Social Icons

ការបំបែកមិត្ត (ត)

កថាទី៩
រឿងសីហៈ និងទន្សាយ
នៅភ្នំមន្ទរ មានសីហៈមួយឈ្មោះទុទាន្ត។ ទុទាន្តតែងចាប់បសុសត្វទាំងឡាយច្រើន សំលាប់ស៊ីជាចំណីអាហាររាល់ៗថ្ងៃ។ សព្វសត្វទាំងឡាយភិតភ័យណាស់ បបួលគ្នាមកប្រជុំរិះគិតរកអុបាយ ហើយចូលទៅអង្វរករសីហៈថា «បពិត្រ​លោកជាស្តេចម្រឹគ ហេតុអ្វីក៏លោកចាប់សំលាប់បំផ្លាញបសុសត្វបរិភោគជាអាហារម្តងៗ ច្រើនដល់ម្លេះ? បើលោកជ្រះថ្លាយល់ព្រមតាមគំនិតយើង យើងខ្ញុំនឹងបញ្ជូនបសុសត្វមួយរាល់ៗថ្ងៃ ជាគ្រឿងបណ្ណាការមកជូនដើម្បីជាអាហារលោក»។ ពេលនោះ ទុទាន្តឆ្លើយឡើងថា «បើអែងទាំងឡាយមានប្រាថ្នាដូច្នោះ អញត្រេកអរណាស់ហើយអែងធ្វើតាមបំណងអែងចុះ តាំងពីពេលនេះតទៅ»។ ចំណេរកាលមក សីហលែងរវល់ចេញទៅបរបាញ់ចាប់សត្វដូចកាលសព្វដងទៀត នៅតែនឹងកន្លែងចាំទទួលបណ្ណាការ គឺបសុសត្វមួយៗដែលម្រឹគទាំងឡាយបញ្ជូនមកអោ
យរាល់ថ្ងៃ។ ថ្ងៃតមកដល់វេនទន្សាយចាស់មួយ ទន្សាយចាស់នោះគិតថា៖
១២៣ - បុគ្គលធ្វើសេចក្តីគោរពអោនលំទោន ព្រោះហេតុតែខ្លាចគេផង ព្រោះតែចង់អោយមានជីវិតរស់នៅផងថាបើអាត្មាអញទៀងតែដល់បញ្ចភាពដដែល ប្រយោជន៍អ្វី អាត្មាអញត្រូវធ្វើសេចក្តីកោតក្រែងសីហៈនេះ។ទន្សាយគិតបណ្តើរដើរបណ្តើរ ទៅសន្សឹមៗបន្តិចៗចូលទៅរកទុទាន្ត។ ពេលនោះ ទុទាន្តដែលមានសេចក្តីស្រេកឃ្លានបៀតបៀនខ្លាំងក្រោធច្រលោតខឹង និយាយទ្រគោះបោកបោះទៅអោយទន្សាយថាៈ «យីអានេះ! អាអែងអាល័យដើរទៅលេងជាប់នៅអែណាអោយយឺតយូរក្របានមកដល់ហ៎ះ!»។ ទន្សាយលោមទោមអង្វរថា «ទេវៈ! ខ្ញុំបាទមិនមានកំហុសទេ កាលខ្ញុំបាទកំពុងដើរមកតាមផ្លូវមានសីហមួយធំណាស់ មកចាប់ឃាត់ខ្ញុំបាទទាំងអំណាច ខ្ញុំបាទនិយាយអង្វរករស្បថស្បែចំពោះសីហៈកំណាចនោះថា នឹងត្រលប់ទៅជួបវិញ សូមតែអនុញ្ញាតិអោយខ្ញុំបាទ ចូលមកជំរាបលោកម្ចាស់ក្នុងទីនេះ អោយបានជ្រាបជាមុនសិន ព្រោះហេតុនេះ បានជាយឺតយូរក្របានមកដល់ឆាប់»។ ទុទាន្តបានស្តាប់ហើយ ក្រេវក្រោធឆេវសួរតបទៅវិញទាំងកំរោលថា «បើដូច្នោះ អាអែងនាំអញទៅបង្ហាញអោយឆាប់អិលូវនេះ តើអាព្រហើនកោងកាចនោះវានៅអែណា។ ពេលនោះទន្សាយក៏នាំសីហៈ ទ្រនង់នោះ ទៅបង្ហាញអណ្តូងជ្រៅស្រលូងមួយ លុះដើរទៅដល់អណ្តូងនោះហើយ និយាយប្រាប់ថា «សូមលោកម្ចាស់អញ្ជើញទៅមើលខ្លួនអែងចុះ វានៅក្នុងអណ្តូងនោះអែង»។ អែទុទាន្ត ដើរចូលទៅជិតក្រលេកមើលក្នុងអណ្តូងឃើញស្រមោលខ្លួន សំគាល់ថាជាសីហៈមួយធំសំបើមអស្ចារ្យ ក្នាញ់ខ្លាំងណាស់ ដំឡើងប្រែងសំដែងរិទ្ធដ៏ឃោឃៅលោតចុះទៅសង្រ្គុបក្នុងអណ្តូងដោយក្តីទ្រនង់យង់ឃ្នង ក៏ដល់នូវបញ្ចភាព ស្លាប់អៃដ៏កាលនោះទៅហោង។ ហេតុនោះហើយបានជាបង(ក្អែកឈ្មោល) និយាយប្រាប់ថា «នរជនណាមានប្រាជ្ញា នរជននោះឈ្មោះថា មានកម្លាំង» ដូច្នេះជាដើម(លេខ១២២)។ ក្អែកញីសួរថា «អើខ្ញុំស្ដាប់អស់អាថិសេចក្តីហើយ តើអ្នកបងគិតធ្វើអុបាយនោះដូចម្តេច? ចូរប្រាប់អុបាយនោះ
អោយខ្ញុំដឹងមើល!»។ ក្អែកឈ្មោលនិយាយប្រាប់ថា «នៅស្រះបោក្ខណីទឹកថ្លាយល់ដី ជិតឋានយើងនេះ មានព្រះរាជបុត្រទាំងឡាយតែងយាងចូលមកប្រពាតក្រសាលស្រង់ អុទកវារីលេង សប្បាយរាល់ៗថ្ងៃ ក្នុងស្នានសម័យ (ពេលមុជទឹក) ស្តេចតែងដោះខ្សែព្រះសូរងជាវិការៈនៃមាសសំរាប់តែព្រះអង្គ ទុកនៅលើផែនថ្មនាឆ្នេរស្រះហើយទើបចុះទៅស្រង់ ចូរប្អូនហើរចុះទៅឆក់លួចយក នូវខ្សែព្រះសូរងជាវិការៈនៃមាសនោះដោយចំពុស ហើយនាំយកមកទំលាក់ទុកក្នុងព្រង់ដែលពស់ចង្រៃវាអាស្រ័យនៅ»។ ថ្ងៃមួយព្រះ រាជបុត្រទាំងឡាយ ស្តេចយាងមកស្រង់ក្រសាលអុទកវារី មេក្អែកក៏ធ្វើដូចបានគិតគូរគ្នាទុកមុន។ គ្រានោះអែង ព្រះរាជបុត្រទាំងឡាយ បានទតឃើញមេក្អែកលបឆក់យកខ្សែព្រះសូរងដូច្នេះ ស្តេចដេញតាមមេក្អែក ដើម្បីដណ្តើមយកខ្សែព្រះសូរងនោះរហូតទៅដល់ព្រង់ ទៅប្រទះឃើញពស់វែកនោះ ហើយក៏បបួលគ្នាវាយសំលាប់ចោលបង់សៀតទៅហោង។ ព្រោះហេតុនោះបានជាខ្ញុំ (ចចកទមនក)ពោលថា៖ «កិច្ចការណាដែលគេអាចធ្វើអោយសំរេចបានដោយអុបាយ» ដូចច្នេះជាដើម(១២០)ចចកករដកៈនិយាយចាក់បណ្តាយថា «បើដូច្នោះចូរអែងទៅចាត់ចែងធ្វើការក្នុង កាលអិលូវនេះទៅ ហើយសូម
អោយបានសំរេចសមប្រកបតាមក្តីប្រាថ្នាកុំបីខានឡើយ»។ លំដាប់នោះអែង ចចកទមនកៈដើរចូលទៅរកបិង្គលកៈលុះចូលទៅដល់ហើយ លើកទសករប្រណម្យ ទើបពោលពាក្យថា «ទេវៈ! ខ្ញុំបាទសង្កេតឃើញហេតុ ការណ៍ប្រកបដោយភ័យធំគួរអោយវិតក្កខ្លាំង ទើបចូលមកជួបលោកជាម្ចាស់ ដោយប្រញាប់ប្រញាល់ ព្រោះថា៖
១២៤ - ក្នុងគ្រាអន្តរាយ រឺក្នុងការដើរខុសគន្លងផ្លូវ រឺក៏ក្នុងការប្រព្រឹត្តិកន្លង អោកាសជាកាលគួរនរជនជាអ្នកធ្វើប្រយោជន៍ទូទៅ សូម្បីគេមិនសាកសួរ ក៏គប្បីស្នើ ណែនាំផ្លូវដោយពាក្យជាកល្យាណធម៌។
១២៥ - ព្រះរាជា ជាភាជន៍សំរាប់ត្រងរងនូវភោគសុខ (សេចក្តីសុខដែលកើតមានពីទ្រព្យសម្បត្តិ) មិនមែនជាភាជន៍សំរាប់ ត្រងរងនូវរាជការទេ កាលបើរាជការវិនាសខូចខាតហើយ មន្រ្តីត្រូវជាប់ទោស។ក្នុងករណីនេះ សូមលោកជាម្ចាស់ពិចារណាមើលចុះ ក្រមនេះជាវិធីដំណើរការ នៃអាមាត្យទាំងឡាយលោកថា៖
១២៦ ការស៊ូលះបង់ជីវិត ពុំនោះ ការកាត់សិរសាអាមាត្យអោយដាច់ចេញ ជាការគាប់ប្រសើរណាស់ តែអាមាត្យមានភក្តីធ្វើព្រងើយ កន្តើយចំពោះអាមាត្យ ក្បត់ដែលប្រុងសំលាប់ម្ចាស់របស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផែនដីមិនគាប់ប្រសើរសោះឡើយ។បិង្គលកៈត្រេកអរសាទរណាស់ សួរទៅវិញថា «បើដូច្នោះតើអែងត្រូវការនិយាយដូចម្តេចខ្លះ។ ចចកទមនកៈនិយាយឡើងថា «ទេវៈ! គោសញ្ជីវកៈ សំដែងអាការកិរិយាចំពោះមុខខ្ញុំបាទ មើលទៅហាក់មិនគួរគប្បីដល់លោកម្ចាស់សោះ មានពោលពាក្យនិន្ទាទ្រគោះបោកបោះមើលងាយព្រះចេស្តាសក្តានុភាពបីប្រការ (រាជភណ្ឌ៣ប្រការគឺៈប្រភាវៈ មហាអំណាច (ពលានុភាព អំណាចគ្រប់គ្រង តេជានុភាព គុណានុភាព)១ មន្រ្ទៈ មន្រ្ទចំណេះវីជ្ជា១ និងអុ
ស្សាហៈ កំលាំងសក្តានុភាព១) ប្រថ្នាលោភលន់ប្រុងដណ្តើមយករាជសម្បត្តិ»។ បិង្គលកៈបានស្តាប់ពាក្យញុះញង់នេះ ហើយភ័យតក់ស្លុតនឹកអស្ចារ្យក្នុងចិត្តស្ថិតនៅស្ងៀមមិនចេញស្តីសោះ។ ចចកទមនកៈនិយាយបន្ថែមទៀតថា«ទេវ! លោកជាម្ចាស់ដកដាលបោះបង់ចោលអ្នករាជការចាស់មុនចោលអស់ ហើយតាំងសញ្ជីវកនេះអោយកាន់ដំណែងធំអភិបាលសំរេចរាជការផែនដីទាំងអស់ អំពើនេះ ជាទោសធំសំបើមណាស់ ព្រោះថា៖
១២៧ ស្រី (ពាក្យនេះមានន័យច្រើន បាលីថា សិរី ប្រែថា សេចក្ដីរុងរឿង សោភាលំអ សេចក្ដីចំរើន ទ្រព្យ សេចក្ដីសុខ សម្បត្ដិ ឃ្លាំងទ្រព្យ តេជានុភាព សក្ដានុភាព និងលក្សីដែលជាឈ្មោះទេពតា ទ្រព្យសម្បត្ដិ ) ទ្រទ្រង់នូវមន្រ្តីដែលមានសក្តានុភាពខ្លាំង និងម្ចាស់ផែនដីអោយ រឹងជំហរ ហើយយកជើងទាំងពីរទប់ជ្រែង អែស្រីនោះជាស្រ្តីភាពមានសមត្ថភាព មិនអាចទប់ទល់នូវភារៈដ៏ធ្ងន់ទាំងពីរអោយប្រព្រឹត្តទៅបានទេ ម្ល៉ោះហើយតោងទំលាក់ភារៈណាមួយចោល ក្នុងភារៈទាំងពីរនោះគឺ ខ្ញុំបាទរឺលោកម្ចាស់។
១២៨ - ក្នុងកាលណាព្រះភូមិបតី ទ្រង់តែងតាំងមន្រ្តីណាមួយជាអែកអគ្គផ្តាច់ការ ក្នុងរាជ្យក្នុងកាលនោះ ក្តីស្រវឹងយសតែងហូរចូលទៅគ្របសង្កត់ចិត្តមន្រ្តីនោះដោយអំណាចមោហធម៌ មន្រ្តីនោះអែងរមែងទំលាយបង់នូវការងារអោយវិនាស ដោយអំណាចស្រវឹងយស និងក្តីខ្ជិលច្រអូសមិនខាន កាលបើការងារវិនាសហើយ សេចក្តីល្មោភអន្ទះអន្ទែងនិងបង្កក្តីចង់បាន កាន់អំណាចដាច់ខាតខ្លួនអែងអោយកើតឡើងក្នុងចិត្តលំដាប់តទៅ ដោយសេចក្តីល្មោភអន្ទះអន្ទែងចង់បានកាន់អំណាចដាច់ ខាតខ្លួនអែងនេះជាមូលហេតុមន្រ្តីនោះនឹងទ្រុស្តធ្វើគតម្ចាស់ខ្លួនអោយដល់ក្តីក្ស័យប្រាណមិនខាន។
១២៩ - អាហារទទឹកជ្រាបដោយពិសពុល ធ្មេញដែលរង្គើ និងអាមាត្យប្រទុស ទាំងអស់នេះត្រូវកកាយដកចោលអោយទាល់តែអស់ដល់បាទដល់រិសគល់ ទើបបានសុខ។
១៣០ - ព្រះរាជាអង្គណាប្រគល់ព្រះរាជស្រី(បាលី រាជសិរិ អធិបតេយ្យព្រះរាជ) អោយជាអាយ័តដាច់ខាតដល់មន្រ្តីណាហើយ ក្តីវិនាសអន្តរាយនឹងកើតមានប្រាកដក្នុងរឿងនេះព្រះរាជាអង្គនោះ នឹងទ្រង់ផ្ទំកើតទុក្ខសោកសៅក្តៅក្រហាយ ដូចមនុស្សខ្វាក់អិតអ្នកដឹកដៃ។សញ្ជីវកៈនេះធ្វើកិច្ចការសារពើបរិហារផែនដី តាមតែទំនើងចិត្តវា លោកម្ចាស់ជាបន្ទាល់សាក្សីក្នុងរឿងនេះស្រាប់ហើយ បានទាំងជ្រាបច្បាស់នូវកិច្ចការទាំងអស់នេះសព្វគ្រប់ផង ព្រោះថា៖
១៣១ បុរសណាមិនចង់បានទ្រព្យ បុរសនោះមិននៅក្នុងលោកនេះទេ ក្នុងលោកនេះ នរណាមួយមិនក្រលេកមើលដោយសាទរ ចំពោះប្រពន្ធក្មេងដែលមានរូបល្អគួរជាទីពេញចិត្តនៃជនដទៃ?
សីហៈពិចារណាមើលមួយស្របក់ ឆ្លើយតបទៅវិញថា «នែសំលាញ់! ពាក្យដែល អែងនិយាយនេះ ពិតមែនហើយទោះបីដូច្នោះគួរនឹកដល់ការកំសត់កម្រដែលយើង នឹងសញ្ជីវកៈនេះបានធ្វើក្តីស្និទ្ធស្នេហាយ៉ាងខ្លាំងមកយូរយាណាស់ហើយផង អែងចូរមើល! លោកថា
១៣២ - មិត្រណាជាទីស្រលាញ់ពេញចិត្ត បើទុកជាកុហកបោកប្រាសយើងខ្លះមិត្ត នោះនៅតែជាទីស្រលាញ់ពេញចិត្តដដែល ដូចរាងកាយយើង ទោះបីមានរោគាព្យាធិប្រទុសសព្វទាំងអស់ អ្នកណាមួយមិនស្រលាញ់រាងកាយខ្លួន។
១៣៣ - មិត្តណាជាទីស្រលាញ់ពេញចិត្ត សូម្បីធ្វើអោយយើងមិនពេញចិត្តច្រើនយ៉ាង មិត្តនោះនៅតែជាមិត្តជាទីស្រលាញ់ពេញចិត្តដដែល ដូចភ្លើង សូម្បីឆេះមន្ទីរមហាសាល អ្នកណាមួយលែងនិយមរាប់អានភ្លើងទៀត?។ចចកទមនកៈ និយាយថែមទៀតថា «ទេវៈ! រឿងនេះជាទោសកំហុសធំខ្លាំងណាស់ព្រោះថា៖
១៣៤ -ព្រះរាជា ទតព្រះនេត្រដោយក្រៃលែង ចំពោះជនណា ទោះជាព្រះរាជបុត្រក្តី ទោះជាអាមាត្យក្តី រឺក៏ជាជនបរទេសក្តី លក្សមី(ទ្រព្យ) តែងរត់ចូលទៅជាសិរីនៃជននោះ។ សូមលោកម្ចាស់ស្តាប់ពាក្យនេះតទៅទៀតថា៖
១៣៥ -ការរលត់បង់នូវពាក្យជជែក ដែលមិនជាទីពេញចិត្តតែងនាំមកនូវសេចក្តីសុខ ទីណាមានអ្នកនិយាយ ហើយមានអ្នកស្តាប់ទីនោះ ក្តីសំរេចផលគួរជាទីពេញចិត្តតែងកើតឡើង។ពេលនោះព្រះបាទជាម្ចាស់ដកដាល ខ្ញុំរាជការចាស់ជារិសគល់ចោលអស់ហើយ ទៅតាំងបន្តុបលើកដំកើងជនបរទេសអាគន្តុកជាត្រីមុខអោយជាធំជាងពួកខ្ញុំរាជការចាស់វិញ អំពើនេះមិនត្រឹមត្រូវតាមធម៌ទេ ព្រោះថា៖
១៣៦ -ព្រះភូមិបាល មិនគួរគប្បីរាប់អានលើកដំកើងជនបរទេសអានគន្តុកដោយអាងហេតុថា «ខ្ញុំរាជការចាស់ប្រព្រឹត្តខុស» ទេ អំពើនេះជាទោសធំណាស់ព្រោះថា ជនបរទេសយើងនឹងជឿទុកចិត្តបានថាមិនទំលាយរាជសម្បត្តិអោយវិនាសរឺអ្វី?។សីហៈនិយាយទទឹងទាស់ថា «ពាក្យអែងនេះ ប្លែកអស្ចារ្យណាស់មិនមែនរឺអ្វី? សញ្ជីវកៈនេះយើងបានអោយអភ័យហើយនាំយកមកទំនុកបំរុងអោយធ្វើការ អោយមានកិត្តិយស ហេតុដូចម្តេចក៏អែងសំគាល់យល់ថា វាគិតប្រទូសក្បត់រាជ្យយើងវិញ។ ចចកទមនកៈនិយាយបញ្ជាក់ថា«ទេវៈ!
១៣៧ -មនុស្សទុរជន បើទុកជាលើកតំកើងអោយមានយសសក្តិជានិច្ចក៏ដោយ ក៏នៅតែមិនក្តីស្មោះត្រង់ មិនលះបង់ប្រក្រតីដើម ដូចកន្ទុយឆ្កែ សូម្បីគេយកប្រលោប រឹតអោយត្រង់ ក៏មិនលះបង់ចុងងស្ទើតទៅលើដូចប្រក្រតីវាឡើយ។
១៣៨ -ធម្មតាកន្ទុយឆ្កែ ទោះជាគេកែ យកប្រេងលាប យកខ្សែចង យកសំពត់រុំ ចងទុកអស់១២ឆ្នាំក៏អិតអំពើ កាលណាគេស្រាយចំណងចេញ ក៏ត្រលប់កងកន្ទុយង ក្ងក់ឡើងវិញដូចប្រក្រតីដើម។
១៣៩ -ការបណ្តុះបណ្តាលអោយចំរើន រឺការរាប់អានលើកតំកើងអោយប្រសើរ នឹងអាចញ៉ាំងមនុស្សខ្ជិលខូច ចិត្តអាក្រក់អោយត្រេកអរពេញចិត្តដូចម្តេចកើត? ដូចដើមឈើ មានពិសពុល សូម្បីយកទឹកអម្រឹតទៅស្រោចស្រពក៏មិនអាចត្រលប់ ចេញផ្លែគួរជាទីប្រាថ្នាបានដូច្នោះដែរ។ ព្រោះហេតុនោះបានជាខ្ញុំនិយាយថា៖
១៤០ -នរជនមិនចង់អោយកល្យាណមិត្តបានសេចក្តីវិនាស សូម្បីកល្យានមិត្តនោះ មិនសួរមុន ក៏គួរគប្បីប្រាប់អុបាយអោយកើតប្រយោជន៍ដែរ នេះជាធម៌នៃលោកសប្បុរសទាំងឡាយ បើពុំនោះទេ នរជននោះនឹងធ្លាក់ក្នុងគតិនៃជនមានមតិថោកទាប (សេចក្តីដូចលេខ១២៤)។
១៤១ -នរជនណា ឃាត់ហាមមិនអោយធ្វើអំពើអកុសល នរជននោះឈ្មោះថា ជាមិត្តនាំអោយរិតតែរុងរឿង កម្មណាប្រាសចាកមន្ទិល គឺពាក្យតិះដៀល កម្មនោះឈ្មោះថាជាកម្មបរិសុទ្ធប្រពៃ ស្រីណាប្រព្រឹត្តកាមឆន្ទៈស្វាមី ស្រីនោះឈ្មោះថាជាភរិយា នរជនណាមានសប្បុរសទាំងឡាយគោរពបូជាសរសើរ នរជននោះឈ្មោះថាបណ្ឌិត ធម្មជាតិណាមិនធ្វើអោយស្រវឹងសៅហ្មង ធម្មជាតិនោះឈ្មោះថាជាសិរី នរជនណារួចពីខ្ញុំតណ្ហា នរជននោះឈ្មោះថាជាបុគ្គលមានសេចក្តីសុខ នរជនណាស្មោះត្រង់តាមប្រក្រតី នរជននោះឈ្មោះថាជាមិត្ត នរជនណាទូន្មានអិន្រ្ទីយបាននរជននោះឈ្មោះថាជាបុរស។
រឿងនេះ ថាបើលោកម្ចាស់មិនព្រមត្រលប់ស្មារតី បណ្តោយអោយសញ្ជីវកៈធ្វើ គតអោយរលត់ផុតជីវិត វិនាសទាំងដែលទ្រង់បានជ្រាបរួចហើយ កំហុសដូច្នេះមិនមែនជាទោសអាមាត្យមុខមន្រ្តីខ្ញុំបំរើទេ ព្រោះថា៖
១៤២ - ព្រះនរបតី ជាប់ព្រះទ័យស្អិតក្នុងកាម មិនគយគន់មើលកិច្ចការរាជការ និងផលប្រយោជន៏ប្រទេសជាតិប្រព្រឹត្តធ្វើតាមតែទំនើងព្រះទ័យ ស្រវឹងពន់ពេក ក្រៃដូចដំរីចុះប្រេង កាលតមកទ្រង់កើនមានៈក្ស័ត្រគ្របសង្កត់ធ្លាក់ព្រះអង្គទៅក្នុងជ្រោះជ្រៅ គឺសេចក្តីសោកសល្យហើយ ទ្រង់តែងដាក់ទោសទំលាក់ខុសមកលើអាមាត្យមុខមន្រ្តីមិនបាននឹកនាដល់ទោសពៃរ៍កំហុសកន្លងវិន័យព្រះអង្គឡើយ។ បិង្គលកៈនឹកតែក្នុងចិត្តថា៖
១៤៣ - ព្រះរាជា មិនត្រូវជាក់ទណ្ឌកម្មដល់ជនដទៃៗដោយអាងយកតែពាក្យពាល បង្ខុសនៃជនអែទៀតឡើយ គួរគប្បីសាកសួរអោយឃើញទោសប្រច័ក្សដោយខ្លួនសិន សឹមត្រូវចាប់ចងដាក់ទោស រឺពុំនោះត្រូវបូជា។
១៤៤ - នរជន មិនបានពិចារណាគុណនិងទោសអោយឃើញម៉ត់ចត់តាមវិធីមុនសិនទេ មិនគួរអាណិតលើកលែងរឺដាក់ទោសទ័ណ្ឌទេ ដូចការមើលងាយយកដៃលូកទៅក្នុងមាត់ពស់ ឈ្មោះថា យកក្តីវិនាសមកអោយខ្លួនអែងពិតអិតសង្ស័យឡើយនឹកឃើញដូច្នេះហើយ ទើបបិង្គលកៈប្រកាសខ្លាំងៗថា «បើដូច្នោះត្រូវហៅសញ្ជីវកៈអោយចូលមកនឹងប្រាប់អោយដឹងខ្លួនរឺអ្វី។ ចចកទមនកៈ ឆ្លើយដោយប្រញាប់ថា «ទេ!ទេ!មិនបានទេ!ធ្វើដូច្នេះនាំអោយគេអែងដឹងលឺច្រើនបែកការសំងាត់ អស់ហើយ ព្រោះលោកថា៖
១៤៥ ពូជគឺការសំងាត់នេះសូម្បីតែបន្តិច បុគ្គលគប្បីលាក់ទុកដោយប្រពៃ គប្បីរក្សាដោយម៉ឺងម៉ាត់តាមដែលនឹងអាចម៉ឺងម៉ាត់បាន បុគ្គលត្រូវប្រយ័ត្នកុំអោយបែកការឡើយ ការសំងាត់នោះបើបែកធ្លាយហើយ មិនដុះដាលបានផលសំរេចទេ។
១៤៦ -ការងារ ដែលត្រូវចាប់ធ្វើ រឺដែលត្រូវបង្គាប់គេ រឺដែលត្រូវធ្វើខ្លួនអែង បើបុគ្គលមិនគប្បីប្រញាប់ប្រញាល់ធ្វើអោយបានរួសរាន់ទាន់ពេលទេ កាលវេលានឹងជញ្ជក់ក្រេបផឹកស៊ីរសជាតិការងារនោះអស់រលីង។ព្រោះហេតុនោះ ការងារអ្វីមួយដែលនរជនប្រារព្ធធ្វើហើយត្រូវតែចាត់ការភ្លាមៗ ដោយការប្រយ័ត្នម៉ឺងម៉ាត់ដែលអាចនឹងប្រយ័ត្នបាន ព្រោះថា៖
១៤៧ -ការសំងាត់ ដូចទាហានមិនមានទឹកមាំមួន សូម្បីមានគ្រឿងក្រោះការពារ សព៌ាង្គកាយបរិបូរណ៌ហើយ ក៏មិនអាចធន់ទ្រាំនឹងនៅក្នុងកន្លែងអស់កាលយូរបាន ព្រោះក្តីរង្គៀសខ្លាចក្រែង អាចអោយសត្រូវតយុទ្ធទំលាយបាន។បើទុកជាសញ្ជីវកៈនេះមើលឃើញទៅកំហុសខ្លួន ហើយចូលមកលោកម្ចាស់ សូមអោយលោះលាត្រាប្រណីអភ័យទោស ក៏មិនគួរគប្បីសំដែងមេត្រីយកជាមិត្ត តទៅមុខទៀតដែរ ព្រោះថា៖
១៤៨ នរជនណា ចង់ចងសម្ពន្ធមេត្រីម្តងទៀតចំពោះមិត្តដែលបានប្រទូសរួចម្តងហើយ ជរជននោះអែង ឈ្មោះថាទៅកាន់យកម្រឹត្យុតែម្តង ដូចមេសេះ ពផ្ទៃសេះអស្សតរដូច្នោះអែង។សីហៈនិយាយដោយក្លាហានថា៖ «យើងចង់ដឹងដែរ តើសញ្ជីវកៈនេះវាអាចហ៊ានធ្វើគតដណ្តើមរាជ្យយើងម្ល៉ាទៅ។
ចចកទមនកៈឆ្លើយតមទៅវិញថា៖
១៤៩ នរជន មិនដឹងភាវៈនៃការទាក់ទងនឹងជនដទៃហើយមិនត្រូវគេ្នរចុះមតិសំគាល់សមត្ថភាពគេថាដូចម្តេចឡើយចូរមើល! សមុទ្រក៏ចាលចាញ់តេជដៃ សព្វបើត្រដេវវិចដែរ។ សីហៈសួរថា «ចុះរឿងនោះតើដូចម្តេច»។ ចចកទមនកៈនិយាយរឿងដូចតទៅថា
អានតកថាទី១០

0 ការពិគ្រោះ:

Post a Comment

Booking.com