កថាទី៧
រឿងភរិយាគោបាល និងសាយហាយពីរនាក់
នៅក្នុងបុរីទ្វារាវតី មានស្រ្តីម្នាក់ជាភរិយាគោបាល ជាស្រ្តីចិត្តចើករហីររហាយ ទៅចងចិត្តរីករាយដោយផ្លូវកាមលោកិយ និងមន្រ្តីកាន់ការជាទណ្ឌនាយក (មេតំរួត មេនគរបាល) ព្រមទាំងបុត្រកំលោះគាត់ផងនៅក្នុងក្រុងនោះ ព្រោះថា៖
១១៥ - ភ្លើងតែងមិនឆ្អែតដោយអង្កត់អុសទាំងឡាយ មហាសមុទ្រតែងមិនឆ្អែត ដោយទឹកស្ទឹងទាំងឡាយ ម្រឹត្យុតែងមិនឆ្អែតដោយសព្វសត្វទាំងឡាយ អែស្រ្តីមានរូបល្អតែងមិនឆ្អែតដោយប្រុសទាំងឡាយ។
១១៦ - ដោយការអោយរង្វាន់ក៏មិនបាន ដោយការយកចិត្តក៏មិនបាន ដោយការប្រើអាវុធបង្ខំក៏មិនបាន រឺដោយការប្រើច្បាប់ចរិយាបង្គាប់ក៏មិនបាន ដោយពិតស្រ្តីភាព គឺគេទូន្មានមិនងាយបានដោយប្រការទាំងពួង។
១១៧ ស្រ្តីភាព ចិត្តដាច់ណាស់ អាចលះបង់ប្តីដែលមានគុណប្រសើរ មានកិត្តិយស មានរូបល្អជាទីពេញចិត្ត ឆ្លាតក្នុងកាមវិធី មានទ្រព្យសម្បត្តិច្រើន រឺនៅក្មេងស្រលាងចោលភ្លាមមួយរំពេច ហើយរត់ទៅរើសរកប្រុសគំរក់តាមថ្នាល់ដែលអិតគុណ និងចរិយា។
១១៨ - ពិតប្រាកដណាស់! នារី សូម្បីដេកទេនសយនារចនាដ៏វិចិត្រប្រណិតគួរជាទីមនោរម្យ ក៏មិនគាប់ចិត្តស្អិតស្មើដោយក្តីភ្លើតភ្លើនរួមខ្នើយដោយប្រុសប្តីគេ ជាគូស្នេហាថ្មីប្លែកមុខ យកផែនដីជាគ្រែក្រាលដោយស្មៅក្រៀមក្រោះជាកន្ទេល។ថ្ងៃមួយ ភរិយាគោបាលនោះ អង្គុយប្រលែងលេងជាទីរីករាយជាមួយ និងបុត្រទណ្ឌនាយកដោយកាមតណ្ហា។ កំពុងតែរីករាយដោយក្តីស្នេហា ទណ្ឌនាយកមកដល់ ភរិយាគោបាល ក៏លបយកបុត្រទណ្ឌនាយកនោះទៅលាក់ទុកក្នុងជង្រុកភ្លាម ហើយចេញមកសំណេះសំណាលជាមួយទណ្ឌនាយកវិញ និយាយសើច លេងក្អាកក្អាយដោយក្តីប្រតិព័ទ្ធ។ កាលនោះអែង គោបាលជាប្តីនាងនោះត្រលប់ពីឃ្វាលគោមកដល់។ ភរិយាគោបាលឃើញប្តីមកដល់ និយាយខ្សឹបៗ និងទណ្ឌនាយកថា «នែលោកទណ្ឌនាយក! លោកកាន់តំបងមួយហើយដើរចេញទៅយ៉ាងរហ័យ ធ្វើអាការហាក់ដូចជាក្រោធខឹងណាស់» និយាយរួចហើយទណ្ឌនាយកធ្វើតាមភ្លាម អែគោបាលចូលមកដល់ក្នុងផ្ទះសួរប្រពន្ធថា «ទណ្ឌនាយកនេះក្រោធខឹងរឿងអ្វីខ្លាំងម៉្លេះ?» ភរិយាគោបាលឆ្លើយប្រាប់ថា «លោកទណ្ឌនាយក លោកខឹងនឹងកូនលោក ខ្ញុំមិនដឹងជាមានហេតុអ្វីដែរ កូនលោកនោះរត់ចូលមកជ្រកក្នុងផ្ទះយើង អិលូវខ្ញុំជួយ យកទៅលាក់ក្នុងជង្រុករក្សាទុកទៅហើយ លោកទណ្ឌនាយកចូលមកក្នុងផ្ទះយើង រកកូនលោកមិនឃើញ ខឹងណាស់មុខក្រញូវដើរចេញទៅវិញទៅ»។ ពេលនោះភរិយាគោបាល ចូលទៅនាំយកបុត្រទណ្ឌនាយកនោះចេញពីជង្រុកមកបង្ហាញប្តីព្រោះថា៖
១១៩ - បុគ្គលគប្បីជ្រាបថា ស្រ្តីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាចតុគុណ មានកលមាយាឆគុណនិងបរិភោគកាមអដ្ឋគុណ។ហេតុនោះហើយបានជាខ្ញុំ (ចចកទមនកៈ) ពោលថា «រីហេតុការណ៍ណាមួយដែលកើតឡើងភ្លាមៗដោយមិនដឹងខ្លួន» ដូច្នេះជាដើម (លេខ១១៤)។ចចកករដកៈ ឆ្លើយឡើងថាៈ «អែងនិយាយនេះ តែងមានសេចក្តីពិតហើយ តែធ្វើដូចម្តេចហ៎ះ មេត្រីរាប់អានគ្នាទៅវិញទៅមកនៃសត្វទាំពីរនោះ កើតជាប់ជានិស្ស័យស្និទ្ធជិតជាប់លាប់ណាស់ទៅហើយ យើងធ្វើដូចម្តេចទើបអាចនឹងបំបែកគ្នាចេញបាន?។ ចចកទមនកៈឆ្លើយប្រាប់ថា «យើងរកអុបាយបំបែកអោយទាល់តែបាន ព្រោះថាៈ
១២០ កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ កិច្ចការនោះ គេមិនបាច់ប្រើកំលាំងព្យាយាមទេព្រោះប្រើអុបាយដោយខ្សែកជាវិការៈនៃមាស ក្អែកសំលាប់ពស់វែកបាន»។ ចចកករដកៈសួរថា «ចុះរឿងនោះដូចម្តេច?» ចចកទមនកៈនិយាយរឿងនោះថា
អានតកថាទី៨
0 ការពិគ្រោះ:
Post a Comment