Social Icons

កំណត់ហេតុរបស់ ជីវតាក្វាន់ (ត)

៨. អំពី​ស្ត្រី​ក្រមុំ
ពួក​ឪពុក ម្ដាយ​ដែល​មាន​កូនស្រី តែង​ឲ្យ​ពរ​កូន​ថា សូម​ឲ្យ​ឯង​ទៅ​អនាគត​បាន​ជា​ស្រី​ដែល​មាន​ប្ដី​រាប់​រយ​ពាន់ (ឲ្យ​មាន​គេ​ស្រឡាញ់​ច្រើន)” 
កូន​ស្រី​ក្នុង​គ្រួសារ​អ្នក​មាន ចាប់​ពី​អាយុ ៧ ទៅ ៩ ឆ្នាំ គ្រួសារ​អ្នក​ក្រខ្សត់​រហូត​ដល់​អាយុ ១១ ឆ្នាំ គេ​និមន្ត​លោក ឬ​តា​បស​មក​បើក​មុខ​កូន​ស្រី​ហៅ​ថា ឆឺនថាន 
ពិធី​នេះ រាជការ​ដាក់​កម្រិត​ឲ្យ​ធ្វើ​មួយ​ឆ្នាំ​ម្ដង នៅ​ក្នុង​ខែ​ដែល​ត្រូវ​នឹង​ខែ​ទី​៤​របស់​ចិន ដោយ​រើស​យក​ថ្ងៃ​ណា​មួយ​ធ្វើ​តែ​ម្ដង ។ អ្នក​មាន​កូន​ស្រី​ដែល​ត្រូវ​ធ្វើ​ពិធី​នេះ តោង​ជម្រាប​រាជការ​ជាមុន ហើយ​អ្នក​រាជការ គេ​ក៏​ឲ្យ​ទៀន​ធំ​មួយ​ដើម​មក​ទុក​មុន និង​មាន​គូស​គំនូស​មួយ​ជា​កំណត់​សញ្ញា​ផង​ថា​ដល់​ពេល​យប់​ធ្វើ​ពិធី​នេះ បើ​ដុត​ទៀន​អស់​ត្រឹម​គន្លាក់​នោះ​ហើយ​ត្រូវ​ចាប់​ពិធី​ ឆឺនថានឡើង 
នៅ​មុន​ពេល​ដែល​ធ្វើ​ពិធី​នេះ​មួយ​ខែ ឬ​កន្លះ​ខែ ឬ​ដប់​ថ្ងៃ ឪពុក​ម្ដាយ​ត្រូវ​ជ្រើស​រើស លោក ឬ​តាបស​ណា​មួយ ប្រកាន់​ទុក​ជា​មុន ទោះ​បី​នៅ​វត្ត​ណា​ក៏​ដោយ ក៏​តែង​តែ​មាន​គេ​ទៅ​និមន្ត​ដែរ 
លោក​គ្រូ​អង្គ​ណា​ដែល​សំខាន់ៗ​ជាង​គេ​ តែង​តែ​ត្រូវ​ពួក​មន្ត្រី ឬ​អ្នក​មាន​គេ​និមន្ត​ទុក​អស់​ហើយ ឯ​អ្នក​ក្រ​ពុំ​អាច​ជ្រើស​រើស​រក​លោក​បាន​តាម​ចំណង់​ឡើយ ។ មន្ត្រី ឬ​អ្នក​មាន​ គេ​បូជា​លោក​នូវ​សុរា អង្ករ កំណាត់​សំពត់ ស្លា​ម្លូ និង​គ្រឿង​ប្រាក់​យ៉ាង​ច្រើន​រហូត​ដល់​ទៅ ១០០ អម្រែក​ផង ហើយ​មាន​តម្លៃ​ប្រមាណ​មិន​តិច​ជាង​សាច់​ប្រាក់​ចិន ២០០ ឬ ៣០០ តម្លឹង​ឡើយ ។ អ្នក​មាន​របស់​របរ​តិច ក៏​គង់ ៣០‑៤០ ឬ ១០‑២០ អម្រែក​ដែរ ។ ដូច្នេះ គ្រួសារ​អ្នក​ក្រ​ត្រូវ​រង់​ចាំ​ដល់​កូន​ស្រី​អាយុ ១១ ឆ្នាំ​ទើប​ចាប់​ធ្វើ​ពិធី​នេះ មក​ពី​ពិបាក​រក​របស់​របរ​ទាំង​នេះ​ឯង 
មាន​អ្នក​ខ្លះ​ គេ​ជួយ​លុយ​ដល់​កូន​អ្នក​ក្រ​ឲ្យ​ធ្វើ​ពិធី​នេះ​ដែល​គេ​ទុក​ជា​ការ​សាង​កុសល​មួយ​ដែរ ។ ក្នុង​មួយ​ឆ្នាំ លោក​ ឬ​តាបស​មួយ​អង្គ​អាច​ទទួល​និមន្ត​ធ្វើ​ពិធី​នេះ​ឲ្យ​ក្មេង​ស្រី​បាន​តែ​មួយ​នាក់​ទេ បើ​លោក​យល់​ព្រម​នឹង​អ្នក​ណា​មួយ​ហើយ​មិន​អាច​ទទួល​អ្នក​ដទៃ​ទៀត​បាន​ទេ 
នៅ​ពេល​យប់​ដែល​ធ្វើ​ពិធី​នេះ គេ​មាន​រៀប​ចំ​គ្រឿង​ស៊ី​ផឹក និង​ភ្លេង​ភ្លាត់​ទ្រហឹង​អឹងកង ។ ក្រៅ​ពី​ការ​ជួប​ជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ គេ​មាន​សង់​ធ្វើ​ជា​រោង​មួយ តម្កល់​រូប​មនុស្ស រូប​សត្វ​ដែល​សូន​ធ្វើ​អំពី​ដី ។ អ្នក​មាន​យស​សក្ដិ ធ្វើ​រូប​នេះ​ដល់​ទៅ​ជាង​ដប់ ឯ​អ្នក​ហោច​មក ក៏​មាន​បី ឬ​បួន​ដែរ 
ចំពោះ​អ្នក​ដែល​ទាល់​ក្រ​ខ្លាំង​វិញ គ្មាន​ធ្វើ​រូប​នេះ​ទេ គិត​តែ​រៀប​ពិធី​តែ​ម្ដង​ទៅ លុះ​ដល់​គ្រប់​ពេល​ប្រាំពីរ​ថ្ងៃ ទើប​គេ​រុះ​រោង​នោះ​ចេញ ។ នៅ​យប់​ដែល​ធ្វើ​ពិធី​នោះ​ទៀត​ គេ​យក​គ្រែ​ស្នែង​ទៅ​និមន្ត​លោក ហើយ​បាំង​ក្លស់​ និង​លេង​ភ្លេង​ដង្ហែ​នាំ​យក​មក ។ គេ​មាន​កូន​តូប​ពីរ​ដូច​គ្រែ​ស្នែង​ដែរ​ដែល​បិទ​បាំង​លម្អ​ដោយ​ព្រែ​ពណ៌​ភ្លឺ​ព្រាល ។ តូប​មួយ​សម្រាប់​ឲ្យ​កូន​ស្រី​នោះ​អង្គុយ ឯ​តូប​មួយ​ទៀត សម្រាប់​លោក ឬ​តាបស​គង់​សូត្រ​ធម៌ តែ​ខ្ញុំ​មិន​ដឹង​ជាលោក​សូត្រ​អ្វី​ឡើយ ។ ពេល​នោះ​ភ្លេង​ក៏​ប្រគុំ​ឮ​គឹក​កង​រំពង​ដែរ ។ ខ្ញុំ​ឮ​ថា​យប់​នេះ​គ្មាន​ត្រណម​អ្វី​ទេ គ្រាន់​តែ​ដឹង​ថា ដល់​ពេល​វេលា​ភ្លាម លោក ឬ​តាបស​នោះ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជាមួយ​កូន​ស្រី ហើយ​លូក​ដៃ​របស់​លោក​ផ្ទាល់​ទៅ​យក​របស់​កូន​ស្រី​ដាក់​ទៅ​ក្នុង​ស្រា ។ ខ្លះ​ថា​ឪពុក​ម្ដាយ និង​ញាតិ​មិត្ត យក​ទៅ​ផ្ដិត​នឹង​ថ្ងាស់ ឬ​មុខ​រៀង​ខ្លួន ។ ខ្លះ​ទៀត​ថា យក​មក​ភ្លក្ស​គ្រប់​គ្នា ហើយ​ខ្លះ​ថា លោក​ក៏​រួម​រ័ក​ជាមួយ​កូន​ស្រី​ក្នុងពេល​នោះ តែ​ខ្លះ​ថា ឥត​មាន​ទេ ។ រឿង​នេះ គេ​មិន​ឲ្យ​ពួក​ចិន​បាន​ឃើញ​ផ្ទាល់​ទេ ហេតុ​នេះ ទើប​ខ្ញុំ​មិន​អាច​បាន​ដឹង​នូវ​ការ​ពិត​ឡើយ 
លុះ​ដល់​ពេល​ទៀប​ភ្លឺ ទើប​គេ​ដង្ហែ​លោក​ដោយ​គ្រែ​ស្នែង​មាន​ភ្លេង​ និង​បាំង​ក្លស់​នាំ​យក​ទៅ​វិញ ហើយ​គេ​យក​របស់​ល្អៗ មាន​ព្រែ​ពណ៌​ជា​ដើម ទៅ​ធ្វើ​ជា​ថ្នូរ​លស់​យក​កូន​ស្រី​នោះ​មក​វិញ ។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ កូន​ស្រី​នេះ​មិន​អាច​យក​ទៅ​ឲ្យ​មាន​ប្ដី​ដទៃ​ទៀត​បាន​ឡើយ ព្រោះ​នៅ​ជា​កម្ម​សិទ្ធិ​របស់​លោក​នៅ​ឡើយ 
ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​នេះ គឺ​នៅ​ថ្ងៃ​ទី​៦ ខែ​ទី​៤ នៃ​ឆ្នាំ តេងអ៊ីវ ក្នុង​រជ្ជកាល​ស្ដេច តាយតេក (គ.ស ១២៩៧) 
នៅ​ពេល​ដែល​មុន​ធ្វើ​ពិធី​នេះ កូន​ស្រី​ត្រូវ​នៅ​ដេក​ក្នុង​បន្ទប់​ជា​មួយ​ឪពុក​ម្ដាយ លុះ​ដល់​ធ្វើ​ពិធី​នេះ​រួច​ហើយ កូន​ស្រី​ត្រូវ​បែក​ទៅ​ដេក​បន្ទប់​ដទៃ ហើយ​នាង​ចង់​ទៅ​ដេក​កន្លែង​ណា​ក៏​បាន តាម​ចិត្ត​ចង់​ឥត​មាន​នរណា​តាម​មើល​គយ​ឃ្លាំ​ឡើយ 
ចំពោះ​រឿង​រៀប​អាពាហ៍ពិពាហ៍​​វិញ ពិត​មែន​តែ​មាន​តម្រូវ​ឲ្យ​ជូន​លុយ​កាក់​ជាច្រើន ប៉ុន្តែ​គេ​មាន​អនុគ្រោះ​ច្រើន​ដែរ ។ មាន​ខ្លះ​គេ​អាច​ដេក​នៅ​រួមរ័ក​នឹង​គ្នា​ជាមុន​ទៅ​ហើយ ទើប​រៀបការ​ជា​ក្រោយ​ក៏​បាន ។ តាម​ប្រពៃណី​គេ​មិន​មាន​ចាត់​ទុក​ការណ៍​នេះ​ជា​ការ​គួរ​ខ្មាស​អៀន ឬ​ជា​ចម្លែក​ឡើយ 
នៅ​យប់​ដែល​ធ្វើ​ពិធី​ “ឆឺនថាន” នោះ ជួនកាល​នៅ​តែ​តាម​ផ្លូវ​មួយ​មាន​ដល់​ទៅ​ដប់​ផ្ទះ​ឯ​នោះ រៀប​ធ្វើ​ពិធី​នេះ ។ នៅ​តាម​ទីក្រុង អ្នក​ណា​ហ៊ាន​ដើរ​កាត់​ហ្វូង​ពិធី ពី​មុខ​លោក ឬ​តាបស​ទាំង​នេះ ច្បាស់​ជា​វង្វេង​វង្វាន់​ផ្លូវ​​ហើយ​ ណា​មួយ​ឮ​គឹក​កង​ស័ព្ទ​សូរ​ភ្លេង​គ្មាន​ចន្លោះ​ត្រង់​ណា​ទេ 
៩. អំពី​ទាសា​ទាសី
គេ​សុទ្ធ​តែ​ទិញ​មនុស្ស​ព្រៃ​យក​មក​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសា​ទាសី ។ អ្នក​ដែល​មាន​ច្រើន គឺ​ទាសា​ដល់​ទៅ​ជាង​មួយ​រយ​នាក់ ឯ​អ្នក​ដែល​មាន​តិច ក៏​ត្រឹម​ដប់ ម្ភៃ​នាក់​ដែរ លើក​លែង​តែ​អ្នក​ក្រ​បំផុត​ទើប​គ្មាន​សោះ 
ចំណែក​មនុស្ស​ព្រៃ​ទាំង​នោះ គឺ​ជា​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ​មាន​ជា​វង្សត្រកូល​មួយ​ហៅ​ថា​អាចោរ “ថុង” (ជង?) ។ ពួក​នេះ​បើ​មក​នៅ​កន្លែង​ណា​ហើយ មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ក្រៅ​ផ្ទះ​ឡើយ ។ ពួក​អ្នក​ស្រុក​ក្រុង គេ​ឈ្លោះ​គ្នា គេ​ជេរ​គ្នា​ថា អា​ថុងៗដូច្នេះ គេ​ខឹង​ខ្លាំង​ណាស់ ព្រោះ​ទុក​ជា​ការ​មើល​ងាយ​យ៉ាង​ធ្ងន់ ។ ក្មេងៗ​មាន​កម្លាំង​ពេញ គេ​លក់​បាន​តម្លៃ​មួយ​រយ ប៉ូវ” (កំណាត់​សំពត់) បើ​ចាស់ៗ ខ្សោយ​កម្លាំង​បាន​តែ​សាមសិប ឬ​សែសិប​ទេ 
ពួក​នេះ គេ​ឲ្យ​នៅ​តែ​ក្រោម​ផ្ទះ លុះត្រា​មាន​ការ​ប្រើ​ចាំ​បាច់​ទើប​គេ​អនុញ្ញាត​ឲ្យ​ឡើង​លើ​ផ្ទះ ហើយ​ត្រូវ​ឲ្យ​លុត​ជង្គង់​លើក​ដៃ​សំពះ​គេ​សិន ទើប​អាច​ដើរ​ចូល​ក្នុង​ផ្ទះ​បាន ។ គេ​ហៅ​ម្ចាស់​គេ​ថា ប៉ាថូ (ទំនង​មក​ពី​ពាក្យ ប៉ាតាវ ដែល​​នៅ​សល់​ក្នុង​ភាសា​ជនជាតិ​ដើម​ចារ៉ាយ​ហៅ​ឪពុក) ហៅ​ម្ចាស់​ស្រី​ថា មី (មេ ម្ដាយ។ ប្រសិនបើ​មាន​កំហុស​ត្រូវ​គេ​វាយ​ដំ​វិញ ពួក​នេះ​សុខ​ចិត្ត​ជ្រប់​មុខ​បណ្ដោយ​ឲ្យ​គេ​វាយ​តាម​ចិត្ត​ មិន​ហ៊ាន​រើ​បម្រះ​ឡើយ ។ ពួក​នេះ​ស្រី‑ប្រុស គេ​យក​តែ​គ្នា​គេ​ជា​ប្ដី‑ប្រពន្ធ គ្មាន​សិទ្ធិ​យក​អ្នក​ដទៃ​ឡើយ ។ បើ​មាន​ពួក​ចិន​ទៅ​នៅ​ស្រុក​នោះ​យូរ លួច​រួមរ័ក​ជាមួយ​ស្ត្រី​ពួក​នោះ ដោយ​ការ​ស្រេក​ឃ្លាន​កាម​តណ្ហា ហើយ​ម្ចាស់​គេ​ទាន់ នោះ​អ្នក​ផង​គេ​លែង​ឲ្យ​ចិន​នេះ​អង្គុយ​ជា​មួយ​គេ​ហើយ ព្រោះ​ខ្លួន​លួច​លាក់​ជាមួយ​ពួក​ទាសៈ ។ បើ​ពួក​ទាសៈ​ទាំង​នេះ ទាក់ទង​លួច​លាក់​ជាមួយ​អ្នក​ក្រៅ រហូត​ដល់​មាន​ផ្ទៃ​ពោះ កើត​បាន​ជា​កូន​ទៅ ក៏​ចៅហ្វាយ​នាយ​ឥត​សួរ​រក​ហេតុ​ផល​ឡើយ ។ បាន​ជា​គេ​មិន​សួរ​មក​ពី​គេយល់​ថា បើ​ទាសៈ​នោះ កាល​ណា​បាន​កូន​មក នឹង​បាន​ផល​ដល់​គេ ព្រោះ​ថ្ងៃ​ក្រោយ​គេ​នឹង​ចម្រើន​ទាសៈ​ឡើង​ទៀត 
បើ​ទាសៈ​ណា​លួច​រត់ ហើយ​គេ​តាម​ចាប់​បាន​មក​វិញ គេ​ត្រូវ​យក​មក​សាក់​មុខ ចំ​កណ្ដាល​ថ្ងាស់​ពណ៌​ខៀវ ជា​គ្រឿង​ចំណាំ ហើយ​គេ​ដាក់​ឃ្នាង​ជាប់​នឹង​ក ជួន​ដាក់​ឃ្នាង​ជាប់​ទាំង​ដៃ​ជើង​ទៀត​ផង 

0 ការពិគ្រោះ:

Post a Comment

Booking.com