Social Icons

ទិសដៅអភិវឌ្ឍវិស័យសិក្សាព្រះពុទ្ធសាសនា

ទិសដៅអភិវឌ្ឍន៍វិស័យសិក្សាព្រះពុទ្ធសាសនា
សង្គមខ្មែរតាំងពីបូរាណកាលរៀងមករហូតដល់បច្ចុប្បន្ន គឺជាសង្គមដែលមានវប្បធម៌ប្រពៃណី​​ព្រះពុទ្ធសាសនានិងអក្សរសាស្ត្រជាតិ​ជាឯកលក្ខណ៍ប្រចាំជាតិរបស់ខ្លួនហើយតម្រង់ជីវិតនៅលើមូលដ្ឋាន​នេះជារៀងដរាបមក។ ការដែលសង្គមខ្មែរធ្លាក់ដុនដាបឃ្លាតឆ្ងាយវត្តវ៉ាអារាម ខ្វះការយល់ដឹងពីដើមកំណើតមូលដ្ឋាគ្រឹះទាំងនេះច្រើនជាបង្គួរនោះពុំមែន​ជាកំហុសរបស់នរណាម្នាក់ឡើយ តែជាកំហុសរបស់ពួកយើងទាំងអស់គ្នា ដែលខ្វះការយកចិត្តទុកដាក់និងជួយពង្រឹងពង្រីកគ្នា បណ្ដោយឲ្យល្បឿននៃខឿនវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាអក្សរសាស្ត្រ​ជាតិរបស់យើងរំយារទៅបន្តិចម្ដងៗ លោកាភិវឌ្ឍន៍ គឺការធ្វើដំណើរបោះ​ជំហានទៅជារឿយៗ ពុំមានការឈប់ឈរ, ពេលវេលាមានតម្លៃ​​តាំងពីមួយវិនាទី។ ការដែលយើងឈប់សម្រាកឬផ្អាកមួយខណៈចិត្តដែលពុំមានការរំកិលនោះ ឈ្មោះថាយើងត្រូវបាត់បង់នូវឱកាសដ៏ថ្លៃថ្នូរយ៉ាងមហាសាលដោយមិ​ន​​អាចប្រមាណបាន ហើយយើងត្រូវចាប់ផ្ដើមតម្លើងគ្រឿងឡើងសាជាថ្មីក្នុងខណៈដែលគេវឹង​បាត់ទៅហើយនោះ។ សម្លឹងមើលមកលើខឿនវប្បធម៌ប្រពៃណីព្រះ​ពុទ្ធសាសនាអក្សរសាស្ត្ររបស់យើងវិញ ឃើញមានការសល់នៅដ៏តិចតួចណាស់ បើទន្ទឹមនឹងការបាត់បង់ទៅហើយ។ ថ្វីត្បិតតែសង្គមខ្មែរមានការគោរពព្រះពុទ្ធសាសនាមានចំនួនស្ទើរតែ ១០០%, វត្តវ៉ាអារាមនៅតែមានការស្ថាបនាកសាង, បុណ្យប្រពៃណីជាតិនៅតែមានការចាត់តាំងរាល់រដូវកាលក៏ពិតតែបើសិនជាយើងធ្វើការសម្ភាសមួយជាមួយប្រជាជនធម្មតា ស្ដីពីពុទ្ធសាសនាគឺអ្វី? ព្រះពុទ្ធទ្រង់ប្រៀនប្រដៅរឿងអ្វី? ព្រះពុទ្ធសាសនាបានផ្ដល់អ្វីដល់អ្នកខ្លះ? ឬអ្វីខ្លះជាបុណ្យប្រពៃណីខ្មែរ? ។ល។ សំណួរងាយៗ បែបនេះ អ្នកដែលឆ្លើយតបបានយ៉ាងត្រឹមត្រូវពុំមានប៉ុន្មាននាក់ទេ ប៉ុន្តែ ក៏ពុំមែនមានន័យថា វប្បធម៌ខ្មែរ ព្រះពុទ្ធសាសនាខ្មែរអក្សរសាស្ត្រខ្មែរបាត់បង់ទៅពីក្រឳបេះដូងនៃអ្នកទាំងនោះក៏ទេដែរ។ ខ្ញុំជឿថា បើសិនជាមាននរណាម្នាក់ជាន់ឈ្លី បំផ្លិចបំផ្លាញឬបំបាត់បង់នូវគ្រឹះស្ថានរបស់ពួកគាត់ ពួកគាត់ក៏ឥតមាននរណាម្នាក់ស្ងៀមនៅដោយឥតមានការក្រោកឡើងតស៊ូជាដាច់ខាត។ ទាំងនេះក៏ព្រោះសេចក្ដីជំនឿ សេចក្ដីស្រឡាញ់វប្បធម៌ប្រពៃណី ព្រះពុទ្ធសាសនា និងអក្សរសាស្ត្ររបស់ខ្លួននៅតែមានកម្រិតពេញទាំងបេះដូងដដែលជានិច្ចឥតមានការផ្លាស់ប្ដូរ។ ហេតុដែលប្រជាជនខ្មែរខ្វះការចេះដឹងព្រោះពីគាត់ពុំបានសិក្សារៀនសូត្រឬទទួលបានវិស័យអប់រំផ្នែកនេះជាបង្គួរ។ ម្យ៉ាងទៀត ល្បឿនជម្រុញនៃវប្បធម៌បរទេសកំពុងតែមានកម្លាំង ចលនភាពនៃការជម្រុញវប្បធម៌គេហើយជម្រុលវប្បធម៌ឯងកំពុងតែមាននិន្នាការប្រព្រឹត្តទៅយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរ។ ចំណុចអន់មួយដែលយើងពុំអាចបដិសេធន៍បានគឺ ខ្មែរយើងចូលចិត្តបន្ទាបខ្លួន ហើយមានការស្រូបយកវប្បធម៌បរទេសបានយ៉ាងងាយៗ តួយ៉ាងក្នុងការជួបជុំមួយ បើសិនជាមានជនបរទេសតែម្នាក់ ខ្មែរយើងក៏នាំគ្នានិយាយភាសាគេអស់ទាំងក្រុម ព្រោះខ្លាចគេស្ដាប់មិនបាន។ ទស្សនៈដែលគួរឲ្យភ័យខ្លាចម្យ៉ាងទៀតដែលបានផុះឡើងក្នុងសង្គមខ្មែរគឺរៀនអក្សរខ្មែរធ្វើអ្វី រៀនហើយក៏បានត្រឹមតែកាន់ដងចប​​ដងជំនីកដដែល ឬបួសរៀនច្រើនសឹកចេញទៅក៏បានត្រឹមតែជាកម្មករគូលី ឬថា ខ្ញុំកាន់ពុទ្ធសាសនាតើពុទ្ធសាសនាផ្ដល់ឲ្យខ្ញុំបានអ្វីខ្លះ? ទស្សនៈដ៏អន្តរាយនេះខ្ញុំបានស្ដាប់បានឮផ្ទាល់ហើយនាំមកនិយាយក្នុងទីនេះដើម្បីជាទិដ្ឋានុគតិហើយជួយគ្នារកផ្លូវបង្ការនិងទប់ស្កាត់លប់បំបាត់គតិនេះចេញឲ្យទាន់ពេល កុំឲ្យដុះរាលដាលតទៅទៀត ព្រោះពុំមែនជាទស្សនៈនាំឲ្យសង្គមខ្មែររីកចម្រើនឡើយ។តាមពិតទៅ សម្រាប់សង្គមខ្មែរ ព្រះពុទ្ធសាសនាបានផ្ដល់ផលប្រយោជន៍ដល់សង្គមខ្មែរច្រើនជាងភាពជាព្រះពុទ្ធសាសនារាប់រយរាប់ពាន់ដងទៅទៀត
ខ្មែរយើងច្រើនមានពាក្យស្លោកមួយឃ្លាថាអានេះបើមិនកើត​ឲ្យចូលវត្តជាក់ស្ដែងវត្តក្នុង​ទីនេះបានដល់ពុទ្ធសាសនា​ហ្នឹងឯង បានន័យថា ពុទ្ធសាសនាបានបង្រៀនមនុស្ស​ឲ្យក្លាយជា​មនុស្ស, បង្កើតអវជាតបុត្រឲ្យទៅជាអភិជាតបុត្រ មិនតែប៉ុណ្ណោះសោត វត្តនៅជាខឿនវប្បធម៌ ជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹងនានប្បការឲ្យដល់កូនខ្មែរនិងសង្គមខ្មែរ ដូចជា សិប្បកម្ម ស្ថាបត្យកម្ម វិចិត្រកម្ម។ល។ សុទ្ធតែមានប្រភពចេញពីវត្ត នេះមិនទាន់គិត​ទាំងមន្ត្រីរាជការ​ទៀតផង។ និទស្សនៈប៉ុណ្ណេះនេះ ខ្ញុំចង់បញ្ជាក់ថា ព្រះពុទ្ធសាសនាមានតម្លៃច្រើនជាង​ភាពជា​ព្រះពុទ្ធសាសនាឆ្ងាយណាស់ក្នុងសង្គមខ្មែរ។ ប៉ុន្តែ បច្ចុប្បន្នបញ្ហាទុទិដ្ឋិនិយមដែល​បានវាយលុបមក​លើពុទ្ធសាសនាក៏មិនតិចដែរ។ កត្តាទាំងនេះអាចកើតឡើងអាស្រ័យបច្ច័យផ្សេងៗពីបរិដ្ឋានជុំវិញ ដូចជាតួពុទ្ធសាសនិកជនឯងមានការព្រងើយកន្តើយ ពាហិរសាសនាវាយប្រហារមកលើ បញ្ហាផ្ទៃ​ក្នុងគ្មានការ​សាមគ្គីគ្នាឲ្យដៃសត្រូវ និងថាមពលវត្ថុនិយមនៃលោកាភិវឌ្ឍន៍​កំពុងមានឥទ្ធិពល​ក៏ខ្លាំង​ក្លា...ជាអាទិ៍។ ដូច្នេះដើម្បីចូលរួមក្នុងការជួយជម្រុញខឿនវប្បធម៌របស់​យើងឲ្យមានភាពរស់រវើក​និងរីក​ចម្រើនឡើងវិញខ្ញុំសូមចូលរួមវិធីសាស្ត្រមួយចំនួនដូចជា៖
. អប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស
នេះគឺជំហានដំបូងដែលត្រូវអនុវត្តហើយក៏ជាពន្លកដ៏សំខាន់ដើម្បីឈាន​ទៅ​កាន់ចំណុចបន្ត។ ពន្លកនេះត្រូវតែបានទទួលការហ្វឹកហាត់លត់ដំ​យ៉ាងគាប់ប្រសើរនិងត្រូវបានថែទាំរក្សា​យ៉ាង​យកចិត្តទុកដាក់ទៀតផងទើបល្បឿនលូតលាស់អាចលូតបានលឿនតាមត្រូវការបាន។ ការសិក្សា​រៀនសូត្រគឺការចាប់ផ្ដើមរបស់វិស័យបណ្ដុះបណ្ដាល បន្ទាប់មកការ​ស្រឡាញ់​ការ​​យល់​ពីតម្លៃ​នៃពាក្យ​ប្រៀនប្រដៅ វប្បធម៌ប្រពៃណីទាំងនោះក៏ជាកត្តាចំបាច់ដូចគ្នា ព្រោះថា ការធ្វើអ្វីម្យ៉ាងៗ បើមិនយល់​ពីតម្លៃរបស់វា មិនមានចិត្តស្រឡាញ់ឬយកចិត្តទុកដាក់ទេ ការងារនោះក៏ពុំសូវ​ទទួ​ល​បានលទ្ធ​ផលយ៉ាងពេញលេញដែរ។
ម្យ៉ាងទៀត កម្លាំងចិត្ត ការជម្រុញទឹកចិត្តដល់គ្នានឹងគ្នា ការគាំទ្រនូវគ្នានឹង​គ្នាក៏ជាកត្តាសំខាន់ ព្រោះវាជាប្រេងរំអិលសម្រាប់ជម្រុលល្បឿនរទេះឲ្យលឿនទៅបាន ។ តាមពិតសង្គម​ខ្មែរ​​យើងពុំមែនខ្វះទេចំណុចនេះ វត្តអារាមក្ដីវប្បធម៌ប្រពៃណីរបស់យើងក្ដីដែលគង់​វង់នៅដល់សព្វ​ថ្ងៃ​​នេះក៏អាស្រ័យគុណសម្បត្តិទាំងនេះឯង។ ប៉ុន្តែ យើងធ្លាប់បានសង្កេតខ្លះទេ ហេតុអ្វីពុទ្ធសាសនា​មួយថ្ងៃកាន់តែអន់ថយទៅ? ពុទ្ធបរិស័ទចូលវត្តមួយថ្ងៃកាន់តែតិចទៅ? ព្រះសង្ឃតាមវត្តមួយឆ្នាំៗ​កាន់តែបាត់ទៅ? បញ្ហាទាំងនេះក៏ព្រោះពីកងពលមិនរឹងប៉ឹងមិន​ទាន់បានបញ្ចេញ​ឲ្យអស់ពី​សមត្ថ​ភាព ជាពិសេសគឺខ្វះការគាំទ្រនិងយកចិត្តទុកដាក់ពីជុំវិញ មិនតែប៉ុណ្ណោះ បែជាមានឧបសគ្គ​រងចាំរារាំងពីគ្រប់ទិសទីទៀតផង។ សម្លឹងទៅមើលប្រវត្តិសាស្ត្រពុទ្ធសាសនាព្រះពុទ្ធមុននឹងទេសនាប្រោសសត្វ ប្រកាសព្រះសាសនា ព្រះពុទ្ធអង្គបានត្រៀមកងពលមួយដ៏អង់អាចក្លាហាននិងមានគុណភាព  នោះគឺប្រោសព្រះអរហន្ត ៦០អង្គ មានព្រះបញ្ចវគ្គី យសកុលបុត្តនិងសម្លាញ់ព្រះយសជាដើមរួចបញ្ជូនទៅប្រកាសសាសនាដោយ បាវចនៈថា ចារថ ភិក្ខវេ ចារិកំ ពហុជនានំ អត្ថាយ ហិតាយ សុខាយ លោកានុកម្បាយប្រែថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិកដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនដើម្បីប្រយោជន៍ដល់ជនទាំងឡាយដ៏ច្រើន និងដើម្បីអនុគ្រោះដល់សត្វលោកចុះ​​”។ ចំណែកព្រះអង្គវិញទិសដៅសំខាន់គឺព្រះបាទពិម្ពិសារ ព្រះរាជាក្រុងមគធៈ មន្ទាប់មកជដិលទាំងបីនាក់បងប្អូនដែលជាមេលទ្ធិបូជាភ្លើង។ កត្តាទាំងនេះរាប់ថាជាយុទ្ធវិធីមួយដ៏ជ័យជំនះរបស់ព្រះអង្គ។
. ចូលឲ្យដល់ជុំជនដោយការសិក្សា(អនុវត្តការងារ)
ពុទ្ធសាសនិកជននិយាយរួម ជាពិសេសគឺព្រះសង្ឃដែលជាសាសនទាយាទ, ការបង្រៀនអក្សរសាស្ត្រខ្មែរ ទេសនាដឹកនាំពុទ្ធបរិស័ទ បង្រៀនធម៌អាថ៌វិន័យ ជាភារកិច្ចរបស់ព្រះសង្ឃ។ ម្យ៉ាងទៀត ភូមិស្រុកនីមួយៗ វត្តនីមួយៗ ព្រះសង្ឃជាគោលជំហរ ព្រះសង្ឃជាអ្នកនៅជិតក្បែរជាងនរណាទាំងអស់។ ពីដើមមកវត្តគឺជាមជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ផ្នែកវិជ្ជាការផ្សេង ប៉ុន្តែ បច្ចុប្បន្នស្ថាប័ននេះក្លាយ​ជាហួសសម័យ បញ្ហាទាំងនេះក៏ព្រោះ​ពីការ​បដិបត្តិ​របស់យើងខ្វះគុណភាព ក្រឡាស់ខ្លួនមិនទាន់នឹងរលកនៃលោកាភិវឌ្ឍន៍ រត់ប្រដេញតាម​វត្ថុនិយម​រហូត​ដល់ថ្នាក់ស្ទើរ​នឹងភ្លេច​ទាំងកំណើតខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ អ្នកខ្លះបែ​ជាមានទុទិដ្ឋិនិយមមកលើពុទ្ធសាសនា វាយប្រហារពុទ្ធសាសនាពីគ្រប់ជ្រុងជ្រោយដូច្នេះបញ្ហាទាំង​អស់នាបច្ចុប្បន្ននេះយើងត្រូវតែមានការបដិរូបឡើងវិញកុំទុកឲ្យដល់ជ្រុលហួសពេល ដោយការប្រតិបត្តិ ការសិក្សាព្រះពុទ្ធសាសនាយ៉ាងពិតៗ ធ្វើយ៉ាងណាដើម្បី​​ឲ្យពុទ្ធសាសនិកជនយល់បានច្បាស់ពីតម្លៃព្រះពុទ្ធសាសនានិងមហន្តរាយនៃការបាត់បង់ទៅនៃពុទ្ធសាសនា វត្តអារាមដែលជាខឿនវប្បធម៌អក្សរសាស្ត្រជាតិ។
ការសិក្សាត្រូវបានបដិរូបឲ្យទាន់សម័យ បង្រៀនមនុស្សឲ្យចេះគិត ចេះវិភាគ ចេះកែច្នៃ ប្រើសតិបញ្ញាជាចង្កូតក្នុងការដោះស្រ័យបញ្ហាជីវិត ចៀសវាងគំនិតចាស់គំរិលនិងកុំលុះក្នុងអំណាចនៃអវិជ្ជូបនីយកម្ម ប្រើបញ្ញាសម្លឹងមើលឲ្យឃើញទៅតាមយថាភូតញាណទស្សនៈ។
ក្មេងៗយុវជនគឺជាមុខតម្រុយសំខាន់ដែលត្រូវបានទទួលការសិក្សាអប់រំយ៉ាងពេញជម្ទុក ត្រូវផ្ដល់ឱកាសសម្រាប់យុវជនដើម្បីអភិវឌ្ឍន៍ខ្លួនឯង តែប្រការសំខាន់គឺអាណាព្យាបាល ព្រោះអាណាព្យាបាលជាអ្នកនៅក្បែរយុជនជាទីបំផុត, តែទោះជាយ៉ាងណាក៏ដោយ តួបុគ្គលឯងក៏ត្រូវជួយខ្លួនឯងផងដែរ។ ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងថា​”អត្តា ហិ អត្តនោ នាថោ ខ្លួនទីពឹងខ្លួនជាក់ស្ដែង បើយើងព្រមជួយខ្លួនយើងហើយអ្នកដទៃគេនឹងជួយយើងជាបន្ត។ ដុកទ័រ ឯមបេតការ (Dr.B.R. Ambedkar) បានពោល​​ថាការជួយមានពីរយ៉ាង មួយគឺការជំនួយអំពីអ្នកដទៃ ពីរគឺយើងត្រូវជួយខ្លួនយើងផង[1]​​
ខន្តី តស៊ូ កតញ្ញូ ក្លាហាន និងសាមគ្គីនេះគឺទស្សនៈរបស់ខ្មែរ ដូច្នេះសង្គមខ្មែរក៏ពុំអាច​ខ្វះចំណុចនេះបានដែរ ជាពិសេសធនធានមនុស្សដែលបានបង្កើត​រួចនិងបម្រុងនាំចំណេះដឹង​របស់ខ្លួន​​ទៅសាបព្រោះបណ្ដុះពូជជាបន្ត ត្រូវតែមានការអត់ធ្មត់ ការតស៊ូ ការដឹងគុណ សេចក្ដីក្លាហាននិងសាមគ្គីយ៉ាងមុះមុតដើម្បីជួយជន្លងព្រះពុទ្ធសាសនាឲ្យបានរីកចម្រើន ព្រោះវាមានន័យថា វប្បធម៌ប្រពៃណី អក្សរសាស្ត្រជាតិយើងរីកចម្រើនទៅតាមផង។ ករណកម្ម​ទាំងប៉ុន្មាននេះ គឺកានាំសង្គមខ្មែរឲ្យរួចផុតពីអន្លង់នៃអវិជ្ជា សម្លឹងឃើញ​នូវពន្លឺនៃ​ប្រាជ្ញាដូច​ជាតិគេដទៃ ស្គាល់បានបច្ចក្ខភាពក្នុងសង្គមនិងការតបស្នង​សងគុណដល់ដុំបា​យដែលយើងបាន​អាស្រ័យ។
ចាត់កិច្ចកម្មបំប៉នការសិក្សា
ដើម្បីជំនួយស្មារតីពង្រឹងពង្រីកចំណេះដឹង តម្លើងប្រសិទ្ធិភាពអ្នករៀន ការស្វែងរកកិច្ចកម្មឬ​ចាត់កិច្ចកម្មផ្សេងៗ មិនអាចខាតបានទេ ព្រោះគឺជាការអនុវត្តន៍នូវចំណេះដឹងដែលខ្លួនបាន​រៀនបានសិក្សាមកដោយផ្ទាល់ ហើយជា​បទពិសោធន៍ដែលអ្នកសិក្សាត្រូវនាំទៅបដិបត្តិនៅអនាគត។
បើប្រៀបទៅនឹងការសិក្សា​ក្នុងព្រះពុទ្ធសាសនាវិញ ព្រះពុទ្ធជាម្ចាស់បានបែងការ​សិក្សាជា៣​លំដាប់គឺ
). បរិយត្តិធម៌ ការសិក្សាផ្នែកបរិយត្តិ ពោលគឺភាគទ្រឹស្ដីដែលសាលារៀន​បានតម្រូវឲ្យ​និងការស្រាវជ្រាវរាវរកបទពិសោធន៍នានាមកបំប៉នសតិបញ្ញា វិជ្ជាការរបស់អ្នករៀន  ធ្វើយ៉ាង​ណាឲ្យ​​ទទួលបានការចេះដឹងយ៉ាងខ្ពស់បំផុតតាមលទ្ធភាពដែលអាចប្រព្រឹត្តទៅបាន ។
). បដិបត្តិធម៌ ការសិក្សាផ្នែកបដិបត្តិ គឺការនាំយកទ្រឹស្ដីដែលខ្លួនបាន​សិក្សារួច​ហើយនោះមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ម្យ៉ាងទៀតការអនុវត្តន៍នេះនៅមានន័យថា ការធ្វើវិសោធន​កម្ម​នូវគោលទ្រឹស្ដីដែលខ្លួនបានរៀនមកទៀតផង ដើម្បីស្វែងរកសេចក្ដី​ពិតឬផលប្រយោជន៍​នៃការសិក្សា បើខ្វះការអនុវត្តន៍លទ្ធផលក៏មិនអាចកើតមានបាន ដូច្នេះ បរិយត្តិធម៌ត្រូវដើរជាគូ​នឹងបដិបត្តិធម៌ទើបកើតបដិវេធធម៌បាន
). បដិវេធធម៌ គឺសេចក្ដីសម្រេចផលដែលកើតពីការសិក្សានិងអនុវត្ត​តាមមេរៀន​ដែល​ខ្លួនបានសិក្សាបានប្រតិបត្តិ ឬពីបទពិសោធន៍ដែលបានល្បងខុសល្បង​ត្រូវអស់ជាច្រើនលើក​ច្រើន​គ្រា ព្រះពុទ្ធជាម្ចាស់ទម្រាំនឹងបានត្រាស់ដឹងជាសាស្ដាឯកក្នុងលោក ព្រះអង្គទ្រង់បានឆ្លងកាត់​បទ​​ពិសោធន៍​​មួយ​ឬការបណ្ដាក់ទុនមួយដ៏មានតម្លៃខ្ពស់ ​​ត្រូវប្រើទាំងកម្លាំងកាយនិងកម្លាំងចិត្តព្រមទាំងសេចក្ដីព្យាយាមដ៏តឹងរឹង គឺទុក្ករកិរិយា។ និយាយរួម ការបង្កើតកិច្ចកម្មដើម្បីការសិក្សា បំប៉នចំណេះដឹង គឺការចាត់ឲ្យមានព្រលានឬបន្ទប់ដកពិសោធន៍ហ្នឹងឯង។
. ផ្សព្វផ្សាយនិងពង្រឹងពង្រីក
បច្ចុប្បន្ននេះ ប្រពន្ធផ្សព្វផ្សាយមានគ្រប់ប្រភេទ យើងអាចរួបរួមលទ្ធផលដែលយើងបង្កើត​បានចុះផ្សាយតាមប្រពន្ធនានាដើម្បីឆ្លុះបញ្ចាំងឲ្យទូរជននិងអ្នកជិតខាងបានឃើញច្បាស់នូវសមិទ្ធិផលរបស់យើង បណ្ដាញអិនធើណេត ទស្សនវដ្ដី សរសេរសៀវភៅ សរសេរអត្ថបទ។ល។ គឺជាប្រពន្ធផ្សព្វផ្សាយមួយដ៏មានប្រសិទ្ធិភាព
អក្សរសាស្ត្រខ្មែរគឺជាគោលចារឹកដ៏សំខាន់របស់ខ្មែរ។ អក្សរ​សាស្ត្ររីកចម្រើន​ពុំមែនជា​អក្ខរ​​ក្រម​ដេកខ្វៀនៗ ក្នុងសាស្ត្រាស្លឹករឹត ឬត្រូវផ្ដិតផ្ជាប់​ជាមួយ​ជញ្ជាំងថ្មត្រឹមតែជាឈ្មោះ​ពុទ្ធបរិស័ទ​ចូលកុសលប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវតែជាអក្ខរក្រម​ដែលបានសិក្សារៀនសូត្រ ត្រូវបានសរសេរ​យ៉ាង​​សម្បូណ៌បែប ត្រូវបានបង្ហាញ់ខ្លួនក្នុង​ទីសាធារណផង។
ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ ពុំមែនជាព្រះធម៌សម្រាប់សូត្ររំដោះគ្រោះ សូត្រន​មស្ការ ទន្ទេញចាំមាត់ក្នុងសាលាឬពុំនោះសោតជាព្រះត្រៃបិដក​ដែលជាប់សោនៅក្នុង​ទូ​នោះ​​​ទេ​​តែ​​ត្រូវបានរៀនសូត្រនិងយកទៅប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃទៀតផងទើបពុទ្ធសាសនាអាចវិវឌ្ឍនាការទៅបានសមតាមវត្ថុបំណងដែលព្រះអង្គបានតាំងប្រណិធានទុកព្រមទាំង​​ឲ្យសមទៅនឹងតម្លៃដែល​​ព្រះអង្គខំបំពេញទុក្ករកិរិយាស្វែងរកសច្ចធម៌សម្រាប់មនុស្សជាតិ។
មានទស្សនៈមួយបានពោលថា ព្រះពុទ្ធសាសនាមិនជាអ្វីទាំងអស់ ក្រៅពីវិថីជីវិតមានន័យថា ព្រះពុទ្ធសាសនាបានបង្រៀនយើងឲ្យចេះដើរតាមគន្លងធម៌ ស្គាល់ប្រជាធិបតេយ្យ ស្គាល់សច្ចធម៌ សមភាព ភាតរភាព សាមគ្គីភាពនិងសេចក្ដីយុត្តិធម៌ ជាដើមរបស់មនុស្សជាតិ។ ជាងនេះទៀត ពុទ្ធសាសនាពុំដែលទៅបង្កជម្លោះឬធ្វើសង្គ្រាមជាមួយនរណាម្ដងណាឡើយ ក្រៅពីត្រូវតែសាសនាដទៃរុករានទន្ទ្រាននិងពួកឧបសគ្គនិយមមួយចំនួនឆ្លៀតឱកាសបំផ្លិចបំផ្លាញព្រះពុទ្ធសាសនាតែប៉ុណ្ណោះ​​ ប្រការទាំង​នេះពិភពលោកគេបានសម្លឹងមើលឃើញ ហើយបានទទួលស្គាល់ថា ព្រះពុទ្ធសាសនាជា​សាសនា​​នៃសន្តិភាព យ៉ាងពិតប្រាកដរហូតដល់បានប្រកាសយកថ្ងៃវិសាខបូជាជា​ថ្ងៃសំខាន់​ពិភពលោក វិសាខបូជាជាថ្ងៃសន្តិភាពលោក នាសម័យប្រជុំសាមញ្ញនៃអង្គការ​​សហ​ប្រជាជាតិ​លើកទី៥៤ ខែធ្នូ .. ២៥៤២
ដូច្នេះ ការផ្សព្វផ្សាយព្រះពុទ្ធសាសនាទំនៀមទំលាប់ប្រពៃណីអក្សរ​សាស្ត្រពិតជា​រឿងសំ​ខាន់​​ណាស់ ម្យ៉ាងទៀតបច្ចុប្បន្នមានប្រពន្ធផ្សព្វផ្សាយជាច្រើន យើងអាចផ្សាយតែមួយកន្លែងតែគេ​អាចមើលបានទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ យើងអាចឆ្លុះបញ្ចាំងឲ្យពិភពលោក​គេបានដឹងច្បាស់ថា ពុទ្ធសាសនាសមគួរជាសាសនាប្រចាំលោកដូចព្រះធម្មកោសាចារ្យ​បានពោល​ថា ព្រះពុទ្ធសាសនា ជាសាសនាកើតឡើងដោយសារមនុស្ស សម្រាប់មនុស្ស​និង​ដើម្បីមនុស្ស[2]”  ហើយនឹងប្រជាជនខ្មែរគោរពព្រះពុទ្ធសាសនា ពិតជារឿងដែលគួរមោទនៈ​ជាទិបំផុត។
សរុបសេចក្ដីមក ទិសដៅអភិវឌ្ឍន៍វិស័យសិក្សាព្រះពុទ្ធសាសនា ដែលខ្ញុំបាន​បរិយាយ​​​មកនេះ​​បើរួមចូលមក​ឲ្យខ្លីត្រឹមតែពាក្យមួយម៉ាត់គឺ ការសិក្សា ការសិក្សាគឺ​ជាបណ្ដូល​​នៃទិសដៅទាំងឡាយព្រោះថា បណ្ដាមុខវិជ្ជាការទាំងអស់​នៅលើលោកនេះសុទ្ធតែ​កើតមកពីការសិក្សាជាមូលដ្ឋានហើយក៏ពុំដែលមាននរណាម្នាក់ចេះដោយគ្មានការសិក្សានោះទេ មួយវិញទៀតការសិក្សា​​គឺជាសិទ្ធិនិងជាកាតព្វកិច្ចរបស់ប្រជាជន(មនុស្ស)គ្រប់រូប[3]
សម្រាប់សង្គមខ្មែរវិញ បញ្ហាមួយដ៏ធ្ងន់ដែលយើងពុំអាចទាត់ចោលបានគឺ ប្រជាជនខ្មែរ៩០% ជាអ្នកក្រីក្រ ហើយពិតជាគួរឲ្យឈឺក្បាលចំពោះបញ្ហានេះ ប៉ុន្តែ ចំណុចនេះ យើងមាន​​មេរៀនជាច្រើនសម្រាប់សិក្សាហើយយកមកធ្វើជាគំរូ ឧទាហរណ៍ វត្តនីមួយៗ មានបច្ច័យ​សម្រាប់វត្តដើម្បី​​ស្ថាបនា​​​កុដិសាលាព្រះវិហារ សម្ពន្ធសមណនិស្សិត-និស្សិតខ្មែ​រក្រោម​ក្ដី មូលនិធិពុទ្ធិកសិក្សាខ្មែរ​ថេរវាទវៀតណាមខាងត្បូង ក្ដី មានមូលនិធិដើម្បីជួយសម្រាល​ឧបសគ្គ​ទាំងនោះថែមទាំងផ្ដល់ឱកាសឲ្យគ្នារៀងៗ ខ្លួនបានមួយកម្រិតទៀតផង នោះសបញ្ជាក់ថា ការចូលរួមដើម្បីជួយជម្រុញគ្នា​ពិតជារឿងសំខាន់ណាស់ ហើយក៏អាចញ៉ាំងការសិក្សារៀន​សូត្រឲ្យ​​ព្រឹត្តិទៅបានផងដែរ​ កត្តាទាំងនេះយើងសុទ្ធតែដឹងច្បាស់ទាំងអស់គ្នា តែអ្វីដែលខ្ញុំនិយាយគឺ ខ្ញុំចង់​​ឲ្យយើងគួរតែ​​ផ្ដល់សេចក្ដីសំខាន់ជាងនេះទៀត តម្លើងកម្រិតឲ្យបានកាន់តែខ្ពស់ ការសិក្សា​របស់យើងក៏អាចប្រព្រឹត្តិទៅបានយ៉ាងរលូន ។បូរាណភាសិតលោកបានពោលថាតក់ៗដូច​ទឹក​ត្នោត ព្រឹកឡើងសោតពេញបំពង់។ទន្ទឹមនឹងនោះគឺ សាមគ្គី ស្មោះស្ម័គ្រ សុចរិត យុត្តិធម៌​និងសេចក្តីអត់ធន់ក៏ត្រូវតែមានតាមមកផងទើបអាចបន្លុះតាមគោលបំណង ហើយខ្ញុំក៏ជឿជាក់ដែរថា វាស្ថិតនៅក្នុងសមត្ថភាពរបស់យើងទាំងអស់គ្នា។


[1] ដុកទ័រ ឯមបេតការ (Dr.B.R. Ambedkar) រដ្ឋបុរសកំសត់ ដោយ វិរ័ជ ថីរពន្ធុមេធីទំព័រ ៩២(ភាសាថៃ)
[2]  Buddhism A Worldview professor Dr. Phra Dharmakosajarn (Prayoon Dhammacitto) p.5
[3]  ច្បាប់ក្រសួងសិក្សាធិការ សាធារណរដ្ឋសង្គមនិយមវៀតនាម មាត្រាទី១០ ឃ្លាទី១

0 ការពិគ្រោះ:

Post a Comment

Booking.com