Social Icons

ល្បែងស្ដេចចង់

ល្បែងស្ដេចចង់

ជាល្បែងម្យ៉ាងដែលពួកកុមារាកុមារី ​ជំទង់ៗ​គ្រប់​​ភូមិស្រុក ទូទាំងកម្ពុជរដ្ឋ តែងលេងនៅ​ពេលទំនេរ​ក្នុង​វេលា​យប់ខែភ្លឺ។ អ្នកលេង​មាន​ប្រុសមានស្រីច្រើននាក់មិនកំនត់។ ពេល​លេង​​គេចែកគ្នាជាពីរពួក ប្រុស​១​ពួក ស្រី១​ពួក​។ ក្នុងបណ្ដាបអ្នកទាំង២ ពួកនោះគេតាំង​ប្រុសរឺស្រីម្នាក់អោយធ្វើជាសេ្ដច អោយអង្គុយ នៅទីមួយចំកណ្ដាលទី លើកៅអីរឺលើវត្ថុអ្វីមួយ មាន​ត្បាល់ជាដើម។ កាលអ្នកធ្វើស្ដេចអង្គុយ លើទីដ៏ សមគួរមួយហើយខាងស្រីគេអោយស្រីម្នាក់ដើរចូល​​​​​ទៅខ្សឹបនឹងស្ដេចថា ខ្លួនស្រលាញ់ឈ្មោះណាមួយ ឧុបមាថាឈ្មោះ ក រឺ ខ ខ្សឹបហើយគេថយទៅអង្គុយ រឺមកឈរនៅកន្លែងដើមវិញ។​ខាងប្រុស​គេអោយ​ម្នាក់​ដើរ​ចូលទៅរកស្ដេច ដែរ ប្រសិនជាមិនចំឈ្មោះ ដែលគេខ្សឹប ទុកមុនទេក៏ ហីទៅ តែបើប្រុស​ដែល​មកនោះចំ លើឈ្មោះដែលស្រីគេបានខ្សឹបនោះមែន ស្ដេចស្រែកថា «អៀវៗ» ហើយអោយស្រីនោះទៅ​ជិះ​ប្រុសនោះតំរង់ទៅរកកន្លែងគេ កំពុងជិះគេស្រែក ថា «អៀវៗ» ហើយគេ​បញ្ជិះ​ទៅចុះខាងស្រី។ រួច​ហើយ​ខាងប្រុសគេអោយប្រុសខាងគេម្នាក់ចូលទៅ ខ្សឹបម្ដង បើប្រុស នោះចូលទៅខ្សឹបថា «ខ្ញុំ​ស្រ​លាញ់​នាងណាមួយ អុបមាថាឈ្មោះ «» ខ្សឹបហើយ គេថយ ទៅវិញ បើស្រីម្នាក់ឈ្មោះ «» ចូល​ទៅ​មែនស្ដេច ស្រែកថា «អៀវៗ» ហើយអោយប្រុសនោះ ជិះស្រីនោះ ស្រែកថា «អៀវៗ» ដូចគ្នា។ បាន​សេចក្ដី​ថា បើខាងណាចូល​ទៅខ្សឹប ថា ខ្លួនស្រឡាញ់ ឈ្មោះ «» ហើយបែរជា ឈ្មោះ «» ចូលមក​រក​ស្ដេចវិញនោះស្ដេចមិនអោយអ្នកខ្សឹប​ជិះរឺអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេអោយ​ម្ខាង​ចូល ទៅខ្សឹបជាថ្មីទៀត។ គេផ្លាស់គ្នាតាមរបៀបនេះ រហូតដល់ពេលឈប់។ អ្នកដែលធ្វើស្ដេច ត្រូមើល​ខុស​​ត្រូវក្នុងរឿងនេះ ដោយសច្ចៈនិងយុត្ដិធម៌ ។ ល្បែងនេះស្រេច​លើអ្នកធ្វើស្ដេច បើអ្នកធ្វើស្ដេច​ប្រកប​ដោយអគតិ ចង់អោយអ្នកណា ជិះអ្នកណា ក្រៅពីឈ្មោះដែលគេខ្សឹបក៏បាន គឺថា បើម្នាក់ចូលទៅ​ខ្សឹប​ថា​ស្រឡាញ់ឈ្មោះ «» ហើយទោះបី ឈ្មោះ «» ចូលមក ស្ដេច ស្រែកថា អៀវ ទៅក៏​ចេះតែបាន ព្រោះ​អ្នកចូលទៅក្រោយមិនបានលឺ អ្នកមុនគេខ្សឹបថា ស្រលាញ់ឈ្មោះណាៗទេ។ តែបើមានរបៀប​លេង​លំអៀង​បែបនេះអ្នកលេងណា ដែលចាប់ថ្នាក់បានតវ៉ាឡើង អាចសុំអោយគេប្ដូរស្ដេចបាន ប្រសិន​បើ​អ្នក​ធ្វើស្ដេចប្រកប​ដោយសច្ចៈ និងយុត្ដិធម៌នោះការលេងនេះទៀងទាត់ណាស់។ល្បែងនេះ​ជាល្បែង​ កំសាន្ដក៏មែនតែជាល្បែងហាត់ ចិត្តមនុស្សអោយប្រកបសច្ចៈនិងយុត្ដិ ធម៌ មិនអោយប្រកបដោយអគតិ​(សេចក្ដីលំអៀង) ៤យ៉ាងគឺ ចន្ទាគតិ (លំអៀង​ព្រោះស្រលាញ់) ទោសាគតិ (លំអៀងព្រោះខឹង) ភយា​គតិ (លំអៀងព្រោះខ្លាច) មោហាគតិ (លំអៀងព្រោះភ័ន្ដច្រលំ)។ ម្យ៉ាងទៀត ជាការបង្ហាត់អោយ​មនុស្ស​ចេះជ្រើសតាំងគ្នាអោយ ធ្វើការជាតំនាងភ្នែកច្រមុះខ្លួនផង គឺត្រូវចេះ​ជ្រើស​រកនរណា​ដែលគេយល់ថា​ជា​មនុស្ស​ត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អតាមគន្លងធម៌ពិតៗ។

0 ការពិគ្រោះ:

Post a Comment

Booking.com