Social Icons

រឿងកាកី

២ -បាត់អូន
     
ព្យុះភ្លៀង ពពកខ្មៅងងិត​ ក៏ប្រែជាស្រលះស្ងប់ស្ងាត់​ធម្មតាវិញ។ រាត្រីស្ងាត់!​ មេឃខៀវស្រងាត់! ផ្កាយ​ព្រោងព្រាត! ប្រជាពលរដ្ឋ ​មន្ដ្រី សេនាអាមាត្យបាត់ភិត​ភ័យព្រួយ ហើយលាគ្នាទៅរក​កន្លែងសំរាករៀងខ្លួន។ ព្រះ​បាទព្រហ្មទាត្ដយាងចូលរាជដំណាក់​ រួចលង់លក់បាត់ដូចគល់ ឈើមួយដុំ។​
 ស្បៃរាត្រីរសាត់បាត់ទៅសន្សឹមៗ។​ ខាងកើតរង្វង់ព្រះសុរិយាមូល​ក្រលង់ ក្រហមឆ្អិឆ្អៅ ដូច​ព្រះចន្ទពេញវង់ ថ្ងៃពេញបូណ៌មីស្ថិត​នៅជាប់ ជើងមេឃ។ បក្សាបក្សីទាំង​ឡាយហិចហើរឆៀងឆាប ស្រែក​យំខ្ញៀវខ្ញា ទទួលស្វាគមន៍​ ពន្លឺព្រះសុរិយាជាថ្មី រុក្ខជាតិនានា​ រីកស្រស់រហង់ ព្រោះបានទទួលទឹក​សន្សើមត្រជាក់នាពេលព្រឹកព្រហាម។​ ពពក ក្រហម ស ខ្មៅស្រអាប់គូសវាសផ្ទៃ​មេឃ
ទៅទីឆ្ងាយ។
     ព្រះបាទព្រហ្មទាត្ដ ក្រោយចេញពីក្រឡាបន្ទំដោយយីតៗ។ ព្រះអង្គទ្រង់ចូលទៅលុបលាងដុសសំអាតរាងកាយ ហើយទ្រង់ព្រះរាជសំលៀក បំពាក់ គ្រឿងអលង្កា ដូចព្រះឥន្ទ្រ ដ៏មានរិទ្ធនៃស្ថានទេវលោក។ ព្រះអង្គទ្រង់យាងទៅកាន់សាលជំនុំ ដ៏មានសេនា មន្ត្រីរាជការ ស្រីស្នំចាំតៀម គាល់ពេញតៀបត្រា។ ស្ថានភាពស្ងប់ស្ងៀម អស់ពេលជាច្រើននាទី នៅលើអាសន ដ៏មានពន្លឺចាំងភ្លីភ្លេក ព្រះមហាក្សត្រទ្រង់ ងាកសំលឹង មើលឆ្វេងស្ដាំ ហាក់កំពុងរកមើលនរណាម្នាក់។
     មែនហើយ!.. កែវកាកី អគ្គមហេសីស្រីស្នំឯក បាត់នាងមិនឃើញឡើងមកគាល់ដូចសព្វមួយដង។ នាងទៅណា? នាងនៅឯណា? ស្ងាត់ ឈឹង ព្រះមហាក្សត្រទ្រង់ខ្វល់ខ្វាយក្នុង រាជហរិទ័យយ៉ាងខ្លាំង។ ព្រះអង្គទ្រង់ចាត់អោយភិលៀង ទៅរកឯរាជដំណាក់របស់ព្រះនាង តែនៅ ព្រះដំណាក់ស្ថិតក្នុងភាពស្ងាត់ជ្រងំ ពុំឃើញមានអ្វីសោះឡើយ។ ព្រះអង្គទ្រង់ចាត់អោយ សេនាអាមាត្យស្វែងរកនាងគ្រប់ទិសទីក្នុងមណ្ឌល បរមរាជវាំង ព្រះអង្គសាកសួរដល់បណ្ដារាស្ដ្រគ្រប់ៗគ្នា តែគ្មាននរណាម្នាក់បានដឹង បានឃើញនាងកាកីឡើយ។
     ទ្រង់ព្រះកន្សែងខ្សឹកខ្សួនអួលណែនក្នុងព្រះឱរា នឹកស្ដាយនាងជាពន់ពេក ព្រះទ្រង់ធ្មេចភ្នែកនឹក នឹកដល់គូស្នេហារបស់ព្រះអង្គ ម្ដេចបាត់ មិនឃើញមក? តើនួនល្អងអូនទៅណា? អូនមានការអ្វី តើអូនស្នេហាបង ដូចបងស្នេហាអូនដែរឬទេ?។ បងស្ដាយអូនណាស់!!.. ឱ!.. ក្នុង លោកនេះ មានតែប្អូនមួយទេ ដែលចេះស្គាល់តំលៃពិតៗ របស់មនុស្ស ប្អូនជាស្រីម្នាក់ចេះដឹងហេតុការណ៍ ដឹងសេចក្ដី ដឹងសមគួរ ខ្ពស់ទាប ឱ!.. ប្អូនជាស្រីឯកកល្យាណីមែន។ បងស្រលាញ់អូនណាស់ ព្រោះអូនស្រលាញ់បង បងនឹកអូនណាស់ នឹកដល់វង់ភក្រ្ដ ដែលអូនញញឹម ពេល រេរាំកំសាន្ដ ធ្វើអោយបងបាត់អស់កង្វល់ទុក្ខសោកទាំងឡាយ... បងនឹកអូនណាស់.. នឹកដល់ក្លិនខ្លួនស្រីដែលធ្លាប់នែបនិតរួមរក្សស្នេហ៍ ដ៍សែនសុខលើសនារីទាំងឡាយ..។
     ឱ!..ឥលូវ បាត់អូនទ្រូងបងសែនតឹងណែន កំសត់រីងរៃកន្ដោចកន្ដែងម្នាក់ឯង បាត់អូន បាត់សូន្យឈឹង បាត់គ្មានដំណឹង ថ្មើហ្នឹងបងធ្លាប់បី បប ថ្នមអូនម្ដេចបាត់អូន យប់ហើយណាស្ងួន នឹមនួនអូនទៅណា?.. បាត់អូនបងខ្វល់ខ្វាយ អូនឃ្លាតឆ្ងាយ ឱរាបងនឹក ភ្លឹកភ្លាំងសែនវិយោគ ចាំផ្លូវអូនមក វិលមកជ្រោកក្រោមទ្រូងស្នេហ៍ បងរង់ចាំអូន ចាំស្នេហា ចាំកែវជីវា ថ្ងៃណាអូនត្រលប់មក?... ។
     ព្រះសុរិយាជះកំដៅ ពីលើមេឃ មកលើកផែនពសុធាដូចចំហាយឆេះភ្នំភ្លើង ហាក់បីដូចប្រាប់ថា ព្រឹត្ដិការណ៍មួយយ៉ាងធ្ងន់ចំលែកចាប់ កើតមានពីថ្ងៃនេះតទៅមិនខាន។ សួនច្បារនៃបរមរាជវាំងមានសភាពស្ងាត់ជ្រងំ។ យូរៗវាយោបក់មក អង្រន់ស្លឹករក្ខជាតិនានា អោយយោគ ទោរទន់ រវិចៗ ដូចជាចង់បក់បោយហៅនរណាម្នាក់អោយចូលមក។ ព្រះបាទព្រហ្មទត្ដអង្គុយសំលឹងធម្មជាតិ ទាំងនេះដោយស្រងោតស្រងាត់ ព្រះអង្គភ្លេចអស់នូវល្បែងដែលធ្លាប់លេងកំសាន្ដសប្បាយ ភ្លេចអស់ស្រីស្នំដែលធ្លាប់ប្រលែងស្នេហ៍ ស្និត ភ្លេចអស់ព្រះស្ងោយដែលធ្លាប់ សោយយ៉ាងឆ្ងាញ់ពិសារ ព្រះអង្គមានទឹកមុខក្រៀមក្រំក្រៃពេក។
     ក្នុងពេលនោះ បុរសម្នាក់ដើរចូលមកដល់។ គឺជាមនុស្សម្នាក់អាយុប្រមាណជាង ៣០សិបផ្លាយឆ្នាំ បុរសនោះលុតជង្គង់ចុះក្រាបបង្គំ គាល់។ ព្រះបាទព្រហ្មទត្ដ ភ្ញាក់ខ្លួនព្រើត នៅស្ងៀមមួយស្របក់ ទើបមានវាចាសួរថា៖
  1. - អើ!..គន្ធាន់ទេឬ?
  2. - ក្រាបទូល ! ខ្ញុំបាទ
  3. - គន្ធាន់! តើទៅណាមកណាបានជាមកដល់ទីនេះ?
    គន្ធាន់លើដៃប្រណម្យឆ្លើយយ៉ាងគោរពវិញថា៖
  4. - បាទ! ខ្ញុំបាទ មកក្រាបបង្គំគាល់បំរើព្រះអង្គដូចសព្វដង។
  5. - ឱ!.. យើងកំពុងចង់តែរកគន្ធាន់ឯងល្មម
    បុរសឈ្មោះគន្ធាន់ សំដែងក្ដីត្រេកអរប្រញាប់សួរវិញថា៖
  6. - បាទ! តើព្រះអង្គមានអ្វីអោយខ្ញុំបាទបំរើឬ?....
  7. - អឺ ! កុំអរ . . កុំសើចអី . . គឺជារឿងកំសត់ . . គឺអគ្គមហេសីកាកីរបស់យើងបាត់ខ្លួនហើយ។
    គន្ធាន់នៅស្ងៀមមួយសន្ទះ សញ្ជឹងនឹកគិត ងើបភ្នែកសំលឹងមើលចំព្រះភក្ដ្រ ម្ចាស់ផែនដីរបស់ខ្លួន ដែលក្រសែភ្នែកព្រះអង្គ មានពន្លឺ ហាក់កំពុងចង់សុំអង្វរក្ដីមេត្ដាអ្វីមួយពីអ្នក ដែលធ្វើអោយបុរសកើតមានចិត្ដអាណិត ស្រងាកក្នុងចិត្ដឥតឧបមា។ គន្ធាន់ពោលដោយត្រិះរិះថា :
     - សូមទ្រង់ព្រះរាជមេត្ដាប្រោស ថ្ងៃដែលព្រះអង្គទ្រង់ស្រសាលលេងបាស្ការ ជាមួយចៅមាណពម្នាក់នោះ ទូលព្រះបង្គំបានជួបឃើញហេតុ ការណ៍ខ្លះៗ ដែលកាលនោះ ព្រះអគ្គមហេសីកាកី ក៏បានយាងមកដល់ ហើយបានមើលចំទៅចៅមាណព ឯចៅមាណព ក៏សំលឹងមើលចំមក អគ្គមហេសីវិញ ទាំងពីរនាក់បានញញឹមដាក់គ្នា ហាក់ដូចបង្កប់នូវអាថ៌កំបាំងស្នេហ៍ដ៏ជ្រាលជ្រៅទៀតផង។
     - យី.. មានរឿងដូច្នេះផង?។ ព្រះមហាក្សត្រសញ្ជឹងគិត ខាំធ្មេញ ជ្រួញចិញ្ចើមនិយាយបន្ដដោយសំលេងតិចៗថា៖
     - ស្រីក្បត់ ស្រីខូច ស្រីកាឡកណ្ណី។
     ខាងក្រៅខ្យល់បក់រវិចៗ នាយគន្ធាន់ដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុច ដែលនិយាយទៅយ៉ាងណា អោយព្រះមហាក្សត្របានស្រាកស្រាន្ដ ទុក្ខសោកខ្លះ។ នាយស្រលាញ់ព្រះមហាក្សត្រ ស្រលាញ់អគ្គមហេសីកាកី ស្រលាញ់ពេករហូតទាល់តែចង់ដឹងរឿងទាំងអស់ដែលទាក់ទង់ នឹង ព្រះអង្គទាំងពីរ។ នាយនិយាយដោយសំលេងស្មើៗថា៖
     - ទូលបង្គំនឹកឆ្ងល់ខ្វល់ក្នុងចិត្ដណាស់ថា បើចៅមាណពនេះ ជាមនុស្សអ្នកស្រុកធម្មតានៅក្នុស្រុកនេះ ម្ដេចឃើញព្រះអគ្គមហេសីហើយ មិនក្រាបថ្វាយបង្គំ?... ហើយម្យ៉ាងវិញទៀត បើចៅមាណពជាអ្នកស្រុកមកពីឆ្ងាយៗវិញ ម្ដេចបានជាគេចេញទៅបាត់តែមួយពព្រិចភ្នែក ដូច្នេះ?... ទូលបង្គំគិតថា រឿងនេះប្លែកចំលែកណាស់ ចៅមាណពនេះពិតជាយក្សាណាមួយចេះប្រាណប្រែក្រលា បំប្លែងរូបកាយ បំភាន់ភ្នែក មកលេងបាស្ការជាមួយព្រះអង្គមិនខាន ហើយនៅពេលដែលមានព្យុះភ្លៀងមេឃខ្មៅងងឹងនោះទៀតក៏ហាក់ដូចជាមិនធម្មតាដែរ វាហាក់ដូច ជាកើតឡើងភ្លាមៗ ហើយបាត់ទៅវិញក៏ភ្លាមៗ ដូចជាមាននរណាម្នាក់ធ្វើអោយកើតឡើង ដើម្បីចូលទៅលួចចាប់យកទេពី ព្រះអង្គពីដំណាក់ ទៅ។
     ព្រះមហាក្សត្រធ្មេញភ្នែក សំលឹងមើលទៅលើ ដូចកំពុងចង់សំលឹងរកទេវតានៅស្ថានលើ ដ៏មានរិទ្ធណាមួយ អោយមកជួយព្រះអង្គក្នុង រឿងបញ្ហាស្នេហានេះ ព្រះអង្គទ្រង់ឧទានដោយសំលេងតានតឹងថា៖
     - ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ ។ នាងនោះមានរូបល្អ ។ អោ! ល្អមែន... តែស្រីនេះក្បត់ខ្ញុំ នាងលួចមានសហាយ។ អើ.. នាងទៅបាត់ ហើយ។ ទៅចោលខ្ញុំអោយខ្ញុំទុក្ខចំបែងឥតស្បើយ។
     ក្រោមកំដៅព្រះអាទិត្យក្ដៅហែងយ៉ាងណា ក៏បុប្ផាក្នុងសួន ពណ៌ក្រហម ស ខៀវ លឿង ស្វាយ ខំរីករហង់ត្រង់នេះត្រង់នោះ ធ្វើអោយចក្ខុ មនុស្សលោក ឃើញចំលែក ប្លែកល្អអស្ចារ្យ ចង់តែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។ គន្ធាន់លួចសង្ឃឹមញញឹមក្នុងចិត្ដ យ៉ាងជ្រាលជ្រៅ ដើម្បីតាមរកកាកីក្នុងពេលដ៏ខ្លីបន្ដិចទៀតនេះ។ នាយញញឹមក្នុងមាត់ ទូលម្ចាស់ផែនដីរបស់ខ្លួនថា៖
     - សូមល្អងធូលីព្រះបាទរង់ចាំប្រាំពីរថ្ងៃសិន ទូលបង្គំគិតថា ចៅមាណពនោះប្រាកដជា នឹង មកលេងបាស្ការតាមការណាត់ទុកម្ខងទៀតជា មិនខាន ពេលវាត្រលប់ទៅវិញ ទូបបង្គំនឹងក្លែងបន្លំចូលទៅលំនៅស្ថានជាមួយវាអោយបាន ពេលនោះយើង នឹង ស៊ើបតាមដានរកការពិត អោយឃើញជាក់ស្ដែង បើឃើញការពិត ហើយទូលបង្គំ នឹងប្រើកលល្បិចបោកបញ្ឆោត យកព្រះអគ្គមហេសីមកថ្វាយព្រះអង្គវិញអោយ ទល់តែបាន។

0 ការពិគ្រោះ:

Post a Comment

Booking.com