងប្រាប់អោយជាក់លាក់មកមើល! ក្នុងចិត្តបងតើមានគិតអ្វីខ្លះ?»។ ចចកធ្វើអាការហាក់ដូចជាតូចចិត្តណាស់ អោនទៅជិតត្រចៀកហើយនិយាយខ្សឹបបន្តិចៗប្រាប់គោថា «មែនពិត បើតាមក្តីសិ្នទ្ធស្នាលចំពោះព្រះរាជា ខ្ញុំមិនគួរយករឿងអាថិកំបាំងព្រះអង្គមកនិយាយបរិហារអោយគេអែងដឹងលឺទេ តែដូចរូបបងខ្ញុំនឹងលាក់លៀមមិនកើតព្រោះបងបាននៅក្នុងទីនេះក៏ដោយសារខ្លួនខ្ញុំនាំមកដែរ អែខ្ញុំក៏ចង់បានអានិសង្សទៅកើតក្នុងឋានសួគ៌គួរតែស្រាយអាថ៌កំបាំងជាប្រយោជន៍ប្រាប់អោយដឹងមុន សូមបងស្តាប់មើល! ម្ចាស់យើងប្រែចិត្តចេញពីបងហើយ បាននិយាយរហស្យការប្រាប់ខ្ញុំដោយសំងាត់ថា «អញបំរុងនឹងសម្លាប់សញ្ជីវកៈយកសាច់ស៊ីនិងចែកចាយបរិវារអោយស៊ីចំអែតផ្ទៃហើយ» សញ្ជីវកៈបានស្តាប់ពាក្យនេះហើយ ធ្លាក់ទឹកមុខជ្រុបតូចចិត្តក្រៀមក្រំដំអោរា។ ចចកធ្វើលួងលោមនិយាយរំលឹកថា «ណ្ហើយបងសំលាញ់! កុំកើតទុក្ខតូចចិត្តធ្វើអ្វី ធ្វើម្តេចសំណាងយើងត្រូវតែត្រិះរិះពិចារណារកអុបាយកែខៃតាមការគួរ កាលបើមានគ្រោះកាចចង្រៃធ្លាក់មកដល់»។ គោសញ្ជីវកៈត្រិះរិះមើលមួយស្របក់ហើយ យល់សេចក្តីផ្សេងតែម្នាក់អែងថា «កិច្ចការដូច្នេះក៏អាចកើតមានដែរ តែពាក្យនេះទំនងជាអាកប្បកិរិយាចចកទុរជន រឺមិនមែនទេដឹង? ដំណើរនេះនរណាក៏មិនគប្បី អាចនឹងយល់សេចក្តីចំពោះអំពើដូច្នោះបានឡើយ ព្រោះថា៖
១៥៦ -ដោយច្រើន នារីទាំងឡាយតែងចូលចិត្តសេពគប់ទុរជន ព្រះរាជាតែងសព្វ ព្រះទ័យអាមាត្យមិនមានគុណសម្បត្តិ ទ្រព្យសម្បត្តិតែងហូរទៅរកតែជនកំណាញ់ អែភ្លៀងតែងបង្អុរចុះតែលើភ្នំ និង មហាសមុទ្រ។១៥៧ -ជនអសប្បុរស តែងទទួលរស្មីសោភាដែលផ្សាយចេញពីគុណសម្បត្តិនៃ អភិជនដែលខ្លួនអាស្រ័យនៅដូចអញ្ជនៈ(ជ័រពណ៌ខ្មៅសំរាប់លាបរោមចិញ្ចើមអោយខ្មៅរលោងស្រិល)ខ្មៅក្រខ្វក់ពីកំណើត កាលបើទៅឋិតលើរោមចិញ្ចើមនៃស្រ្តីល្អហើយ ក៏ត្រលប់ជារបស់រុងរឿង»។ (ហិតោបទេស សេចក្តីប្រែរបស់លោកឡង់សឺរូ និងភាសាសៀមរបស់លោកនាគប្រទីបមានគាថា លើសដូច្នោះគឺ ព្រះលក្សមីតែងប្រទានកិត្តិយសចំពោះតែជនថោកទាបព្រះសូរ សួស្តីតែងប្រោសប្រាណចំពោះតែជនសក្តិតូច នារីតែងស្រលាញ់ពេញចិត្តចំពោះតែទុរជន អែព្រះអិន្ទ(ម្ចាស់ភ្លៀង) តែងបង្អុរភ្លៀងតែលើកំពូលភ្នំ)គោសញ្ជីវកៈត្រិះរិះគិតមើលសារចុះសារឡើង មួយស្របក់ហើយពោលថា «អនិច្ចាអោកម្មអាក្រក់ចង្រៃ! ចុះហេតុដែលនាំអោយវិបត្តិនេះកើតមកពីណាអេះ!ព្រោះថា៖
១៥៨ -ព្រះនរបតី សូម្បីអាមាត្យប្រតិបត្តិការដោយប្រយ័ត្នប្រែយងដ៏ក្រៃលែង ក៏មិនសព្វព្រះទ័យត្រេកអរប៉ុន្មានតែរឿងនេះនឹងទុកថាប្លែកដូចម្តេចកើត? អែអាមាត្យណានិមួយដែលគោរពភក្តីដោយល្អហើយក៏ត្រលប់បានភាពជាសត្រូវវិញនេះ ទើបហៅថាប្លែកអស្ចារ្យមែន។ ដំណើរនេះ នរជនណាមួយក៏មិនគប្បីអាចយល់សេចក្តីបានងាយទេព្រោះថា៖
១៥៩ - មែនពិត នរជនណាកាន់យកហេតុណាមួយជានិមិត្តហើយទើបក្រេវក្រោធ នរជននោះ កាលបើកំចាត់បង់ហេតុនោះបានហើយនឹងបាត់ក្រេវក្រោធហើយ កើតក្តីជ្រះថ្លាភ្លាម បើចិត្តនរជនណា ក្រេវក្រោធស្អប់ដោយមិនមានហេតុធ្វើដូចម្តេចហ្ន៎ នឹងញ៉ាំងចិត្តនរជននោះអោយស្ងប់ហើយអោយត្រេកអរបាន?។អាត្មាអញធ្វើអំពើអ្វីខ្លះក្បត់ព្រះរាជា? រឺមួយព្រះរាជាទ្រង់ក្រេវក្រោធដោយព្រះទ័យអាក្រក់ប្រាសចាកហេតុផល?»។ ចចកទមនកៈ ឆ្លើយស្របតបវិញថា «អើ!រឿងនេះ ក៏អាចកើតមានយ៉ាងនេះបានដែរ ចូរបងស្តាប់សុភាសិតនេះតទៅ៖
១៦០ - អាមាត្យខ្លះជាអ្នកប្រាជ្ញ ជាអ្នកស្វាមីភក្តិស្និទ្ធស្នេហាធ្វើអុត្តមប្រយោជន៍ចំពោះព្រះរាជាពិតៗ ត្រលប់ជាបានក្តីស្អប់ខ្ពើមវិញក៏មាន អាមាត្យខ្លះទៀតក្បត់ព្រះរាជាដោយប្រច័ក្សលាំងៗ ត្រលប់ជាបានមេត្រីទៅវិញក៏មាន អោចរិតនៃព្រះរាជា ជាទីជ្រកកោននៃជននេះប្លែកអស្ចារ្យច្រើនប្រការអ្វីម្លេះហ្ន៎! សេវាធម៌ (នាទីនៃអាមាត្យ)នេះមានប្រស្នារញ៉ិករញ៉ុកសាំញ៉ាំស្នុកស្មាញណាស់ សូម្បីព្រះយោគី មានរិទ្ធិ ក៏មិនអាចប្រតិបត្តិអោយល្អបរិបូណ៌បានឡើយ។
១៦១ - ធ្វើគុណដល់អសប្បុរស១០០ដង មិនបានផល និយាយពាក្យសុភាសិតដល់មនុស្សល្ងង់១០០ដងអិតអំពើ និយាយពាក្យពិរោះដល់មនុស្សគ ១០០ដង អិតប្រយោជន៍ ប្រើអុបាយប្រាជ្ញា១០០ដង ចំពោះជនអិតការត្រិះរិះពិចារណាក៏មិនបានការ។
១៦២ - នៅលើដើមចន្ទន៍ មានពស់ នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូក មានក្រពើ នៅក្នុងភោគទ្រព្យ មានជនពាលជាអ្នករុកកួនឈ្នានីស ក្នុងលោកនេះ សេចក្តីសុខ ប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះឡើយ។
១៦៣ - នៅគល់ដើមចន្ទន៍ មានអសិរពិស នៅផ្កាចន្ទន៍ មានមេឃ្មុំកាច នៅមែកចន្ទន៍ មានពានរ នៅចុងដើមចន្ទន៍មានខ្លាឃ្មុំ ដូច្នេះនៅដើមចន្ទន៍ទាំងមូល អិតមានផ្នែកត្រង់ណា ដែលមិនមានសត្រូវចង្រៃអាក្រក់អាស្រ័យនៅទេ។ស្តេចយើងខ្ញុំស្គាស់លក្ខណៈគ្រប់ ព្រះបន្ទូលពិរោះផ្អែមដូចទឹកឃ្មុំ តែព្រះទ័យ ពេញពោរដោយពិសពុល ព្រោះថា៖
១៦៤ - ហុចដៃបក់ហៅពីចំងាយ ភ្នែកក្រលេកមើលដោយអាការស្រលាញ់ពេញចិត្ត ហៅអោយអង្គុយអសនៈរួមជាមួយពាក់កណ្តាលម្នាក់ លូកដៃទៅត្រកងអោបដោយក្តីស្នេហា សំដែងការអើពើចៅរ៉ៅសាកសួរដោយវាចាជាទីស្រលាញ់ពេញចិត្ត តែខាងក្នុងចិត្តពេញដោយពិសពុល ខាងក្រៅ ទឹកសំដីផ្អែមដូចទឹកឃ្មុំ ស្ទាត់ជំនាញក្នុងកលោបាយឆបោក (នយោបាយ) អុនាដកវិធី (វិធីអ្នករាំ កិច្ចកលអុបាយអ្នករាំ) បែបថ្មីអ្វីនេះ ពួកទុរជនសិក្សា យកមកប្រើជាល្បែងបានហ្ន៎?។
១៦៥ - សំពៅ គេសាងសំរាប់ឆ្លងសមុទ្រសាគរ ដែលគេឆ្លងបានដោយក្រ ប្រទីបគេសាងសំរាប់អុជទ្រោលបំភ្លឺក្នុងពេលងងឹតអន្ធការ វិជនី គេធ្វើសំរាប់បក់ក្នុងពេលមិនមានខ្យល់ កង្វេរ គេធ្វើសំរាប់ហ្វឹកហ្វឺនដំរីកាចទ្រនង់ងងឹតមុខដោយចុះប្រេង ដូច្នេះនៅលើភូតលនេះ មានរបស់អ្វីមួយដែលអ្នកកសាងលោកមិនបានកសាង ទុកអោយជាអុបាយចិន្តា(អុបាយខាងផ្លូវគំនិតត្រិះរិះពិចារណា នាំអោយយល់សេចក្តី រីអោយយល់កិច្ចការផងទាំងពួងអិតចន្លោះ) ខ្ញុំជឿជាក់ច្បាស់ថា សូម្បីព្រះព្រហ្មដែលបង្កើតលោក ក៏ទំលាក់កំលាំងព្យាយាមចោល ក្នុងការទូន្មានប្រៀនប្រដៅសន្តានមនុស្សទុរជន។
គោសញ្ជីវកៈព្រួយបារម្ភតានតឹងក្នុងចិត្តស្ទើរប្រេះទ្រូង ដកដង្ហើមធំឃូរៗវែងៗគិតថា «អោកម្មអាត្មាអញអើយ អ្វីក៏អាក្រក់ម្លេះហ្ន៎? អាត្មាអញស៊ីតែសន្ទូងជាភក្សាហារ ហេតុអ្វីក៏លោកមកចោទប្រកាន់ហើយប្រាថ្នាសំលាប់ចោលបង់សៀតដូច្នេះហ្ន៎? ព្រោះថា៖
គោសញ្ជីវកៈព្រួយបារម្ភតានតឹងក្នុងចិត្តស្ទើរប្រេះទ្រូង ដកដង្ហើមធំឃូរៗវែងៗគិតថា «អោកម្មអាត្មាអញអើយ អ្វីក៏អាក្រក់ម្លេះហ្ន៎? អាត្មាអញស៊ីតែសន្ទូងជាភក្សាហារ ហេតុអ្វីក៏លោកមកចោទប្រកាន់ហើយប្រាថ្នាសំលាប់ចោលបង់សៀតដូច្នេះហ្ន៎? ព្រោះថា៖
១៦៦ - ជនពីរផ្នែកណា មានទ្រព្យស្មើគ្នា មានកំលាំងស្មើគ្នាជនពីរផ្នែកនោះ ទើបបរិវាទច្បាំងគ្នាបាន ចុះបើមួយផ្នែកមានអំណាចខ្ពង់ខ្ពស់ មួយផ្នែកទៀតថោកទាប អិតអំណាចសោះនាំអោយកើតវិវាទច្បាំងគ្នាបានខ្លះទេហៈ?។សញ្ជីវកៈជញ្ជឹងគិតហើយគិតទៀតថា «នរណាហ្ន៎ ញុះញង់ស្តេចបិង្គលកៈអោយក្រេវក្រោធ ហើយអោយគុំគួនរករឿងប៉ងសំលាប់អាត្មាអញដូច្នេះ? អាត្មាអញគិតពុំយល់ហេតុនេះសោះ។ បើលោកម្ចាស់ក្រេវក្រោធ ហើយប្រាថ្នានឹងបំផ្លេចបំផ្លាញអាត្មាអញមែន រឿងនេះគួរភ័យជានិច្ចមែន ព្រោះថា៖
១៦៧ -កាលណាក៏ដោយ ព្រះទ័យព្រះភូមិបាលដែលមន្រ្តីព្រះអង្គបំបែកអោយបែកហើយ តវិញមិនជាប់ទេ ដូចកងដៃជាវិការនៃកែវ ផលិតដែលជនអោយបែកហើយ ជនណាហ្ន៎ មានអំណាចអាចតអោយជាប់ដូចដើមវិញបាន?។
១៦៨ -ហេតុដែលគួរអោយភ័យខ្លាចមានពីរប្រការគឺ អស់និបាតនិងតេជានុភាពព្រះរាជា តែអស់និបាត ធ្លាក់តែមួយកន្លែង អែតេជានុភាពព្រះរាជាធ្លាក់នៅជុំវិញខ្លួនយើង។ ក្នុងករណីបែបនេះ ថាបើត្រូវស្លាប់ ស្លាប់ក្នុងសង្រ្គាមប្រសើរជាជាងអិលូវនេះ មកស្លាប់ដោយប្រើអាជ្ញាយ៉ាងនេះមិនល្អមើលសោះ ព្រោះថា៖
១៦៩ -ស្លាប់ហើយបានកើតក្នុងឋានសួគ៌១ សំលាប់សត្រូវហើយបានសេចក្តីសុខ១ ធម៌២ប្រការនេះអែង ជាធម៌មានគុណប្រសើរបំផុត គេធ្វើបានដោយក្រក្រៃលែង មានតែបុរសមានចិត្តក្លៀវក្លាទាំងឡាយទេ ទើបអាចធ្វើបាន។ពេលនេះ ជាកាលតយុទ្ធគ្នាទៅហើយ នឹងដកថយវិញក៏មិនកើត។
១៧០ -ក្នុងកាលណា បើមិនច្បាំងក៏ទៀងតែស្លាប់ បើច្បាំងមានផ្លូវរួចជីវិតបានក្នុង កាលនោះ ពួកអ្នកប្រាជ្ញតែងសំរេចសេចក្តីថា «ត្រូវច្បាំងតយុទ្ធពិតប្រាកដ»។
១៧១ - ថាបើក្នុងកាលណា អ្នកប្រាជ្ញមើលមិនឃើញផ្លូវអ្វីមួយដទៃក្រៅពីការច្បាំងតយុទ្ធទេ ក្នុងកាលនោះលោកយល់ថាត្រូវតែធ្វើសង្រ្គាមស៊ូស្លាប់ក្នុងដៃសត្រូវ។
១៧២ -បើមានជ័យត្រូវបានទ្រព្យសម្បត្តិ បើបែរជាស្លាប់វិញ ក៏ត្រូវបានជាភស្តា ស្រីទេពអប្សរបវរកញ្ញា កាយយើងនេះជារបស់ត្រូវបែកធ្លាយទៅក្នុងមួយខណៈ ហេតុអ្វីក៏ញញើតញញើមមិនហ៊ានស្លាប់ក្នុងរណរង្គ?»។គោសញ្ជីវកៈគិតយ៉ាងនេះរួចហើយ បែរទៅនិយាយប្រាប់ចចកថា «នែសំលាញ់ ធ្វើដូចម្តេចនឹងដឹងថា បិង្គលកៈចង់សំលាប់ខ្ញុំ»។ ចចកទមនកៈឆ្លើយប្រាប់ថា កាលណាបិង្គលកនេះចងចិញ្ចើមមាំសំលឹងមើលបងអែងដោយភ្នែកមុតកងកន្ទុយឆ្កែលាក់ក្រញាំក្រចក ហាមាត់បញ្ចេញចង្កូមគួរសំបើម កាលនោះបងត្រូវសំដែងក្តីអង់ អាចហៅហ៊ានតស៊ូសីហៈវិញ ព្រោះថា៖
១៧៣ នរជន សូម្បីមានកំលាំង តែអិតតេជៈ បើដូច្នេះម្តេចក៏មិនមានទំនងអោយគេមើលងាយ? ចូរមើល! អ្នកភ្លើងមនុស្សលោកហ៊ានជាន់ក្រោមបាទជើងអិតកោតញញើតទេ។
ទោះយ៉ាងណាក៏ដោយ រឿងទាំងអស់នេះត្រូវលាក់បំបិទបំបាំងអោយជិតកុំអោយលឺសាយភាយឡើយ បើមិនដូច្នោះទេខ្លួនបងរឺខ្លួនខ្ញុំត្រូវវិនាសអន្តកានមិនខានឡើយ។ ទមនកៈនិយាយបង្ការស្កាត់ផ្លូវយ៉ាងនេះរួចស្រេចហើយដើរចេញទៅរកជួបចចកករដកៈ។ ចចកករដកៈឃើញទមនកៈមកដល់ស្រែកសួរថា! «ម៉េចទៅបង អើយ! ការនោះសំរេចហើយរឺនៅ!» ចចកទមនកៈឆ្លើយប្រាប់មកវិញថា «សំរេច ហើយវើយ! វាទាំងពីរនាក់នោះបែកបាក់គ្នាស្រលះហើយ»។ ចចកករដកៈសួរបញ្ជាក់ទៀតថា «រឿងនេះមានកិច្ចការអ្វីសង្ស័យគួរនាំអោយទាក់ទាមទៀតទេ?ព្រោះថា៖
ទោះយ៉ាងណាក៏ដោយ រឿងទាំងអស់នេះត្រូវលាក់បំបិទបំបាំងអោយជិតកុំអោយលឺសាយភាយឡើយ បើមិនដូច្នោះទេខ្លួនបងរឺខ្លួនខ្ញុំត្រូវវិនាសអន្តកានមិនខានឡើយ។ ទមនកៈនិយាយបង្ការស្កាត់ផ្លូវយ៉ាងនេះរួចស្រេចហើយដើរចេញទៅរកជួបចចកករដកៈ។ ចចកករដកៈឃើញទមនកៈមកដល់ស្រែកសួរថា! «ម៉េចទៅបង អើយ! ការនោះសំរេចហើយរឺនៅ!» ចចកទមនកៈឆ្លើយប្រាប់មកវិញថា «សំរេច ហើយវើយ! វាទាំងពីរនាក់នោះបែកបាក់គ្នាស្រលះហើយ»។ ចចកករដកៈសួរបញ្ជាក់ទៀតថា «រឿងនេះមានកិច្ចការអ្វីសង្ស័យគួរនាំអោយទាក់ទាមទៀតទេ?ព្រោះថា៖
១៧៤ - នរណាហ្ន៎ ចង់ចងពន្ធជាមួយមនុស្សទុរជន? នរណាហ្ន៎មិនក្នាញ់បើមានគេសូមញយៗ? នរណាហ្ន៎បានទ្រព្យច្រើនហើយមិនរីករាយ? នរណាហ្ន៎ ជាបណ្ឌិតមិនចាញ់កលក្នុងវិធីទុច្ចរិត?។
១៧៥ - ជនពាលប៉ិនកល អាចញ៉ាំងនរជនដែលមានសិរីអោយប្រព្រឹត្តអាក្រក់បាន ព្រោះមានបំណងចង់ចំរើនបានប្រយោជន៍ខ្លួន ការសេពគប់ជនពាលប៉ិនកលនេះ មិនទុកដូចជាការលេងជាមួយភ្លើងរឺអ្វី»។លំដាប់នោះ ចចកទមនកៈដើរទៅជួបបិង្គលកៈ ហើយនិយាយប្រាប់ថា «ទេវ! អិលូវនេះ អាគោចង្រៃទុរយសចិត្តអាក្រក់វាមកហើយ សូមលោកម្ចាស់រៀបចំត្រៀមខ្លួនទុកអោយស្រេច» និយាយដាស់តឿនដូច្នេះហើយ បង្គាប់អោយសីហៈបញ្ចេញ ចង្កូមដូចបានពោលខាងដើម។ មិនយូរប៉ុន្មាន គោសញ្ជីវកៈដើរចូលមកដល់ឃើញ សីហៈរៀបចំខ្លួនស្រេចដូចចចកប្រាប់ ក៏ចូលទៅប្រយុទ្ធជាញជ័យ។ កាលនោះអែង កើតសង្រ្គាមធំរវាងសីហៈ និងគោសញ្ជីវកៈយ៉ាងសំបើមអស្ចារ្យ បិង្គលកៈប្រហារ សញ្ជីវកៈដល់ក្តីស្លាប់ទៅហោង។ កាលធ្វើសង្រ្គាមជាញជ័យសំលាប់គោជាសេវកាមាត្យល្អរួចហើយ សីហៈទើបដឹងខ្លួនថាចាញ់កលចចក កើតសោកសៅសែនស្លុតចិត្តបន្លឺវាចាថា «អនិច្ចាអាត្មាអញមិនគួរមកធ្វើអំពើទារុណកម្មដូច្នេះសោះព្រោះថា
១៧៦ - រាជ្យខ្លួនអែង នៅក្នុងកណ្តាប់ដៃស្តេចដទៃគ្រប់គ្រង ទុកដូចជាភាជនៈសំរាប់ត្រងនូវបាបអប្បមង្គល ព្រះរាជាប្រព្រឹត្តល្មើសច្បាប់ ដូចសីហៈសំលាប់ដំរី (សីហៈសំលាប់ដំរី ទោសធ្លាក់មកលើសីហៈ ព្រោះសាច់ឆ្អឹងដំរីត្រូវបានទៅជាអាហារសត្វដទៃ)។
១៧៧ - ត្រូវអោយវិនាសភាគផែនដីខ្លះ រឺក៏ត្រូវអោយវិនាសអាមាត្យដែលមានគុណសម្បត្តិ និងប្រាជ្ញា? ការវិនាសអាមាត្យទុកដូចជាមរណៈនព្រៃះរាជាទាំងឡាយ អែការវិនាសភោគផែនដី គេអាចដណ្តើមយកមកវិញបាន មិនមែនដូចខូចខាតអាមាត្យឡើយ។ចចកទមនកៈនិយាយកត់ឡើងថា «លោកម្ចាស់! នេះជាវិធីពិចារណាបែបថ្មីដូចម្តេច? ហេតុអ្វីលោកមកសោកស្តាយសត្រូវដែលលោកសំលាប់ដូច្នេះ ព្រោះថា៖
១៧៨ - នរជនដែលធ្វើអន្តរាយដល់ជីវិត ទោះជាបិតារឺជាបងក្តី ពុំនោះជាបុត្រ រឺជាមិត្រសំលាញ់ក្តី ព្រះរាជាប្រាថ្នាសេចក្តីចំរើនត្រូវតែសំលាប់ចោលបង់។
១៧៩ - នរជនអ្នកស្គាល់សភាពពិតនៃព្រះធម៌ ប្រយោជន៍ និងកាម មិនគួរមានករុណាតែមួយចំណែកទេ ព្រោះថានរជនដែលមានតែចិត្តអត់ធន មិនអាចស៊ីបាយ ដែលឋិតនៅក្នុងកណ្តាប់ដៃខ្លួនឡើយ។
១៨០ - ការអត់អោនអោយចំពោះសត្រូវ រឺមិត្ត ជាគ្រឿងលំអរនៃអ្នកប្រាជ្ញដែលបំពេញព្រឹត្តិពិតមែនហើយ តែការអត់អោនចំពោះសត្វដែលមានកំហុសនេះ ត្រលប់ជាគ្រឿងប្រទូស្តនៃព្រះរាជាទាំងឡាយវិញទេ។
១៨១ - នរជនណា ចង់សំលាប់ម្ចាស់ដោយល្មោភចង់បានរាជ្យ រឺដោយការមើលងាយគំនិត ទោសនរជននោះ បើអោយសមតាមកំហុសមានតែបទមួយទេ គឺការប្រហារជីវិត មិនមែនប្រការដទៃទៀតឡើយ។
១៨២ - ព្រះរាជាមានសេចក្តីអាណិតហួសមាត្រ ព្រាហ្មណ៍បរិភោគសាច់សត្វសព្វមិនចន្លោះ ភរិយាមិននៅក្នុងអោវាទ មិត្តមាននិស្ស័យប៉ងធ្វើសេចក្តីអន្តរាយ អ្នកបំរើរឹងទទឹង ភ្នាក់ងារធ្វេសប្រហែស និងមនុស្សអកតញ្ញូ នរជនគួរលះបង់ជនអស់នេះចោលអោយស្រលះចេញ។ លោកពោលសេចក្តីវិសេសតទៅទៀតថា៖
១៨៣ - រាជនិតិ មានការផ្លាស់ប្តូររូបអនេក ដូចកលមាយាស្រីមានរូបល្អ គឺថាត្រង់តាមសេចក្តីពិតខ្លះ ពោលពាក្យរឹងរូស រឺក៏ជាទីស្រលាញ់ខ្លះ ធ្វើកាចឃោរឃៅ ពុំនោះធ្វើអាណិតអាសូរខ្លះ កំណាញ់ស្វិតស្វាញ ពុំនោះសោតទូលាយជួយទ្រព្យជាដើមទុនខ្លះ ចំណាយទ្រព្យជានិច្ចពុំនោះសោតទៀត ប្រមូលកៀរគររតនវត្ថុ និង ទ្រព្យសម្បត្តិអោយច្រើនខ្លះ។លុះចចកទមនកៈមេប្រាជ្ញមេខិល ពោលវាចាលួងដោយទឹកប្រយោគសំដី ប្រាប់ក្តី ហេតុផលអោយស្ងប់ក្សេមក្សាន្តហើយ បិង្គលកៈត្រលប់តាំងខ្លួនដូចធម្មតាដើម ចូលទៅឋិតនៅលើរាជបល្លង្គសីហសនៈវិញ។ ទមនកៈប្រកបតាមក្តីប្រាថ្នាហើយ មានចិត្តរីករាយសប្បាយក្រៃលែង ស្រែកអោយសព្ទសាធុការពរដល់ស្តេចចតុប្បាទថា៖ «បពិត្រមហារាជ សូមព្រះអង្គមានជ័យសិរីមង្គលគ្រប់ប្រការ សូមសុភមង្គល ផ្តល់ក្តីសុខចំរើនដល់សព្វសត្វក្នុងសាកល ពិភពផ្ទៃក្រោមតទៅ!» ចចកជូនពររួចហើយចូលទៅកាន់ទីឋានខ្លួន សុខសប្បាយដូចប្រក្រតីដើមហោង។កាលនោះ មហាបណ្ឌិតវិស្ណុសម៌ន៍ ក្រាបបង្គំទូលព្រះរាជបុត្រទាំងឡាយមុនបញ្ចប់ថា «ការបំបែកមិត្តនេះ ដែលទ្រង់ទាំងឡាយបានត្រងត្រាប់ស្តាប់តាំងពីដើមដល់ចុង សន្មតថាចប់អស់អាថិសេចក្តីត្រឹមប៉ុណ្ណេះហើយ។ ព្រះរាជបុត្រទាំងឡាយត្រាស់តបវិញថា «យើងខ្ញុំទាំងអស់គ្នា បានស្តាប់កថាវិចិត្រដោយក្តីជ្រះថ្លាក្រៃលែង បានក្តី សុខកាយសប្បាយចិត្តអិតអុបមា»។ មហាបណ្ឌិតវិស្ណុសមន៍ក្រាបទូលបញ្ជាក់ថា «សូមទ្រង់គ្រប់ព្រះអង្គ បានប្រកបដោយពរនេះតទៅ៖
១៨៤ សូមអោយការបំបែកមិត្រនេះ មានចំពោះតែទីលំនៅសត្រូវរបស់ទ្រង់ទាំងឡាយចុះ ទុរជនខិលខូចចិត្តអាក្រក់សាមាន្យ សូមព្រះកាលចាប់កាច់កបំផ្លេចបំផ្លាញ នាំយកទៅកាន់ទីវិនាសហិនហោចខ្លោចផ្សាអស់រលីងរាល់ៗថ្ងៃកុំបីខាន សូមមហាជនតាំងនៅដោយការបរិបូណ៌ព្រមដោយសេចក្តីសុខចំរើនគ្រប់ប្រការ ជាអនេក អនន្តអស់កាលជានិច្ចនិរន្តរ៍ និងសូមកុលបុត្រយុវជនទាំងឡាយ មានចិត្តរីករាយ ជ្រះថ្លាចំពោះមធុរកថាជាទីមនោរម្យក្នុងលោកនេះគ្រប់ទិនទិវារាត្រីទៅហោង។
ការបំបែកមិត្ត កថាទី១
ការបំបែកមិត្ត កថាទី១
កថាសង្រ្គោះទី២ ឈ្មោះការបំបែកមិត្ត មានមកក្នុងហិតោបទេសចប់តែប៉ុណ្ណេះ
ប្រភពឯកសារ៖ http://khmerbasak.blogspot.com/2010/07/blog-post_06.html
0 ការពិគ្រោះ:
Post a Comment