១. បរិវេណនៃទីក្រុង
បរិវេណនៃទីក្រុងនេះ មានទំហំ ២០ លី មានទ្វារ៥ ។ ទ្វារទាំងនោះសុទ្ធតែសាងកម្រាស់ជា២ជាន់ក្នុងក្រៅ គឺនៅទិសខាងកើតមានទ្វារ២ ។ ក្រៅពីនេះ ក្នុងមួយទិសមានទ្វារតែមួយទេ ។ នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្រឡាយនោះ មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននីមួយៗ មានទេវរូបថ្ម៥៤ ដូចជារូបមេទ័ពថ្មដ៏ធំៗដូច្នេះដែរ ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំង៥ ។ បង្កាន់ដៃស្ពានទាំងនេះ គេធ្វើអំពីថ្មហើយមានឆ្លាក់ជារូបពស់ដ៏ធំ (នាគ) ដែលមានក្បាល៩ ឯរូបថ្មទាំង៥៤នោះ សុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់ឲ្យស្ទុះទៅរួច ។ នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម៥អង្គ បែរភ័ក្ត្រទៅទិសខាងលិច ហើយមួយអង្គដែលស្ថិតនៅចំកន្ដាលគេ មានទឹកមាសល្អស្រស់ផង ។ នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត ។
កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថ តម្រៀបថ្មយ៉ាងជិតហើយមាំណាស់ ។ នៅពីលើគ្មានស្មៅដុះឡើយ តែនៅចន្លោះមួយដុំៗមានដាំដើមជ្រៃ ។ ឯផ្ទៃក្នុងនៃកំពែង ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ ហត្ថនោះ ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់ ។ លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ មានទ្វារធំៗដែលបិទជិតនៅពេលយប់ ហើយបើកចំហនៅពេលថ្ងៃតាំងពីព្រលឹម និងមានអ្នកយាមប្រចាំការជានិច្ច ។ សត្វឆ្កែ គេមិនឲ្យចូលក្នុងទ្វារនេះទេ ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនឲ្យចូលដែរ ។ កំពែងព័ទ្ធជុំវិញនោះ មានជ្រុងជ្រោយល្អណាស់ ហើយនៅត្រង់ជ្រុងនីមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់ជ្រុង ។
នៅកណ្ដាលទីក្រុងនេះ មានប្រាសាទមាសមួយ (ប្រាសាទបាយ័ន្ត) និងនៅជិតខាងនេះមានប្រាង្គប្រសាទជាង២០ទៀត ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង ។ នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមខាងឆ្វេង និងខាងស្ដាំស្ពានមាស ។ មានព្រះពុទ្ធរូបមាស៨អង្គ តម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា ។ នៅខាងជើងប្រាសាទមាសចម្ងាយប្រមាណជាងមួយលី មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទមាស គួរឲ្យគយគន់ណាស់ ។ ចំពីក្រោមប្រាសាទស្ពាន់នេះ ឃើញមានបន្ទប់ថ្មប្រហែលជា១០ដែរ ។ ចេញពីនេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំណាក់ដែលស្ដេចគង់នៅ ។ នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត ។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា ថ្កុំថ្កើងរុងរឿងណាស់ ។
ចេញពីកំពែងតាមទ្វារខាងត្បូងទៅចម្ងាយប្រមាណជាជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាមានចេតិយ លូប៊ូន (ប្រាសាទអង្គរវត្ត) សង់តែមួយយប់ ។ ផ្នូរសព ឬចេតិយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណព័ទ្ធជុំវិញប្រមាណជាង១០លី និងមានបន្ទប់ថ្មជាច្រើនរយទៀតផង ។ នៅស្រះខាងកើតកំពែងនគរប្រមាណចម្ងាយ១០លី មានប្រាសាទថ្មីមួយទៀត (ប្រាសាទមេបុណ្យខាងលិច ដែលគេច្រឡំថាជាទិសខាងកើត)ដ៏មានបរិវេណព័ទ្ធជុំវិញប្រវែង១០០លី ។ នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ ។ នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ៥លី មានប្រាសាទមាសរាង៤ជ្រុង (ទំនងជាប្រាសាទនាគព័ន្ធ) និងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះ គេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា ។
២. ដំណាក់‑លំនៅឋាន
ព្រះដំណាក់ ផ្ទះនាម៉ឺនមន្ត្រី និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត ។ ព្រះរាជដំណាក់ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារដ៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី ។ ក្បឿងប្រក់តួប្រាសាទកណ្ដាលធ្វើពីសំណរ ឯអគារផ្សេងទៀតសឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង ។ សសរ និងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ ។ ដំបូលទាំងនោះល្អមើលណាស់ ។ របៀងប្រាសាទ និងថែវយ៉ាងវែង អាចដើរបានជាផ្លូវខ្វាត់ខ្វែង ហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់ ។ ទីនេះជាកន្លែងព្រះរាជវាំងដែលស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និងខាងឆ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានសសរបួនជ្រុងតម្កល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិប ឬហាសិបបន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំណល់ទ្រមានរូបរាងជាដំរី (ត្រង់នេះគឺបុស្បុកមួយ ដែលមានសសរបួន និងក្បាច់លម្អដោយកញ្ចក់ជើងទ្រធ្វើជារូបដំរី តែលោក ជីវ តាក្វាន់ សរសេរថាជាស៊ុមមួយ ព្រោះឃើញមានគែមក្របជុំវិញ) ។
ខ្ញុំឮគេនិយាយថា ទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបម្រាមតឹងតែងពេក មិនអាចអនុញ្ញាតឲ្យចូលមើលបាន ។ ក្នុងបណ្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកណ្ដាលប្រាសាទ មានប្រាង្គមាសមួយ ហើយថារាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ ។ អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ក្បាលប្រាំបួន (ពស់ក្បាលប្រាំបួននេះ គឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ឯនាគចិនមានជើង ក្បាលតូច ឥតពពារទេ) ។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ ។ រាល់យប់ បិសាចតែងតំណែងខ្លួនជាមនុស្សស្ត្រី ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី ឬស្នំស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ ។ លុះដល់មជ្ឈិមយាម ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្សនឹងមហេសី ឬស្ត្រីស្នំដទៃទៀតបាន ។ បើបាត់ពស់នោះមិននិម្មិតមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេច ហើយរឿងរ៉ាវអាក្រក់នឹងកើតឡើង ។ បើស្ដេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយ ពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ ។
បន្ទាប់មក ដំណាក់ព្រះញាតិវង្ស ឬលំនៅនាម៉ឺន‑មន្ត្រីធំៗ សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ ។ ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និងវិហារទេដែលប្រក់ក្បឿង ។ ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅតាមលំដាប់យសសក្តិនៃម្ចាស់ផ្ទះផង ។
ចំណែកផ្ទះប្រជារាស្ត្រវិញ សុទ្ធតែប្រក់ស្លឹក (ឬស្បូវ) គេមិនហ៊ានប្រក់ក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់ឲ្យដូចលំនាំអ្នកធំឡើយ ។
0 ការពិគ្រោះ:
Post a Comment