គ. នគរចេនឡាដីគោក និង នគរចេនឡាទឹកលិច
សតវត្សទី៨ ជាសម័យមួយដែលប្រទេសកម្ពុជាបានជួបប្រទះការបែកបាក់សាមគ្គី ចលាចល និងចម្បាំងដណ្ដើមអំណាចគ្នា មិនចេះចប់ មិនចេះហើយ ដែលជាឱកាសមួយល្អហុចឲ្យប្រទេសជិតខាងឆ្លៀតយកចំណេញលើគ្រប់វិស័យ ។
ប្រទេសខ្មែរត្រូវប្រេះឆាបែកបាក់រលេះជ្រុះធ្លាក់ជាលំដាប់លំដោយ ហើយបែងចែកចេញជានគរពីរដែលប្រឈមមុខប្រឆាំងច្បាំងនឹងគ្នា ។ នគរខ្មែរទាំងពីរមានមួយស្ថិតនៅភូមិភាគខាងជើងដូចនគរចេនឡាកាលគ្រាដើម និងមួយទៀតនៅភូមិភាគខាងត្បូងដូចនគរហ្វូណនជំនាន់ដើមដែរ ដែលជាតំបន់មានទឹកទន្លេបឹងបួរអូរស្ទឹងព្រែក ។ អ្នកប្រវត្តិវិទូ ដើម្បីឲ្យមានការងាយស្រួលក្នុងការយល់ចងចាំ បាននាំគ្នាសន្មតយកឈ្មោះ ចេនឡា ដែលជាឈ្មោះចិនធ្លាប់ហៅទឹកដីខ្មែរផ្នែកខាងជើងជួរភ្នំដងរែក មកដាក់សម្គាល់ នគរខ្មែរខាងជើងគឺ ចេនឡាដីគោក និងនគរខ្មែរខាងត្បូង ចេនឡាទឹកលិច ។
១. ចេនឡាដីគោក
ដោយគ្មានឯកសារ ប្រវត្តិសាស្ត្រពិតប្រាកដរបស់នគរចេនឡាដីគោក ស្ថិតក្នុងភាពងងឹតអាថ៌កំបាំង ។ គេអាចស្មានបានថា ប្រវត្តិនេះមានជាប់ជំពាក់ជាមួយនឹងប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍តូចធំនៃប្រទេសលាវបច្ចុប្បន្ន ។ ហើយ ក្នុងសម័យកាលជាមួយគ្នានេះដែរ គេពុំបានឃើញមានកំណត់អ្វីជាច្បាស់លាស់អំពីសំណាក់អ្នកដំណើរចិនដែលបានទៅដល់ស្រុកខ្មែរឡើយ ។ ព្រឹត្តិការណ៍ក្នុងប្រទេស គេពុំអាចដឹងស្គាល់ទេ ។ គេឃើញមានតែឯកសារខ្លះដែលអធិប្បាយអំពីទំនាក់ទំនងផ្លូវទូតរវាងប្រទេសខ្មែរ និងចិន ។
គេគ្រាន់តែដឹងថាព្រះមហាក្សត្រខ្មែរនៅតែរក្សាទំនាក់ទំនងផ្លូវទូតជាមួយនឹងប្រទេសចិនជាប់ជានិច្ច ។ ក្នុងកាលៈទេសៈខ្លះ ស្ដេចខ្មែរមានទាំងធ្វើអន្តរាគមក្នុងជម្លោះរវាងយួន និងចិនទៀតផង ។ ឯកសារប្រវត្តិសាស្ត្រចិនបានសរសេរថា ក្នុងគ.ស៧១៧ ព្រះមហាក្សត្រចេនឡាដីគោក ឬវិនតាន់ បានបញ្ជូនព្រះរាជតំណាងទៅប្រទេសចិន ។ ក្នុងគ.ស៧៥០ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិនដែរ ។
បីឆ្នាំកន្លងមក បុត្រព្រះហាក្សត្រខ្មែរចេនឡាដីគោក ព្រមទាំងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយបានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីគ្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ពទៅច្បាំងវាយកម្ទេចពួកយួន និងថៃ ។ ក្នុងគ.ស៧៧១ ព្រះឧបរាជខ្មែរ ពោមី បាននាំគណៈប្រតិភូដោយខ្លួនឯងទៅគាល់ស្ដេចចិន ។ មកដល់គ.ស៧៩៩ ព្រះមហាក្សត្រខ្មែរចេនឡាដីគោកនៅតែទាក់ទង និងបញ្ជូនអគ្គរាជទូតទៅប្រទេសចិន ។ សិលាចារឹកខ្មែរនៅ ល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។
២. ចេនឡាទឹកលិច
រីឯចេនឡាទឹកលិចវិញ ត្រូវចែកចេញជានគរពីរ ដោយមានព្រះរាជធានីពីរ អនិន្ទិតបុរៈ ដែលគេពុំទាន់ស្គាល់ទីកន្លែងពិតប្រាកដ និង សម្ភុបុរៈ ដែលនៅសម្បូណ៌ លើត្រើយទន្លេមេគង្គក្នុងខេត្តក្រចេះ ។
ព្រះរាជវង្សដែលគ្រប់គ្រងទីក្រុងអនិន្ទិតបុរៈ ប្រកាសបញ្ជាក់ថា ខ្លួនជាពូជខ្សែស្រឡាយចុះពីព្រះបាទកៅឌិញ្ញ‑ព្រះនាងសោមា មកដល់ព្រះបាទភវវរ្ម័ន ដែលជាចៅព្រះបាទរុទ្ទ្រវរ្ម័ន ព្រះមហាក្សត្រនគរហ្វូណន ។
ចំណែកក្រុមព្រះមហាក្សត្រដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពី ព្រះមហាក្សត្រីយានីព្រះនាងជ័យទេវី ។
ការខំប្រឹងប្រែងបង្រួបបង្រួមនគរទាំងពីរនៃចេនឡាទឹកលិច ក៏មានជាហូរហែដែរ ដូចជា ព្រះបុស្សករ័ក្ស ស្ដេចសោយរាជ្យនៅអនិន្ទិតបុរៈ ដែលសុខចិត្តទៅទទួលអភិសេកនៅឯទីក្រុងសម្ភុបុរៈជាដើម ។ បន្ទាប់មក បុត្ររបស់ព្រះអង្គព្រះនាមរាជឥន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត តែ ជាការឥតប្រយោជន៍ ពីព្រោះ មិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត ។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំមានឯកសារអ្វីជាច្បាស់លាស់សម្រាប់បញ្ជាក់ទេ ។
ប្រវត្តិសាស្ត្រខ្មែរទាំងចេនឡាដីគោ ទាំងចេនឡាទឹកលិច ក្នុងសម័យកាលនេះ គេពុំសូវបានដឹងច្បាស់លាស់ទេ គឺជាយុគមួយងងឹត ហើយដែលស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ។
ឃ. ចេនឡាទឹកលិចក្រោមការត្រួតត្រាជ្វាកោះហ្សាវា
ក្នុងពេលដ៏ពិបាកដែលខ្មែរកំពុងតែបែកបាក់សាមគ្គី កើតចលាចលប្រកាប់ប្រចាក់ សម្លាប់គ្នាដណ្ដើមយកធំ ពួកចោរសមុទ្ទជ្វាមកពីកោះហ្សាវា (គឺ Java = ជវា = ជ្វា ។ យើងប្រើឈ្មោះ ហ្សាវា គឺចង់ឲ្យមានការងាយយល់ស្រួលរកលើផែនទី) បានឆ្លៀតឱកាសនាំបក្សពួកមកវាយប្រហារលុកលុយ លួចប្លន់ប្រទេសកម្ពុជា ។
គឺនៅក្នុងគ.ស៧៧៤ និង៧៨៧ ។ ដំបូងពួកចោរសមុទ្ទជ្វាទាំងនេះ បានកាន់កាប់កោះមួយចំនួន មានដូចជា កោះត្រឡាច ឬ ពូឡូកុងឌ័រ (Poulo Condor) ដែលពួកវាយកមកធ្វើជាមូលដ្ឋានយោធាសម្រាប់រៀបចំប្រតិបត្តិការវាយប្រហារលុកលុយ កាប់សម្លាប់លួចប្លន់បំផ្លាញប្រទេសចម្ប៉ាជាប់សមុទ្ទ ។ ពួកជ្វាចោរសមុទ្ទមានទូកធំមាំ មានល្បឿនលឿនខុសធម្មតា អាចធ្វើដំណើរឆ្លងកាត់សមុទ្ទគ្មានភិតភ័យ ។ ទូកធំលឿនទាំងនេះ ជាឧបករណ៍យ៉ាងចំណានរបស់ទ័ពចោរជ្វាក្នុងការធ្វើចម្បាំងវាយប្រហារទៅលើប្រទេសជិតឆ្ងាយ ។ ជាពិសេស ក្នុងយុគនោះ ស្ដេចជ្វា សីលេន្ទ្រ បានប្រកាសខ្លួនជាស្ដេចនគរភ្នំ (Roi de la Montagne) ឬជាព្រះចៅអធិរាជធំជាងគេក្នុងសាកលលោក ដែលជាកត្តាមួយជម្រុញឲ្យមានការលោភលន់ចង់វាតទីវាតអំណាច ។
ក្រោយដែលបានកម្ទេចភូមិស្ថាននគរចម្ប៉ា ពួកជ្វាចោរសមុទ្ទបានបើកបរទូកសំពៅចូលតាមដីសណ្ដទន្លេមេគង្គ ហើយឡើងតាមដងទន្លេមកដល់ព្រះបរមរាជវាំងសម្ភុបុរៈ ។ ពួកចោរជ្វាបានលួចប្លន់ កាប់សម្លាប់ប្រជាជនខ្មែរក្មេងចាស់ប្រុសស្រី គ្មានត្រាប្រណី ដុតបំផ្លាញអស់ទីក្រុង ហើយចាប់ព្រះមហាក្សត្រខ្មែរយកមកសម្លាប់ដោយកាត់ក ។ ព្រះមហាក្សត្រខ្មែរនេះប្រហែលជាព្រះបាទមហិបតី បុត្រព្រះបាទរាជឥន្ទ្រវរ្ម័ន ឬព្រះបាទជ័យៈ ។ នេះ បើសម្អាងទៅលើសិលាចារឹកខ្មែរពីរពីគ.ស៧៧០ និង៧៨១ ។
ពួកចោរជ្វាក៏នាំយកក្បាលព្រះរាជាខ្មែរទៅថ្វាយស្ដេចជ្វានៅកោះហ្សាវា ។ ស្ដេចជ្វាយកក្បាលស្ដេចខ្មែរលាងជូតអប់ស្អាតរួចស្រេចហើយ ក៏បញ្ជូនត្រលប់ឲ្យស្ដេចខ្មែរដែលទើបតែនឹងឡើងសោយរាជ្យបន្ត ។ បើតាមឈ្មួញអារ៉ាប់ឈ្មោះ សុឡាយម៉ាន់ (Sulayman) ដែលធ្លាប់ធ្វើដំណើរកាត់ឆ្លងប្រទេសកម្ពុជាជាញឹកញាប់ ។ ដោយសារធ្លាក់ខ្លួនជានគរចំណុះនគរជ្វាកោះហ្សាវា ទើបបានជារៀងរាល់ព្រឹក ព្រះមហាក្សត្រខ្មែរត្រូវតែបែរមុខតម្រង់រកទៅទិសកោះជ្វាហ្សាវា លុតជង្គង់ឱនក្បាលដល់ដី ដើម្បីធ្វើគារវកិច្ចគោរពស្ដេចជ្វាពីចម្ងាយ (ការកត់សម្គាល់របស់សុឡាយម៉ាន់ ត្រូវបានជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះ អាប៊ូ ហ្សាអ៊ីត ហាស្សាន់ (Abou Zaid Hassan) បោះពុម្ពផ្សាយក្នុងគ.ស៩១៦) ។
ទោះជាសិលាចារឹកខ្មែរ មានចាររំលឹកអំពីអនុស្សាវរីយ៍ជូរចត់នៃអាណានិគមជ្វាកោះហ្សាវាខ្លះៗ ក៏ដោយ ក៏យើងពុំបានស្គាល់ដោយច្បាស់លាស់ ហូរហែព្រឹត្តិការណ៍ប្រវត្តិជាក់ស្ដែងក្នុងសម័យយុគនោះដែរ ។ ជាពិសេស របៀបរបបគ្រប់គ្រង ត្រួតត្រារបស់អាណានិគមជ្វាមកលើកម្ពុជា ។
0 ការពិគ្រោះ:
Post a Comment