កុសលកម្មបថ
គន្លងឬផ្លូវនៃអំពើជាកុសលហៅថា កុសលកម្មបថ មាន១០ គឺ កាយកម្ម អំពើដែលសំរេចដោយកាយមាន៣យ៉ាង, វិចីកម្ម អំពើដែលសំរេចដោយវាចាមាន៤យ៉ាងមនោកម្ម អំពើដែលសំរេចដោយចិត្តមាន៣យ៉ាង។រួមត្រូវជា១០យ៉ាង។
កាយកម្មមាន៣យ៉ាង
១- បាណតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះកន្លងគឺសម្លាប់សត្វ ។ ២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយឬ ដោយវាចា ។
៣-កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាជាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
វចីកម្មមាន៤ យ៉ាង
១- មុសាវាទា វេរមណីចេតនាជាហេតុវៀរចាក កិរិយាពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ ។
៣- ផរុសាយ វាចាយ វេរមណី ចេតនាជាហេតុវៀចាក កិរិយាពោលនូវពាក្យអាក្រក់ មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃ ។
៤- សម្ផប្បលាបោ វេរមណី ចេតនាជាហេតុវៀរចាក កិរិយាពោលនូវពាក្យរោយរាយ ឥតប្រយោជន៍ ។
មនោកម្មមាន៣យ៉ាង
១- អនភិជ្ឈា មិនមានចិត្តគិតសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយគិតបំរុងនឹងឱយបានជារបស់ខ្លួនឡើយ ។
២- អព្យាបាទោ មិនមានចិត្តចងគំនុំគុំគួនឱយអ្នកដទៃដល់នូវសេចក្តីវិនាសឡើយ ។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវពិត ដោយប្រកាន់ថាជាត្រូវមែន ។
អ្នកណាបានប្រព្រឹត្តត្រូវតាមកុសលកម្មបថទាំង១០ប្រការនេះហើយ អ្នកនោះនឹងបានសេចក្តីសុខ សេចក្តីចំរើនក្នុងលោកទាំងពីរ គឺក្នុងលោកនេះ នឹង បរលោកនាយជាប្រាដក ។ និច្ចសីល៥ ១- បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឱធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
២- អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱយដោយកាយឬដោយវាចា ។
៣- កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំសមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺ ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
៤- មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទគឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានឹងមេរ័យ ។
សុរាមេរ័យ មានអង្គ៤
១- មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឹសុរានឹង មេរ័យ ។
២- បាតុកម្យតា ចិត្តំ គិតបំរុងនឹងផឹក ។
៣- តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ ។
៤ តស្សបានំ បានផឹកនូវទឹកស្រវឹងនោះ ឱយកន្លងបំពង់កចូលទៅ
សិក្ខាបថនៃឧបោសថសីល គឺ
អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម ។
វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស ។
នច្ចគីតវាទិតវិសូកទស្សនមាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយារាំនិងច្រៀងនិងប្រគំនិងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។
ឧច្ចាសយនមហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ ។
សិក្ខាបទនៃឧបោសថសីលមាន៨គឺទី១ -២ព្រមទាំងអង្គនៃសិក្ខាបទនោះៗ មានក្នុងអកុសលកម្មបថហើយ ទី៤- ទី៥ មានក្នុងនិច្ចសីល ។
អង្គនៃសិក្ខាបទរបស់ឧបោសថសីល អព្រហ្មចរិយមានអង្គ៤
១ -ភេទនវត្ថុ វត្ថុជាទីទំលាយនូវសីល គឺទ្វារទាំង៣០ ចំពោះទ្វារណាមួយ
២ -សេវនាចិត្តំ គិតនិងសេព ។
៣-តជ្ជោវាយាមោ ព្យាយាមនិងសេពនូវមេថុនធម្មនោះ ។
៤ -មគ្គេនមគ្គប្បដិបាទនំ ញ៉ាំងមគ្គនិងមគ្គឱយដល់គ្នា ។
វិកាលភោជនាមានអង្គ៣
១វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេរទៅហើយដរាបទល់អរុណរះ ។
២ -យាវកាលិកំ របស់គួរបរិភោគបានក្នុងកាល គឺតាំងពីព្រះអារុណរះឡើងដរាបដល់ថ្ងៃត្រង់ ។
៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក ។
នច្ចគីត និង មាលារួមគ្នា ជាសិក្ខាបទ១ មានអង្គ៦
១ -នច្ចគីតាទិ ការល្បែងមានរាំនិងច្រៀងជាដើម ។
២ -កាត្តុកម្យកាចិត្តំ គិតបំរុងនិងធ្វើ ។
៣-សុតទស្សនត្ថាយគមនំ ទៅដើម្បីនិងស្តាប់ឬមើល ហើយបានស្តាប់ឬមើល។
៤-មាលាទិ វត្ថុ សំរាប់ប្រដាប់កាយមានផ្កាកម្រងជាដើម ។
៥- ធារណច្ឆន្ទតា សេចក្តីប្រាថ្នានិងប្រដាប់តាក់តែង ។
៦ -តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសំរាប់ប្រដាប់កាយ មានផ្កាកម្រងជាដើម ។
ឧច្ចាសយន មានអង្គ ៣
១ -ឧច្ចាសយន មហាសយនំ ទីដេក ទីអង្គុយដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ ។
២ -បរិភោគចិត្តំ គិតនឹងដេក ឬអង្គុយ ។
៣- បរិភោគករណំ បានដេក ឬអង្គុយ ។កាលបើឧបាសក ឧបាសិកា ប្រព្រឹត្តឱយ កន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គសិក្ខាបទនោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះទេ ក៏មិនបាន ឈ្មោះថាកន្លងនូវសិក្ខាបទនោះៗឡើយ ។
ចប់គិហិវិន័យដោយសង្ខេប
សរសេរដោយៈ ភិក្ខុ ថាវរសីលោ កៀងជា






0 ការពិគ្រោះ:
Post a Comment