Social Icons

ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារចិន(ត)

. ព្រះវាជវង្ស​នគរភ្នំ
ប្រវត្តិ​ស្រុក​ខ្មែរ​ ឬ​ប្រវត្តិក្សត្រ​ខ្មែរ​ដែល​សោយរាជ្យ​សម្បត្តិ​បន្ត​បន្ទាប់​ពី​ព្រះបាទ​កៅឌិញ្ញ យើង​អាច​ស្គាល់ និង​ដឹង​បាន​តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ប៉ុណ្ណោះ  ឯ​ឈ្មោះ​ពិត​ប្រាកដ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​នោះ គេ​មិន​អាច​ស្គាល់​ទេ  ឈ្មោះ​ដែល​គេ​អាច​ស្គាល់​បាន​ក្លាយ​ទៅ​ជា​ឈ្មោះ​ចិន​តាម​កំណត់​របស់​អ្នកដំណើរ​ចិន 
. ព្រះបាទ​ហ៊ុនផាន់ហួង
ព្រះអង្គ​ដែល​ត្រូវ​ជា​កូន​របស់​ព្រះបាទ​ហ៊ុនទៀន ឬ​ព្រះបាទ​កៅឌិញ្ញ​បាន​សោយរាជ្យ​បន្ត​ពី​ឪពុក  កាល​នោះ នគរ​ហ្វូណន ឬ​នគរភ្នំ មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ  នគរ​ទាំង​៧ ចង់​រើ​បង្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​ព្រះបាទ​ហ៊ុនផាន់ហួង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ  ហើយ ព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧ 
. ព្រះបាទ​ហ្វាន់ហ្វាន់
ព្រះអង្គ​បាន​ឡើង​សោយរាជ្យ​បន្ត​ពី​ឪពុក  ព្រះអង្គ​ជាកូន​ទី​២​របស់​អង្គ​មុន តែ​ស្ដេច​អង្គ​នេះ ខ្ជិលច្រអូស មិន​យក​ចិត្ត​ទុកដាក់​រវីរវល់​អំពី​កិច្ចការ​នគរ​ទេ  កិច្ចការ​ផែនដី​ទាំង​ប៉ុន្មាន​ត្រូវ​បាន​មេទ័ព​ដ៏​អង់អាច​ម្នាក់ជា​អ្នក​ចាត់ចែង ដោះស្រាយ​ទាំងអស់  មេទ័ព​នេះ ឈ្មោះ​ហ្វាន់ឆេម៉ាន់ ហ្វាន់ម៉ាន់  សោយរាជ្យ​បាន​៣​ឆ្នាំ ព្រះបាទ​ហ្វាន់ហ្វាន់​ ក៏បាន​ចូល​ទីវង្គត​ទៅ 
. ព្រះបាទ​ហ្វាន់ឆេម៉ាន់
ព្រះអង្គ​ត្រូវ​បាន​នាម៉ឺន​សព្វមុខ​មន្ត្រី​តូច​ធំ ជ្រើសរើស​ជា​ព្រះមហាក្សត្រ  ការតែងតាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ស្ដេចត្រាញ់​តូច​ធំ​ជិត​ឆ្ងាយ​សប្បាយ​ចិត្ត​ទេ  ដូច្នេះ​ហើយ ទើប​បាន​ជា​ព្រះបាទ​ហ្វាន់ឆេម៉ាន់ ត្រូវ​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ស្ដេច​ទាំង​នោះ​ជាមុន 
ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​សរសេរ​កត់​បន្ត​ទៀត​ថា ព្រះអង្គ​ជា​អ្នកចម្បាំងម្នាក់​ដ៏​ក្លាហាន​អង់អាច​អស្ចារ្យ  ព្រះអង្គ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ធ្វើ​ទូក​សំពៅ​ធំៗ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចុះ​ឡើង​តាម​សមុទ្រ​ទន្លេ​នានា  ទូក​សំពៅ​ទាំងនោះ អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ជា​៧០០​នាក់  ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ច្បាំង​វាត​ទឹកដី​ទៅ​គ្រប់​ទិសទី​រហូត​ទៅ​ដល់​ ជ្រោយមាឡាកា យក​នគរ​ជា​ច្រើន​មក​ដាក់​ជា​ចំណុះ  ព្រះអង្គ​ហ្វាន់ឆេម៉ាន់ បាន​ធ្វើ​សង្គ្រាម​ទាំង​តាម​ផ្លូវ​ទឹក​ទាំង​តាម​ផ្លូវ​គោក ដើម្បី​កាន់​កាប់​តំបន់​ទឹកដី និង​សមុទ្រ ពី​ឈូងសមុទ្រ​បឹងហ្គាល (Golfe du Bengale) មក​ឈូងសមុទ្រ​សៀម សព្វថ្ងៃ  គឺ​ក្នុង​គោលបំណង​ក្ដោប​ត្រួតត្រា​គ្រប់គ្រង​ផ្លូវ​ទាក់ទង​ធ្វើ​ដំណើរ​ទាំង​ប៉ុន្មាន តាម​សមុទ្រ​ក៏​ដូចជា​តាម​ដីគោក 
ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជម្ងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ គិនចេង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ  ព្រះអង្គ​ហ្វាន់ឆេម៉ាន់​ បាន​ទុក​ក្មួយ​ឈ្មោះ ចាន់​ ដែល​មាន​កងពល​ប្រមាណ​២០០​នាក់ នៅ​ជិត​សម្រាប់​ការពារ  ចាន់ ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ  តែ មេទ័ព​ចាន់​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​ព្រះបាទ​ហ្វាន់ឆេម៉ាន់​ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្នំ  ព្រឹត្តិការណ៍​នេះ ប្រហែល​ជា​ផ្ទុះ​នៅ​ក្នុង​គ.ស​២៣០ 
. ព្រះបាទ​ហ្វាន់ចាន់
កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​ព្រះបាទ​ហ្វាន់ឆេម៉ាន់ គិនចេង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ  ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រឹស្តសករាជ​២៣០  អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា ព្រះ​ហ្វាន់ចាន់ កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហក្សត្រ​មាន​ព្រះ​នាម​ ធរនិន្ទ្រវរ្ម័ន  សិលាចារឹក​មួយ​ជា​ភាសា​សំស្ក្រឹត​ដែល​មាន​អាយុ​ចាស់​ជាងគេ​ ហើយ​ដែល​គេ​រក​ឃើញ​នៅ វូកាញ់ ខេត្ត​ញ៉ាត្រាង ប្រទេស​វៀតណាម បាន​បញ្ជាក់​រៀបរាប់​អំពី​ទំនាក់ទំនង​រវាង​ព្រះអង្គ និង​ព្រះមហក្សត្រ​ឥណ្ឌា​ក្នុង​រាជវង្ស មុរុណទស 
កាល​នោះ ព្រះបាទ​ហ្វាន់ឆេម៉ាន់ មាន​បុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ទារក​នៅ​ឡើយ  អាយុបាន​២០​ឆ្នាំ ដឹងក្ដី​កាលណា ព្រះរាជបុត្រ​អង្គ​នេះ ប្រមែប្រមូល​បក្សពួក ក​កង​ទ័ព​យោធា លើក​មក​ធ្វើ​សង្គ្រាម ហើយ​ក៏​បាន​សម្រេច​ធ្វើ​ឃាត​ព្រះបាទ​ហ្វាន់ចាន់ ដើម្បី​សងសឹក​ឪពុក  ព្រះអង្គ​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ  តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជ្យសម្បត្តិ​ដូច​ក្ដី​បំណង​ទេ  ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេច​ហ្វាន់ចាន់ ឈ្មោះ ស៊ីយុន ធ្វើ​ឃាត  មេទ័ព​ស៊ីយុន​បាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សម្អាង​យក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច  ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​ស៊ីយុន ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេចនគរ​ហ្វូណន គឺ​ប្រហែល​ជា​ក្នុង​គ.ស​២៤០ (អ្នកប្រវត្តិវិទូ​ខ្លះ សរសេរ​ថា​ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ.ស​២៥០) 
. ព្រះបាទ​ហ្វាន់ស៊ីយុន
នេះ​គឺ​ជា​ព្រះនាម​ថ្មី​របស់​មេទ័ព​ស៊ីយុន ដែល​ទើប​តែ​បាន​ឡើង​សោយរាជ្យ  អ្នកស្រាវជ្រាវ​ខ្លះ​បាន​បញ្ជាក់​ថា ស្ដេច​អង្គ​នេះ​ព្រះនាម​អស្សាជ័យ 
ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​គូស​បញ្ជាក់​ថា ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​និយម​សន្តិភាព​ មិន​ប្រើ​ចម្បាំង​អាវុធ ចូលចិត្ត​កសាង ហើយ​គោរព​ប្រកាន់​នូវ​ករណីយកិច្ច​ជា​ស្ដេច ឥត​មាន​ធ្វេស​ប្រហែស  ជារៀង​រាល់ថ្ងៃ ទាំងព្រលឹម​ទាំងថ្ងៃ​ត្រង់ ព្រះអង្គ​តែងតែ​ទទួល​សាវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ 
ក្នុង​គ.ស​២៤០ ព្រះអង្គ​បាន​ទទួល​អ្នកតំណាង​ពីរ​នាក់​របស់​ស្ដេច​ចិន​ព្រះនាម ស៊ុនជាន់  គណៈប្រតិភូ​ខ្មែរ ក៏ត្រូវ​ព្រះអង្គ​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាញឹកញាប់​ដែរ ពី​គ.ស​២៦៨ ទៅ ២៨៧ 
ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ដដែល សរសេរ​កត់​ទុក​មក​ទៀត​ថា ព្រះរាជវង្ស​ព្រះបាទ​ហ៊ុនទៀន ព្រះនាង​លីវយី គ្រប់គ្រង​សោយរាជ្យសម្បត្តិ​នៅ​នគរ​ហ្វូណន ឬ​នគរភ្នំ​បាន​ចំនួន​២​សតវត្ស  ដូច្នេះ ក្សត្រ​ដែល​សោយរាជ្យ​ទាំង​ប៉ុន្មាន សឹងសុទ្ធ​តែ​ជា​បងប្អូន​ក្នុង​ចង្កោម​ព្រះរាជវង្ស​​តែ​មួយ 
. សង្គម​ខ្មែរ​ជំនាន់​ហ្វូណន ឬ​នគរភ្នំ
គេ​អាច​ស្គាល់​សង្គម​ខ្មែរ​ជំនាន់​ដើម​បាន​តាម​រយៈ​ឯកសារ​ប្រវត្តិសាស្ត្រ​ដែល​អ្នកដំណើរ​ចិន​កត់ត្រា  ទោះបីជា​ឯកសារ​ទាំងនោះ​មាន​ច្រើន មាន​កាលបរិច្ឆេទ​ខុសគ្នា ហើយ​អ្នកកត់​សរសេរ​មាន​ថ្វីដៃ​ខុសគ្នា​ក៏ដោយ ក៏​គេ​អាច​ស្មាន​យល់​អំពី​ទិដ្ឋភាព​សង្គម​ខ្មែរ​ជំនាន់​នោះ​បាន​ដែរ 
អ្នកដំណើរ​ចិន​បាន​និទាន​ថា ទីក្រុង​ភូមិស្ថាន​ខ្មែរ​មាន​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​អូរទឹក និង​កំពែង​ធ្វើ​អំពី​ដី  នៅ​ក្នុង​គូទឹក​ទាំង​នោះ គេ​ឃើញ​មាន​ក្រពើ​រស់​នៅ​ពាសពេញ ហើយ​នៅ​ក្នុង​ទីក្រុង និង​ភូមិ គេ​ឃើញ​មានផ្លូវ​ទឹក កាត់​ខ្វែង​ចុះ​ឡើង​ដូច​ក្រឡាចត្រង្គ 
ប្រុស​ខ្មែរ​មាន​រូបរាង​ទាប​អាក្រក់ សម្បុរ​ខ្មៅ សក់​ក្រញាញ់ ហើយ​មាន​សាក់​ពាសពេញ​ខ្លួន  ក៏​ប៉ុន្តែ​ស្ត្រី​មាន​ពណ៌សម្បុរ​ជ្រះ​ស្អាត​ល្អ​ជាង  ខ្មែរ​និយម​ចូលចិត្ត​ឆ្លាក់​ធ្វើ​គ្រឿង​អលង្ការ  គ្រានោះ​ ខ្មែរ​មាន​អក្សរ​ មាន​សៀវភៅ​សាស្ត្រា​ក្បួន​គម្ពីរ និង​ឃ្លាំង  ខ្មែរ​និយម​ចូលចិត្ត​លេង​ល្បែង​ជល់​មាន់ និង​ជ្រូក  ទំនៀមទម្លាប់​គ្មាន​អ្វី​ជា​តឹងរឹង​ឡើយ​រវាង​ស្ត្រី និង​បុរស  ម្នាក់ៗ​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត បណ្ដែតបណ្ដោយ​ទៅ​តាម​តែ​ទំនើង​ចិត្ត 
ក្នុង​ឯកសារ​ទាំង​នោះ គេ​មាន​រៀបរាប់​អំពី​របៀបរបប បែប​ផែន​កាត់​ទោស​ក្នុង​តុលាការ ដោយ​មាន​បញ្ជាក់​ថា នៅ​ស្រុក​ខ្មែរ​គ្មាន​ពន្ធនាគារ​ទេ  ជនឧក្រិដ្ឋ គេ​យក​ទៅ​បោះ​ទម្លាក់​ក្នុង​រណ្ដៅ​ឲ្យ​ក្រពើ ឬ​សត្វ​សាហាវ​ស៊ី​ជា​ចំណី 
អ្នកដំណើរ​ចិន ក៏​រៀបរាប់​អធិប្បាយ​ព័ណ៌នាក្បោះក្បាយ​អំពី​ព្រះមហាក្សត្រ​ខ្មែរ​ដែរ  ព្រះបរមរាជវាំង​ធ្វើ​អំពី​ឈើ សង់​លើ​គ្រឹះ​អំពី​ថ្ម  កាលណា​ព្រះអង្គ​ធ្វើ​ដំណើរ​យាង​ចេញ​ទៅណា​ម្ដងៗ គេ​ឃើញ​មាន​ក្បួន​ដង្ហែ​យ៉ាង​គគ្រឹកគគ្រេង គួរ​ឲ្យ​គយគន់  ព្រះមហាក្សត្រ​ខ្មែរ​តែងតែ​គង់​លើ​ដំរី ហែហម​តាម​ក្រោយ​ទៅ​ដោយមហេសី ស្រីស្នំ​មីនុំមីនាង​បរិវារ និង​មន្ត្រី​តូច​ធំ ដែល​ជិះ​លើ​ដំរី​ដែរ  បើ​ព្រះអង្គ​គង់​លើ​បល្ល័ង្ក​វិញ ព្រះអង្គ​អង្គុយ​បញ្ឈរ​ជង្គង់​ខាង​ស្ដាំ ហើយ​នៅ​ចំពោះ​មុខ​ព្រះអង្គ គេ​មាន​ដាក់​ព្រះ​វរលញ្ឆការ (គឺ​ជា​ត្រា ឬ​សញ្ញា​សម្រាប់​សម្គាល់​ព្រះមហាក្សត្រ) ជើង​ពាន​ផ្ដិល​មាស និង​ដុត​គ្រឿង​ក្រអូប 
ប្រជាជន​ខ្មែរ​គោរពបូជា​ជឿ​ទៅ​ព្រះអាទិទេព​ជា​ច្រើន តំណាង​ទៅ​ដោយ​រូប​ចម្លាក់​ដែល​មាន​ព្រះភ័ក្ត្រ​មួយ ពីរ បួន ហើយ​ដែល​មាន​ដៃ​បួន ឬ​ប្រាំបី 
កាលណា​មាន​សមាជិក​ក្រុម​គ្រួសារ​ស្លាប់ ប្រជាជន​នគរភ្នំ តែងតែ​នាំ​គ្នា​កោរ​សក់​កោរ​ពុក​មាត់​ពុក​ចង្កា ជា​សញ្ញា​នៃ​ការ​កាន់​ទុក្ខ  ចំពោះ​ការបូជា​សព​វិញ ឯកសារ​ចិន​បាន​សរសេរ​ថា គេ​យក​សាកសព​នោះ ទៅដុត ទៅ​កប់ ទៅ​ទម្លាក់​ក្នុង​ទឹក ឬ​យក​ទៅ​ដាក់​ចោល​តាម​ព្រៃ​ទុក​ឲ្យ​សត្វ​ស៊ី  គឺ​ក្នុង​ន័យ​ថ្វាយ​បូជា​ចំពោះ​ធាតុ​ទាំង​បួន មាន ទឹក ដី ភ្លើង ខ្យល់ ដែល​គេ​ចាត់​ទុក​ជា​ព្រះអាទិទេព ជា​អ្នក​ដ៏​មាន​គុណ​ចំពោះ​ជិវិត​រស់​នៅ​របស់​គេ 
ឯកសារ​ចិន​ដដែល​បាន​បញ្ជាក់​ថា ទឹកដី​នគរ​ហ្វូណន​ធំ​ទូលំទូលាយ​ណាស់ លាត​សន្ធឹង​មាន​ប្រទល់​ដែន​ជាប់​នឹង​ប្រទេស​ចាម នៅ​ទិស​ខាង​កើត ជាប់​នឹង​ទឹកដី​ចិន យេណាន នៅ​ទិស​ខាង​ជើង និង​ខាង​លិច​ជាប់​នឹង​ប្រទេស​ភូមា 

0 ការពិគ្រោះ:

Post a Comment

Booking.com