Social Icons

កំណត់ហេតុរបស់ជីវតាក្វាន់(ត)

៣៧. អំពី​ការ​ងូត​ទឹក
ប្រទេស​នេះ​ក្ដៅ​ខ្លាំង​ណាស់ ក្នុង​មួយ​ថ្ងៃៗ​បើ​មិន​ងូត​ទឹក​ច្រើន​លើក​ទេ គឺ​ច្បាស់​ជា​អត់​ទ្រាំ​មិន​បាន​ឡើយ ទោះបី​នៅ​ពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូត​ទឹក​ម្ដង ឬ​ពីរ​ដង​ដែរ ។ គេ​គ្មាន​បន្ទប់​ទឹក​ គ្មាន​ចាន​ដែក គ្មាន​ប៉ោត​ទេ ។ ក្នុង​ផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះ​ទេ គេ​ព្រួត​គ្នា ២­‑៣ ផ្ទះ​ទៅ​ងូត​ទឹក​ស្រះ​មួយ​ដោយ​លែង​ខ្លួន​ចោល ឥត​គិត​អៀន​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ ។ ប៉ុន្តែ​បើ​ឪពុក​ម្ដាយ​ចាស់ គាត់​ទៅ​ដល់​ស្រះ​មុន ក្មេង​ស្រី​ប្រុស​មិន​ហ៊ាន​ទៅ​ជិត​ទេ ប្រសិន​បើ​ក្មេង​កំពុង​តែ​ងូត​ទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់​ទុំ​នោះ នាំ​គ្នា​គេច​ចេញ​ដែរ ។ មនុស្ស​មាន​វ័យ​ស្របាល​គ្នា ឥត​គិត​អៀន​ខ្មាស​គ្នា​ឡើយ ។ គេ​យក​តែ​ដៃ​ឆ្វេង​បិទ​បាំង​កេរ្តិ៍ខ្មាស​របស់​ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ ។ ជួន​កាល​ក្នុង​រយៈ ៣‑៥ ថ្ងៃ ឬ ៥‑៦ ថ្ងៃ​ម្ដង ពួក​ស្រីៗ​ក្នុង​ទីក្រុង​មួយ​ក្រុម​មាន​គ្នា ៣‑៤ នាក់ នាំ​គ្នា​ចេញ​ទៅ​មុជ​ទឹក​ទន្លេ​ឯ​ខាង​ក្រៅ​កំពែងក្រុង ។ នៅ​ពេល​ដែល​ទៅ​ដល់​ទន្លេ​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ហើយ​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទន្លេ​នោះ​រាប់​ពាន់​នាក់ ។ សូម្បី​តែ​ពួក​ស្រីៗ​ដែល​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ក៏​ដូច្នោះ​ដែរ ។ គេ​ឥត​មាន​ការ​អៀន​ខ្មាស​អ្វី​ទេ ចាប់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​គ្នា​ឃើញ​ទាំង​អស់ 
នៅ​មាត់​ទន្លេ​ក្រៅ​ទីក្រុង​នោះ រាល់​ថ្ងៃ​តែង​តែ​មាន​ជនជាតិ​ចិន​នៅ​ទំនេរ ហើយ​លួច​នាំ​គ្នា​ទៅ​ចាំ​មើល​លេង​តាម​គំនិត​ខិល​ខូច ហើយ​ឮ​ថា​គេ​លួច​ឆ្លៀត​ពេល​នៅ​ក្នុង​ទឹក​នោះ​ផង ។ ទឹក​នោះ​នៅ​ក្ដៅ​ឧណ្ហៗ​ជានិច្ច លុះត្រា​ដល់​ពេល​យប់​យាម​បួន​ទើប​ត្រជាក់ លុះ​ដល់​ព្រឹក​ ថ្ងៃ​រះ​ឡើង​ក៏​ក្ដៅ​​ឧណ្ហៗ​ឡើង​វិញ​ទៀត 
៣៨. ការ​ចូល​ជ្រក​នៅ (អន្តោប្រវេសន៍)
ពួក​ជនជាតិ​ចិន ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ដើរ​សំពៅ កាល​មក​ដល់​ស្រុក​នេះ ក៏​ពេញ​ចិត្ត​គេ​ខ្លាំង​ណាស់ ព្រោះ​ស្រុក​នេះ​មិន​បាច់​ប្រើ​សម្លៀក​បំពាក់​ច្រើន ហើយ​អង្ករ​គេ​ក៏​ស្រួល​រក ប្រពន្ធ​ក៏​ស្រួល​រក​បាន ឯ​ផ្ទះ​សម្បែង​ក៏​ងាយ​ធ្វើ គ្រឿង​ប្រើ​ប្រាស់​ក៏​ងាយ​រក ការលក់​ដូរ​ក៏​ធូរ​ងាយ ម៉្លោះ​ហើយ​បាន​ជា​មាន​អ្នក​ចូល​ពី​ស្រុក​ក្រៅ​មក​រស់​នៅ​ស្រុក​នេះ​ច្រើន​ណាស់ 
៣៩. អំពី​កង​ទ័ព
កងទ័ព​ក៏​ធ្វើ​ដំណើរ​ដោយ​លែង​ខ្លួន​ឥត​អាវ ។ ដៃ​ស្ដាំ​គេ​កាន់​លំពែង ដៃ​ឆ្វេង​កាន់​ខែល គ្មាន​ប្រើ​ធ្នូ និង​ព្រួញ​ទេ កាំភ្លើងធំ ឬ អាវ​ក្រោះ​ក៏​គ្មាន​ដែរ ។ តាម​ឮ​គេ​ថា កាល​កើត​ចម្បាំង​នឹង​ជាតិ​សៀម​គេ​នាំ​គ្នា​កេណ្ឌ​អ្នក​ស្រុក​ទៅ​វាយ​ដោយ​កម្លាំង​តែ​ម្ដង ពុំ​មាន​ប្រើ​ល្បិច​កល​ឧបាយ​អ្វី​ឡើយ (តាម​ឯកសារ​ជា​ច្រើន​ថា ខ្មែរ​ចេះ​រៀប​ចំទ័ព​ត្រឹមត្រូវ​មាន​សាស្ត្រាវុធ និង​ក្បួន​យុទ្ធសាស្ត្រ​ផង រឿង​នេះ​ប្រហែល​មក​ពី​ ជីវ តាក្វាន់ មិន​បាន​ឃើញ និង​មិន​បាន​ស៊ើប​ព័ត៌មាន
៤០. ការ​យាង​ចេញ​នៃ​មហាក្សត្រ
ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា ស្ដេច​អង្គ​មុនៗ មិន​ដែល​យាង​ចេញ​ទៅ​ណា​ទេ ព្រោះ​ខ្លាច​មាន​រឿង​ហេតុ ។ ស្ដេច​អង្គ​ថ្មី​នេះ ត្រូវ​ជា​សុណិសា​ស្ដេច​មុន ។ កាល​ពី​ដើម​ លោក​មាន​ឋានៈ​ជា​មេទ័ព ។ បិតា​ក្មេក​នោះ​សព្វ​ព្រះទ័យ​នឹង​បុត្រី​ព្រះ​អង្គ​ណាស់​បាន​ជា​កូន​ស្រី​នេះ លួច​យក​ព្រះ​ខ័ន​មាស​បាន​ ហើយ​យក​ទៅ​ឲ្យ​ប្ដី​របស់​ព្រះ​នាង ។ បុត្រា​បង្កើត​ក៏​មិន​បាន​ទទួល​រាជ្យ​ស្នង​បិតា ក៏​លើក​ទៅ​វាយ​ដណ្ដើម​រាជ្យ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការ​ទាន់ ចាប់​បាន​នាំ​យក​មក​កាត់​ម្រាម​ជើង ហើយ​យក​ទៅ​ដាក់​គុក​ងងឹត ។ ស្ដេច​ថ្មី​នេះ​មាន​ពាក់​អាវ​ក្រោះ​ដែក ទោះ​បី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិន​អាច​មុត​បាន​ដែរ ។ ដូច្នេះ​ហើយ ទើប​ព្រះអង្គ​ហ៊ាន​យាង​ចេញ​ក្រៅ ។ ខ្ញុំ​បាន​ទៅ​នៅ​ទី​នោះ​ជាង​មួយ​ឆ្នាំ បាន​ឃើញ​ព្រះអង្គ​យាង​ចេញ​មក​បួន­‑ប្រាំ​ដង ។ ការ​យាង​ចេញ​មក​ម្ដង​ណា តែង​មាន​ទ័ព​នៅ​ការពារ​ពី​ខាង​មុខ មាន​អ្នក​កាន់​ទង់​ជ័យ និង​មាន​តន្ត្រី​នៅ​ខាង​ក្រោយ ។ ស្រី​ស្នំ​បួន ឬ​ប្រាំ​នាក់​ស្លៀក​សំពត់​ផ្កា​សៀត​ផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ​ដើរ​ជា​មួយ​ក្រុមៗ ។ ទោះបី​នៅ​ពេល​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទាន​ដែរ ។ នៅ​ក្នុង​ចំណោម​ស្រី​ស្នំ​ទាំង​នោះ មាន​ខ្លះ​កាន់​គ្រឿង​មាន​ដូច​ជា ភាជន៍​មាស និង​គ្រឿង​បិទបាំង​ជាដើម​ផ្សេងៗ​ពី​គ្នា មិន​ដឹង​ជា​គេ​យក​ទៅ​ប្រើការ​អ្វី​ខ្លះ​ឡើយ ។ នៅ​មាន​ស្រី​ស្នំ​ខ្លះ​ទៀត​កាន់​ស្នរ លំពែង ខែល ជាទ័ព​ នៅ​ខាង​​ក្នុង​មួយ​ក្រុម​ទៀត​ផង មាន​រទេះ​ទឹម​ពពែ និង​រទេះ​ទឹម​សេះ ដែល​មាន​តាក់​តែង​ដោយ​គ្រឿង​មាស​បរ​ដង្ហែ​ដែរ 
ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពួក​ញាតិវង្ស សុទ្ធ​តែ​ជិះ​ដំរី​នៅ​ខាង​មុខ បើ​មើល​ពី​ចម្ងាយ​ទៅ ឃើញ​សុទ្ធ​តែ​ក្លស់​ពណ៌​ក្រហម​ឥតគណនា ។ បន្ទាប់​មក ទើប​ដល់​ព្រះ​មហេសី​ធំ‑តូច​តាម​លំដាប់​ថ្នាក់ ជិះ​អង្រឹង​ស្នែង ជិះ​រទេះ​សេះ ឬ​ជិះ​ដំរី​ដ៏​មាន​ក្លស់​បើក​បាំង​មិន​តិច​ជាង​មួយ​រយ​ទេ ។ បន្ទាប់​មក​ទៀត ទើប​ដល់​ព្រះរាជា​ទ្រង់​ឈរ​នៅ​លើ​ខ្នង​ដំរី ព្រះហត្ថ​កាន់​ព្រះខ័នទិព្វ ។ ភ្លុក​ដំរី ព្រះទីនាំង​សឹង​មាន​ពាក់​ចង្កំ​មាស ។ មាន​ក្លស់​ស (ស្វេច្ឆត្រ) ចំនួន ២០ ដ៏​មាន​ស៊ែម​មាស​បើក​បាំង​ជុំ​ព្រះ​អង្គ ដែល​សុទ្ធ​តែ​ជា​ក្លស់​ដង​មាស នៅ​ជុំ​វិញ​ព្រះ​អង្គ​មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ការពារ ។ បើប្រសិន​ជា​ស្ដេច​យាង​ទៅ​ណា​ជិតៗ​ទេ ទ្រង់​គង់​លើ​គ្រែ​ស្នែង (ព្រះវរ) ហើយ​អ្នក​សែង​សុទ្ធ​តែ​ស្រីៗ​ស្នំ ។ សឹង​តែ​រាល់​ដង កាលណា​ស្ដេច​យាង​ចេញ​ដំណើរ​តែង​មាន​រូប​ស្តូប​តូច​មួយ ហើយ​ពី​មុខ​នេះ​មាន​ព្រះ​ពុទ្ធ​រូប​មាស​មួយ​អង្គ​ផង សែង​ពី​មុខ​ព្រះ​រាជា ។ បណ្ដា​ជន​ដែល​នៅ​តាម​ដង​ផ្លូវ ត្រូវ​សំពះ​លុត​ជង្គង់​ក្រាប​ក្បាល​ដល់​ដី​ដែល​គេហៅ​ថា សាំប៉ា” (សំពះ?) បើ​ពុំ​ដូច្នោះ​ទេ នឹង​ត្រូវ​គេ​ចោទ​ថា មើល​ងាយ​ព្រះចេស្ដា ហើយ​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ចោល ឥត​ដោះ​លែង​ឡើយ 
ក្នុង​មួយ​ថ្ងៃ ព្រះរាជា​ទ្រង់​កិច្ចការ​រដ្ឋ​ពីរលើក គឺ​ទទួល​សវនាការ​ពី​រដ្ឋ​មន្ត្រី និង​រាស្ត្រ ប៉ុន្តែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស​ និង​កិច្ច​ការ​នោះ​ទេ ។ បើ​មន្ត្រី ឬ​រាស្ត្រ​ណា​ចង់​ចូល​គាល់ ត្រូវ​តែ​ចូល​ទៅ​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ដី​រងចាំ​ជាមុន ។ មួយ​សន្ទុះ​ក្រោយ​មក ទើប​គេ​ឮ​សូរ​សម្លេង​តន្ត្រី​រងំ​ពី​ខាង​ក្នុង ។ អ្នក​នៅ​ខាង​ក្រៅ​ផ្លុំ​ស័ង្ខ​តប​ទៅ​វិញ ។ ខ្ញុំ​ឮ​គេ​ថា គេ​ប្រើ​តែ​ទីនាំង​គ្រែស្នែង​មាស (ព្រះវរមាស) ទេ បើ​គ្រាន់​តែ​យាង​ជិតៗ ។ បន្តិច​មក គេ​ឃើញ​ស្រី​ស្នំ​ពីរ​នាក់​រូត​វាំងនន​ព្រះវរ​នោះ​ឡើង ក៏​លេច​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះខ័ន នៅ​ក្នុង​ស៊ុមមាស​ជា​ទី​ព្រះ​ទែនគង់​ប្រថាប់ ។ ពេលនោះ ទាំងមន្ត្រី ទាំង​រាស្ត្រ​សុទ្ធ​តែ​ឱន​ក្បាល​លើក​ដៃ​សំពះ លុះត្រា​តែ​ផុត​សម្លេង​ស័ង្ខ​ដែល​ជា​សញ្ញា​ឲ្យ​ងើប​មុខ​ឡើង ទើប​ហ៊ាន​ងើប​ព្រម​គ្នា ។ ស្ដេច​ក៏​គង់​ប្រថាប់​ដែរ ។ ព្រះទែន​នោះ ក្រាល​ដោយ​ស្បែក​សត្វ​សិង្ហ ដែល​ជា​កេរ្តិ៍​​ដំណ​មក​ច្រើន​ស្ដេច​ហើយ ។ លុះ​ទ្រង់​ប្រាស្រ័យ​ការ​ចប់​ហើយ ស្ដេច​យាង​ចូល​វិញ​ដោយ​មាន​ស្រី​ស្នំ​ពីរ​នាក់​រូត​រនាំង​បិទ​ដូច​ដើម អ្នក​ទាំង​អស់​គ្នា​ក៏​ក្រោក​ឈរ​ហើយ​អែបៗ​ខ្លួន​ទៅ​កៀន​រៀង​ខ្លួន​ទៅ 
ពិត​មែន​តែ​ស្រុក​នេះ​មិន​សូវ​ស៊ីវិល័យ តែ​គេ​ស្គាល់​ច្បាប់​ទម្លាប់​គោរព​ព្រះមហាក្សត្រ 


ប្រភពឯកសារ៖http://choukhmer.blogsome.com/khmer-civilization/the-record-of-chiv-takuan/#ixzz1SelOLmU2

0 ការពិគ្រោះ:

Post a Comment

Booking.com