កថាទី៨
រឿងចចក និងដំរីស្ដ
នៅក្នុងព្រៃធំ មានដំរីមួយឈ្មោះកប៉ិរតិលកៈ។ សត្វចចកមួយហ្វូងធំឃើញដំរីស្ដមួយនោះ ក៏គិតគូរគ្នាថា «បើយើងប្រើអុបាយកលសំលាប់ដំរីនេះបាននោះមុខជាយើងបានសាច់វាជាចំណីអាហារចំអែតផ្ទៃអស់កំណត់៤ខែ»។ បណ្ដាចចកទាំងឡាយនោះ មានចចកចាស់មួយ យកអាសានិយាយអួតអាងថា ដោយអានុភាពប្រាជ្ញា ខ្ញុំមានកិច្ចកលវិសេសមួយអាចសំលាប់ដំរីស្ដនេះអោយសំរេចបាន។ លំដាប់នោះចចកចាស់ឆបោកនោះ ដើរចូលទៅរកដំរីស្ដនេះកប៉ិតិលក ធ្វើកិរិយាអោនលំទោនហាក់កោតខ្លាចលុតក្រាបដោយអស្ដាង្គបាទ ពោលពាក្យជាទីគោរពថា «បពិតលោកជាស្ដេចដំរី! សូមលោកមេត្តាប្រោស ខ្ញុំបាទសូមជួបនឹងលោក»។ ដំរីស្ដសួរទៅថា «អែងជាអ្វីអែងទៅណាមកណារកអ្វីហ្នឹង?» ចចកឆ្លើយប្រាប់ថា «ខ្ញុំបាទជាសត្វចចក អិលូវនេះពួកបសុសត្វទាំងឡាយដែលអាស្រ័យនៅនាព្រៃនេះប្រជុំព្រមព្រៀងគ្នា មូលមតិស្រេចហើយ ទើបចាត់អោយខ្ញុំបាទចូលមកក្រាបបង្គំទូលព្រះអង្គថា ៖ ការរស់នៅមិនមានស្ដេចគ្រប់គ្រងថែរក្សាមិនបានសេចក្ដីសុខទេ សូមអញ្ជើញព្រះអង្គធ្វើជាស្ដេច ហើយគិតអភិសេកសោយរាជ្យនៅព្រៃនេះ ព្រោះព្រះអង្គប្រកបដោយស្វាមីគុណ សព្វគ្រប់ប្រការ សមគួរនឹងបានជាស្ដេចគ្រប់គ្រង ពពួកសត្វចតុប្បាទទាំងឡាយដែលនៅក្នុងទីនេះព្រោះថា៖
២០០ នរជនណាបរិសុទ្ធដោយត្រកូល ដោយផៅពង្ស ដោយអារ្យធម៌ មានតបតេជដ៏ខ្លាំងក្លា ប្រកបដោយធម្មចរិយា និងនិតិកោសល (ជំនាញក្នុងនយោបាយ) នរជននោះសមគួរនឹងបានជាស្ដេចលើផែនដីនេះ។
២០១ តាមធម្មតា បុគ្គលត្រូវកំចាត់ផែនដីអោយបានទុកជាបឋមរួចហើយសឹមរកភរិយា និងរកទ្រព្យ ថាបើមិនមានស្ដេចគ្រប់គ្រងផែនដីទេ តើត្រូវរកភរិយា និងរកទ្រព្យនៅក្នុងលោកនេះធ្វើអ្វី?
២០២ ម្ចាស់ផែនដីជាទីពឹងពាក់នៃពលរដ្ឋទាំងឡាយ ដូចជាភ្លៀងជាទីពឹងពាក់នៃសត្វលោកទាំងឡាយ បើភ្លៀងរអាក់រអួល សត្វលោកអាចញ៉ាំងជីវិតអិន្រ្ទីយ៍អោយប្រព្រិត្ដទៅបាន តែបើព្រះរាជាមិនប្រកបដោយធម៌ ពលរដ្ឋរស់នៅមិនបានទេ។
២០៣ ក្នុងលោកនេះនរជនប្រព្រឹត្ដទៅតាមច្បាប់ដោយច្រើន ព្រោះតែខ្លាចទណ្ឌកម្មទេ នរជននៅក្នុងអំណាចគេហើយប្រព្រឹត្ដល្អពិតមែននោះ រកបានដោយកម្រណាស់ ដូចកុលនារីគោរពស្វាមីស្គម វិកលសពាង្គកាយ ឈឺរីងរៃនិងក្រីក្រ ព្រោះតែខ្លាចទណ្ឌកម្មប៉ុណ្ណោះ។បើដូច្នោះ សូមព្រះអង្គកុំបង្អង់រារង់អោយយឺតយូរ សូមអញ្ជើញទៅដោយរួសរាន់ អោយទាន់ពេលវេលាជាមង្គលសិរីសួស្ដី និយាយដូច្នោះហើយ ក៏នាំដំរីស្ដនោះដើរទៅ។ អែប៉ិរតិលកៈដែលលុះក្នុងអំណាចលោកធម៌ ចង់បានរាជសម្បត្ដិ ចាញ់កលចចក ស្រវឹងយសភ្លេចខ្លួនខំដើរទៅតាមចចកយ៉ាងលឿនដែលអាចនឹងលឿនបាន ទៅផុងលង់ទ្រនេសក្នុងបឹងភក់ជាប់ទៅទៀតមិនរួច ទើបស្រែកហៅចចកអោយជួយស្រង់ថា៖ «អើសំលាញ់ចចកអើយ ត្រូវធ្វើដូចម្ដេចហ្ន៎? អិលូវនេះអញលង់ទ្រនេសក្នុងបឹងភក់ជ្រៅរើខ្លួនមិនរួចទេ នឹងដល់ក្ដីស្លាប់ហើយដឹង? សូមសំលាញ់វិលមកក្រោយរកអុបាយជួយគ្នាសិន»។ ចចកបានសមដូចបំណងហើយធ្វើជាអស់សំណើចសើចហាសហាយ និយាយចំអកឡកឡឺយថា៖ «ទេវៈ! សូមលោកមេត្តាយកប្រមោយតោងកន្ទុយខ្ញុំអោយជាប់ ខ្ញុំនឹងខំព្រយុង ឡើងអោយរួច ដោយអំពើដែលជឿស្ដាប់ពាក្យខ្ញុំនេះសូមលោកសោយរាជ្យនូវសេចក្ដីទុក្ខនេះចុះ ព្រោះថា៖
២០៤ ដរាបណាលោកប្រាសចាកការសេពគប់សប្បុរសរឿយៗ ដរាបនោះ លោកនឹងធ្លាក់ទៅក្នុងសមាគមអសប្បុរសរឿយៗដែរ។ លំដាប់នេះចចកទាំងឡាយហែកជញ្ជែងដំរីស្ដដែលផុងក្នុងបឹងភក់ជ្រៅ ស៊ីជាអាហារស្លាប់ក្នុងគ្រានោះអែងហោង។ ព្រោះហេតុនេះ បានជាខ្ញុំម្ចាស់ក្រាបទូលថា «មែនពិតកិច្ចការណាដែលអាចសំរេចបានដោយអុបាយកល ដូច្នេះជាដើម(១៩៨)។កាលព្រះបាទតុង្គពលរាជ ទ្រង់ព្រះសណ្ដាប់ពាក្យអុបទេសនៃនាងមេអណ្ដើកនោះចប់អស់អាថ៌សេចក្ដីហើយ ទើបត្រាស់បង្គាប់អោយហៅចារុទ័ត្ដ កូនពាណិជ្ជជាស្វាមីនាងលាវណ្យវតីមកកាន់ផ្ទៃព្រះរាជដំណាក់តាំងជាសេវកាមាត្យនៅបំរើផ្ទាល់ព្រះអង្គ ទ្រង់តែងមេត្តាប្រោសប្រាណរាប់អានដោយសេចក្ដីសិទ្ធស្នាលដ៏ក្រៃលែង។ថ្ងៃមួយព្រះបាទតុង្គពលរាជទ្រង់ស្រង់ព្រះជលវារីស្រេច ស្ដេចប្រស់ព្រំ សពាង្គកាយដោយគ្រឿងក្រអូបឈ្ងុយឈ្ងប់ត្រលប់គន្ធពិដោរ ទ្រង់ប្រដាប់គ្រឿងអង្ការដ៏ហើយដោយមាស និងពេជ្រនីលចិន្ដាទាំងឡាយរួចហើយទើបមានបន្ទូលត្រាស់ថា «ហៃចារុទ័ត្ដ!ថ្ងៃនេះយើងនឹងធ្វើពិធីគៅរីព្រត(ពិធីបូជាដល់នាងគៅរី គឺនាងទុគោជាសក្ដិព្រះអិសូរ) ក្នុងពិធីបុណ្យនេះអ្នកត្រូវទៅស្វែងរកស្រីមុំរូបល្អ ជាស្រ្ដីអ្នកមានត្រកូលយកមកអោយយើង អោយបានម្នាក់ៗរាល់រាត្រី ចាប់ពីថ្ងៃនេះតទៅ យើងនឹងប្រទានទ្រព្យសម្បត្ដិនឹងកេរ្ដិ៍ឈ្មោះអោយតាមពិធីបុណ្យ។ អែចារុទ័ត្ដបុត្រពាណិជ្ជក៏ចាត់ចែងរកស្រ្ដីក្រមុំថ្មីៗ តាមព្រះរាជបំណង យកមកថ្វាយរាល់វេលារាត្រី អិតមានក្ដីបារម្ភឡើយ ហើយបំបាំងខ្លួនពួនអាត្មាសំងំលបចាំមើលអោយដឹងថា ព្រះរាជាទ្រង់ធ្វើដូចម្ដេចខ្លះ។ ព្រះបាទតុង្គពលរាជទ្រង់ស្ថិតនៅឆ្ងាយពីស្រ្ដីក្រមុំនោះ ធ្វើអាការពាយងាយ ហាក់ពុំជ្រាបព្រះទ័យ អិតធ្វើអ្វីអោយប៉ះពាល់បន្ដិចបន្ដូចសោះ ទីបំផុតទ្រង់ព្រះរាជទានគ្រឿងស្លៀកពាក់គ្រឿងក្រអូប និងសំអិតខ្លឹមចន្ទន៍ សុទ្ធសឹងតែគ្រឿងប្រសើរឆើត ហើយត្រាស់បង្គាប់អោយរាជអាមាត្យថែរក្សានាំយកទៅប្រគល់ដល់ផ្ទះរៀងខ្លួនវិញភ្លាម។រីបុត្រពាណិជ្ជ កាលលបមើលឃើញសព្វគ្រប់ប្រការដូច្នោះ ជឿទុកចិត្ដ ស្លាប់គំនិតឈឹង កើតសេចក្ដីលោភលន់ចង់បានទ្រព្យថែមទៀតទើបទៅនាំភរិយាខ្លួនយកមកថ្វាយ។ កាលនោះព្រះតុង្គពលរាជទតព្រះនេត្រឃើញនាងលាវណ្យវតីស្រ្ដីកំពូលព្រះទ័យមកដល់ ទ្រង់ស្គាល់ច្បាស់ត្រេកត្រអាលណាស់ ស្ទុះទៅបីក្រកងនាំយកទៅលើព្រះទែនសយនាភិរម្យ ភ្លើតភ្លើនព្រះចិន្ដាដោយក្ដីស្នេហា បើកព្រះនេត្រារលឹមព្រឹមៗ ត្រជាក់ដូងព្រះទ័យ។ កាលបុត្រពាណិជជាស្វាមីបានឃើញដូច្នោះស្ដាយក្រោយសល់សែនទ្វី អស់បើគិត ភ័ន្ដភាំងស្មារតីគាំងរឹងស្ដូក នៅនឹងថ្កល់ដូចកល់រូបគំនូរ រឺតក្កតាលែងហាមាត់ចេញស្ដីអ្វីកើត ដោយក្ដីក្ដៅក្រហាយខុសគំនិតខ្លួនអែង។ ព្រោះហេតុនោះបានជាខ្ញុំ(កណ្ដុរហិរណ្យកៈ) និយាយថា «បុត្រពាណិជ្ជបានឃើញព្រះរាជាចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្ទប់អោរានៃ ភរិយាខ្លួនប្រចក្សដោយភ្នែកអែង ដូច្នេះជាដើម(១៩៤)។កណ្ដុរហិរណ្យកៈ និយាយបញ្ជាក់អោយក្អែកលឃុបតនកៈទៀតថា រឿងបងក្អែកនេះដូចជារឿងបុត្រពាណិជដូច្នេះដែរ។ អែអណ្ដើកមន្ថរៈ មើលងាយរឿងដែលកណ្ដុរហិរណ្យកៈនិយាយប្រាប់ បដិសេធមិនព្រមស្ដាប់ ភ័យតក់ស្លុតរន្ធត់ចិត្ដណាស់ ក៏ឡើងពីត្រពាំងនោះវារចេញទៅរួសរាន់។ សត្វអែទៀតមានកណ្ដុរជាដើមមានសេចក្ដីស្នេហាអណ្ដើកមន្ថរៈ កាលបើឃើញមិត្រមិនស្ដាប់ពាក្យខ្លួន បារម្ភក្រែងមិត្ដជាទីស្រលាញ់ពេញចិត្ដ មានក្ដីអន្ដរាយក៏បបួលគ្នាដើរទៅ តាម។ កាលអណ្ដើកមន្ថរៈវារខូសៗលើគោកលេចវាលចូលព្រៃ មិនយូរប៉ុន្មានទៅជួបប្រទះនឹងព្រានព្រៃមា្នក់។ រីព្រានព្រៃឃើញអណ្ដើកវារគើៗត្រេកអរណាស់ រើសហើយចងភ្ជាប់អៃដ៏ដងធ្នូរពុនយកទៅ ដើរទៅៗអស់កំលាំងឃ្លានបាយ ស្រេកទឹកខ្លាំង ក៏ត្រលប់ទៅផ្ទះវិញ។ អែប្រើស ក្អែក និងកណ្ដុរ ឃើញព្រាន ព្រៃចាប់អណ្ដើកកើតក្ដៅក្រហាយរសាប់រសល់ តប់ប្រមល់ខ្វល់ចិត្ដ មិនដឹងបើគិតធ្វើដូចម្ដេច ចេះតែទៅតាមព្រាននោះចរទៅ។ កាលនោះអែងកណ្ដុរហិរណ្យក យំទង្គឹសខ្សឹកខ្សួលរអាក់រអួលថ្លាថ្លែងថា៖
២០៥ ដរាបណា អាត្មាអញមិនទាន់បានដល់ទីបំផុត ពោលគឺត្រើយសមុទ្រនៃសេចក្ដីទុក្ខមួយទេ ដរាបនោះ អាតា្មអញក៏តែងតែជួបប្រទះសេចក្ដីទុក្ខ ទីពីរទៀត រីសេចក្ដីទុក្ខនេះ បើមានច្រកជាទំនងហើយ ក៏ចេះតែកើតមានឡើងថែមហើយថែមទៀតច្រើនឡើងៗ។
២០៦ មិត្ដភាពណាមានភាពប្រក្រតីជាមិត្ដកើតឡើងដោយបុណ្យវាសនា មិត្ដភាពប្រកបដោយភាពប្រក្រតីនោះមិនលះបង់ចោលគ្នាក្នុងគ្រាវិបត្ដិអន្ដរាយឡើយ។
២០៧ វិស្សាសភាពនៃនរជនក្នុងមាតា ក្នុងភរិយា ក្នុងបងប្អូន និងក្នុងបុត្រធីតា មិនស្មើដោយវិស្សាសភាពនៃមិត្ដដែលកើតឡើងដោយសភាពប្រក្រតីជាមិត្ដឡើយ។ កណ្ដុររំពឹងគិតសាចុះឡើងមួយស្របក់ ដកដង្ហើមធំឃូរៗទួញយំថា អោពុទ្ធោកម្មអើយ! បាបកម្មអាត្មាអញនេះអីក៏ចង្រៃអាក្រក់ម្ល៉េះហ្ន៎? ព្រោះថា
២០៨ ផលកម្មអាត្មាអញល្អក្ដី អាក្រក់ក្ដី ដែលប្រព្រឹត្ដទៅ ក្នុងកាលប្រាកដជាកើតឡើងក្នុងសន្ដានអាត្មាអញពីបុព្វជាតិ អាត្មាអញបានឃើញផលកម្ម ទាំងអស់ក្នុងលោកនេះ ដូចជាអាត្មាអញបានកើតមកហើយ១០ជាតិ។
២០៩ គួរសង្វេគណាស់! រាងកាយនេះកើតឡើងហើយក៏ដល់នូវការបែកធ្លាយទៅវិញ ភោគសម្បត្ដិកើតបរិបូណ៌ឡើងហើយ ក៏ដល់នូវក្ដីភោគវិបត្ដទៅវិញ ការជួបជុំគ្នាកើតមានហើយ ក៏ដល់នូវការព្រាត់ប្រាស់គ្នាទៅវិញ សារពីវត្ថុទាំងឡាយ មានការកើតឡើងនិងការបាក់បែកពុកផុយរលួយទៅវិញនេះជា ធម្មតា។
២១០ នរណាហ្ន៎ ជាអ្នកបង្កើតរតនវត្ថុអោយមានពាក្យពីរព្យាង្គថា «សំលាញ់» ដែលទុកដូចជាគ្រឿងការពារនូវសេចក្ដីសោក សត្រូវភ័យ សេចក្ដីតក់ស្លុត និងភាជន៏ សំរាប់ទ្រនូវសេចក្ដីស្រលាញ់ព្រមទាំងសេចក្ដីជឿទុកចិត្ដ?
២១១ មិត្រណាជាទីកើតរសនៃបីតិ ជាទីគាប់ភ្នែក ជាទីរីករាយចិត្ដ ភាជនៈសំរាប់ទ្រនូវសេចក្ដីសុខទុក្ខជាមួយគ្នា មិត្រនោះក្ររកបានណាស់ មានមិត្រដ៏ទៃទៀត ក្នុងសម័យមានទ្រព្យច្រើន មិត្រណាមករាប់អានព្រោះតែចង់បាននុយ គឺទ្រព្យ មិត្រនោះឃើញមានមីរដេរដាសគ្រប់ទីឋាន គ្រាវិបត្ដិទុកជាថ្មសំរាប់ សាកល្បងមើលមាសសុទ្ធ គឺមិត្រពិតទាំងឡាយនោះៗ។
កណ្ដុរហិរណ្យកៈ យំពិលាបខ្សឹកខ្សួលរអាក់រអួលតូចចិត្ដយូរមួយស្របក់ ទើបនិយាយទៅរកក្អែកលឃុបតនកៈនិងប្រើសចិត្រាង្គថា «នែបងក្អែក បងប្រើស! ដរាបណាព្រានព្រៃមិនទាន់ចេញផុតពីព្រៃនេះ ដរាបណានោះ យើងត្រូវព្យាយាមរកអុបាយជួយដោះអណ្ដើកមន្ថរៈនេះ អោយរួចពីក្ដីអន្ដរាយទាល់តែបាន»។ ក្អែក និងប្រើសសួរថាះ«ចូរបងកណ្ដុរប្រាប់អុបាយកលអោយឆាប់មក តើយើងត្រូវធ្វើដូចម្ដេច?» កណ្ដុរប្រាប់អុបាយថា «បងចិត្រាង្គធ្វើពុទ្ធក្លែងជាស្លាប់ ដេកកណ្ដាលវាលនៅក្បែរមាត់ត្រពាំង បង្ហាញខ្លួនអោយគេឃើញងាយ បងក្អែកហើរខាងលើស្រែកកញ្ជ្រៀវក្វកៗ អោយលឺខ្លាំង ធ្វើហាក់ដូចជាចុះទៅជញ្ជែងស៊ីប្រើស អែព្រានព្រៃជាអ្នកត្រូវការសាច់ កាលបើឃើញប្រើសស្លាប់ដូច្នេះមុខ ជាទុកដាក់អណ្ដើកមួយអន្លើសិន ហើយរត់ប្រញាប់ប្រញាល់ទៅយកប្រើសពិត ប្រាកដអិតសង្ស័យឡើយ ពេលនោះខ្ញុំនឹងរត់ទៅកកេរកាត់ចំណងចងអណ្ដើកអោយរួចខ្លួន ហើយអោយវារចូលទៅក្នុងត្រពាំងភ្លាមទៅ រីអែបងប្រើសកាលបើព្រានព្រៃរត់ចូលមកដល់ជិតកាលណា ត្រូវក្រោកឡើងយ៉ាងរហ័សបោលអោយលឿនដែលនឹងអាចលឿនបាន ហើយចូលក្នុងព្រៃប្រោកកាលនោះទៅ»។ គិតគូរគ្នាស្រេចហើយ ប្រើសចិត្រាង្គ និងក្អែកលឃុបតនកៈធ្វើតាមអុបាយនោះមួយរំពេច។ អែព្រានព្រៃត្រាច់ចរស្វះស្វែងរកបរបាញ់តាមដងព្រៃមិនបានអ្វីសោះ កើតក្ដីនឿយហត់អស់កំលាំង ល្វើយស្រេកទឹកក៏ចុះទៅផឹកទឹកក្នុងត្រពាំង រួចហើយឡើងមកជ្រកសំរាកកាយយកកំលាំងនៅក្រោមម្លប់ឈើមួយ ចោលភ្នែកក្រឡេកទៅឃើញប្រើសស្លាប់បោងពោះដូច្នោះ ត្រេកអរណាស់ កន្រ្ទាក់កាំបិតស្នៀតសៀតចង្កេះ ចោលអណ្ដើកនៅទីនោះ រត់ខ្មិត
យ៉ាងលឿនសំដៅទៅអែប្រើសស្លាប់នោះ ក្សិណនោះកណ្ដុរហិរណ្យកៈឃើញព្រានព្រៃរត់ទៅ ហើយក៏ទៅខំកកេរចំណងអណ្ដើកមន្ថរៈរួចភ្លាម អណ្ដើកបានរួចចំណងហើយវារ ខូសៗយ៉ាងរហ័សចូលទៅក្នុងត្រពាំងភ្លុងទៅ។អែបងប្រើសមៀងមើលទៅឃើញព្រានព្រៃរត់ជិតមកដល់ខ្លួនហើយ ក្រោកប្រញាប់ប្រញាល់ផ្លោះបោលដូចគេបោះពួយចូលព្រៃបាត់ទៅ។ ព្រានព្រៃអាំងឡាំងស្មារតីអៀនឡក់ត្រលប់មកវិញ ដរាបណាដល់គល់ឈើ ដរាបនោះរកអណ្ដើកមិនឃើញអស់ផ្លូវសង្ឃឹមលាន់មាត់ ស្រែកថា៖ នេះបានសមមុខអាផេះកណ្ដាលជើងក្រាន! មិនជឿពាក្យចាស់ស្រលះដៃធេង ធ្វើការមិនគិតគូរអោយល្អិតល្អន់ទុកជាមុន ព្រោះថា៖

២១២ នរជនណា លះបង់របស់ទៀងទាត់ ទៅស្រវាយករបស់មិនទៀងទាត់វិញ របស់ដែលទៀតទាត់ក៏វិនាសបាត់សូន្យទៅ អែរបស់ដែលមិនទៀងទាត់ ក៏ហិនហោចបាត់ទៅថែមទៀតដែរ។អែព្រានព្រៃធ្វើការខុសទំនងដោយខ្លួនអែង ខាតលាភស្រលះដៃធេង ក្ដៅក្រហាយស្ដាយក្រោយដើរចូលព្រៃជ្រៅជ្រលងដងអូរបាត់ទៅ។ សត្វជាមិត្ដ សំលាញ់ទាំងឡាយ មានអណ្ដើកមន្ថរៈជាដើមបានរួចទុក្ខទោសភ័យន្ដរាយហើយក៏ត្រលប់ទៅកាន់ស្ថានលំនៅខ្លួនវិញតាមប្រក្រតីដើម នៅជាសុខសប្បាយមាន សាមគ្គីព្រមព្រៀងគ្នាត្រាតែអស់ជីវិតរៀងខ្លួនទៅហោង។ក្នុងកាលទីបំផុតព្រះរាជបុត្រទាំងឡាយ ដែលបានទ្រង់ព្រះសណ្ដាប់កថា ដ៏វិចិត្រនេះ មានព្រះទ័យត្រេកអររីករាយដ៏ក្រៃលែង មានព្រះបន្ទូលត្រាស់ទៅ កាន់បណ្ឌិតអាយិវិស្ណុសម៌នថាៈ «យើងខ្ញុំទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវដែលលោកបានថ្លែងអំបាញ់មិញនេះសព្វគ្រប់ មានសេចក្ដីត្រេកអរណាស់ សេចក្ដីប្រាថ្នា យើងខ្ញុំទាំងអស់គ្នាបានសំរិទ្ធិសំរេចប្រយោជន៍ហើយ»។ មហាបណ្ឌិតវិស្ណុសម៌ន៍ ក្រាបបង្គំទូលថា «បំណងរបស់ទ្រង់ព្រះករុណា បានសំរេចបរិបូណ៌ហើយ សូមទ្រង់ព្រះករុណាស្ដេចព្រះសណ្ដាប់ស្លោកទីបំផុតដូច្នេះទៀតថា៖
២១៣ សូមសាធុជនទាំងឡាយ សាមគ្គាមូលត្រកូលចងបាច់គ្នាជាសាមគ្គីអោយមានមិត្ដភាព សូមប្រជាជនក្នុងជនបទ សម្បូណ៌ដោយសិរីសម្បត្ដិគ្រប់ប្រការ! សូមព្រះភូមិបាលទាំងឡាយរក្សាប្រជាជននៅលើផែនពសុធាដោយប្រពៃហើយស្ថិតនៅក្នុងទសពិធរាជធម៌ជានិច្ចនិរន្ដរតទៅ! សូមទ្រង់ព្រះករុណាគ្រប់ព្រះអង្គតាំងព្រះទ័យជាសប្បុរសមានសេចក្ដីពេញចិត្ដ និយមប្រើនីតិសាស្រ្ដ ទុកនីតិសាស្រ្ដនេះដូចជាព្រះជាយាថ្មីមួយអង្គទៀត សូមព្រះមហាទេព
ដ៏មានបុណ្យជាចមអមរនិករដ៏ទ្រង់នូវចន្រ្ទាធិចូឌាមណី ប្រសិទ្ធពរបវរសួស្ដីដល់មហាជន អោយប្រកបដោយវិបុលសុខសិរីសួស្ដីជ័យមង្គលគ្រប់ទិនទិវារាត្រីទៅហោង។
ដ៏មានបុណ្យជាចមអមរនិករដ៏ទ្រង់នូវចន្រ្ទាធិចូឌាមណី ប្រសិទ្ធពរបវរសួស្ដីដល់មហាជន អោយប្រកបដោយវិបុលសុខសិរីសួស្ដីជ័យមង្គលគ្រប់ទិនទិវារាត្រីទៅហោង។
កថាសង្រ្គោះទី១ ឈ្មោះការគប់មិត្រ ដែលមានមកក្នុងហិតោបទេសចប់តែប៉ុណ្ណោះ។
0 ការពិគ្រោះ:
Post a Comment