Social Icons

គិហិវិន័យ(ត)

អកុសលកម្មបថ
 គន្លងឬផ្លូវនៃអំពើជាអកុសល ហៅថាអកុសលកម្មបថ មាន១០យ៉ាងគឺ កាយកម្ម អំពើដែលសំរេចដោយកាយមាន៣យ៉ាង, វិចីកម្ម អំពើដែលសំរេចដោយវាចាមាន៤យ៉ាមនោកម្ម អំពើដែលសំរេចចិត្តដោយមាន៣យ៉ាង។រួមត្រូវជា១០យ៉ាង។
កាយកម្ម៣យ៉ាង
១-បាណាតិបាតោ កិរិយាសម្លាប់សត្វដោយកាយរបស់ខ្លួនឯងឬប្រើគេឱ្យសម្លាប់ដោយវាចា។
២-អទិន្នាទានំ កិរិយាលួចលាក់ឆក់ដណ្តើមទ្រព្យគេដោយកាយរបស់ខ្លួនឬប្រើគេឱ្យឆក់ដណ្តើមដោយវាចា ។
៣-កាមេសុមិច្ឆាចារ កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ គឺធ្វើនូវមេថុនសេវនៈនិងស្រ្តីដែលមានគេហួងហែងថែរក្សា ។
វចីកម្ម៤យ៉ាង
១ -មុសាវាទោកិរិយាពោលពាក្យកុហក ។
២-បិសុណាវាចាកិរិយាពោលនូវពាក្យញុះញង់ បំបែកបំបាក់អ្នកដទៃ ។
៣-ផរុសវាចាកិរិយាពោលនូវពាក្យអាក្រក់មានពាក្យទ្រគោះបោះបោកជេរប្រទេចអ្នកដទៃជាដើម្បី ។
៤-សម្ឆប្បលាបោកិរិយា ពោលនូវពាក្យរោយរាយឥតប្រយោជន៍ ។
មនោកម្ម៣យ៉ាង
១-អភិជ្ឈា ចិត្តសម្លឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ដោយចិត្តគិតបំរុងនឹងឱយបានជាទ្រព្យរបស់ខ្លួន ។
២-ព្យាបាទោចិត្តគំនុំគុំគួន គិតប៉ងនឹងឱ្យអ្នកដទៃដល់នូវសេចក្តីវិនាស ។
៣-មិច្ឆាទិដ្ឋិគំនិតយល់ខុស ហើយប្រកាន់ឡើងថាជាត្រូវ ។
អង្គនៃអកុសលកម្មបថ
 បាណាតិបាតិ មានអង្គ ៥
១- បាណោសត្វមានជីវិត ។
២- បាណសញ្ញិតា សេចក្តីដឹងថាសត្វមានជីវិត ។
៣ -វធកចិត្តំ គិតនឹងសម្លាប់ ។
៤ -ឧបក្កមោព្យាយាម នឹងសម្លាប់ ។
៥-តេន មរណំសត្វស្លាប់ដោយព្យាយាមនោះ ។
អទិន្នាទាន មានអង្គ ៥
១ - បរបរិត្តគហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា ។
២-បរបរិគ្គហិតសញ្ញិតា សេចក្តីដឹងថាទ្រព្យមានម្ចាស់គេហួងហែងរក្សា ។
៣- ថេយ្យចិត្តំគិតនឹងលួច ។
៤- ឧបក្កមោព្យាយាមនឹងលួច ។
៥-តេន ហរណំ លួចបានមកដោយព្យាយាម ។
កាមេសុមិច្ឆាចារ មានអង្គ ៤
១-អគមនីយដ្ឋានំ ស្រ្តីដែលមិនគួរនឹងគប់រកគឺ ស្រ្តីដែលមានគេហួងហែងរក្សា ។
២-តស្មឹ សេវនចិត្តំ គិតនឹងសេពនូវមេថុនធម្មជាមួយនឹងស្រ្តីនោះ ។
៣- ឧបក្កមោ ព្យាយាមនឹងសេពមេថុនធម្ម ។
៤-មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គនឹងមគ្គឱយដល់គ្នា ។
មុសាវាទមានអង្គ ៤
១- អតថំវត្ថុ វត្ថុមិនពិត ។
២- វិសំវាទនចិត្តំ ចិត្តគិតនឹងពោលឱយខុស ។
៣- តជោ្ជវាយាមោ ព្យាយាមនឹងពោលឱយខុស ។
៤- បរស្សតទត្ថវិជាននំញ៉ាំងអ្នកដទៃឱយដឹងច្បាស់នូវសេចក្តីនោះ ។
បិសុណាវាចាមានអង្គ៤
១ - ភិន្ទិតព្វោ បរោ អ្នកដទៃដែលមានរូបគឺខ្លួនគប្បីញុះញង់បំបែក ។
២-ភេទនបុរេក្ខារតា គិតនឹងញុះញង់គឺ បំបែកអ្នកដទៃ ។
៣- តជោវាយាមោ ព្យាយាមនឹងញុះញង់បំបែក អ្នកដទៃ ។
៤ -តស្សទត្ថវិជាននំ ញុះញង់អ្នកនោះឱយដឹងច្បាស់នូវដំណើរដែលខ្លួនញុះញង់
ផរុសវាចា មានអង្គ៣
១- អក្កោសិតព្វោ បរោ អ្នកដទៃដែលមានរូបគឺ ខ្លួនគប្បីជេរប្រទេច ។
២- ភុប្បិតចិត្តំ ចិត្តខឹងរន្ធត់ ។
៣- អក្កោសនា បានជេរប្រទេចគេ ។
សម្ផប្បលាប មានអង្គ ២
១- ការតយុទ្ធសិតាហរណាទិនិរត្ថកថា ពាក្យឥតប្រយោជន៍ មានរឿងចំបាំងនៃមហាភាតរនិងរឿងលួចនាំនាងសិតាយកទៅជាដើម ។
២- តថារូបីកថាកថានំ បានពោលនូវពាក្យឥតប្រយោជន៍មានសភាពដូច្នោះ ។
អភិជ្ឃា មានអង្គ ២
១- បរភណ្ឌំ ទ្រព្យជារបស់អ្នកដទៃ ។
២- អត្តនោ បរិណាមនំ គិតចង់បង្អោនទ្រព្យរបស់អ្នកដទៃនោះៗ ឱយបានមជា
ទ្រព្យរបស់ខ្លួន ឧបាយកលផ្សេងៗ ។
ព្យាបាទមានអង្គ២
១- បរសតោ អ្នកដទៃក្រៅពីខ្លួន ។
២- តស្ស តំតំ វិនាសចិន្តា គិតគុំគួនប្រុងនឹងឱយអ្នកនោះដល់នូវសេចក្តីវិនាសដោយហេតុនោះៗ ។
មិច្ឆាទិដ្ឋិមានអង្គ២
១ -វត្ថុនោ ច គហិតាការវិបរិតា ចិត្តប្រែប្រួលដោយអាការខុសអំពីព្រះរតនត្រ័យជាដើម ។
២- យថា ច នំ គណ្ហាតិ តថាភាវេន តស្សូបដ្ឋានំ គំនិតដែលគិតខុសនោះ ឃើញខុសយ៉ាងណាក៏ប្រកាន់សេចក្តីខុសនោះថាជាត្រូវវិញ ។
 អកុសលបថទាំង១០ប្រការដូចបានពោលមកហើយនេះ ទោះត្រង់បទណាក្តី លុះតែព្រមដោយអង្គនោះៗទើបត្រូវទោសដល់អ្នកប្រព្រឹត្តខុស អ្នកនោះនឹងបាននូវសេចក្តីទុក្ខ សេចក្តីវិនាសក្នុងលោកនេះនិងបរលោកនាយ បើទុកជាមិនទាន់ឱយផលឃើញច្បាស់ក្នុងលោកនេះ លុះដល់ទៅបរលោកនាយ ក៏គង់និងឱយផលដល់អ្នកនោះមិនខានឡើយ, បើមិនទាន់ព្រមដោយអង្គណាមួយទេ ក៏មិនទាន់បានឈ្មោះថាមានទោសក្នុងអកុសលកម្មបថ ដល់អ្នកប្រព្រឹត្តនោះឡើយ ។

0 ការពិគ្រោះ:

Post a Comment

Booking.com