Social Icons

ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ចិន

ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​ឯកសារ​ចិន
. យុគដើម​នគរ​ខ្មែរ
នៅ​ក្នុង​ផ្នែក​នេះ យើង​លើក​យក​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​អ្នក​ប្រវត្តិវិទូ និង​អ្នកស្រាវជ្រាវ​បរទេស​បាន​តាក់តែង​ចងក្រង​ឡើង​ទៅ​តាម​សិលាចារឹក និង​ទៅ​តាម​ឯកសារ​កំណត់​របស់​អ្នក​ដំណើរ​ចិន​ដែល​បាន​ទៅ​ដល់​ស្រុក​ខ្មែរ  យើង​មិន​លើក​យក​ប្រវត្តិ​ទាំងស្រុង​មក​អធិប្បាយ​ទេ  យើង​រៀប​លំនាំ​ជា​សង្ខេប ដោយ​សង្កត់​ជាពិសេស​ទៅ​លើ​ព្រឹត្តិការណ៍​ធំៗ​ខ្លះ​ដែល​អាច​ឆ្លុះ​ឲ្យ​យល់​អំពី​ការ​វិវត្ត​សង្គម​ជាតិ​ខ្មែរ  គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​និស្សិត សិស្សានុសិស្ស និង​អ្នកអាន​មាន​លទ្ធភាព មាន​លំនាំ​ប្រវត្តិសាស្ត្រ​ទាំង​ពីរ​បែប​សម្រាប់​យក​មក​ត្រិះរិះ​ គិត​ពិចារណា ធ្វើការ​ប្រៀបផ្ទឹម 
ចំពោះ​បញ្ហា​ដើម​កំណើត​ស្រុក​ខ្មែរ​ពិត​ប្រាកដ គេ​ពុំ​មាន​ឯកសារ​អ្វី​ជា​វិទ្យាសាស្ត្រ​ ជាជាក់​ស្ដែង​សម្រាប់​សម្គាល់​ឡើយ 
. ដើម​កំណើត​ស្រុក​ខ្មែរ
គេ​បាន​ដឹង​ថា នៅ​លើ​ឥណ្ឌូចិន​នេះ ជនជាតិ​ខ្មែរ​ជាម្ចាស់​ទឹកដី​ដើម​គេ​បំផុត មាន​ដើម​កំណើត​អាយុ​ជាង​២០​សតវត្ស​មក​ហើយ មុន​គ្រឹស្តសករាជ  ជនជាតិ​ខ្មែរ​ដើម​ដែល​ក្នុង​នោះ​មាន​ជនជាតិ​មន​ដែរ មាន​នៅ​រស់​សេសសល់រហូត​មក​ដល់​សព្វ​ថ្ងៃ  គឺ​មាន​នៅ​ប្រទេស​ភូមា​ផ្នែក​ខាង​ក្រោម​ និង​ជួរ​ភ្នំ​អណ្ណាម​ក្នុង​ប្រទេស​វៀតណាម  ជនជាតិ​ថៃ យួន និង​ភូមា ទើប​តែ​ចុះ​មក​លួច​ប្លន់​យក​ទឹកដី​ខ្មែរ​ក្នុង​សតវត្ស​ទី​១៣​ក្នុង​គ្រឹស្តសករាជ​តែ​ប៉ុណ្ណោះ  គឺ​នៅ​ពេល​ដែល​ជនជាតិ​ទាំង​នេះ​ត្រូវ​កងទ័ព​មុងហ្គោល (Mongol) វាយ​ប្រហារ​ដេញ​ខ្ចាត់ខ្ចាយ​ រត់​ភ្លាត់​ពី​ប្រទេស​ចិន 
របស់​របរ​ជា​សម្អាង និង​ជាភ័ស្តុតាង​ក្នុង​សម័យ​នោះ ត្រូវ​បាន​គេ​ស្រាវជ្រាវ​រក​ឃើញ​នៅ​ម្លូព្រៃ ឡងប្រាវ និង​សំរោងសែន  របស់របរ​ដែល​គេ​រក​ឃើញ​មាន​ ដូចជា ពូថៅ កន្ត្រៃ អំបែង​ឆ្នាំង ចាន គ្រឿងអលង្ការ ផ្លែសន្ទូច​ធ្វើ​អំពី​ឆ្អឹង ។ល។ គេ​អាច​ដឹង​បាន​ទៀត​ថា ខ្មែរ​ជំនាន់​ដើម​ចេះ​ផ្សាំង​គោ​ក្របី​យក​មក​ប្រើការ ចេះ​ចិញ្ចឹម​ជ្រូក ហើយ​ប្រកប​របរ​កសិកម្ម​ដាំស្រូវ  ផ្ទះ​សម្បែង​សង់​លើ​ជន្ទល់​ខ្ពស់​ផុត​ពី​ដី  ខ្មែរ​ជំនាន់​ដើម គោរពបូជា​មេបា​ចាស់ទុំ ព្រះធរណី និង​ព្រះគង្គា 
ស្រុក​ភូមិ ទឹក​ដី​ក៏​មាន​ភោគផល​សម្បត្តិធម្មជាតិ​ សម្បូណ៌​គ្រប់គ្រាន់​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ រក​ស៊ី​ដោះដូរ​យ៉ាង​សកម្ម  សង្គម​ខ្មែរ​ជំនាន់​នោះ​ក៏​មាន​ការ​រៀបចំ​ជា​កុលសម្ព័ន្ធ មាន​មេកោយ និង​ស្ថាប័ន​ផ្សេងៗ​ដែរ 
ប្រវត្តិ​ដើម​ស្រុក​ខ្មែរ​ថ្មីៗ​ខ្លះទៀត នា​ដើម​សតវត្ស​ទី​១ គេ​អាច​ស្គាល់​បាន​ដោយសារ​ឯកសារ​កត់​សម្គាល់​មួយ​ចំនួន​របស់​អ្នកដំណើរ​ចិន​ដែល​បាន​ទៅ​ដល់​ស្រុក​ខ្មែរ​ក្នុង​សតវត្ស​ទី​៣ 
. នគរ​ហ្វូណន នគរភ្នំ
. ព្រះបាទ​ហ៊ុនទៀន ព្រះនាង​លីវយី
អ្នក​ដំណើរ​ចិន​បាន​ស្គាល់​ស្រុក​ខ្មែរ​ជា​យូរយារ​ណាស់​មក​ហើយ  គេ​បាន​ដាក់​ឈ្មោះ​ហៅ និង​កត់ត្រា​ថា នគរ​ហ្វូណន  តែ​បើ​តាម​អ្នកស្រាវជ្រាវ​ខ្លះ ឈ្មោះ​នេះ​មិនមែន​ជា​ពាក្យ​ចិន​ទេ  ហើយ​នៅ​ក្នុង​ពង្សាវតារ​ខ្មែរ​ គេ​ក៏​មិន​ដែល​ឃើញ​មាន​ពាក្យ​នេះ​ដែរ  អ្នកប្រវត្តិវិទូ​ផ្សេងទៀត ដោយ​សម្អាង​ទៅ​លើ​សិលាចារឹក បាន​យល់​ថា​ ពាក្យ ហ្វូណន ក្លាយ​ចេញ​មក​ពី​ពាក្យ ភ្នំ  ដូច្នេះ ស្រុក​ខ្មែរ​ជំនាន់​ដើម​មាន​ឈ្មោះ​ថា នគរភ្នំ 
ឯកសារ​ចិន​ដដែល​បាន​កត់​ត្រា​ទុក​មក​ថា កាលនោះ នៅ​ស្រុក​ខ្មែរ នគរភ្នំ​មាន​ស្ដេចស្រី​មួយ​អង្គ​សោយរាជ្យ  ស្ដេចស្រី​នោះ​មាន​ព្រះនាម លីវយី  ប្រជាជន​ខ្មែរ​គោរព​បូជា​នាគ​ដែល​គេ​ចាត់​ទុក​ជា​ព្រះអាទិទេព នាំ​មក​នូវ​ក្ដី​ចម្រុង​ចម្រើន​សម្បូរសប្បាយ​ដល់​ប្រទេស​ជាតិ  ដូច្នេះ​ហើយ បាន​ជា​នៅ​ពង្សាវតារ​ខ្មែរ គេ​តែង​តែ​និយាយ​អំពី​នាង​នាគ ពី​ស្ដេច​ភុជង្គនាគ និង​នាម៉ឺន​នាគ 
ថ្ងៃ​មួយ ស្ដេច​បរទេស​មួយ​អង្គ​ឈ្មោះ​ ហ៊ុនទៀន ដែល​គោរពបូជា​ព្រហ្មញ្ញសាសនា បាន​លើក​ទ័ព​តាម​សំពៅ​កាត់​ឆ្លង​តាម​សមុទ្រ​ចូល​មក​វាយ​ប្រហារ​លុកលយ កាន់​កាប់​ត្រួតត្រា​នគរ​ហ្វូណន  តែ​បន្ទាប់​មក ស្ដេច​ហ៊ុនទៀន ក៏​បាន​រៀប​អភិសេក​ជាមួយ​នឹង​ព្រះនាង​លីវយី ហើយ​បាន​ឡើង​សោយរាជសម្បត្តិ​នៅ​នគរ​ហ្វូណន​ចាប់​ពី​ថ្ងៃ​នោះ​មក 
. ព្រះបាទ​កៅឌិញ្ញ ព្រះនាង​សោមា
បើយោល​ទៅ​តាម​សិលាចារឹក​នៅ​ មឺសុន និង​ព្រះឥន្ទកោសី វិញ គេ​អាច​កត់​សម្គាល់​បាន​ថា ព្រះមហាក្សត្រ​ខ្មែរ​ទី​១ មាន​ព្រះនាម កៅឌិញ្ញ  ព្រះអង្គ​ជាជនជាតិ​ឥណ្ឌា មក​ពីស្រុក​ឥណ្ឌា​ក្នុង​វណ្ណៈព្រាហ្មណ៍  ព្រះអង្គ​បាន​ធ្វើ​ដំណើរ​តាម​សំពៅ​ឆ្លង​កាត់​មហាសាគរ​មក​ដល់​នគរ​គោកធ្លក  សំពៅ​ព្រះអង្គ​ត្រូវ​ប្រជាជន​នៅ​ទី​នោះ នាំគ្នា​មក​វាយ​ប្រហារ​ចង់​លួចប្លន់  ព្រះ​កៅឌិញ្ញ បាន​វាយតប​ត​ទៅ​លើ​កងទ័ព​ព្រះនាង​សោមា ដែល​ត្រូវ​បរាជ័យ​បាក់​ទ័ព​លិចលង់​ទូក​កណ្ដាល​សមុទ្រ រត់​ចុះ​ចាញ់​អស់  ក្រោយ​បាន​ជ័យជំនះ​ហើយ ព្រះ​កៅឌិញ្ញ​ក៏​រៀបអភិសេក​នឹង​ព្រះ​នាង​សោមា ស្ដេច​ស្រី​នគរភ្នំ (សោមា​ មាន​ន័យ​ថា បុត្រី​ព្រះចន្ទ)  ព្រះអង្គ​ក៏​បាន​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​នៅ​នគរភ្នំ  ព្រឹត្តិការណ៍​នេះ បើ​តាម​អ្នក​ប្រវត្តិវិទូ​ខ្លះ បាន​កើត​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១​នៃ​គ្រឹស្តសាសនា 
ដោយ​ឃើញ​ស្ត្រី និង​បុរស​នៅ​នគរភ្នំ ជាពិសេស ម្ចាស់​ក្សត្រី​លីវយី មិន​ចេះ​ស្លៀកពាក់​ បញ្ចេញ​ខ្លួន​អាក្រាត ឥត​អៀនខ្មាស ព្រះបាទ​កៅឌិញ្ញ​ក៏​បាន​បង្ហាត់​បង្រៀន​អ្នក​ទាំងនោះ ឲ្យ​ចេះ​កាត់ដេរ​សម្លៀកបំពាក់​បិទបាំង​កេរ្តិ៍ខ្មាស់  ដំបូង​ព្រះអង្គ​បាន​ឲ្យ​យក​ក្រណាត់​មក​ចោះ​ធ្វើ​ប្រហោង​ល្មម​ស៊ក​ក្បាល​ចុះ ដែល​ថ្ងៃ​ក្រោយ ក្លាយ​ទៅ​ជា​អាវបំពង់វែង  នេះ​បើ​តាម​ឯកសារ​ចិន​ដដែល 
ប៉ុន្តែ អ្វីដែល​ជា​សំខាន់​ដែល​ព្រះអង្គ​បាន​នាំ​មក​ផ្ដល់​ដល់​សង្គម​ខ្មែរ​នោះ គឺ វិជ្ជា ចំណេះ​ចេះ​ដឹងដែល​មាន​នៅ​ក្នុង​ភាសា​អក្សរសំស្ក្រឹត ទ្រឹស្ដី ឧត្ដមគតិ ទស្សនៈ ច្បាប់​វិន័យ​ក្បួនខ្នាត គម្ពីរ​តម្រា និង​របៀបរៀបចំ ចាត់ចែង​គ្រប់គ្រង​នគរ​ដែល​មាន​នៅ​ក្នុងលទ្ធិ​ព្រហ្មញ្ញសាសនា 
របប​រាជានិយម​ខ្មែរ​ត្រូវ​បាន​រៀបចំ​ចាត់ចែង​កំណត់​ទៅ​តាម​ក្រឹត្យក្រម​វិន័យ​ក្បួនខ្នាត​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ព្រហ្មញ្ញសាសនា 
ឯការ​គោរពបូជា​ផ្នែក​សាសនា​វិញ បាន​ផ្លាស់ប្ដូរ​មក​រកព្រះសិវៈ ឬ​ព្រះឥសូរ ដែល​ជា​ព្រះអាទិទេព​មួយ​អង្គ​យ៉ាងសំខាន់ នៅ​ក្នុង​ព្រហ្មញ្ញសាសនា  លិង្គ​ជាច្រើន​ត្រូវ​បាន​កសាង​ឡើង​សម្រាប់​តំណាង​ព្រះអាទិទេព​អង្គ​នេះ  ដូច្នេះ នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​នគរ​ខ្មែរ ឬ​នគរ​គោកធ្លក​បាន​ទទួល​អរិយធម៌ វប្បធម៌ និង​ឥទ្ធិពល​ឥណ្ឌា 
ព្រះរាជធានី​ដំបូង​របស់​នគរ​ហ្វូណន នគរភ្នំ មាន​ឈ្មោះ​ថា វ័យធបុរៈ ដែល​ស្ថិត​នៅ​ជិត​ទន្លេ​មេគង្គ ជិត​ស្រុក​បាណាម និង​បាភ្នំ ។ 

0 ការពិគ្រោះ:

Post a Comment

Booking.com