Social Icons

ពុទ្ធវិធីក្នុងការដំណោះស្រាយបញ្ហាជម្លោះវិវាទ

ពុទ្ធវិធីក្នុងការដំណោះស្រាយបញ្ហាជម្លោះវិវាទ
(រឿងវិវាទដណ្ដើមទឹកស្ទឹងរោហិណី)
នៅក្នុងរដូវប្រាំងខែចែត្ររាំងស្ងួតហួតហែងមួយ ព្រះរាជាណាចក្រពីរគឺ សាក្យៈនិងកោលិយៈ មានវិវាទ​ឈ្លោះទាស់ទែងគ្នាមិនចេះចប់អំពីរឿទឹកធ្វើស្រែ ។ កសិករទាំងពីរប្រទេស​ធ្វើស្រែអាស្រ័យ​ទឹ​ក​​ស្ទឹងរោហិណី។ បន្ទាប់ពីព្រះអង្គបានទទួលដំណឹងនេះមក ព្រះអង្គទ្រង់សម្រេចព្រះហឬទ័យ យាង​​​ទៅសម្រុះសម្រួលក្នុងរឿងវិវាទដណ្ដើមទឹកនោះ ។
សាក្យៈនគរ គ្រប់គ្រងដោយព្រះបាទមហានាម ដែលត្រូវជាបងប្អូនជីដូនមួយនិងព្រះពុទ្ធ ។ រីឯ​កោលិយនគរ គ្រប់គ្រងដោយព្រះបាទសុប្បពុទ្ធ ដែលត្រូវជាព្រះបិតាក្មេករបស់ព្រះពុទ្ធ (កាលនៅជា​សិទ្ធត្ថ​រាជកុមារ) ។កោលិយៈក៏ជានគរកំណើតរបស់ព្រះនាងសិរីមហាមាយា​ដែ​ល​ត្រូវ​ជា​ព្រះវរមាតា​របស់​ព្រះពុទ្ធដែរ ។ ព្រះនាងពិម្ពាយសោធរា ដែលជាមហេសីរបស់ព្រះអង្គ​ក៏យាងមក​ពី​នគរ​កោលិយៈ​ដែរ ។ ព្រះនាងពិម្ពាយសោធរានិងទេវទត្តជាបងប្អូនបង្កើតនឹងគ្នា និងជាបុត្រី-បុត្រារបស់ព្រះបាទ​សុប្បពុទ្ធ ។
ប្រទេសទាំងពីយកស្ទឹងរោហិណីធ្វើជាព្រំដែន ។ ដោយសារតែមានការរាំងស្ងួត នគរទាំងពីរ​ក៏ពុំមានទឹកគ្រប់គ្រាន់សម្រាប់បញ្ចូលស្រែ ។ ស្ដេចនៃនគរទាំងពីរចង់ធ្វើទំនប់កាត់ស្ទឹងដើម្បីចែកទឹក​ដែលនៅសល់បន្តិចបន្តួចនោះ ។ ​ជម្លោះកើតឡើងមុនដំបូងគ្មានអ្វីក្រៅពីកសិករ​ទាំងពីរជេរបញ្ចោគ្នា​និង​​យកដុំថ្មចោលគ្នាទៅវិញទៅមក នោះឡើយ ។ ម្ខាងៗ នាំគ្នាយកតម្រួតទៅការពារពលរដ្ឋរាង ​ៗ​ខ្លួន។ ចុងក្រោយបំផុត គេបានយកទាហានទៅរាយតាមដងស្ទឹង។ ដោយមានការតា​នតឹងខ្លាំង​ឡើង​ ៗ​ សង្គ្រាមហាក់ដូចជាចង់ផ្ទុះឡើង ដោយសារតែការវិវាទនោះ ។
ដំបូងបង្អស់ព្រះដ៏មានព្រះភាគចង់ជ្រាបអំពីដើមហេតុនៃជម្លោះទាំងនោះយ៉ាងពិតប្រាកដ ។ ពេល​ព្រះអង្គទ្រង់ត្រាស់សួរឧត្តមសេនីម្នាក់ខាងសាក្យៈរាជនៅក្បែរមាត់ស្ទឹង ឧត្តមសេនីនោះបាន​ឆ្លើយថា ប្រជាពលរដ្ឋខាងកោលិយៈគម្រាមគំហែងដល់ជីវិត ទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ខាង​​សាក្យៈនគរ ។ ពេលព្រះអង្កទ្រង់ត្រាស់សួរទៅឧត្តមសេនីម្នាក់ខាងកោលិយៈនគរ ម្ដងវិញ គេក៏​ចោទប្រកាន់ថា ប្រជាពលរដ្ឋខាងសាក្យៈនគរបានគម្រាមគំហែងដល់ជីវិតនិងញ​ទ្រព្យ​សម្បត្តិ​របស់​​ប្រជាពលរដ្ឋខាងកោលិយៈនគរ ដែរ ។ ប៉ុន្តែពេលព្រះអង្គត្រាស់សួរប្រជាពលរដ្ឋ​តាមជនបទ​ផ្ទាល់​វិញ ទើបព្រះអង្គជ្រាប់ច្បាស់ថា ប្រភពនៃជំលោះពិតប្រាកដនោះគឺ ការខ្វះទឹកសម្រាប់ធ្វើស្រែ ។
ដោយសារតែព្រះអង្គស្គាល់សន្តតិវង្សទាំងសង្ខាយ៉ាងជិតស្និទ្ធ ព្រះពុទ្ធអាចយាងក្សត្រ​ទាំង​ពីរព្រះ​អង្គ​ឲ្យ​មក​ប្រជុំគ្នាដោះស្រាយនូវវិបត្តិនោះ ។​ទ្រង់ព្រះតម្រិះថា នគរទាំងពីរអាចខូចប្រយោជន៍​ក្នុង​សង្គ្រាម​ដូចគ្នា ទោះបីតិចក្ដីច្រើនក្ដី បើព្រះអង្គមិនជួយដោះស្រាយ ទើបព្រះអង្គត្រាស់នឹងក្សត្រ​ទាំង​ឡាយនោះ​ថា “បពិត្រមហារាជទាំងឡាយ! ទឹកនិងក្សត្រ (ជិវិតមនុស្ស) ណាមួយមានតម្លៃជាង? “
ពួកញាតិវង្សក្រាបបង្គំទូលថា “បពិត្រព្រះអង្គដ៏ចម្រើន! ទឹកមានតម្លៃតិច រីឯជីវិតមនុស្សមាន​តម្លៃ​ប្រមាណមិនបានឡើយ។” ព្រះពុទ្ធទ្រង់ត្រាស់បន្តថា អ្នកទាំងឡាយអាស្រ័យ​ទឹកដែល​មាន​តម្លៃ​តិច​ហើយ​ញ៉ាំងជីវិតមនុស្សដែលមានតម្លៃច្រើនប្រមាណមិនបានឲ្យវិនាសសាបសូន្យ តើសម​គួរ​ដែរ​ឬទេ?” ពួកក្សត្រទាំងឡាយឆ្លើយព្រមគ្នាថា “មិនសមទេព្រះអង្គ” ព្រះពុទ្ធទ្រង់ត្រាស់នឹងក្សត្រ​ទាំង​ពីរ​​អង្គថា “បពិត្រមហារាជទាំងឡាយ! សេចក្ដីត្រូវការទឹកគ្រប់គ្រាន់សម្រាប់បញ្ចូលស្រែ​គឺជា​បុព្វហេតុ​ពិតនៃ​ជម្លោះនេះ ។ បពិត្រមហារាជ! បើសិនជាគ្មានសេចក្ដីមានៈនិងកំហឹង ជម្លោះប្រាកដជា​ងាយ​ដោះស្រាយ ដូច្នេះត្រូវតែដោះស្រាយតាមការសម្រុះសម្រួល​គ្នាតាមសន្តិវិធីវិញប្រសើរជាង។ មហារាជទាំងពីរអង្គមិនបាច់ធ្វើសង្គ្រាមទេ សូមកុំបង្ហូឈាមប្រជាពលរដ្ឋរបស់​ព្រះអង្គ​ដោយ​សារ​មានះ​និងកំហឹងឲ្យសោះ ។ នៅថ្ងៃណាមួយសេចក្ដី​មានៈនិង​កំហឹង​នេះ​នឹងរលាយទៅ​វិញដោយ​ឯក​ឯង ។​ការតានតឹងដែលនឹងនាំឲ្យកើតសង្គ្រាមក៏នឹងបាត់បង់ទៅដែរ ។ សូមមហារាជ​ទាំងឡាយ​គង់​​ឲ្យ​ស្រួលព្រះទ័យ រួចហើយចរចារគ្នារកដំណោះស្រាយយ៉ាងណាដើម្បីនឹងចែកធាទឹក​ដែលនៅ​សល់ទាំងប៉ុន្មាន អំពីការរាំងស្ងួតនេះឲ្យបានស្មើគ្នាទៅ។
ដោយការប្រទានព្រះយោបល់ដ៏សមរម្យនិងយុត្តិធម៌ របស់ព្រះដ៏មានព្រះភាគ​មក គូវិវាទ​ទាំង​ពីរ​​ក៏បានមក​ដល់នូវការយល់ព្រមមួយយ៉ាងឆាប់រហ័សបំផុត ។ ភាពកក់ក្ដៅនិងស្និទ្ធស្នាល់​រវាង​ប្រទេស​​ទាំងពីរក៏បានកើតមានឡើងវិញជាធម្មតា ។
ព្រះបាទមហានាមអង្វរសូមព្រះពុទ្ធអង្គគង់ចាំព្រះវស្សាឆ្នាំនេះ​នៅនិគ្រោធារាម ជិតក្រុង​កបិលព័ស្តុ​​​ក្នុងដែនសាក្យៈ។ ព្រះដ៏មានព្រះភាគទ្រង់ព្រះមេត្តាដោយតុណ្ហីភាព ៕

(ស្រង់ចាកបុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង១២ខែ ភាគ ២ របស់ឆឹងផាន់សុផុន ទំព័រ ២៥០)

0 ការពិគ្រោះ:

Post a Comment

Booking.com