Social Icons

ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង សំរាប់ ជាទី​កំសាន្ដ​សប្បាយ​នៅពេលរាត្រី ខែភ្លឺ ក្នុងរដូវចូលឆ្នាំ រឺនៅពេលជា ចន្លោះការ ហត់ នឿយម្ដងៗ។ មុនដំបូងពួក​ក្មេង​ៗ គេ បបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយ ច្រហោង ដំកងជាវង់មូល​ដាក់ដៃ​ទាំងពីរ​ទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជា ទីស្រលះរាបស្មើល្អ។ ហើយគេយក​កន្សែង​រឺ​ក្រមាតូច​ មួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អទុកជាយ បន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មាន​ម្នាក់​ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយ​ខ្នង​អ្នក​​​​អង្គុយ បញ្ឆោតអ្នកអង្គុយមិនអោយដឹងខ្លួនថាគេលាក់ កន្សែងក្រោយខ្នងអ្នក​ណា។ល្បែងនេះ​មាន​ ត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូក ដៃទៅក្រោយក បើអ្នកណាហានងាក​រឺលូក​ស្ទាប​ខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្ម អ្នកនោះ មិនអោយឡើងលាក់​កន្សែង​រឺគេ​អោយ​អ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោស យ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយមើលអ្នកណាអង្គុយបែប ភ្លេចខ្លួនគេដាក់កន្សែង​ក្រោយខ្នងអ្នក​នោះ​​ ភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើម្បីអោយឆាប់ មកដល់កន្លែងកន្សែងដែលគេ​ដាក់នោះ​។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀត​ចាប់​យក​កន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅ​គក់​ខ្នង​អ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់​កន្សែង​ចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់ មកដល់ គេទុកអ្នកអង្គុយ​នោះជា​អ្នក​ឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែ បើអ្នកនោះរត់ទៅដល់​កន្លែង​ចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេត្រូវរត់ក្រលឹង អ្នកអង្គុយដំកង​ដើម្បីនឹង​លាក់​តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបាន ក្នុងវង់ដដែល។ គេលេង​របៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់ កន្សែងនឹងគេម្ដង​សោះ​ក៏​មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបាន រាល់ពេល។ ល្បែងនេះគេ​លេង​ដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញា វាងវៃហាត់ទំលាប់ខ្លួន​អោយ​ចេះ​ប្រុងស្មារតីជានិច្ច។

0 ការពិគ្រោះ:

Post a Comment

Booking.com