Social Icons

ការគប់មិត្ត (ត)

កថាទី៦
រឿងព្រាន ប្រើស ពស់ និង ចចក
មានព្រានព្រៃមា្នក់ឈ្មោះកៃរវៈ អាស្រ័យនៅក្នុងកល្យាណកដកគ្រាម។ ថ្ងៃមួយ គាត់កាន់ធ្នូត្រាច់ចរចេញទៅស្វះស្វែងរកបរបាញ់ប្រើស ដើរទៅដល់ព្រៃវិន្យាបាញ់បានប្រើស១ ហើយនាំយកប្រើសនោះវិលត្រលប់មក ផ្ទះវិញ ដល់កណ្ដាលផ្លូវជួបប្រទះឃើញជ្រូកព្រៃ១រូប រាងធំសំបើមដ៏សាហាវយង់ឃ្នង។ ព្រានព្រៃកៃរវៈ ត្រេកអរណាស់ទំលាក់ប្រើសទុកលើផែនដីសិនហើយចាប់ធ្នូតំរង់ទៅជ្រូកព្រៃនោះភ្លាម អែជ្រូកព្រៃត្រូវសរ ក៏ផ្ទុះចេញជាសម្រែកយ៉ាងខ្លាំងមុខគួរខ្លាចមហិមា ខ្នាញ់ណាស់បោលសំដៅទៅរកព្រានព្រៃ ខ្វេះត្រូវចំពងព្រានព្រៃដោយខ្នាយ ដួលតូងស្លាប់ទៅដូចជាគេកាត់ឈើដាច់គល់ ហើយរលំដូលច្នោះ ព្រោះថា៖
១៦២ សត្វលោកតែងដល់នូវសេចក្ដីក្ស័យប្រាណ ដោយទឹកដោយភ្លើង ដោយពិសពុល ដោយគ្រឿងសស្រ្ដាវុធ ដោយក្ដីអត់ឃ្លាន ដោយព្យាធិ និងដោយធ្លាក់ពីកំពូលភ្នំ ពុំនោះដោយហេតុអែណាមួយពុំខានឡើយ។កាលដែលព្រានដួលទៅនោះ ជើងគាត់ដួលវាត់ធាក់ទៅត្រូវពស់ធំមួយស្លាប់ទៀត។ លំដាប់នោះមានចចកមួយឈ្មោះ ទីឃ៌រាវៈកំពុងដើរត្រាច់ស្វះស្វែងរកចំណីអាហារក្នុងទីនោះដែរ ដើរទៅឃើញប្រើស ព្រានព្រៃ និងពស់នោះស្លាប់អាសាបង់ដូច្នោះ ក៏នឹករីករាយសប្បាយចិត្ដគិតថា «អោថ្ងែនេះ អាត្មាអញ ហៅមានលាភសំបើមអស្ចារ្យ អាត្មាអញបានប្រទះឃើញអាហារភោជនច្រើន អនេកអនន្ដ ព្រោះថា៖
១៦៣ សេចក្ដីទុក្ខលំបាក ដែលគេមិនបានគិតទុកជាមុន អាចកើតឡើង ដល់ប្រជាករយ៉ាងណាសេចក្ដីសុខកើតឡើងដល់ប្រជាករយ៉ាងនោះដែរ អាត្មាអញជឿថា ក្នុងលោកនេះស្រេចតែព្រេងសំណាង។ ការណ៍នេះប្រពៃហើយ! អាត្មាអញនឹងញ៉ាំងជិវិតអិន្រ្ទីយអោយប្រព្រឹត្ដទៅដោយស្រួល ចំនួនត្រៃមាសបានដោយអាស្រ័យសាច់ទាំងនេះជាអាហារ។
១៦៤ មនុស្សនេះបានជាអាហារបាន១ខែ ប្រើសនិងជ្រូកបាន២ខែ អែពស់ទុកជាអាហារបាន១ថ្ងៃដែរ ថ្ងៃនេះគួរអាត្មាអញស៊ីខ្សែធ្នូនេះមុនដំបូងបង្អស់។ ពេលនោះ ចចកទឃ៌រាវៈរំពឹងគិតថា៖ ដើម្បីនឹងធ្វើជាបថមបរិភោគអាត្មាអញត្រូវស៊ីខ្សែដែលជាប់និងធ្នូ អិតរសជាតិនេះមុនបណ្ដើរសិន លុះគិតដូច្នេះហើយ ក៏ចាប់កកេរខ្សែធ្នូតាមដែលគិតទុក កំពុងតែកកេរ រីខ្សែធ្នូនោះដាច់ប៉ាត់ វាត់ខ្វាប់មកត្រូវមុតធ្លុះដល់បេះដូងដួលតូងដេកស្លាប់ដល់ក្ដីបញ្ចភាព(ធាតុ៥ប្រការ បឋវី អបោ តេជោ វាយោ និងអាកាសោ។ ធាតុនេះផ្សំអោយកើតរូបមនុស្សសត្វ កាលបើដល់ពេលដែល
ហៅថាស្លាប់ ធាតុទាំង៥ ប្រការនេះក៏ត្រលប់ទៅធាតុដើមវិញ ហៅថា បញ្ចភូមិ រឺបញ្ចភាព លោកថាសេចក្ដីស្លាប់)ក្នុងកាលនោះអែងហោង។ ហេតុនេះហើយបានជាខ្ញុំ(មន្ថរៈ)ពោលទុកថា បុគ្គលគប្បី កពូនទ្រព្យសម្បត្ដិអស់កាលជានិច្ច ដូច្នេះជាដើម(១៦១) មួយទៀតលោកពោលថា៖
១៦៥ ទ្រព្យណាដែលគេអោយទាន ទ្រព្យណាដែលខ្លួនអែងបរិភោគ ទ្រព្យនោះៗឈ្មោះថាជាទ្រព្យនៃជនមានទ្រព្យពិតប្រាកដមែន ព្រោះថា កាលបើខ្លួនអ្នកមានទ្រព្យនោះស្លាប់បាត់បង់ទៅហើយ សម្បត្ដិទ្រព្យព្រមទាំងភរិយានិងធ្លាក់ទៅជាគ្រឿងល្បែងនៃជនដទៃៗ។
១៦៦ ទ្រព្យណាដែលអ្នកអោយដល់បុគ្គលប្រសើរដ៏លើស ទ្រព្យណាដែលអ្នកបរិភោគរាល់ៗថ្ងៃ ខ្ញុំគិតឃើញថាទ្រព្យនោះៗ ជាសម្បត្ដិទ្រព្យរបស់អ្នកពិតៗ តើអ្នកស្រវឹងរក្សាទ្រព្យសម្បត្ដិដែលសេសសល់ទុកអោយនរណាទៀត?គួរលើកទុករឿងនេះមួយអន្លើសិន ក្នុងពេលនេះមិនគួរនឹងនាំអោយយកមកពណ៌នាអោយហួសប្រមាណទេ មិនមែនរឺអ្វី? ព្រោះថា៖
១៦៧ នរជនជាបណ្ឌិតមានប្រាជ្ញាល្អ តែងមិនរវល់ចង់បានទ្រព្យសម្បត្ដិ ដែលមិនត្រូវបាន មិនកើតទុក្ខសោកសៅក្ដៅក្រហាយស្ដាយទ្រព្យដែលវិនាសបាត់ទៅ ហើយនិងមិនវង្វេងជ្រប់ដល់ទៅបាត់ស្មារតីក្នុងពេលដែលសេចក្ដីក្រីក្រមកដល់ប៉ុន្មានឡើយ។ ណ្ហើយសំលាញ់កុំតូចចិត្ដ! បងអែងគប្បីអុស្សាហ៍ប្រឹងប្រែងតទៅទៀតទៅ ព្រោះថា៖
១៦៨ បុរសសូម្បីបានសិក្សារៀនសូត្រសាស្រ្ដវិជ្ជាទាំងឡាយហើយក៏នៅតែល្ងង់ លុះត្រាតែបុរសណាហាត់ធ្វើថ្នឹកបុរសនោះទើបឈ្មោះថាជាប្រាជ្ញ មែនដូចគ្រូពេទ្យធ្លាប់ត្រិះរិះគិតផ្សំថ្នាំបានល្អ ថ្នឹកមើលមនុស្សឈឺអោយជារោគមិនមែនគ្រាន់តែប្រាប់ឈ្មោះថ្នាំហើយជារោគនោះទេ។
១៦៩ សេចក្ដីពិត វិធីការចេះដឹង មិនអាចញ៉ាំងបុគ្គលខ្លាចនឿយហត់ (ខ្លាចសេចក្ដីព្យាយាមហាត់ធ្វើ)សូម្បីតែបន្ដិចបន្ដួចអោយបានជាបុគ្គលមានគុណគាប់ប្រសើរទេ ក្នុងលោកនេះ បុគ្គលភ្នែកខ្វាក់សូម្បីកាន់ប្រទីបនៅដៃ នឹងថា មើលឃើញទ្រព្យសម្បត្ដិដែលនៅជុំវិញខ្លួនរឺអ្វី?ដូច្នេះសំលាញ់ រឿងនេះត្រូវអ្នកធ្វើចិត្ដអោយស្ងប់សុខក្សេមក្សាន្ដតាម ដំណើរបរិយាកាសសិន (អាកាសដែលព័ទ្ធជុំវិញលោកនេះជាអត្ថានុរូប។ បើអត្ថប្បដិរូបវិញគឺ ដំណើរការណ៍ផ្សេងៗដែលប្រព្រឹត្ដទៅ គេនិយាយថាបរិយាកាសល្អ ចរិយាកាសមិនល្អ) អ្នកមិនត្រូវកើតទុក្ខ ឆ្អិតចិត្ដគិតរវល់តែរឿងអុបទ្រពចង្រៃនេះពេក ព្រោះថា៖
១៧០ ស្ដេច ស្រ្ដីក្រមុំនៃត្រកូលព្រាហ្មហ៍ មន្រ្ដី ដោះ ធ្មេញ សក់ ក្រចក និង នរជន ទាំងអស់នេះ ដែលគេដកចេញពីកន្លែង(ពីដំណែង)មិនល្អទេ។បើពិចារណាមើលអោយសព្វគ្រប់ដូច្នេះហើយ អ្នកប្រាជ្ញមិនត្រូវលះបង់ចោលទីកន្លែងឡើយ តែសំដីនេះសំដីមនុស្សចោលម្សៀតទេ ព្រោះថា៖
១៧១ សីហ សប្បុរស និង ដំរី តែងលះបង់ទីឋានមិនល្អទៅរកទីឋានល្អ តែសត្វក្អែក បុរសគម្រក់ និងម្រិគនៅស្លាប់នឹងទីកន្លែងខ្លួន។
១៧២ វីរបុរស ជាអ្នកមានប្រាជ្ញា មិនរវល់យកចិត្ដទុកដាក់ថាៈ ដូចម្ដេចហៅថាប្រទេសខ្លួន រឺដូចម្ដេចហៅថាប្រទេសឡើយ ចូរទៅក្នុងប្រទេសណា ក៏ខំប្រឹងប្រែងរកទ្រព្យដោយកំលាំងខ្លួន ក្នុងប្រទេសនោះដូចសត្វសីហ ចូលទៅនៅក្នុងព្រៃណាមិនមានអ្វីជាអាវុធ មានតែចង្កូមក្រចក និងកន្ទុយជាគ្រឿងប្រហារ អាចចាប់សំលាប់ដំរីសារហែកជញ្ជែងស៊ីហុតឈាម ដើម្បីសេចក្ដីស្រេកឃ្លាននៅក្នុងព្រៃនោះ។
១៧៣ បុគ្គលមិនប្រឹងប្រែងរកទ្រព្យសម្បត្ដិ ឈ្មោះថាប្រគល់ការសម្បូរណ៌ទ្រព្យសម្បត្ដិ ទៅលើដៃនរជនដែលមានសេចក្ដីព្យាយាម ដូចកង្កែបលោត ចូលទៅក្នុងអណ្ដូង រឺត្រីហែលចូលទៅក្នុងស្រះដែលពេញប្រៀបដោយទឹកដូច្នោះ
១៧៤ បុគ្គលគប្បីរាប់រងសេចក្ដីសុខនិងសេចក្ដីទុក្ខដែលមកដល់ហើយ ព្រោះថា សេចក្ដីទុក្ខ និងសេចក្ដីសុខទាំង២ប្រការនេះតែងវិលចុះវិលឡើងដូចកង់រទេះ
១៧៥ ជោគលាភ(ព្រេងសំណាង) តែងរត់ទៅរកតែ នរជនដែលបរិបូណ៌ដោយសេចក្ដីព្យាយាម មិនដេកទ្រមក់ហួសកាលវេលា ស្គាល់វិធីការ មិនជាប់ជំពាក់ចិត្ដ ក្នុងក្ដីអន្ដរាយ ក្លៀវក្លាហាន ដឹងអុបការគុណគេ និងមានចិត្ដល្អមាំមួនក្នុងសន្ដានដោយទំនើងខ្លួនអែងមិនមែនមកពីទីលំនៅជាហេតុទេ។
១៧៦ វិស័យវីរជន សូម្បីខ្សត់ខ្សោយទ្រព្យសម្បត្ដិ ក៏អាចចូលទៅកាន់ ភាពខ្ពង់ខ្ពស់ដោយកិត្ដិយសដ៏ក្រៃលែង អែបុគ្គលកំណាញ់សូម្បីប្រកបដោយទ្រព្យសម្បត្ដិសម្បូរច្រើនដ៏ក្រៃលែង ក៏ធ្លាក់ចុះទៅកាន់សភាពថោកទាប ដ៏អាក្រក់ក្រៃលែង ដូចសុខនជាតិ គេចងកដោយខ្សែកជាវិការនៃមាស ម្ដេចឡើយ នឹងបានល្អដូចសត្វសីហដ៏រុងរឿងប្រកបដោយវិស័យ លេចល្អឡើងស្រាប់ពីកំណើត ព្រមទាំងគុណលក្ខណគ្រប់ប្រការ។
១៧៧ បើនមានទ្រព្យសម្បត្ដិច្រើន ខ្ញុំរីករាយសប្បាយចិត្ដ បើធ្លាក់ខ្លូនជាអ្នកខ្សត់ទ្រព្យ ខ្ញុំសោកសៅក្ដៅក្រហាយចិត្ដ ធ្វើដូច្នេះរឺអ្វី? ដោយពិតការធ្លាក់ទៅទាប និងការឡើងទៅខ្ពស់នៃមនុស្សទាំងឡាយ ប្រៀបដូចបាល់ដែលគេបោះដោយដៃដូច្នោះអែង។
១៧៨ ម្លប់ពពក មេត្រីដោយមនុស្សសាហាវ សំទូងថ្មី ស្រីក្រមុំ និង ទ្រព្យសម្បត្ដិ ទាំងអស់នេះធ្វើអោយកើតសេចក្ដីរីករាយតែមួយខណទេ។
១៧៩ បុគ្គលមិនគប្បីប្រឹងខ្វល់ខ្វាយហួសប្រមាណពេកទេ ដើម្បីរកទ្រព្យចិញ្ចឹមជីវិត ព្រោះព្រះជាម្ចាស់មាននិម្មិតទុកស្រេចហើយ ដូចដោះទាំងគូរនៃមាតា តែងបង្ហូរទឹកក្សីរអោយទារកតាំងពីប្រសូតចេញពីគរ៌ម្លេះ។ មានភាសិតទៀត សំលាញ់ចូរស្ដាប់!
១៨០ លោកអង្គណាដែលសាងហង្សអោយមានពណ៌ស លោកអង្គណាដែលសាងសេកអោយមានពណ៌ខៀវ លោកអង្គណាដែលសាងក្ងោកអោយ មានពណ៌វិចត្រផ្សេងៗ លោកអង្គនោះៗ នឹងសាងគ្រឿងចិញ្ចឹមជីវិតទុកសំរាប់នរជនទាំងឡាយដូចគ្នាដែរ។ ម្យ៉ាងទៀត សម្លាញ់! សូមចាំស្ដាប់រហស្សោបាយនៃសប្បុរសទាំងឡាយទៅទៀត សេចក្ដីដូច្នេះថា.....
១៨១ ការស្វែងរកទ្រព្យបានសេចក្ដីទុក្ខលំបាកម្ដង កាលវិបត្ដទ្រព្យសម្បត្ដិ កើតមានស្រវឹងម្ដងទៀត ដូច្នេះតើទ្រព្យសម្បត្ដិទាំងឡាយនោះនាំអោយ យើងបានសេចក្ដីសុខដូចម្ដេចហ្ន៎?
១៨២ បើអ្នកស្វែងរកទ្រព្យដើម្បីប្រព្រឹត្ដធម៌ កុំស្វែងរកល្អជាងព្រោះ ការសាងអោយស្អាតមុន ល្អជាងការអោយប្រលាក់រួចទើបសាងក្រោយ។
១៨៣ បក្សីស្វែងរកអាហារចំណីបរិភោគក្នុងអាកាស ឆ្កែស្វែងរកអាហារចំណីបរិភោគលើផែនដី ក្រពើស្វែងរកអាហារចំណីបរិភោគក្នុងទឹកយ៉ាងណា នរជនប្រាថ្នាទ្រព្យក៏ស្វែងរកទ្រព្យបរិភោគបាន គ្រប់ទីកន្លែងយ៉ាងនោះដែរ
១៨៤ អ្នកមានទ្រព្យ តែងមានភ័យជានិច្ច កើតពីរាជភ័យ អំពីអុទកភ័យ អំពីអគ្គីភ័យ អំពីចោរភ័យ និង វិវាទភ័យ(ការទាស់ទែងដណ្ដើមគ្នាអែង) ដូចសព្វសត្វទាំងឡាយខ្លាចពីមរណភ័យដូច្នោះដែរ។
១៨៥ ក្នុងជីវិតដែលបរិបូរណ៌ដោយសេចក្ដីលំបាកគ្រប់ប្រការនេះនឹង មានអ្វីទុកអោយក្រៃលែងជាងនេះទៅទៀតហ្ន៎? មានតែសេចក្ដីប្រាថ្នាមិនសំរេច ដូចចិត្ដនេះអែង សេចក្ដីប្រាថ្នានេះមិនមែនជាមិនមាន ហើយមិនចេះត្រលប់ថយចេញពីជាយចិត្ដសោះ។ នែសំលាញ់ចូរស្ដាប់ពាក្យនេះទៀត៖
១៨៦ ដោយពិត ទ្រព្យនេះ គេរកបានមកដោយក្រស់ រកបានហើយលំបាករក្សាទុកដាក់ទៀត រកបានហើយវិនាសទៅវិញទៀត ដូចគេរក្សាម្រឹត្យូវ (សេចក្ដីស្លាប់) ព្រោះហេតុនោះ បុគ្គលមិនគប្បីគិតពីទ្រព្យពេកទេ។
១៨៧ ក្នុងលោកនេះ បើបុគ្គលលះបង់តណ្ហាចោលចេញ បាននរណាធ្វើជាអ្នកក្រីក្រ បាននរណាធ្វើជាអ្នកធំមានទ្រព្យ? តែថាបើបុគ្គលប្រគល់ខ្លួន អោយតណ្ហាវិញនោះ ឈ្មោះថាបណ្ដោយអោយទាសភាពមកទំលើអំបែងក្បាលប្រាកដតែម្ដង។
១៨៨ បើបុគ្គលប្រាថ្នារបស់អ្វី ក្នុងកាលណា សេចក្ដីប្រាថ្នារបស់អ្នកនោះតែងប្រព្រិត្ដរឿយៗ ទៅក្នុងកាលនោះបើបើសេចក្ដីប្រាថ្នាណា ធ្វើអោយបុគ្គលស្ងប់ ទ្រព្យរបស់បុគ្គលដែលរកបានមកនោះឈ្មោះថា ជាទ្រព្យពិតប្រាកដ។(ហិតោបទេសសេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរ៊ូមានគាថា តបធម៌ និងសីលធម៌ដូច្នេះ ការធ្លាក់ទៅទាបនិងឡើងទៅខ្ពស់ ការជួបជុំ និងការព្រាត់ប្រាស់ ទាំងអស់នេះសត្វលោកលះ បង់មិនបានដោយពិត ជីវិតនេះមានតែសេចក្ដីស្លាប់ជាទីបំផុត។)ណ្ហើយសំលាញ់! ខ្ញុំមិននិយាយបូរបាច់ ជជែកវែកអោយវែងពេកទេក្នុងរឿងនេះ ត្រូវសំលាញ់គិតសំរេចថានឹងធ្វើសវនាការនៅរួមគ្នាក្នុងទីនេះ ដោយដាច់ខាតទៅចុះ ព្រោះថា៖
១៨៩ ការចងមេត្រីរាប់អានគ្នាជាប់រហូតដល់ថ្ងៃស្លាប់ជាទីបំផុត សេចក្ដីក្រេវក្រោធបាត់បង់ក្នុងមួយខណៈ និងការបរិច្ចាគទានអិតអាលាស់អាល័យ នេះជាធម៌តែងមានក្នុងសន្ដានចិត្ដនៃបុគ្គលមានមហាត្ម័ន។ក្អែកលឃុបតនកៈ បានស្ដាប់ពាក្យអភិប្រាយអណ្ដើកហើយ នឹកស្ងើចអស្ចារ្យក្នុងចិត្ដហើយពោលពាក្យថា ហៃសំលាញ់មន្ថរៈ! បងមានបុណ្សខ្ពស់ណាស់! មានគុណសម្បត្ដិ គួរជនផងទាំងពួងពឹងពាក់ជ្រកអាស្រ័យនៅផងបាន គ្រប់កាលទាំងពួង ព្រោះថា៖
១៩០ លោកសប្បុរសទាំងឡាយអាចជួយស្រោចស្រង់មិត្រចិត្ដសប្បុរស អោយរួចពីក្ដីវិនាសអន្ដរាយអស់កាលជានិច្ច ដូចដំរីជួយព្រយុងដំរីដែលលង់ផុងជាប់ភក់អោយរួចឡើងបាន។ (ហិតោបទេសសេចក្ដីប្រែរបស់លោកឡង់សឺរូនិង លោកនាគប្រទីប មានគាថាលើសដូច្នេះ សាធុជនពេញចិត្ដប្រព្រឹត្ដល្អ តែទុជនមិនគាប់ចិត្ដប្រព្រឹត្ដល្អទេ ឃ្មុំសុខចិត្ដហើរចេញទៅ ស្វែងរកក្រេបផ្កាឈូក តែជាតិកង្កែបសូម្បីនៅជិតឈូកក៏មិនអើពើ។)
១៩១ នរជនណាមាននុស្សត្រូវការមកសូមទាន រឺសូមពឹងពាក់ជ្រកកោនមិនខូចបំណង មិនអាម៉ាស់មុខ ត្រលប់ទៅវិញមិនក្ដៅក្រហាយ នរជននោះជាបុគ្គលអុត្ដុងអុត្ដមមានលក្ខណជាមនុស្សមានបុណ្យពិតៗ។តាមដំណើរនិទានដែលពណ៌នាមកនេះ សត្វទាំង៣ នោះក៏យកគ្នាធ្វើមិត្រសំលាញ់ សិទ្ធស្នាលស្ម័គ្រស្មោះសរ ស្វែងគោចររកចំណីអាហារតាមទំនើងចិត្ដអាស្រ័យនៅនាព្រៃនោះ ជាសុខនិរទុក្ខនិរភ័យ សប្បាយក្សេមក្សាន្ដទៅហោងអំណេះតមក ថ្ងៃមួយប្រើសចិត្រាង្គៈ កំពុងត្រអាលស៊ីស្មៅខ្ចីដោយក្ដីក្សេមក្សាន្ដ ស្រាប់តែមានហេតុមួយធ្វើអោយភ្ញាក់ព្រើត ភ័យតក់ស្លុតស្ទុះបោល ផ្លោះរត់ទៅរកមិត្រសំលាញ់អោយជួយ មិត្រសំលាញ់ទាំង៣ មើលទៅឃើ
ញប្រើសបោលដូចជាបោះពួយស្លន់ស្លោមកពីចំងាយដូច្នោះបារម្ភក្រែងមានអន្ដរាយអ្វីមកយាយីក៏រត់រកកន្លែងជ្រកពួនរៀងខ្លួន។អណ្ដើកមន្ថរៈបោលរខូសៗចូលក្នុងទឹក កណ្ដុរហិរណ្យកៈរត់ចូលរន្ធ អែក្អែកលឃុបតនកៈ ក៏ហើរទៅទំលើដើមឈើខ្ពស់ក្រលេកមៀងមើលទៅឆ្ងាយជុំវិញខ្លួន មិនឃើញមានហេតុអ្វីជាអន្ដរាយនាំអោយភិតភ័យក៏ស្រែកបង្កូកហៅមិត្ដ សំលាញ់ទាំង៣អ្នកអោយទៅរួមរ័ក្សសុខសប្បាយជាមួយគ្នាតាមប្រក្រតីដើម។អណ្ដើកនិយាយទៅកាន់ប្រើសថា នែសំលាញ់ចិត្រាង្គៈ! សូមអោយសំលាញ់មានសិរីសួស្ដីជ័យមង្គល សូមសំលាញ់កំសាន្ដចិត្ដ ផឹកទឹកថ្លាស្វែងរកចំណីអាហារតាមបំណង អាស្រ័យនៅក្នុងព្រៃនេះជាទីកន្លែងរួមជាមួយគ្នាតទៅ អែប្រើសចិត្រាង្គៈនិយាយប្រាប់ថា អំបាញ់មិញនេះ ខ្ញុំភិតភ័យណាស់ស្មានថាជាព្រានព្រៃដើរបរបាញ់ បានជាខំបោលខ្មឹតរត់មករកលោកជាមិត្រជ្រកកោន (ហិតោបទេសសេចក្ដីប្រែរបស់លោកឡង់សឺរូ និងលោកនាគប្រទីប មានគាថាលើសដូច្នេះ ការបដិសេធចោលបុគ្គលដែលមកសូមពឹងពាក់ ដោយសេចក្ដីលោភ រឺដោយសេចក្ដីខ្លាច បណ្ឌិតចុះមតិយល់ឃើញថាជាបាបស្មើដោយការសំលាប់ព្រាហ្មណ៍)។ កណ្ដុរនិរណ្យកៈពោលថាយើងត្រូវយកគ្នាជាមិត្រអាស្រ័យនៅ ទីនេះជាមួយគ្នាមិនបាច់និយាយអង្វរករច្រើនពេកទេ ព្រោះថា៖
១៩២ កូលដែលកើតចេញពីទ្រូង អ្នកដែលធ្លាប់ចងស្ពានមេត្រីជាមួយគ្នា១ អ្នកដែលជាប់ខ្សែស្រលាយត្រូវជាវង្សត្រកូល១ និងអ្នកដែលរក្សាការពារ អោយផុតពីសេចក្ដីអន្ដរាយ១ ទាំង៤ប្រការនេះ បុគ្គលគប្បីដឹងថាជាវិធីត្រូវចងជាមិត្រ។សំលាញ់ ចូរអ្នកនៅក្នុងទីនេះកុំរង្គៀសសង្ស័យអ្វី អោយដូចជានៅផ្ទះ ខ្លួនអែងដូច្នោះ (ហិតោបទេសសេចក្ដីប្រែរបស់លោកឡង់សឺរូ និងលោកនាគប្រទីប មានគាថាលើសដូច្នេះ ទឹកអណ្ដូង ម្លប់ដើមជ្រៃ ស្រ្ដីស្បាមា (ស្រ្ដីមានរូបល្អវិសេស) ផ្ទះធ្វើដោយអិដ្ឋ ទាំងអស់នេះក្នុងរដូវរងា កក់ក្ដៅត្រជាក់សប្បាយ)។ អែប្រើសចិត្រាង្គ បានស្ដាប់ពាក្យកណ្ដុរព្រមយកជាមិត្ររួម សុខរួមទុក្ខដូច្នោះហើយ ក៏សប្បាយរីករាយណាស់ស្វែងរកស្មៅជាអាហារតាមទំនើងចិត្ដផឹកទឹកថ្លាអាស្រ័យដំណេកនៅនាអស់ដើមឈើជិតមាត់ត្រពាំងនោះអែង។ កាលនោះអណ្ដើកមន្ថរៈ សូរឡើងថានែប្រើសសំលាញ់! នៅក្នុងព្រៃនិរជនបែបនេះ បងខ្លាចអ្វី? ដែលមានព្រានព្រៃត្រាច់ចរទៅមកម្ដងៗដែរ។ ប្រើសឆ្លើយតបទៅវិញថា នៅក្នុងដែនកលិង្គៈមានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាម រក្មាង្គទ ស្ដេចទ្រង់កេណ្ឌរេហ៍ពលសកលយោធាទៅកំរាមប្រទេសជិតខាង ពេលនេះ ទ្រង់បោះទ័ពតាំងបន្ទាយនៅនាត្រើយស្ទឹងចន្រ្ទកាគា (ឈ្មោះស្ទឹងមួយដែលមានប្រភពនៅភ្នំចន្រ្ទភាគ សព្វថ្ងៃហៅ ចេណាប ជាស្ទឹងមួយក្នុងស្ទឹងទាំង៥ដែលហូរប្រសព្វគ្នានៅប្រទេសបញ្ចាប (បញ្ច+អាប=ស្ទឹងប្រាំ) រួមទៅជាទន្លេសីន្ធុ (តណ្ឌុំស) អិណ្ឌា។) ខ្ញុំបានលឺដំណឹងខ្ចរខ្ចាយតាមពាក្យព្រានព្រៃថា ស្ដេចនឹងត្រាច់ចរបរបាញ់ម្រឹគបក្សីមកដល់ជិតនាឋានស្រះកបុរិ ក្នុងវេលាព្រឹកព្រាងស្វាងឡើងស្អែកនេះ បើយើងទាំងអស់គ្នានៅក្នុងទីនេះរហូតដល់ ព្រឹកឡើងខ្ញុំនឹកឃើញថានឹងមានហេតុនាំអោយភ័យមិនខាន គួរយើងរៀបចំរកទីកែន្លងទីពឹងតាមការណ៍ដែលនឹងរកបាន អែអណ្ដើកមន្ថរៈបានលឺហេតុប្រកបដោយភ័យនោះហើយតក់ស្លុតរន្ធត់ចិត្ដពោលឡើងថា ខ្ញុំមុខជានឹងទៅរកត្រពាំងអែទៀតជ្រកពួនហើយ បើតែយ៉ាងនេះ។ ក្អែកលឃុបតនកៈនិងប្រើសចិត្រាង្គៈ ក៏ពោលដោយយល់ឃើញល្អថា ធ្វើយ៉ាងនេះត្រូវហើយសំលាញ់។ អែក្នុងកាល នោះកណ្ដុរហិរណ្យក គិតសព្វគ្រប់ជុំវិញហើយក៏អស់សំណើចសើចឃឹកៗ ទើបនិយាយថា បងអណ្ដើកមន្ថរៈនេះវាគើមៗទៅដល់ត្រពាំងអែទៀត ហើយចូលក្នុង ទឹកភ្លាមពួនបាត់ទៅនោះជាកុសលហើយ ចុះយើងគ្រប់គ្នា ជាសត្រូវនៅតែលើគោកបានអ្វីការពារហ្ន៎! ព្រោះថា
១៩៣ ទឹកជាកំពែងការពារវីរជាតិទាំងឡាយ ប៉មជាកំពែងការពារអ្នក នៅក្នុងប៉ម ទួលជាកំពែងការពារសត្វ ទាំងឡាយមានឆ្កែជាដើម សែន្យានុភាពនៃព្រះរាជាជាកំពែងការពារអរន្ទរាជ។ ហៃសំលាញ់លឃុបតនកៈ! បងត្រូវធ្វើតាមក្បួនតំរាអុបទេសនេះចុះព្រោះថា៖
១៩៤ បុត្រពាណិជបានឃើញព្រះរាជាចាប់ដោះក្បំក្រពុំដូចផ្លែទន្លាប់ផ្ទប់អោបនៃភរិយាខ្លួន ប្រចក្សដោយភ្នែកអែងក៏ទោមនស្សតូចចិត្ដអិតអុបមា អែខ្លួនបងទាំងឡាយក៏ត្រូវបានសេក្ដីក្ដៅក្រហាយដូច្នោះដែរ។ សត្វទាំងឡាយសួររឿងនោះថា តើរឿងរ៉ាវនោះដូចម្ដេច? កណ្ដុរហិរណ្យកៈចាប់ផ្ដើមរៀបរាប់រឿងរ៉ាវ នោះដូចតទៅនេះ៖
តទៅកថាទី៧

0 ការពិគ្រោះ:

Post a Comment

Booking.com