Social Icons

ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ

ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេង​ដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យ​ចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយងាយ​ដល់​ការ​លេង​ ល្បែងនេះតែអាច លេងនៅតាមភូមិក៏បាន បើប្រសិន​ជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។សមាសភាពនៃអ្នកលេង ល្បែង​នេះ​ គេចែក​មនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែល​គេរកគ្នា​បានប៉ុន្មាន ក៏លេងប៉ុណ្ណោះតែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុស​ៗ​នៅម្ខាងហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាង​ស្រីអោយ​មាន​ចំនួនច្រើន​លើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយកពួរធ្វើពី​ជក់ដូង​ជា​ព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញ​ដំបូង។របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រ​គឺប្រុសកាន់ចុងម្ខាង​ស្រីកាន់ចុង​ម្ខាង ហើយ​​អោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រត្រង់កន្លែង​ដែល​ពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំង​ខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គង​ម៉ង់​ រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែក​ឡើង​ព្រម​គ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុង​ទាញ​ព្រ័ត្រ​ទាំងប៉ុន្មានជួយ​ស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញ​ប្រុងយកជ័យ​ជំនះ​តែរៀង​ខ្លួន។ ក្នុងពេលពួកអ្នក​ទាញព្រ័ត្រ កំពុងតែខំប្រឹងទាញអ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះ​តែ​បញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់​ឃើញ​ឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើង​ទៅ​ទើប​ឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាង​ណាចាញ់ហើយ គេចាប់ផ្ដើម​លេង​សារ​ជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀង​ៗខ្លួនទើបឈប់។​ល្បែងនេះចាត់ទុក​ជាការហាត់កំលាំង ហាត់​ប្រាណ​អោយរាងកាយមានកំលាំងមានសុខភាពល្អ។

0 ការពិគ្រោះ:

Post a Comment

Booking.com