Social Icons

ការផ្លាស់ប្តូរ​សាសនា​សម័យ​បាយ័ន

ការផ្លាស់ប្តូរ​សាសនា​សម័យ​បាយ័ន :
ករណី​ចម្លាក់​ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ​នៅ​ប្រាសាទបាយ័
ក្នុងការ​សិក្សា​អំពី​វប្បធម៌​សម័យ​បាយ័ន​របស់​ប្រជាជន​ខ្មែរ ប្រាសាទបាយ័ន​មិនត្រូវ​គេ​មើលរំលង​ម្តងណា​ឡើយ ដោយសារតែ​ពុទ្ធ​បូជនិយដ្ឋាន​ដ៏​ល្បីល្បាញ​នេះ គឺជា​បេះដូង​នៃ​ទីក្រុង​អង្គរធំ ដ៏​មាន​ឥទ្ធិពល​និង​ដ៏​រុងរឿង ថ្កើងថ្កាន​អស្ចារ្យ ក្នុងសម័យ​មហានគរ ហើយ​ស្តីអំពី​លក្ខណៈ​វិសេស​នៃ​ប្រាសាទបាយ័ន ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ គេ​ពិតជា​លើកយក​និមិត្តរូប​អស្ចារ្យ​នៃព្រះភ័ក្ត្រ​ញញឹម​ស្រស់​ទាំងឡាយ នៃ​ព្រះ​ពោធិសត្វ អវលោកេស្វរៈ មក​អភិប្រាយ​ពុំខាន ប៉ុន្តែ​តាម​ការពិតទៅ គេ​បាន​មើលរំលង​នូវ​បញ្ហា​ធំៗ​មួយចំនួន ដូចជា​ការ​ដាប់​បំផ្លាញដោយ​ចេតនា​នូវ​ចម្លាក់​បែប​ពុទ្ធ​និយម បែប​ថេរវាទ​ទាំងឡាយ តាម​ជញ្ជាំង​ប្រាសាទ​ជាដើម ។​
តើ​មាន​ព្រឹត្តិការណ៍​ណា ដែល​អាច​ពន្យល់​អំពី​សោកនាដកម្ម ដែល​ប្រាសាទបាយ័ន​បាន​រងគ្រោះ​យ៉ាងដំណំ​ដូច្នេះ ចំពោះ​ប្រការនេះ កន្លងមក​លោក ហ្ស៊​ក ស៊ឺ​ដេ​ស បានបង្ហាញ​បញ្ជាក់​រួចមកហើយ​ថា គឺ​វិបត្តិ​សាសនា ដែល​បណ្តាល​ឲ្យ​មានប្រតិកម្ម​សិវៈ​និយម ប្រឆាំងនឹង​ពុទ្ធសាសនា ក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​៨ បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញនូវ​ពុទ្ធបដិមា​តូចៗ​ទាំងឡាយ ជាពិសេស​នៅ​សម័យ​បាយ័ន ដូច​ពោល​ខាងលើមកនេះ ការខូចខាត​នេះ ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​ខាង​សាសនា ដែល​បាន​កើតឡើង​នៅ​ចុង ស​តវត្សរ៍​ទី​១២ និង​ដើម​ស​តវត្សរ៍ទី​១៣ ក្រោយពី​ព្រះបាទ​ជយ​វរ្ម័នទី​៧​សោយ​ទិវ​ង្គ​ត  ហើយ​ទង្វើ​នេះគឺជា​ប្រតិកម្ម​ព្រហ្មញ្ញសាសនា ប្រឆាំង​នឹង​លទ្ធិពុទ្ធ​សាសនា ជា​សង្ខេប បន្លាស់ប្តូរ​សាសនា​នេះ គឺជា​បុព្វហេតុ​ជាក់លាក់ ដែល​បង្ក​ឲ្យ​មានការ​កម្ទេចនូវ​រាល់​រូបចម្លាក់​បែប​ថេរវាទ ឬ​ហិន​យាន​ក្នុង​ប្រាសាទ​នេះ គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ ផ្ទុយទៅវិញ ចម្លាក់​បែប​មហាយាន​ទាំងឡាយ ដែលមាន​អត្ថន័យ​ស្របទៅនឹង ឬ​មាន​លក្ខណៈ​ស្រដៀងនឹង​ព្រហ្មញ្ញសាសនា ត្រូវបាន​រក្សាទុក​ទាំង​ស្រុង ។​​    ហេតុការណ៍​ដែល​គេ​ទើប​លើកឡើង​ខាងលើនេះ​និង​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ គឺ​ការរកឃើញ​នៅ​ឆ្នាំ​១៩៣៣ ក្នុង​អណ្តូង​ប្រាសាទបាយ័ននូវ​ចម្លាក់​ព្រះពុទ្ធ​អង្គ​ប្រក់​នាគ​បែប​មហាយាន​មួយ ដែល​បាក់បែក​ជាច្រើន​កំណាត់ រូបសំណាក​ដ៏​សំខាន់​នេះ តំណាង​ឲ្យ​ព្រះ​ពុទ្ធអង្គ​សាក្យមុនី ព្រះ​បរមគ្រូ​នៃ​យើង មាន​កម្ពស់ ,៦​ម៉ែត្រ គិតពី​ទម្រ​ដល់​ក្បាល​នាគ ដែល​សព្វថ្ងៃ​ត្រូវបាន​គេ​តម្កល់​នៅ​វិហារ​ប្រាំពីរ​ល្វែង ខាងត្បូង​ផ្លូវ​ទៅកាន់​ទ្វារ​ជ័យ ក្បែរ​ប្រាសាទ​នាង​ដប់​ពីរ និង​ខាងក្រោយ​ប្រាសាទ​ឃ្លាំ​រំលឹកថា នៅ​ឆ្នាំ​១៩៣៥ ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស បាន​ចូលរួម​ពិធី​អភិសេក​ចម្លាក់​ដ៏​ស័ក្តិ​សិទ្ធ​នេះ ដោយ​ព្រះអង្គ​បាន​ដង្ហែផ្ទាល់ ក្រោយពី​រូបសំណាក​ព្រះពុទ្ធ​អង្គ​ដ៏​សំខាន់​នេះ ដែលមាន​ក្បាល​នាគ​ទាំង ប្រក់​ពីលើ ត្រូវបាន​ជួសជុល​រួចរាល់ជា​ស្ថាពរ ដោយ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស និង​ដោយ​ជាង​ខ្មែរ នៃ​អភិ​រក្សដ្ឋា​ន​អង្គរ នៅ​ខេត្តសៀមរាប​។​​    សូមជម្រាបថា ព្រះពុទ្ធ​បដិមា​ដ៏​ធំ​ខាងលើនេះ បើ​យោងតាម​ខ្លឹមសារ​នៃ​សិលាចារឹក​បាន​ឲ្យ​ដឹងថា​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ព្រះរាជា​ ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ ប៉ុន្តែ​អ្វីដែល​អស្ចារ្យ​នោះ​គឺ ព្រះភ័ក្ត្រ​របស់​ព្រះ​ជ័យ​ពុទ្ធ​នេះ មាន​លក្ខណៈ​ដូចគ្នា​នឹង​ព្រះភ័ក្ត្រ របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ ជាហេតុ​ដែល​ធ្វើ​ឲ្យ​គេ​បាន​សង្ស័យថា ចម្លាក់​នេះ​ពិតជា​តំណាង​ឲ្យ​ស្តេច​អង្គ​នេះ​មែន  ហើយ​លើសពីនេះ​ទៀត ការប្រដូច​ព្រះមហាក្សត្រ​ទៅនឹង​ព្រះ​ពុទ្ធអង្គ ជាប់​ទាក់ទិន​ទៅនឹង​លទ្ធិពុទ្ធ​រាជ ។​​    ដូចនេះ តួនាទី​នៃ​ចម្លាក់​ព្រះ​ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ​នេះ មាន​សារសំខាន់​ណាស់​ក្នុង​អតីតកាល ព្រោះ​ជា​ចម្លាក់​ប្រកបដោយ​មហិទ្ធិឫទ្ធិ ប្រៀបបាន​ទៅនឹង​ព្រះ​ឥសូរ ក្នុង​ព្រហ្មញ្ញសាសនា ដែលជា​ព្រះអាទិទេព​កំពូល ជាទូទៅ ព្រះពុទ្ធ​បដិមា​ដែល​តំណាង​ឲ្យ​ព្រះ​សាក្យមុនី ព្រមទាំង​ព្រះបាទ​ជយ​វរ្ម័នទី​៧ ផងដែរ ត្រូវបាន​ពុទ្ធសាសនិក​ជឿថា មានបុណ្យ​បារមី​ដ៏​ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ហើយ​ក្លាយទៅជា​ព្រះពុទ្ធ​អង្គ ដូចនេះ គេ​ឃើញថា តាមរយៈ​ចម្លាក់​នេះ ឋានៈ​របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែលជា​ព្រះរាជា ត្រូវគេ​ប្រដូច​ទៅនឹង​ព្រះ​ពុទ្ធអង្គ​តែម្តង ឬក៏​ជា​ព្រះមហាក្សត្រ​ពាក់កណ្តាល ព្រះពុទ្ធ​ពាក់កណ្តាល  
សរុបសេចក្តី​មក តាមរយៈ​រូបសំណាក​ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ​នេះ យើង​បានឃើញ​ច្បាស់​ពី​សារសំខាន់​នៃ​តួអង្គ​របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ ក្នុង​ប្រវត្តិ​ខ្មែរ​ដែរ ។​​    
ការអះអាង​នេះ​ពិតជា​ត្រឹមត្រូវ សម្រាប់​សម័យ​វប្បធម៌​បាយ័ន ដោយហេតុថា ពេលដែលព្រះបាទ​ជយវរ្ម័ន​ទី​៧ នៅ​គ្រប់គ្រង​សោយរាជ​សម្បត្តិ​នៅឡើយ ចម្លាក់​ជ័យ​ពុទ្ធ​ទាំងឡាយ ដែលជា​និមិត្តរូប​នៃ​ជ័យជម្នះ ត្រូវបាន​គេ​គោរពបូជា​ទូទៅ​ក្នុង​ដែនដី​កម្ពុជា ដូច​ខ្លឹមសារ​សិលាចារឹក​នៃ​ប្រាសាទព្រះខ័ន និង​តា​ព្រហ្ម​ជា​សក្ខីភាព ហើយ​នេះ​ក៏​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញថា ក្នុងសម័យ​បុរាណ​គ្មាន​ការបែងចែក ឲ្យ​ដាច់ស្រឡះ​តែម្តង រវាង​គុណសម្បត្តិ​របស់​ព្រះមហាក្សត្រ ដែល​បាន​រំដោះប្រទេស​ជាតិ​ពី​ចម្ប៉ា និង​វិស័យ​សាសនា ដែល​ទ្រង់​ជា​អ្នកតំណាង​ឡើយ ពោលគឺ គ្មាន​គម្លាត​រវាង​ប្រមុខ​ដឹកនាំ និង​ប្រជាជន​ឡើយ ។​​    ជាការ​ពិតណាស់ តាមន័យ​មនោ​គម​វិទ្យា​សាសនា​ ឬ​បច្ចេកទេស ដែលជា​យុទ្ធសាស្ត្រ ពាក្យ ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ សំដៅលើ​ចម្លាក់​ព្រះពុទ្ធ​អង្គ​ខាងលើ ដែល​ត្រូវបាន​ប្រសូត​ចេញពី​រាជធានី​អង្គរធំ មានន័យថា “​ព្រះពុទ្ធ​ប្រកបដោយ​ជ័យ និង​ព្រះធម៌ អ្នក​ជួយសង្គ្រោះ​ដ៏​ធំ​មហិមា​”  នៅក្នុង​បរិបទ​វប្បធម៌​បែប​មហាយាន ពាក្យ​នេះ​ក៏ត្រូវ​បាន​សំដៅ​ទៅលើ​ព្រះមហាក្សត្រ​ខ្មែរ​ផ្ទាល់ គឺ​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ព្រះ​ពុទ្ធអង្គ​នៅ​ស្ថាន​មនុស្ស គួរ​ឲ្យ​គោរព​សក្ការៈបូជា ជាទីបំផុត ។​
​    
បើទោះបីជា​យើង​មាន​ព័ត៌មាន​តិចតួច ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​សាសនា ពី​លទ្ធិទេវរាជ​ទៅជា​លទ្ធិពុទ្ធ​រាជ​ក្តី ក៏​ករណី​រូបចម្លាក់​ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ នៅ​កណ្តាល​តួ​ប៉ម​នៃ​ប្រាសាទបាយ័ន​ខាងលើនេះ បាន​ជួយ​ឲ្យ​យើង​មើលឃើញ​ពី​លក្ខណៈ​សំខាន់បំផុត នៃ​ការ​គោរពបូជា​ព្រះពុទ្ធ​អង្គ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ព្រះមហាក្សត្រ ព្រះបាទ​ជយវរ្ម័ន​ទី​៧ ជាការ​ពិត ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​បុរាណ ដោយសារតែ​ប្រមុខ​ដឹកនាំ​រូបនេះមាន​សមត្ថភាព​ការពារ​ទឹកដី ផ្តល់​សុខសន្តិភាព​ប្រកបដោយ​សីលធម៌​ដ៏​ខ្ពង់ខ្ពស់ ក្នុងឋានៈ​ជា​ពុទ្ធសាសនិក​ផង ទើប​មាន​ការកសាង​ព្រះ​រូប​ជ័យ​ពុទ្ធ​ធម្ម​មហា​នាថ​នេះ​ឡើង ដើម្បី​ជាទីគោរព​សក្ការៈ  (​ម​.ត្រា​ណេ​)

0 ការពិគ្រោះ:

Post a Comment

Booking.com