កំណត់ហេតុរបស់ ជីវ តាក្វាន់
លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង ។ លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។
កំណត់ហេតុដែលត្រូវបានបកប្រែជាភាសាខ្មែរដោយលោក លី ធាមតេង បោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១ ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០ ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់ កត់ត្រាតាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។
ប្រពៃណីអ្នកស្រុកចេនឡា
សេចក្ដីផ្ដើម
រឿងរ៉ាវទាំងនេះ លោក ជីវ តាក្វាន់ បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់ (ក្នុងរាជ្យព្រះបាទ ងន់ ចេង) គឺនៅស្រុកវ៉េងតា ហើយក្រោយមកលោក ហ្កូវ គង់ បានកែសម្រួលក្នុងរវាងរាជសន្តតិវង្ស ម៉េង (សតវត្សទី១៣‑១៤) ក្នុងស្រុកសេងអាន (ខេត្តហូណាន់) ។ សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ ៖
ចេនឡា ឬចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា “កាន់ផៃចី” តាមកំណត់ខ្លះរបស់ពួកបស្ចិមប្រទេស បានហៅថា កាំពូចី ដែលមានសម្លេងស្រដៀងនឹង “កាំពួចេ” ដែរ ។
ខ្ញុំចាប់ធ្វើដំណើរចេញពីស្រុកអ៊ូជីវ (ខេត្តជាក់កាង) តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងគូយ និងគង់តុង កាត់សមុទ្រ “ឈិតជីវ” ទៅដល់សមុទ្រ “កាវជីវ” ក៏បានទៅដល់ទីក្រុង “ចាម” បន្តដំណើរបណ្ដោយខ្យល់ចេញពីក្រុងចាមទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ?) ដែលជាព្រំដែននៃប្រទេសនេះ ។ លុះចេញពី ចេង ផូវ ទៅទៀតឆ្លងសមុទ្រឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់ ។ ក្នុងបណ្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹងថា មានទឹករាក់ណាស់នាវាធំៗមិនអាចធ្វើដំណើរបានឡើយ ។ ត្រង់ពាមជាមាត់ច្រកនោះ ឃើញមានព្រៃស៊ុបទ្រុប ហើយក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបូស និងអំពៅព្រៃ ដុះបែកផ្កាសសំព្រូស ម៉្លោះហើយអ្នកដំណើរពិបាកចំណាំផ្លូវរកច្រកចូលទៅណាស់ ។
ចូលផុតពីមាត់ពាម ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈដំណើរប្រមាណកន្លះខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេណាំ (ឆ្នាំង?) ដែលជាខេត្តមួយនៃប្រទេសនេះ ។ លុះធ្វើដំណើរពី ឆេណាំ បណ្ដោយតាមទឹកហូរទៅជើងអស់រយៈ១០ថ្ងៃទៀត កាត់ភូមិពូឡូវឈឹង (ប្រែថាភូមិកណ្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ) ឆ្លងកាត់សមុទ្រទឹកសាប (ទន្លេសាប) ទៅទៀត ទើបបានដល់ទីក្រុងកាងពាងឈូ (កំពែងជួរ?) ។ ក្រុងនេះមានទំហំ ៥០ លី (១ លីប្រវែង ១.៨០០ ហត្ថ) បើតាមសៀវភៅពួកបស្ចិមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី ៧.០០០ លី និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចម៉្បា គឺត្រូវធ្វើដំណើរអស់ពេលកន្លះខែ ខាងនិរតីនៅឃ្លាតពីស្រុកសៀមចម្ងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង “ហួងអ៊ូ” ចម្ងាយផ្លូវ១០ថ្ងៃ ឯខាងកើតប្រទេសគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទង ខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង ។
នៅគ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល) បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល (មេទ័ពធំ) ឈ្មោះ ជុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាម បានចាត់មន្ត្រី២នាក់ គឺលោក ហ៊ូ ប៉េកហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ ឲ្យទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុកមិនឲ្យមកវិញ ។ លុះមកដល់រជ្ជកាលស្ដេច ងន់ ចេង(គ.ស ១២៩២) ខែទី៦ ព្រះរាជាអង្គនេះ ទ្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា ហើយពេលនោះខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ ។ គឺនៅក្នុងខែទី២ នៃឆ្នាំបន្ទាប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត ។ លុះថ្ងៃ១៥ ខែទី៣ ទើបមកដល់ទីក្រុងចាម ។ នៅកណ្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំឲ្យមានការរអាក់រអួលក្នុងដំណើរ ។ ដល់មកខែ៧ដែលជាសរទរដូវទើបបានមកដល់ប្រទេសនេះ ព្រមចំណុះចុះចូលទៅ (ព្រមទទួលរាក់ទាក់បេសកជន) ។
លុះដល់មករជ្ជកាលស្ដេច តាយ តេក (គ.ស ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ ទើបនាវាចូលចតដល់កំពង់ផែស្រុកស៊ីម៉េង ។
ចំពោះរឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំបានដឹងដោយត្រួសៗ អាចនឹងជម្រាបជូនបានដែរ ។
0 ការពិគ្រោះ:
Post a Comment