៣. កម្ពុជាសម័យអង្គរ
កម្ពុជានាចុងសតវត្សទី៨ ត្រូវស្ថិតនៅក្រោមអាណានិគមប្រទេសជ្វាហ្សាវាយ៉ាងតិចណាស់ក៏ជាង១០ឆ្នាំដែរ ។ ចំពោះការរស់នៅ ការគ្រប់គ្រង និងទិដ្ឋភាពក្នុងនគរ យើងពុំមានឯកសារអ្វីជាសម្អាងសម្រាប់សិក្សាឡើយ ។
តែ យើងអាចដឹងបានថា ថ្ងៃក្រោយមានក្សត្រខ្មែរមួយអង្គព្រះនាមជ័យវរ្ម័ន បានរៀបចំការតស៊ូ ប្រមូលអ្នកស្នេហាជាតិ កទ័ព ចេញប្រយុទ្ធ រើបង្រះ រំដោះកម្ពុជាពីអាណានិគមជ្វា ។ ព្រះបាទជ័យវរ្ម័ន ជាព្រះមហាក្សត្រមួយដ៏ធំចំណាន ខ្លាំងពូកែក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលបានកសាងសម័យមហានគរ ហើយដែលបានជម្រុញធ្វើឲ្យកម្ពុជាមានកិត្យានុភាពរៀងរហូតមក ។
ក. ព្រះបាទជ័យវរ្ម័នទី២ (គ.ស៨០២‑៨៥៤)
គេអាចស្គាល់ប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយសារសិលាចារឹក ស្ដុកកក់ធំ ដែលអ្នកប្រវត្តិវិទូខ្មែរបានសរសេរចារឆ្លាក់លើថ្ម ២០០ឆ្នាំក្រោយរជ្ជកាលព្រះអង្គ ។ ក្នុងរាជ្យព្រះអង្គ គេពុំឃើញមានសិលាចារឹកណាមួយដែលបានសរសេរចារទុកបញ្ជាក់ប្រាប់អំពីការតស៊ូ ព្យាយាមបង្រួបបង្រួមសាមគ្គីជាតិ វាយកម្ចាត់ខ្មាំង និងកសាងមាតុភូមិឡើយ ។
១. ការតស៊ូរំដោះជាតិ
ព្រះបាទជ័យវរ្ម័នទី២ ត្រូវជាចៅមីងព្រះបាទបុស្សករ័ក្ស បើគិតទៅតាមខ្សែខាងម្ដាយ ។
ក្នុងពេលកើតព្រឹត្តិការណ៍ពួកជ្វាចោរសមុទ្ទចូលមកលួចប្លន់ ដុតផ្ទះសម្បែង ទីក្រុងសម្ភុបុរៈ ព្រះអង្គព្រមទាំងព្រះញាតិវង្ស ត្រូវចាប់យកជាឈ្លើយនាំទៅកោះហ្សាវា ។ កាលនោះ ព្រះអង្គនៅជាកុមារនៅឡើយ ។ នៅប្រទេសជ្វា ព្រះអង្គខំប្រឹងរៀនសូត្រគ្រប់មុខវិជ្ជា ទាំងក្នុងសាសនា ទាំងក្នុងរបៀបរៀបចំនគរ ដែលជាមូលដ្ឋានបានជម្រុញធ្វើឲ្យប្រទេសជ្វាក្លាយទៅជាមហាអំណាចមួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។
ថ្ងៃមួយក្នុងគ.ស៨០០ ព្រះបាទជ័យវរ្ម័នទី២ ដោយមានសេនាពលអាមាត្យជាទីទុកចិត្តជូនដំណើរផង បានលបលួចធ្វើដំណើរត្រលប់ចូលមកស្រុកខ្មែរវិញ ។ ព្រះអង្គបានតាំងទីមូលដ្ឋាននៅខេត្តក្រចេះ ក្នុងតំបន់ចន្លោះអតីតព្រះរាជធានី សម្ភុបុរៈ និង ស្រុកត្បូងឃ្មុំ ។ កន្លែងនោះមានឈ្មោះថា ឥន្ទ្របុរៈ ដែលគេចាត់ទុកជាព្រះរាជធានីមួយក្នុងរជ្ជកាលព្រះអង្គ ។ ព្រះអង្គបានពន្យល់បញ្ចុះបញ្ចូល ដឹកនាំព្រះញាតិវង្សានុវង្ស នាម៉ឺនមន្ត្រីមេទ័ព និងស្ដេចដែលធ្លាប់ចំណុះនគរចេនឡាទឹកលិច ឲ្យសុខចិត្តសុខកាយយល់ព្រមរួបរួមកម្លាំងវាយកម្ចាត់ពួកសត្រូវចោរជ្វា ។
ក្នុងការតស៊ូរំដោះជាតិពីនឹមប្រទេសជ្វា ព្រះបាទជ័យវរ្ម័នទី២ មានសហការីពូកែចំណានចំណាប់មានវិជ្ជា និងសមត្ថភាពយ៉ាងខ្ពង់ខ្ពស់ជ្រៅជ្រះជាច្រើនជាជំនួយ ។ មេទ័ពដ៏ល្បីល្បាញជាងគេឈ្មោះ ព្រិទ្ធិឥន្ទ្រវរ្ម័ន ដែលបានរំដោះបង្ក្រាប និងរៀបចំតំបន់ដែលស្ថិតនៅខាងត្បូងខេត្តបាត់ដំបងឲ្យមានសន្តិសុខ ។ ស្នាដៃនេះ ជាកត្តាមួយយ៉ាងសំខាន់ដែលអនុញ្ញាតផ្ដល់ដល់ព្រះមហាក្សត្រខ្មែរ នូវលទ្ធភាពកសាងព្រះរាជធានីក្នុងតំបន់បឹងទន្លេសាប ដែលជាជង្រុកស្រូវ និងត្រីសាច់ ។ ហើយ លើផ្នែកយុទ្ធសាស្ត្រវិញ ទីក្រុងកម្ពុជាក៏ស្ថិតនៅឆ្ងាយពីច្រកចូលរបស់កងទ័ពជ្វា និងចាមដែលតែងឡើងមកតាមដងទន្លេដែរ ។ ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័នទី២ បោះបង់ភូមិភាគទន្លេមេគង្គខាងត្បូងមកតាំងទីរាជធានីនៅខាងជើងបឹងទន្លេសាប ។
អ្នកប្រាជ្ញម្នាក់ទៀតដែលល្បីល្បាញជាងគេ ខាងចំណេះចេះដឹងមានវិជ្ជាខ្ពង់ខ្ពស់មានប្រាជ្ញាឈ្លាសវៃ ឈ្មោះ សិវកឥវលិយៈ ។ ក្នុងគ្រប់កាលៈទេសៈ ព្រះអង្គតែងតែនាំអ្នកប្រាជ្ញកំពូលនេះទៅជាមួយជានិច្ច ដើម្បីទុកជាទីប្រឹក្សាជាន់ខ្ពស់សម្រាប់ផ្ដោះប្ដូរសាកសួរយោបល់គ្រប់បញ្ហាដែលទាក់ទងទៅនឹងអាយុជីវិតប្រទេសជាតិ ។
ប្រវត្តិតស៊ូរំដោះជាតិរបស់ព្រះបាទជ័យវរ្ម័នទី២ និងប្រជាពលរដ្ឋខ្មែរជំនាន់នោះ គេពុំបានដឹងអ្វីជាពិតប្រាកដទេ ។ តែ យើងអាចប៉ាន់ស្មានបានថា ការតស៊ូរំដោះជាតិក្នុងគ្រានោះមានសភាពខ្លាំងក្លាធ្ងន់ធ្ងរពិបាកណាស់ ជាពិសេសនៅចំពោះមុខខ្មាំងជ្វា ដែលកំពុងតែមានកម្លាំង ។ ប្រហែលជាមកអំពីបញ្ហាស្ថិរភាព សន្តិសុខ និងបុព្វហេតុដូច្នេះហើយ ទើបបានជាព្រះមហាក្សត្រខ្មែរបានលើក បានរើទីក្រុងជាច្រើនដំណាក់ ។ ព្រះរាជធានីទាំងនោះមាន កុឌិ ដែលស្ថិតក្នុងរង្វង់តំបន់ប្រាសាទបន្ទាយក្ដីផ្នែកខាងជើងក្នុងខេត្តសៀមរាប អមរិន្ទ្របុរៈ ដែលអ្នកប្រវត្តិវិទូស្មានថានៅក្នុងតំបន់បន្ទាយឆ្មារ ក្នុងខេត្តបាត់ដំបង ហរិហរាល័យ ដែលស្ថិតនៅតំបន់រលួស ក្នុងខេត្តសៀមរាប និងមហិន្ទ្របព៌ត ដែលជាភ្នំគូលែន ស្ថិតនៅក្នុងខេត្តសៀមរាបដដែល ។
២. ការប្រកាសឯករាជភាពកម្ពុជា
គឺនៅលើភ្នំគូលែន ឬព្រះរាជធានីមហិន្ទ្របព៌ត ក្នុងគ.ស៨០២ ដែលព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី២បានប្រកាសឯករាជភាពកម្ពុជាចេញពីក្រញាំអាណានិគមស្ដេចជ្វាកោះហ្សាវា ។
ប្រវត្តិរំដោះ និងប្រកាសឯករាជភាពកម្ពុជាត្រូវបានបុព្វបរុសខ្មែរសរសេរឆ្លាក់ចារលើផ្ទាំងសិលាក្នុងគ.ស១០៥២ ដែលគេដាក់ឈ្មោះថា «សិលាចារឹកស្ដុកកក់ធំ» ។ សិលាចារឹកនេះ គេបានរកឃើញនៅក្នុងប្រាសាទស្ដុកកក់ធំ ដែលស្ថិតនៅទិសខាងជើងឆៀងខាងលិច ចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីប្រជុំជនស៊ីសុផុន ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) ។ បច្ចុប្បន្ន សិលាចារឹកស្ដុកកក់ធំត្រូវគេយកទៅតម្កល់ទុកនៅសារមន្ទីរសៀមឯបាងកក ។ តាមរយៈសិលាចារឹកស្ដុកក់ធំ យើងអាចឃើញស្គាល់ យល់ និងដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ខ្មែរមួយផ្នែកធំក្នុងសម័យអង្គរ ។
ដើម្បីឲ្យឯករាជភាពកម្ពុជាមានឥទ្ធិពលជ្រួតជ្រាបទៅគ្រប់ទិសទី ទាំងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ប្រជាជន ទាំងទៅលើប្រទេសជិតឆ្ងាយ ព្រះបាទជ័យវរ្ម័នទី២បានរៀបចំបង្កើតធ្វើឲ្យមានពិធីបុណ្យសាសនាយ៉ាងឧត្ដុង្គឧត្ដម ធំឱឡារិកនៅភ្នំគូលែន ។ ព្រះអង្គបាននិមន្តព្រាហ្មណ៍មួយអង្គព្រះនាមហិរនិយធម្ម គង់នៅអាស្រមជនបទ ហើយដែលចេះគ្រប់វិជ្ជាសិល្ប៍សាស្ត្រមន្តអាគមគាថាឲ្យមកចម្រើនរៀបចំពិធីបុណ្យគោរពបូជាព្រហ្មញ្ញសាសនាទៅតាមតម្រាក្បួនទ្រឹស្ដីទេវរាជ ។
ព្រាហ្មណ៍ព្រះគ្រូហិរនិយធម្មបានបង្ហាត់បង្រៀនសាស្ត្រាទាំងបួនក្នុងគម្ពីរព្រះឥសូរ (សាស្ត្រាទាំងបួនមានៈ វិន័យសិក្ខា នយោត្តរៈ សម្មោអៈ និង សិររិឆេទ) ដល់ព្រាហ្មណ៍សិវកឥវលិយៈ ទីប្រឹក្សាជំនិតព្រះមហាក្សត្រដើម្បីឲ្យចេះចងចាំ ក្បួនវិធីរៀបចំធ្វើសក្ការបូជាគោរពទេវរាជ ។ ធម៌ទាំងនេះ ពួកព្រាហ្មណ៍ត្រូវរៀនសូត្រស្វាធ្យាយ និងត្រូវចេះរៀបចំធ្វើពិធីផ្សេងៗ ដើម្បីកម្ចាត់សត្រូវ ដើម្បីប្រកាសតាំងខ្លួនជាអ្នកជា មានឯករាជភាព មានឥស្សរភាព និងបួងសួងសុំឲ្យមាននូវសេចក្ដីចម្រុងចម្រើនសម្បូណ៌សប្បាយដល់ប្រជាជាតិ ។ គឺអាចជាទ្រឹស្ដី ជាក្បួនតម្រាគម្ពីរសម្រាប់រៀបចំកសាងនគរឲ្យមានឯកភាពខ្លាំងពូកែល្អ ។ ជាគុណបំណាច់ដល់ព្រាហ្មណ៍សិវកឥវលិយៈ ព្រះមហាក្សត្របានសច្ចាប្រគល់សិទ្ធិផ្ដាច់មុខដល់គ្រួសារព្រាហ្មណ៍តពូជពីជំនាន់មួយទៅជំនាន់មួយជាលំដាប់លំដោយ តាមត្រកូលខាងម្ដាយ ឲ្យមានឋានៈជាអ្នកទទួលបន្ទុករៀបចំពីធីបូជាទេវរាជតទៅអនាគត ។ ដូច្នេះហើយបានជាយើងឃើញមានក្រុមព្រាហ្មណ៍បារគូបុរោហិតនៅជិតព្រះមហាក្សត្រ ដើម្បីជាសក្ខីភាពនៃការគោរពប្រពៃណី ។ តែក្រុមព្រាហ្មណ៍បុរោហិតដែលមានពូជពង្សចុះមកពីព្រាហ្មណ៍សិវកឥវលិយៈ ប្រហែលជាផុតពូជក្នុងសម័យស្ដេចត្រសក់ផ្អែម ។ ពីព្រោះស្ដេចអង្គនេះ គ្មានបញ្ចក្សត្រ គ្មានព្រះខ័នរាជ្យ គ្មានអ្វីជាសម្គាល់ជាស្ដេច ពេញគ្រប់លក្ខណៈតាមច្បាប់ក្រឹត្យក្រមវិន័យខ្មែរឡើយ (ពូជពង្សវង្សត្រកូលព្រាហ្មណ៍សិវកិវលិយៈប្រហែលជាត្រូវរលត់ផុតអស់លែងមានក្នុងសម័យព្រឹត្តិការណ៍តាត្រសក់ផ្អែមដណ្ដើមរាជ្យដែលបានកាប់សម្លាប់បំផ្លាញអ្វីជាព្រហ្មញ្ញសាសនា ។ ដូច្នេះហើយទើបបានជាស្ដេចត្រសក់ផ្អែមបញ្ជាឲ្យបង្កើតក្រុមព្រាហ្មណ៍បុរោហិត និងបញ្ចក្សត្រសម្រាប់តំណាងរាជបល្ល័ង្ក) ។ ឯពិធីធ្វើសក្ការបូជាទេវរាជត្រូវបានព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពប្រតិបត្តិ អនុវត្តធ្វើតាមរហូតមកដល់សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះ ព្រាហ្មណ៍សិវកឥរលិយៈបានទទួលឋានៈជាព្រះរាជគ្រូរបស់ព្រះមហាក្សត្រ ។
ក្នុងការគោរពបូជាទេវរាជ គេយកលិង្គមកធ្វើជាតំណាង ។ លិង្គនេះ គេយកទៅតម្កល់ទុកលើភ្នំមួយយ៉ាងខ្ពស់ដែលជាតំណាងភ្នំព្រះសុមេរុ ។ ឯភ្នំដែលតំណាងភ្នំព្រះសុមេរុគឺភ្នំគូលែន ។ ដូច្នេះហើយបានជាព្រះបាទជ័យវរ្ម័នទី២បានប្រារព្ធពិធីគោរពបូជាទេវរាជ និងយកលិង្កទៅតម្កល់នៅទីនោះ ។ លិង្កជាតំណាងព្រះឥសូរ ជាតំណាងការកកើត ។ ឯក្នុងការគោរពទេវរាជ លិង្កជាតំណាងព្រះមហាក្សត្រដែលមានភារកិច្ចការពារគ្របដណ្ដប់ប្រជាជាតិ ទាំងតាមផ្លូវចិត្ត ទាំងតាមផ្លូវកាយ ។ លិង្កតំណាងទេវរាជ គេអាចលើកផ្លាស់ប្ដូរទីកន្លែងបានទៅតាមកាលៈទេសៈ ។
ដោយសារពិធីធ្វើសក្ការបូជាទេវរាជ ព្រះបាទជ័យវរ្ម័នទី២អាចប្រកាសតាំងខ្លួនជាស្ដេចអាទិទេព (Dieu Roi) មានតេជៈបារមីដូចទេវរាជ មិនចាញ់ស្ដេចជ្វានៅកោះហ្សាវាឡើយ ដែលជាលក្ខណៈបញ្ជាក់អំពីឯករាជភាពពិតប្រាកដរបស់ប្រទេសកម្ពុជា ។
៣. ទ្រឹស្ដីទេវរាជ
អ្នកប្រវត្តិវិទូ និងអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរតែងតែនាំគ្នានិយមមូលមតិជឿយល់ថា ការគោរពបូជាទេវរាជ ជាការវិវត្តនៃព្រហ្មញ្ញសាសនាក្នុងសម័យព្រះបាទជ័យវរ្ម័នទី២ ។ គេយល់ថា ដើម្បីអះអាងប្រកាសខ្លួនជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញបង្ហាញឥទ្ធិពលមហិទ្ធិឫទ្ធិឲ្យប្រជានុរាស្ត្រកោតខ្លាចគោរពទទួលស្គាល់ ដើម្បីបញ្ជាក់ភាពឯករាជ្យរបស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ត្រូវតែរៀបចំធ្វើពិធីសាសនានៅភ្នំគូលែន គឺព្រះអង្គបានតាំងខ្លួនជាព្រះមហាក្សត្រផង ជាព្រះអាទិទេពផង ។
ទ្រឹស្ដីនេះសមហេតុសមផលត្រឹមត្រូវណាស់ តែ បើយើងយកទ្រឹស្ដីទេវរាជដោយសម្អាងទៅលើសិលាចារឹកស្ដុកកក់ធំ មកសិក្សារិះគិតពិចារណឲ្យបានវែងឆ្ងាយបន្តិច ជំនឿ និងការគោរពទេវរាជ មិនមែនកម្រិតឈប់ចប់ត្រឹមតែលើសាសនា និងលើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ ។ ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយចំពោះព្រះទេវរាជនៅភ្នំគូលែនក្នុងគ.ស៨០២ អាចចាត់ទុកជាទិវាខ្មែរឯករាជ្យ រំដោះចាកផុតពីអាណានិគមជ្វាកោះហ្សាវា និងក៏ជាថ្ងៃដែលខ្មែរបានប្រកាសអនុវត្តគោរពទ្រឹស្ដីគោលការណ៍នយោបាយថ្មីសម្រាប់កសាងប្រទេសជាតិដែរ ។
ទេវរាជ ជាឈ្មោះគម្ពីរក្បួនខ្នាតទ្រឹស្ដីនយោបាយខ្មែរសម្រាប់រៀបចំគ្រប់គ្រងប្រទេសជាតិ ។
ការបែងចែកអំណាច
សាសនាដែលតំណាងទៅដោយវណ្ណៈព្រាហ្មណ៍ គ្រាន់តែជាមូលដ្ឋានសម្រាប់ប្រមូលផ្ដុំប្រជានុរាស្ត្រ និងជាប្រភពសម្រាប់បង្កើតបញ្ចេញច្បាប់ទ្រឹស្ដីគោលគំនិតនយោបាយប៉ុណ្ណោះ ។ ឯព្រះមហាក្សត្រដែលជាទេវរាជ ជាអ្នកយកច្បាប់ យកគោលគំនិត ទ្រឹស្ដីនយោបាយទាំងនោះ មកអនុវត្តប្រតិបត្តិ ។ បើយើងនិយាយ និងប្រើតាមភាសាទំនើបថ្មីបច្ចុប្បន្ន ក្រុមព្រាហ្មណ៍បុរោហិតដែលតំណាងដោយព្រាហ្មណ៍សិវកឥវលិយៈ ជាអ្នកធ្វើច្បាប់ ឬជារដ្ឋសភា ។ ចំណែកព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ ។ ព្រះអង្គជាអ្នកគោរព និងអនុវត្តធ្វើតាមសេចក្ដីបញ្ញត្តរបស់ច្បាប់ ។ ព្រះមហាក្សត្រស្ថិតនៅក្រោមអំណាចច្បាប់ ។ ព្រះអង្គជាតំណាងអំណាចនីតិប្រតិបត្តិ ។ ដូច្នេះ ក្នុងការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកដឹកនាំ ឬអ្នកនយោបាយខ្មែរជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែងចែកអំណាចជាពីរៈ នីតិបញ្ញាត្តិ និង នីតិប្រតិបត្តិ ។ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខ្មែរធ្វើសច្ចាប្រណិធានថា គោរពអនុវត្តធ្វើតាមតរៀងរហូតទៅអនាគត ។ នេះគឺជាមូលដ្ឋាន និងជាគ្រឹះនគរខ្មែរ ។
ការរៀបចំស្ថាប័នជាតិ
ការបែងចែកអំណាចនាំមកនូវការរៀបចំស្ថាប័ន ។ ស្ថាប័ននេះមានទាក់ទងទៅនឹងការកំណត់មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និងព្រះមហាក្សត្រ ។
ក្រុមព្រាហ្មណ៍មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យឲ្យបានត្រឹមត្រូវទៅតាមច្បាប់វិន័យ ។ ព្រាហ្មណ៍ក៏ត្រូវពិនិត្យត្រួតត្រាការអនុវត្តទាំងនោះដែរ ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍ គឺការអប់រំបង្ហាត់បង្រៀនព្រះរាជវង្សានុវង្ស និងផ្ដល់យោបល់គោលគំនិតល្អៗដល់ព្រះមហាក្សត្រ ។ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ធម្មវិន័យក្រឹត្យក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្ដុកកក់ធំបានបញ្ជាក់ច្បាស់ណាស់ ។
រីឯស្ថាប័នដែលជាប់នឹងព្រះមហាក្សត្រ ឬអំណាចនីតិប្រតិបត្តិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្ត្រី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និងការបែងចែកធនធាន ។
ការស្ថាបនាជាតិ
ក្នុងទ្រឹស្ដីទេវរាជក្នុងសិលាចារឹកស្ដុកកក់ធំ ពាក្យ «ស្ថាបនា» ជាពាក្យដែលសំខាន់មានតម្លៃ និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ ។ ពាក្យស្ថាបនា ជាគន្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ ។ អ្នកដឹកនាំខ្មែរត្រូវស្ថាបនា ធ្វើដូចម្ដេចឲ្យប្រទេសជាតិចម្រុងចម្រើន ឲ្យពលរដ្ឋមានបានសម្បូណ៌សប្បាយ ចាកផុតភាពទុរគតក្រីក្រតោកយាក ព្រាត់ប្រាសក្រុមញាតិគ្រួសារ ។
ការបែងចែកអំណាច រៀបចំស្ថាប័នដាក់គោលការណ៍នយោបាយថ្មីឲ្យសមស្របស៊ីចង្វាក់ប្រទាក់ប្រទងប្រទាញគ្នាទៅវិញទៅមក ត្រូវធ្វើឡើងក្នុងគោលបំណងស្ថាបនាកសាងជាតិ ។ ការកសាងសាងសង់ទាំងនេះ មិនមែនអនុវត្តដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ ។ គេក៏មិនមែនធ្វើឲ្យឃើញចេញមានតែរូបរាង ទុកសម្រាប់បង្អួតឲ្យគេកោតសរសើរឡើយ ។
ការស្ថាបនានេះ ស្ថិតនៅលើការកាប់គាស់ឆ្ការព្រៃទឹកដីថ្មី ឲ្យក្លាយទៅជាស្រែចម្ការ ជាស្រុកភូមិថ្មី សម្រាប់បង្កបង្កើនភោគផល សម្បត្តិសង្គមជាតិ ។ មុននឹងបានសម្រេចជោគជ័យតាមការគ្រោង ព្រះមហាក្សត្រ និងអ្នកដឹកនាំខ្មែរបានជួយឧបត្ថម្ភប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដី ទ្រព្យធនធាន សត្វពាហនៈគោក្របី ប្រដាប់ប្រដារ ឧបករណ៍កសិកម្ម និងខ្ញុំកំដរទាសាទាសី ។ សក្ខីភាពនេះអាចបង្ហាញថា ព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិខ្មែរយល់អំពីជម្រៅសេដ្ឋកិច្ចដែលផ្អែកទាំងស្រុងទៅលើកសិកម្ម ។ ដូច្នេះ កម្លាំងនគរស្ថិតនៅលើកសិកម្ម ។ ឯការស្ថាបនាកសាងជាតិស្ថិតនៅលើការស្ថាបនាកសិកម្ម ។
ហើយការបែងចែកទឹកដីភូមិស្រុក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋឲ្យទៅកាន់កាប់ រស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរក្នុងការថែរក្សាការពារជាតិមាតុភូមិ ។
៤. ការកសាង និងស្នាដៃ
ព្រះបាទជ័យវរ្ម័នទី២ ទោះបីជាព្រះអង្គមានបេសកកម្មធំត្រូវរំដោះជាតិក៏ដោយ ក៏ព្រះអង្គយកចិត្តទុកដាក់ ខំរិះគិតរកមធ្យោបាយ រៀបចំទីក្រុង ឲ្យបាននឹងន មានស្ថិរភាព និងមានការរីកចម្រើនដែរ ។ ដូច្នេះហើយបានជាព្រះអង្គ រុះរើ លើកព្រះរាជធានីចុះឡើង តែព្រះរាជធានីរបស់ព្រះអង្គស្ថិតនៅជានិច្ចតែក្នុងរង្វង់តំបន់បឹងទន្លេសាប ដែលជាការចាប់ផ្ដើមកំណត់ទីតាំងព្រះរាជធានីនគរធំ ឬមហានគរទៅក្នុងអនាគតកាល ។
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ គេពុំសូវឃើញមានការកសាងប្រាង្គប្រាសាទធំៗទេ ។ ឯទីក្រុងព្រះរាជធានីផ្សេងៗដែលព្រះអង្គបានទៅតាំងទី ក៏មិនបានទុកនូវសំណៅអ្វីជាធំដុំមានជាប់មកដល់បច្ចុប្បន្នដែរ ។ ពីព្រោះសំណង់ទាំងនោះ ធ្វើពីឈើ ឬដោយសម្ភារៈមិនសូវជាប់មាំមួន ។ បុព្វហេតុនេះ គឺបណ្ដាលមកពីស្រុកមានសង្គ្រាម ព្រះអង្គគិតតែខំប្រឹងប្រែងរៀបចំការតស៊ូរំដោះជាតិពីអាណានិគមជ្វាកោះហ្សាវា ។ ម្យ៉ាងទៀត សន្តិសុខក៏ពុំទាន់មានជាស្ថាពរក្នុងនគរដែរ ។
ប្រាសាទដែលបានសង់ក្នុងព្រះបាទជ័យវរ្ម័នទី២ មានជាអាទិ ៖
ប្រាសាទរំចែង ត្រូវបានកសាងនៅភ្នំគូលែន ក្នុងគ្រាដែលព្រះរាជធានីបានរើទៅតាំងនៅទីនោះ ។
ប្រាសាទអកយំ ដែលស្ថិតនៅម្ដុំបារាយណ៍ខាងលិច ត្រូវបានកសាងដោយឥដ្ឋ ។
ប្រាសាទទាំងនេះ មានរូបរាងទំហំតូចមែន តែ គេអាចចាត់ទុកជាយុគថ្មីមួយរបស់ខ្មែរក្នុងវិស័យសិល្បៈ និងសាងសង់ប្រាសាទ ។ យើងបានឃើញប្រាសាទខ្មែរជំនាន់ក្រោយជាច្រើន កសាងទៅតាមលំនាំប្រាសាទរំចែង និងអកយំ ។
ក្រោយដែលបានទៅតាំងព្រះរាជធានីនៅភ្នំគូលែន ឬមហិន្ទ្របព៌ត ព្រះបាទជ័យវរ្ម័នទី២បានយាងត្រលប់មកគង់នៅឯរលួស ទីក្រុងចាស់ហរិហរាល័យ ។ ព្រះអង្គបានចូលទីវង្គតនៅទីក្រុងនេះក្នុងគ.ស៨៥៤ ក្នុងព្រះជន្មប្រហែលជា៩០វស្សា ។
ព្រះអង្គជាព្រះមហាក្សត្រខ្មែរយ៉ាងធំមួយអង្គនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ព្រះអង្គបានរំដោះជាតិពីនឹមជ្វា ព្រះអង្គបានបង្រួបបង្រួមប្រទេសកម្ពុជាឲ្យមានឯកភាព ហើយព្រះអង្គក៏ជាក្សត្រខ្មែរដែលបានស្ថាបនា កសាងទឹកដីខ្មែរឲ្យធំធាត់ មានកិត្យានុភាពជាមហានគរដែរ ។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាមហាក្សត្រខ្មែរមួយអង្គខ្លាំងពូកែ អង់អាចក្លាហាន ព្យាយាមតស៊ូ មានចិត្តអំណត់ មានចំណេះវិជ្ជាជ្រៅជ្រះ មានប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្រុកខ្មែរ និងកូនចៅជំនាន់ក្រោយ ។
nt-size8 Ȁ1 0 �u} by eight:115%'>» តែព្រឹត្តិការណ៍នេះ គេមិនទាន់រកឃើញមានសិលាចារឹកណាមួយលើកយកមកចារអធិប្បាយឡើយ ។ព្រះបាទជ័យវរ្ម័នទី១ បានចូលទីវង្គតទៅ ដោយគ្មានទុកនូវព្រះរាជបុត្រសម្រាប់ស្នងរាជ្យជំនួសឡើយ ។ ព្រះអគ្គមហេសី ព្រះនាមជ័យទេវី ក៏ឡើងគ្រងរាជ្យបន្តពីព្រះស្វាមី ។ ព្រះនាងសោយរាជ្យសម្បត្តិនគរកម្ពុជារហូតដល់គ.ស៧១៣ ។ តែ វត្តមានរបស់ព្រះនាងមិនបានធ្វើឲ្យនាម៉ឺនគ្រប់ជាន់ថ្នាក់ និងបណ្ដារាស្ត្រទូទៅសប្បាយពេញចិត្តឡើយ ។ ក្នុងសិលាចារឹកមួយនាសម័យនោះ ដែលគេរកឃើញនៅអង្គរ ព្រះមហាក្សត្រីយានី ជ័យទេវី បានរាប់រៀបអំពីទុក្ខសោកព្រះនាង ដោយសារតែអនាធិបតេយ្យភាពបានរានទន្ទ្រានលើចិត្តអារម្មណ៍មនុស្សទូទៅ និងដោយសារគ្រោះកាចចង្រៃភយន្តរាយបានបោកបក់មកលើប្រទេសជាតិ និងប្រជាពលរដ្ឋ ។
អស្ថេរភាព និងភាពចលាចលរំជើបរំជួលផ្ទៃក្នុងនេះ មិនមែនមានប្រភពកើតមកតែអំពីការឡើងកាន់អំណាចរបស់ព្រះនាងជ័យទេវីមួយគត់ប៉ុណ្ណោះទេ គឺបណ្ដាលមកពីបុព្វហេតុមួយធំជ្រៅជាងនេះទៅទៀត ដោយសារព្រះបាទជ័យវរ្ម័នទី១ បានអនុវត្តនយោបាយឃោរឃៅ កាប់សម្លាប់រំលាយបំផ្លាញព្រះពុទ្ធសាសនា ។ ការខំប្រឹងប្រែងបង្រួបបង្រួមជាតិដែលស្ដេចខ្មែរច្រើនដំណបានសង្វាតកសាងជាច្រើនសតវត្សមកហើយ ក៏ត្រូវរលត់រលាយយ៉ាងឆាប់រហ័សដែរ ។
0 ការពិគ្រោះ:
Post a Comment