៣០. អំពីប្រដាប់ប្រើប្រាស់
អ្នកស្រុកធម្មតាមានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក ឬថាំងជាដើម ប្រើទេ គេប្រើឆ្នាំងដីសម្រាប់ដណ្ដាំបាយ ហើយឆ្នាំងមួយទៀតសម្រាប់ស្ល ។ គេយកថ្មបីដុំតម្កល់ធ្វើជាជើងក្រាន និងយកត្រឡោកដូងធ្វើជាវែក ។ គេប្រើចានទាបមកពីស្រុកចិនសម្រាប់ដាក់បាយ ឯសម្ល គេដាក់នឹងកន្ទោងស្លឹកឈើដែលកេវខ្ទាស់មិនលិចទឹកទេ ។ គេយកស្លឹកក្រចាប់ធ្វើជាស្លាបព្រាដួសសម្លបញ្ចូលមាត់ កាលណាប្រើរួច គេបោះចោលទៅ ។ ម្ហូបថ្វាយព្រះ ឬថ្វាយទេពតាក៏គេដាក់នឹងស្លឹកដូច្នោះដែរ ។ គេយកគ្រឿងដែលធ្វើពីស្ពាន់សដែលដាក់ទឹកនៅក្បែរខ្លួន សម្រាប់ជ្រលក់ដៃកុំឲ្យជាប់បាយនឹងដៃ ព្រោះគេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ ។ គេប្រើផ្តិលសំរឹទ្ធិសម្រាប់ចាក់ស្រាផឹក ចំណែកអ្នកក្រប្រើផ្តិលដែលធ្វើអំពីដី រីឯពួកមន្ត្រី គេប្រើផ្តិលធ្វើពីប្រាក់ ឬមាសផងក៏មាន ។ បើក្នុងឱកាសបុណ្យធំៗ ដូចជាបុណ្យជាតិវិញ គេប្រើប្រដាប់ទាំងនេះ សុទ្ធតែពីមាសទាំងអស់ ហើយមានរបៀបផ្សេងពិសេសទៀតផង ។ នៅនឹងដីគេក្រាលកន្ទេលមកពីស្រុកម៉េងជីវ (ស្រុកចិន) ឬមួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង... ពុំនោះទេ គេប្រើកន្ទេលផ្ដៅ ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ មានកំពស់ប្រហែលមួយហត្ថ ។ សម្រាប់កន្លែងគេដេក គេប្រើកន្ទេលឫស្សី តែឥឡូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន ។ ម្ហូបចំណី គេគ្របដោយសំពត់ ឯនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន ឬខ្សែសយ ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ ។ ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ ។
៣១. អំពីរទេះ និង អង្រឹងស្នែង
ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកណ្ដាលអ៊ែនចុះក្រោម ចុងសងខាងឡើងលើ ហើយនៅចុងនោះគេឆ្លាក់ជាក្បាច់ផ្កាភ្ញី និងមានស្រោបមាស ឬប្រាក់ពីក្រៅឈើនោះផង គេហៅថាអង្រឹងដងមាស ដងប្រាក់ សម្រាប់តាមលំដាប់ថ្នាក់ ។ ចម្ងាយពីចុងដងប្រមាណមួយហត្ថ គេវាយដែកធ្វើជាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំងយ៉ាងធំ ហើយក្រាស់ មកបត់ធ្វើជាត្រចៀកសម្រាប់ស៊កខ្សែភ្ជាប់ទៅនឹងស្រយូវដែកនោះ ។ អ្នកជិះអង្គុយលើសំពត់នោះ ដៃកាន់ជាយសំពត់ផង ហើយឲ្យមនុស្សពីរនាក់ជាអ្នកសែង ។ នៅក្បែរអង្រឹងស្នែងតែងតែមានប្រដាប់មួយទៀតមានសណ្ឋានដូចដំបូលទូកតែធំជាងដ៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយមានមនុស្សបួននាក់សែង និងមានមនុស្សដើរតាមហែរពីក្រោយផង ។ បើធ្វើដំណើរទៅឆ្ងាយ គេអាចជិះដំរី និងសេះ ព្រមទាំងប្រើរទេះដែរ ។ រទេះនៅស្រុកនេះ ក៏មានលក្ខណៈ ដូចរទេះស្រុកឯទៀតដែរ តែគេជិះសេះ ឥតមានកែបទេ ឯដំរីក៏គ្មានប្រដាប់សម្រាប់អង្គុយដែរ ។
៣២. អំពីទូ‑ច្រវា
អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន រួចទើបវាយផ្ដុំឡើងជាទូក ។ មេជាងឥតមានប្រើរណារទេ គេប្រើតែដឹង ហើយនិងដែកខួង ដែលជាហេតុនាំឲ្យខាតឈើ និងកម្លាំងច្រើនណាស់ ។ នៅគ្រប់ពេលដែលគេចង់កាត់ឈើជាកំណាត់ គេតែងយកដែកខួងមកខួងទម្លុះផ្ដាច់តែម្ដង ទោះជាធ្វើផ្ទះ ក៏ធ្វើរបៀបដូចគ្នានេះដែរ ។ គេមានប្រើដែកគោលវាយធ្វើទូកដែរ ។ គេយកស្លឹកឡេង (ក្រចាប់) មកប្រក់ធ្វើដំបូល ដោយយកដើមស្លាមកពុះជាបន្ទះគាបសង្កត់ស្លឹកនោះផង ។ ទូករបៀបនេះ គេហៅថា “ស៊ីនណា” ។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ ។ ចំណែកទូកតូចៗវិញ គេលុងធ្វើពីឈើមួយដើមធំ ។ គេយកភ្លើងដុតឆេះរោលឲ្យទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូកឲ្យធំ ក្បាលកន្សៃស្រួចឥតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ដែរ ។ ទូករបៀបនេះហៅថា “កុយឡាំង” ។
៣៣. អំពីខេត្ត
ខេត្តមានទាំងអស់ជាង ៩០ គឺខេត្ត ចេងពូ (ចន្ទបូរ) ឆាណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ូចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ូចស៊ឺលី ជាដើម ។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ ។ ខេត្តនិមួយៗសុទ្ធតែមានមន្ត្រីធំនៅកាន់កាប់ ហើយមានធ្វើបន្ទាយឈើជារបាំងផង ។
៣៤. អំពីស្រុកភូមិ
នៅក្នុងភូមិនិមួយៗជួនមានវត្ត ជួនមានប្រាសាទ ហើយមានមន្ត្រីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់ ។ មន្ត្រីនោះគេហៅថា បួយស៊ី ។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសម្រាប់ឈប់សម្រាក គេហៅថា ស៊ិមប៉ាក់ ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានកើតចម្បាំងជាមួយនឹងប្រទេសសៀម ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ ។
៣៥. អំពីប្រមាត់ប្រមង់
កាលពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្ដេចក្រុងចាមក្នុងមួយឆ្នាំគេសុំយកប្រមាត់មនុស្សមួយថូ ដែលមានចំនួនរាប់ពាន់ ។ នៅក្នុងពេលយប់គេចាត់ពួកអ្នកយកប្រមាត់ (ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុងទីក្រុង និងក្នុងភូមិ ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ គេចាប់យកខ្សែចងក្បាលឲ្យជាប់ ហើយយកកូនកាំបិតចាក់ក្រោមឃ្លៀកខាងស្ដាំខ្វេះយកប្រមាត់ដាក់ក្នុងថូ លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម ។ ប៉ុន្តែគេមិនយកប្រមាត់នៃជនជាតិចិនទេ ។ ពីព្រោះមានកាលមួយឆ្នាំនោះ គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ ក៏បណ្ដាលឲ្យស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់ ពេលក្រោយមក គេលែងមានការដើរចាប់យកប្រមាត់ទៀតហើយ ហើយគេចាត់មន្ត្រីដោយឡែកសម្រាប់មុខងារខាងយកប្រមាត់ពីពួកក្រោមអំណាចខ្លួន ដែលតាំងឲ្យនៅជាយក្រុងក្បែរទ្វារខាងជើង ។
៣៦. អំពីរឿងចម្លែកមួយ
នៅក្នុងកំពែងនាទិសខាងកើត មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីឯងបង្កើត ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះមិនចេញ រហូតដល់គ្រប់បីថ្ងៃ ឥតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជិវិតទៅ ។ អ្នកស្រុកខ្ញុំម្នាក់សែ “ស៊ិ” គេបានមករស់នៅស្រុកនេះរវាងសាមសិបប្រាំឆ្នាំហើយ គេថា គេបានឃើញរឿងនេះច្បាស់នឹងភ្នែកពីរលើក ហើយគេថា បានជាសក្តិសិទ្ធិដូច្នេះ ព្រោះបារមីព្រះរបស់ស្រុកនេះខ្លាំងពូកែណាស់ ។
0 ការពិគ្រោះ:
Post a Comment