Social Icons

រឿងកាកី

៤ -ក្ដៅចិត្ដ
     
នៅលើមេឃពពក​សក្រាស់ឃ្មិក ​គរដូចភ្នំ​បណ្ដែតខ្លួននឹងថ្កល់ឥត​​កំរើក ក្នុងលំហរមេឃ។​ ​រុក្ខជាតិនានាត្រូវកំដៅ​ថ្ងៃតាំង​ពីព្រឹកព្រលឹម​ មានភាពស្​វិតស្រពោត​បន្ដិច ហាក់ដូចកំពុង​ក្​រាបសំពះសុំក្ដីមេត្ដាពី​ព្រះភិរុណ​ ដែលរីងរាំង​ស្ងួតអស់រយកាល​​ដ៏យូរ។ វាយោបក់បោកទៅលើ​ ស្លឹកឈើ​អោយទោទន់​ រេចុះរេ​ឡើងរកគ្នា ប្រៀប​ដូចជាវត្ថុ​មានវិញ្ញាណ ​កំពុងប្រលោម​ប្រលែង​ស្នេហា ដោយក្ដីសប្បាយ​​រីករាយ។ នៅ ចង្កេះភ្នំឯនោះ ​ក្រុងគ្រុឌដែលបេះបានផ្លែផលានុផល​ជាច្រើនមុខ កំពុងម្នីម្នាវេច​ខ្ចប់ដាក់សំពាយយ៉ាងរូតរះ​ គ្រុឌមានទឹកមុខញញឹមញញែម
​សប្បាយក្នុងចិត្ដឥតឧបមា អារម្មណ៍​របស់គេ បានហើរហោះទៅប្រលោម​ប្រលែងលេង ជាមួយកាកី​នៅឯវិមានឯណោះ។
     បេះបានផលានុផលទុំៗ ជាច្រើនមុខ គ្រុឌប្រមូលវិចបានមួយសំពាយធំ ហើយហោះផ្លោងទៅលើអាកាសា សំដៅសិម្ពលីក្រុងដែលជា មណ្ឌលរបស់ខ្លួន ឥតនឹកខ្វល់ខ្វាយអ្វីសោះឡើយ។ ក្រុងគ្រុឌពុំបានដឹងថា គន្ធាន់ បានចូលលបលួចប្រលោមស្នេហ៍ជាមួយកាកីទេ មកដល់ ភ្លាមចូលរកកែវកាកីដោយក្ដីនឹករលឹកពេកពន់ គ្រុឌជ្រើសយកផ្លែឈើទុំល្អៗ បកអោយភរិយាបរិភោយ៉ាងឆ្ងាញ់ពិសា។ បរិភោគឆ្អែតឆ្អន់ ហើយនៅលើតេនសយនា គូសា្វមីភរិយាទាំងពីរនាក់ ប្រលោមប្រលែងស្នេហ៍ និយាយសាកសងគ្នា យ៉ាងសប្បាយសុខសាន្ដហាក់ពុំមាន រឿងអ្វីកើតឡើងឡើយ តាមបង្អួចវាយោបក់មកតិចៗ បបោសអង្អែលរាងកាយ ប្រៀបដូចជាសិល្ប៍មន្ដសន្ដំដ៏មានរិទ្ធ អោយគូស្វាមីលង់លក់ ក្នុងសេចក្ដីងោកងុយជាពន់ពេក។
     យប់ព្រឹកៗ បានកន្លងទៅ... ថ្ងៃទី៧ ក៏ចូលខ្លួនមកដល់ទៀត ក្រុងគ្រុឌត្រូវរៀបចំខ្លួនប្រាណទៅលេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដតាមការ កំណត់ ក្រុងគ្រុឌចូលទៅលា ភរិយាកាកីស្រីសំលាញ់ ហើយចេញមកសេកមន្ដ ចងទ្វារប្រាសាទដូចរាល់ៗដង។ ចំណែកគន្ធាន់ដែលស្ថិតក្នុង ភាពជាសត្វស្រមើលតូចជាស្រេច កាលបើដឹងថាគ្រុឌ នឹងធ្វើដំណើរទៅកាន់នគរពារាណសីហើយ ក៏ចូលមកក្បែរ ហើយលោតទៅទុំតោង រោមគ្រុឌបានយ៉ាងងាយ។ ស្រេចបាច់អស់ហើយ គ្រុឌក៏ហោះផ្លោះមហាសាគរ ចូលទៅកាន់ដើមជ្រៃ ប្រែក្រលាជាចៅមាណពដូចសព្វដង ដោយមិនបានដឹងថា គន្ធាន់ តាមតោងជាប់មកជាមួយនោះឡើយ។ ចៅមាណពយើងប្រញាប់ប្រញាល់ដើរចូលទៅរកព្រះបាទព្រហ្មទត្ដ ដោយរុះរាន់...។ ព្រះមហាក្សត្រ លុះទតឃើញចៅមាណពមកដល់ហើយ ក៏ត្រាស់បង្គាប់អោយរៀបចំក្ដារបាស្ការ ព្រះអង្គនឹងក្រសាលលេង ជាមួយចៅមាណពយើង។ ដូចរាល់ៗ ដង ការប្រកួតបាស្ការពុំចាញ់ពុំឈ្នះទេ។ រសៀនទេរសុរិយា ចៅមាណពថ្វាយបង្គំលាព្រះមហាក្សត្រ ត្រលប់វិលលំនៅស្ថានខ្លួនវិញជាធម្មតា...។
     ក្រុងគ្រុឌចេញទៅបាត់ភ្លាម គន្ធាន់ ចេញមុខចូលគាល់ថ្វាយបង្គំព្រះមហាក្សត្រ ព្រះអង្គទតយល់ឃើញគន្ធាន់មកដល់ ត្រេកអរសប្បាយ រីករាយជាពន់ពេក ទ្រង់ត្រាស់សួរទៅគន្ធាន់ថា៖
  1. - អើ!.. ម៉េចទៅគន្ធាន់!.. ស្វែងរកកាកី តើយ៉ាងម៉េចហើយ?
  2. គន្ធាន់លើដៃប្រណម្យ ប្រញាប់ឆ្លើយតបទៅព្រះមហាក្សត្រវិញថា៖
  3. - បពិត្រព្រះករុណាអម្ចាស់តំកល់លើត្បូង ខ្ញុំបានជួបអគ្គមហេសីកាកីហើយ។
  4. - ជួបនៅឯណា?
  5. - ឯនគរសិម្ពលីឯណោះក្រាបទូល គ្រុឌបានចាប់ពង្រត់ កាកីទៅដូចខ្ញុំករុណាបានគិតទុកនោះមែន។
  6. -ថោកទាប ថោកទាប ទាំងស្រីទាំងប្រុសហ្នឹងហើយ
  7. - ប្រុសវាធ្វើរឿងនេះម្ដេចកើត បើស្រីវាមិនអោយដៃនោះ។
  8. - មិស្រីចិត្ដងាយ!.. សត្វតិរច្ឆាន វាក៏នៅដឹងថា អ្នកណាជាម្ចាស់វា។
  9. គន្ធាន់ដឹងថា ព្រះមហាក្សត្រកំពុងក្រេវក្រោធយ៉ាងខ្លាំង នាយធ្វើជាសំដែងទឹកមុខស្រពោនពោលដោយស្រងូតស្រងា់តថា៖
  10. - ករុណាម្ចាស់ ទូលបង្គំបានក្លែងខ្លួនជាសត្វស្រមើលតូចមួយ ហើយតោងរោមគ្រុឌ ហោះរំលងសមុទ្រសាគរទៅដល់នគរសិម្ពលី ពេលគ្រុឌមិននៅ ចេញទៅរកអាហារ ទូលបង្គំក៏ប្រែជាធម្មតាវិញ កាកីបានឃើញទូលបង្គំ មានភ្ញាក់ផ្អើលណាស់ ប្រញាប់សួរមកទូល បង្គំ ទូលបង្គំធ្វើជានិយាយរឿងផ្សេងវិញដោយគិតចង់ដឹងថា តើកាកីនៅមានចិត្ដស្មោះស្ម័គ្រស្រលាញ់ព្រួយបារម្ភពីព្រះអង្គឬទេ? ទូល បង្គំបានធ្វើជានិយាយស្និតស្នាលនឹងនាង កាកីពេញចិត្ដណាស់ ចូលមកជិតទូលបង្គំ ធ្វើកលមាយាម្ញិម្ញក់ ដូចជាគ្មានទុក្ខសោកអ្វីសោះ ឡើយ។ ខ្ញុំករុណានឹកក្នុងចិត្ដថា ឱនេះហើយចិត្ដស្រី ចិត្ដស្រីដ៏រាយមាឃផិតក្បត់គ្រប់គ្រា ចិត្ដស្រីដែលមិនចេះឆ្អែតឆ្អន់ នឹងកាមតណ្ហា រួមរក្សស្នេហាជាមួយប្ដីផង សហាយផងយ៉ាងនេះ ឱចិត្ដស្រីមិនដែលស្កប់សោះឡើយ អញ្ចឹងហើយបានជាសុខចិត្ដអោយគ្រុឌវាអោប បីមកបាន។ ពិតមែនហើយ ស្នេហាមិនដែលយោគយល់អ្នកណាឡើយ វាជារឿងមិនអាចបញ្ជាបានមែន តែតាំងបរុមបូរាណមក មិន ដែលមានស្រីណាដូចនេះទេ ឃើញដូច្នេះហើយ ទើបទូលបង្គំហ៊ានពោលពាក្យលែបខាយបែបស្នេហាតបទៅនាងវិញ ដោយពុំបានទូល ព្រះអង្គជាមុន។
  11. - អត់អីទេគន្ធាន់... ឯងកុំភ័យព្រួយបារម្ភអី អញមិនប្រកាន់ទោសឯងទេ មីស្រីកាឡកិណី មេស្រីចិត្ដងាយដូចនេះ ទៅយំសោកស្ដាយ និង រាប់រកអណិតស្រលាញ់វាទៀតធ្វើអី។ ឯងធ្វើអោយខ្លាំងជាងនេះទៀតក៏បានដែរ។ ឥឡូវ កុំអោយវារស់នៅដោយសុខសប្បាយ យើងត្រូវនាំគ្នារកឧបាយកលយ៉ាងណា នឹងយកវាត្រលប់មកវិញអោយបាន ដើម្បីប្រកាសអោយវាខ្មាសស្រីៗផងគ្នា អំពីអំពើព្រៃផ្សៃ ផិតក្បត់ ប្រព្រឹត្ដខុសទំនៀបទំលាប់របស់វា។
  12. គន្ធាន់ញញឹមលាក់ក្នុងចិត្ដ ទូលទៅព្រះមហាក្សត្រវិញថា៖
  13. - កុំទាន់អាលក្ដៅព្រះទ័យខ្លាំងពេកអី ទូលបង្គំគិតថា រង់ចាំ៧ថ្ងៃទៀតសិន គ្រុឌវានឹងមកលេងបាស្ការ ជាមួយនឹងព្រះអង្គ ទូលបង្គំនឹង យកពិណមកដេញ ច្រៀងរៀបរាប់អំពីសេចក្ដីស្នេហា ដែលទូលបង្គំបានប្រលោមប្រលែងដោយក្ដីស្រើបស្រាលជាមួយកាកី ទូលបង្គំ ជឿជាក់ថា គ្រុឌវាពិតជាមិនទ្រាំធ្មេចភ្នែកស្រលាញ់កាកីទៀតទេ វានឹងនាំនាងត្រលប់មកវិញដោយក្ដីក្ដៅក្រហាយក្នុងចិត្ដមិនខាន។
  14. ព្រះបាទព្រហ្មទត្ដញញឹមចុងមាត់ សំដែងការពេញព្រះទ័យយ៉ាងខ្លាំងហើយមានបន្ទូលថា៖
  15. - ពិតមែនហើយគន្ធាន់ ឯងពិតជាចេះត្រិះរិះត្រូវទំនងល្អមែន បើបានសំរេចអញ្ចឹងមែន យើងសប្បយរីករាយណាស់។
     យប់ថ្ងៃ បានកន្លងទៅ យ៉ាងឆាប់រហ័ស ដូចព្រះរាមថ្លែងស ព្រះទិន្នករស្ថិតនៅឯទិសបូព៌ យាងមកបំភ្លឺលោក អោយបាត់អស់នូវភាពងងឹត អន្ធកាលដែលចូលមកបិទបាំងអស់កាលមួយយប់មកហើយ តាមផ្លូវមនុស្សម្នាត្រាច់ចរទៅមក ឈូឆរឥតឈប់ឈរ។ នៅទីធ្លាសាលារៀន សិស្សានុសិស្សតំរង់ជួរ ស្រែកច្រៀងគំនាប់ទង់ជាតិនាព្រឹកព្រលឹម។ ព្រហាមថ្ងៃទី៧ ដែលជាថ្ងៃកំណត់លេងបាស្ការ ជាមួយព្រះបាទព្រហ្មទត្ដ បានចូលទៅដាស់ក្រុងគ្រុឌអោយងើបពីក្រលាបន្ទំដ៏សែនងុយងោក។ កាកីស្ថិតក្នុងរង្វង់ដៃ សំដែងកលមាយាម្ញិកម្ញក់ មិនអោយគ្រុឌសង្ស័យ ពីហេតុការណ៍ថ្មីៗ ដេលកើតឡើងជុំវិញខ្លួននាងឡើយ នាងញញឹមពោលថា៖។
  1. ព្រឹកនេះអាកាសធាតុល្អដល់ហើយ
  2. - ឃើញអូនញញឹម បងសប្បាយចិត្ដណាស់
  3. - អីចឹងអូនញញឹមអោយញឹកញាប់
  4. - អូនដឹងទេ!.. បងនឹកដល់ស្នាមញញឹមដែលមើលទៅស្រស់ស្អាតបែបនេះ ខ្លាំងដល់កំរិតណា
  5. - អីចឹងបញ្ជាក់ថា ដែលកន្លងមកនេះមុខអូនក្រញូវណាស់មែនទេ?
  6. - អត់ទេ គ្រាន់តែមើលទៅមិនស្រស់ស្រាយប៉ុណ្ណោះ
  7. - កុំខ្វល់ខ្វាយអី ទោះជាមានអ្វីមិនអោយសប្បាយចិត្ដខ្លះមែន ប៉ុន្ដែការដែលបាននៅ ជាមួយបងគឺជាសេចក្ដីសុខរបស់អូនហើយ អូនស្រលាញ់បងណាស់
  8. - បងក៏ស្រលាញ់អូន
     មួយស្របក់ក្រោយមក គេឃើញគ្រុឌចេញមកក្រៅ សេកមន្ដវិជ្ជា បិទទ្វារប្រាសាទ រួចក៏ស្ទុះហោះយ៉ាងលឿនទៅលើអាកាសា ឆ្លងមហា សាគរ ឆ្ពោះសំដៅទៅនគរពារាណសីដោយពុំមានក្ដីខ្វល់ខ្វាយថា មានសត្រូវឯណាចូលយាយីរំខានចិត្ដសោះឡើយ។ មិនយូរប៉ុន្មាន គ្រុឌហោះ មកដល់មណ្ឌលដើមជ្រៃ ហើយចូលទៅប្រាណប្រែក្រលា ជាកំលោះដូចសព្វៗដង ហើយម្នីម្នាដើរចូលទៅព្រះបរមរាជវាំងព្រះបាទព្រហ្មទត្ដ ដោយរួសរាន់។
     ឃើញអ្នកកំលោះមកដល់ ព្រះមហាក្សត្រនឹកឆួលក្ដៅក្នុងចិត្ដយ៉ាងខ្លាំង ព្រះអង្គទ្រង់ទប់ព្រះរាជហរិទ័យកុំអោយញាប់ញ័រខ្លាំងពេក ទើប ទ្រង់ត្រាស់បញ្ជាអោយគេរៀបចំក្ដារ ដើម្បីក្រសាលកំសាន្ដជាមួយកំលោះយើង។ ព្រះអង្គទ្រង់ទតចំទៅគន្ធាន់ អោយសញ្ញាប្រាប់ថា ពេល វេលាល្អបានឈានចូលមកដល់ហើយ។ គ្រុឌញញឹមសំលឹងទៅគន្ធាន់ រួចបង្ហើរសំដីបែបចុងមាត់ចុងកថា៖
  1. - សួស្ដីអ្នកចំរៀង
  2. - អូ!.. បាទសួស្ដីអ្នកកំលោះ។ គន្ធាន់ញញឹមស្ងួតឆ្លើយតបវិញ។
  3. -បើចង់ដេញភ្លេង សូមជ្រើសបទណាដែលស្ដាប់ហើយពិរោះ ស្រស់ស្រាយផងបានទេ។
  4. - ពិណមួយនេះមានសំលេងសោកសៅ តើអាចដេញពិរោះយ៉ាងម៉េចបានទៅ
  5. - ខ្លួនដេញបណ្ដើរគិតរឿងសប្បាយចិត្ដបណ្ដើរទៅ
  6. -គិតមិនឃើញ
  7. ពេលនោះព្រះបាទព្រហ្មទត្ដញញឹមស្រស់ សំលឹងអោយសញ្ញាទៅគន្ធាន់ជាមួយព្រះបន្ទូលនិយាយថា
  8. - អើ!.. អីចឹងគិតលេងភ្លេងបទថ្មី ដែលខ្លួនធ្លាប់ចេះ ខ្លធ្លាប់ដឹងនោះមកបានហើយ
  9. - ក្រាបទូល អីចឹង ខ្ញុំនឹងដេញច្រៀងបទភ្លេង អោយពិរោះទៅចុះ
  10. ពេលនោះ ល្បែងបាស្ការ រវាងគ្រុឌ និង ព្រះបាទព្រហ្មទត្ដ ក៏ចាប់ផ្ដើមបើកឆាកប្រកួត ឯគន្ធាន់ ក៏រៀបចំដេញពិណ អមដោយបទ ចំរៀងលែបខាយ ប្ដឺផ្ដងយ៉ាងមានន័យដូចតទៅ៖
     អស់ឱព្រះពាយ រំភើយរំភាយ ផាត់ក្លិនគន្ធា រសរូបក្លិនស្រី កាកីស្ងួនភ្ងា បងចាំជាក់ជា ក្លិនប្អូនមិញទេ។ ឱក្លិនកាកី មិនដូចអស់ស្រី នឹងស្រីអស់គេ រែងតែអប់អស់ គន្ធរសវិលេបន៍(១) កាកីមាសមេក្រអូបអង្គឯង។ ឱក្លិនកាកី ត្រកាលកលអ្វី ពិដោរល្វើយល្វែង ដិតដោយអង្គា កាលគ្រារៀមរែង ប្រលោមប្រលែង ព្រលឹងប្អូនតន់។ ឱស្ថានសម្ពលី ជាសុខឥតបី ឥតបើមានម- ន្ទិលទល់តែបាត់ លះលាកតំបន់ ប្អូនអើយបងគន់ បងគិតដល់ស្រី។ ប្រាសប្រាំពីរថ្ងៃ បាត់ក្លិនប្អូនថ្លៃ ថ្ងៃនេះហេតុអ្វី ពិដោរក្លិនខ្លួន ប្អូនស្ងួនពិសី ដោយគេបេតី តន់តូចពុំងា។ ទើបជាប់ក្លិនមេ ក្លិនដិតដោយគេ ឈ្ងុយឈ្ងុបមហិមា ឱក្លិនសមស្រី កាកីកល្យា- ណីនៅកំព្រា ត្រមោចម្នាក់ឯង។
 (១) វិលេបន = គ្រឿងក្រអូបសំរាប់លាប
     គ្រុឌស្ដាប់គន្ធាន់ស្រែកច្រៀងរៀបរាប់ អំពីកាលដែលបាននែបនិតស្នេហាជាមួយកាកី ជាស្រីកល្យាណីរបស់ខ្លួនដូច្នេះ ប្រៀបដូចជាគេ យកភ្លើងមកដុតចំកណ្ដាលដើមទ្រូង អោយពើតដៅផ្សារកទីបំផុតគ្មាន គ្រុឌខឹងខ្លាំងណាស់ តែដើម្បីការសំងាត់កុំអោយគេដឹងបានគ្រុឌខំអត់ សង្កត់ចិត្ដ ធ្វើហាក់ដូចជាមិនដឹងរឿងអ្វី។ តែគន្ធាន់ លុះមើលឃើញថា ក្រុងគ្រុឌកំពុងផ្ទុះកំហឹងស្ទើរវង្វេងបាត់ស្មារតីទៅហើយនោះ ក៏ស្រែក ច្រៀងលែបខាយបន្ដទៀតថា៖
     ឯគន្ធាន់សោត ដឹងដើមគ្រុឌក្រោធ រែងរិតចាប៉ី ផ្សំស័ព្ទសូសៀង ច្រូចច្រៀងស្រដី ថាអោយស្រស់ស្រី កែវកនិដ្ឋា។ ម៉្លេះសមនាងនឹក នាងនឹកសន្ធឹក សន្ធៃផ្សាយផ្សា បើបានបងនៅ ថ្នមពៅអោយជា សោះប្អូនរងា រំងាប់ចិត្ដចៅ។ ស្ដាយអើយមកប្រាស ព្រាត់វរមិត្ដមាស ពុំបាននែបនៅ ថ្នាក់ថ្នមផ្ដេកផ្ដិត ក្នុងចិត្ដចង់ទៅ ទៀតតាមថ្នមពៅ នៅស្ថានសិម្ពលី។
     ក្រុងគ្រុឌរិតតែខឹងខ្លាំងឡើង នៅពេលដែលស្ដាប់លឺគន្ធាន់ ស្រែកច្រៀងរាលដាលដល់ទីស្ថានសិម្ពលី របស់ខ្លួន។ ក្ដួលក្ដៅក្នុងឱរ៉ាទ្រាំលែង បាន គ្រុឌធ្មេចភ្នែកប្រមូលអារម្មណ៍ សំរួលឥរិយាបទឡើងវិញ ហើយសួរទៅគន្ធាន់ទាំងក្ដីមួរហ្មងក្នុងចិត្ដថា៖
  1. - នែ៎អ្នកចំរៀង ខ្លួនធ្លាប់ទៅក្រុងសម្ពលីឬអី?
  2. គន្ធាន់សើចញញឹមបន្ដិច តបគ្រុឌវិញបែបចំអកថា៖
  3. - បាទ!..ធ្លាប់ទៅ
  4. ទៅយ៉ាងម៉េច? ក្រុងសម្ពលីជាទីស្ថានរបស់ស្ដេចគ្រុឌ ស្ថិតនៅលើភ្នំសត្ដបរិភ័ណ្ឌឆ្ងាយសែនឆ្ងាយ ហើយទីនោះព័ទ្ធទៅដោយដងភ្នំដ៏ ក្រាស់ឈ្មោះសត្ដសីទន្ដរ មានទ្វីបប្រាំពីរជាន់ ខ័ណ្ឌទៅដោយសមុទ្រមហាសាគរ ដ៏ធំធេងពេកក្រៃ នៅក្នុងសមុទ្រមានទាំងមច្ឆា កុម្ភា នាគកាចសាហាវពេកកន្លង បើមនុស្សសត្វធ្លាក់ចូលទៅក្នុងទឹកសមុទ្រនោះ គេមិនអាចមានជីវិតរស់នៅបានទេ។ មានតែក្រុងគ្រុឌទេ ដែលអាចហោះផ្លោះរំលងអស់គិរីបុព្វតា មហាសមុទ្រទាំងនេះ ចូលទៅកាន់វិមានទិព្វ នាទីស្ថានសិម្ពលីនោះបាន។
  5. - ពិតមែនហើយ មានតែគ្រុឌទេទើបទៅដល់
  6. - អីចឹង អ្នកឯងគ្រាន់តែច្រៀងតាមរឿងព្រេងនិទាន ឬល្បើកកំណាព្យតាក់តែងមកទេរឺអី?
  7. - អត់ទេ យើងជិះគ្រុឌទៅ
  8. - ជិះយ៉ាងម៉េច?
  9. - មិនពិបាកទេ ខ្ញុំចូលសំងំជ្រកក្នុងរោមគ្រុឌបានយ៉ាងស្រួល។ ទៅដល់ក្រុងសម្ពី ពេលគ្រុឌមិននៅ យើងក៏ចេញមក យើងបានជួប កាកី ហើយបានរួមរក្សជាមួយនាងយ៉ាងសុខក្សេមក្សាន្ដ។
  10. មកដល់ត្រង់នេះ គន្ធាន់លេបទឹកមាត់មួយក្ដិក សំលឹងមើលទៅអ្នកកំលោះ ដ៏ពោរពេញដោយក្ដីក្រោធក្ដៅពេញសព្វសាច់ រួច អធិប្បាយបញ្ឈឺចិត្ដគ្រុឌបន្ថែមទៀតថា៖
  11. - ឱមួយអាទិត្យហើយ!.. ដែលខ្ញុំបានជួបស្រី។ ខ្ញុំថើបថ្ពល់នាង ក្លិននាងក្រអូបពេញនាសា។ ឱនាងល្អដល់ហើយ!.. ខ្ញុំនឹកនាងណាស់ នឹកដល់គ្រាដែលខ្ញុំថ្នាក់ថ្នមប្រលោមស្នេហ៍។ ខ្ញុំឱនថើបទ្រូងនាង ហើយថើបថ្នមៗលើបុប្ផាទាំងគូរបស់នាង រួចបង្អូសតិចៗសព្វទិសទី ចុះក្រោមរហូតដល់បឹងស្មៅ វាលត្រែង ដែលមានទឹកហូររិញៗចុះមក ដែលធ្វើអោយខ្ញុំវង្វេងវង្វន់ ហាក់អណ្ដែតក្នុងពពក។ ឱពេលនោះ កាយដ៏ស្រទន់ល្អល្អះរបស់នាង រមួលក្រលែងចុះឡើងតិចៗ ទៅតាមចង្វាក់ថើបរបស់ខ្ញុំ នាងស្រវាអោបខ្ញុំយ៉ាងណែន ខ្ញុំអោបនាងវិញ យើងទាំងពីរស្ទើរភ្លាំងភ្លឹកអស់ស្មារតី។ មួយវិនាទីចុងក្រោយ កាយយើងទាំងពីរ ហាក់រលាយចូលគ្នា នាងគ្រវីក្បាលពីម្ខាងទៅម្ខាង នាងថ្ងូរតិចៗ កាយនាងខាងក្រោមគ្រលែងស្ទើរបាត់លំនឹង។
     ដូចជាគេយកកាំបិតមកចាក់ឆ្កៀលក្នុងបេះដូង អោយពើតឈឺផ្សាសព្វអស់អង្គប្រាណ។ គ្រុឌអង្គុយលេងបាស្ការ ក្នុងចិត្ដស្រយុតស្រយុង អារម្មណ៍រាយមាយហោះហើរឆ្ងាយបាត់ពីខ្លួន។ គ្រុឌនឹកខឹងផង ស្ដាយផង នឹកស្ដាយក្លិនខ្លួនស្រីដែលក្រអូបជាប់នាសា នឹកស្ដាយចិត្ដដែល ស្រលាញ់នាងយ៉ាងពេញឱរ៉ា។ គ្រុឌនឹកខឹង ខឹងព្រោះខ្លួនឯងខ្លៅ ទៅចាញ់កលគេ គេតាមទៅលួចស្នេហាជាមួយប្រពន្ធហើយ គេយកមក ចំអកបញ្ឈឺចិត្ដអែងទៀត។
     គ្រុឌនឹកក្នុងចិត្ដថា ឱនេះហើយការប្រមាថ ការផិតក្បត់គ្នា ព្រោះមនុស្សយើងចេះតែពុល ចេះតែស្រវឹងសេចក្ដីសប្បាយ ហើយខំស្ទុះស្ទារ ស្វែងរករបស់ស្នង របស់ត្រូវការយកមក បំរើចំណង់ខ្លួនម្នាក់ៗ ដោយគ្មានខ្ចី រវល់ដល់សេក្ដីទុក្ខព្រួយ ខ្វះខាតរបស់អ្នកដទៃ គ្មានគំនិតព្រហ្ម វិហារ គ្មានសច្ច គ្មានសម្បជញ្ញនៃមនុស្សជាតិ នោះចំណង់របស់គេវារិតតែគ្មានចេះចប់ គ្មានចេះល្មម ទីបំផុត អ្នកបំរើសេចក្ដីសប្បាយ គឺ តណ្ហារបស់ខ្លួន វាមិនត្រឹមតែសប្បាយខ្លួនឯង ភ្លេចទុក្ខព្រួយអ្នកដទៃប៉ុណ្ណឹងទេ គឺវាបញ្ជាអោយប្រព្រឹត្ដនូវទង្វើជិះជាន់បៀតបៀនអ្នកដទៃ ដើម្បីសេចក្ដីសប្បាយរបស់ខ្លួន។
     ឱ អញនេះមិនគួរមកបាត់បង់កេរ្ដិ៍ បាត់បង់មិត្ដសំលាញ់ព្រោះតែស្រីនេះសោះ។ តាមទ្រិស្ដីរបស់ព្រះ អំពើផិតក្បត់ លួចលាក់សហាយស្មន់ គ្នា ជាបាបធម៌ម្យ៉ាង ដែលជនអ្នកប្រព្រឹត្ដ ធ្លាក់នរកឡើងដើមរកាដែក និរយបាលនរក ត្រូវយមបាល កាប់ចាក់ដោត ឆ្កែខាំ ត្មាតចោះ សោយ សោកវេទនាឈឺចុកចាប់យ៉ាងទារម្មណ៍។ ឱ ស្រីទាំងអស់ជាភេទអប្បលក្ខណ៍ អាក្រក់រកគ្មាន ភេទមោហៈនេះជាភេទស្រើបស្រាល នឹងកាម រាគ ចិត្ដមិនធ្ងន់ មិនចេះអត់ មិនស្គាល់ខុសត្រូវ អាក្រក់ល្អស្រេកឃ្លាន នឹងកាមគុណ ឃ្លាន ! ឃ្លាន !...ណាស់ ឃ្លានរហូតទៅក្បត់។ ឱមិនមែន ទេ!..រឿងរបស់មនុស្ស មានស្រលាញ់ មានក្បត់មានផិតគ្នាជាធម្មតា។
     គ្រុឌប្រមូលអារម្មណ៍អោយស្ថិតនឹងនរ និយាយទៅកាន់គន្ធាន់ថា៖
- អើអ្នកចំរៀងអ្នកមានប្រាជ្ញាវៃឆ្លាតណាស់ ថែមទាំងចេះផ្សំសូរសៀង ដោយបទកំនាព្យយ៉ាងពិរោះជក់ចិត្ដទៀតផង។
ថាតែប៉ុណ្ណោះគ្រុឌក៏ក្រាបថ្វាយបង្គំលាព្រះមហាក្សត្រ ត្រលប់ទៅលំនៅស្ថានវិញ ដោយក្ដីសោកសៅ ក្ដៅចិត្ដយ៉ាងក្រៃលែង។

0 ការពិគ្រោះ:

Post a Comment

Booking.com