Social Icons

ទិដ្ឋធម្មិកធម៌

ទិដ្ឋធម្មិកធម៌ ធម៌ដែលនាំឲ្យកើតប្រយោជន៍ក្នុងបច្ចប្បន្ន ៤​យ៉ាង
          ទិដ្ឋធម្មិកធម៌ គឺហេតុឲ្យកើតផលប្រយោជន៍ក្នុងពិភពលោកនេះមាន ៤ គឺ ៖
1. ការប្រឹងប្រែងធ្វើការងារ មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា
2. ការថែរក្សាដោយយកចិត្តទុកដាក់ជានិច្ច ឈ្មោះថា អារក្ខសម្បទា
3. ភាពជាអ្នកគប់មិត្តល្អ ឈ្មោះថា កល្យាណមិត្តតា
4. ភាពនៃការចិញ្ចឹមជីវិតតាមលទ្ធភាព ឈ្មោះថា សមជីវីតា ។
          ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំសម្រាប់បណ្ដុះបណ្ដាល និងទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការ​ជាច្រើនដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម ។

           ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយក្នុងពិភព​លោក ខ្វះធម៌ទី១គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើត​ថ្នាក់ឲ្យ​សល់កម្រិតសីលសិក្ខាបានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី៣ ទី៤ និងទី៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធដែលហៅថា អរិយចរិយា ។

         បើមានឧដ្ឋានសម្បទាហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី៣ គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួនជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។
           បើមានធម៌ទី១ ទី២ ទី៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី៤គឺ សមជីវិតា មានការចំណាយ​ច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះ​ប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ៤ ឬ៥នាក់ទើបកើត ហើយមិនល្អទៀត ឬទិញ​របស់មួយមុខៗចុលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់​គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ ។ កាលបើសេដ្ឋកិច្ចធ្លាក់ចុះព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំដំឡើងតម្លៃទំនិញ​ដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិអ្នកប្រើប្រាស់ថែមទៀត ។

          ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនស្រាប់ ។

0 ការពិគ្រោះ:

Post a Comment

Booking.com