១០. អំពីភាសា
ភាសាចិន មានសម្លេងប្រហាក់ប្រហែលនឹងភាសាអ្នកស្រុកនេះដែរ តែនិយាយប្រាស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះមានភាសាមួយពិសេស ទោះបីជាភាសាអ្នកជិតខាងខ្លួនដូចជា ចាម ឬសៀម ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ ។ ១ គេថាបួយ ២ ថាព័ក ៣ ថាបេក ៤ ថាពួន ៥ ថាពុណាំ ៦ ថាពុណាំបួយ ៧ ថាពុណាំព័ក ៨ ថាពុណាំបេក ៩ ថាពុណាំពួន ១០ ថាតាប់ ។ គេហៅឪពុកថា“ប៉ាថូ” ឪពុកធំ ឪពុកមាក៏ហៅ ប៉ាថូ ដែរ ។ ម្ដាយ គេហៅ “មី” ឯម្ដាយមីង និងស្ត្រីអ្នកជិតខាងក៏គេហៅមីដែរ ។ បងស្រី ប្រុស ហៅថា “ប៉ង” ប្អូនប្រុសស្រី ហៅថា “ផូវអ៊ូង” ។ មាខាងម្ដាយហៅថា “ងាកឡៃ” ឯប្ដីរបស់ម្ដាយមីងខាងឪពុក ហៅថា “ពូឡៃ” ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា ។ ឧបមាដូចពាក្យ “នេះមនុស្សទាសាំ ជាប្អូន គេថាៈ ផូងអ៊ូង‑ទាសាំ” ពាក្យថា “នេះមនុស្ស លីស៊ឺមាខាងឪពុក” គេថា “ងានឡៃលីស៊ឺ” ឧបមាមួយទៀត ដូចពាក្យគេហៅចិនថា “ពីស៊ី” ហៅមន្ត្រីថា “ប៉ាតេង” ហៅអ្នកប្រាជ្ញថា “ប៉ានឃាប” លុះដល់គេចង់ថា មន្ត្រីចិន ឬ អ្នកប្រាជ្ញចិន គេមិនថា ពីស៊ីប៉ាតេង ឬ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី ឬ ប៉ានឃាបពីស៊ី ទៅវិញ ។
ទាំងនេះ គ្រាន់តែលើកយកជាឧទាហរណ៍គោលៗទេ ។ មួយយ៉ាងទៀត គឺមន្ត្រីគេនិយាយតាមបែបមន្ត្រី អ្នកប្រាជ្ញនិយាយគ្នាតាមភាសាអ្នកប្រាជ្ញ លោកសង្ឃ ឬតាបសក៏មានពាក្យសម្ដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស ឯអ្នកស្រែចម្ការក៏និយាយប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិនទេ ។
១១. អំពីមនុស្សព្រៃ
មនុស្សព្រៃមាន ២ បែប ។ មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង ។ មួយពួកទៀត គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការចម្រើន ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ ។ ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង ។ បើដើរទៅជួបនឹងសត្វព្រៃ គេបាញ់នឹងព្រួញ ឬពួយនឹងលំពែង បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើងចម្អិនសត្វ រួចអង្គុយដំកង់ចែកគ្នាស៊ី ។ រួចហើយដើរទៅទៀត ។ ពួកនេះកាចសាហាវណាស់ តែងសម្លាប់គ្នានៅក្រុមជាមួយ ហើយចេះផ្សំថ្នាំពិសពូកែសក្ដិសិទ្ធណាស់ ។ នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសណ្ដែកគួ ដើមក្រវាញ និងដាំកប្បាសត្បាញសំពត់ជាវិជ្ជាជីវៈ ។ សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង ។
១២. អំពីអក្សរសាស្ត្រ
លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាឯកសារផ្លូវការជាដើម សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង ឬ ស្បែកដទៃទៀត ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ ។ គេកាត់ស្បែកនោះឲ្យមានទំហំធំ ឬតូច ទៅតាមសេចក្ដីត្រូវការ និងយកម្សៅម៉្យាងមកប្រើ មានសណ្ឋានដូចដីសនៅស្រុកចិន ដោយលញ់ឲ្យវែង ចិតចុងស្រួច គេហៅថា សោ ហើយគេសរសេរដោយដៃបានជាប់ដិតល្អណាស់មិនងាយនឹងរលុបឡើយ ។ កាលណាគេសរសេរហើយ គេយកដីសនោះមកសៀតនឹងត្រចៀក នាំឲ្យគេចំណាំបានថាអ្នកនេះ ហើយជាអ្នកសរសេរ ។ បើសរសេរហើយ ត្រូវការលុបវិញតោងប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅវិញ ។ អក្សរនេះ មានសណ្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នោះដែរ ។ ការសរសេរជាលិខិតអ្វីក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ មិនមែនសរសេរពីលើចុះក្រោមទេ ។ ខ្ញុំឮអ៊ាសាយហាយ៉ា និយាយថា ស្រៈនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ ។ កាលនោះ គ្មានអត្ថបទបោះពុម្ពទេ ប៉ុន្តែមានអ្នកនិពន្ធ និងអ្នកតែងពាក្យពេចន៍ដែរ ។
១៣. អំពីពេលចូលឆ្នាំ
គេយកខែទី១០ របស់ចិនធ្វើជាខែទី១ ហើយខែនោះមានឈ្មោះថា កាតិ (កក្ដិក?) ។ នៅពីមុខវាំង គេមានសង់វេទិកាមួយយ៉ាងធំ ដែលអាចដាក់បានមនុស្សជាងមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និងផ្កាភ្ញីជាដើម លម្អនៅលើថ្នាក់នោះ ។ នៅពីមុខ ដែលឃ្លាតពីទីនេះប្រមាណជា ២០០ ហត្ថ មានទីលានមួយទៀត គេបន្តឈើធ្វើជារោងរន្ទា ដែលមានកំពស់ដល់ទៅជាង ២០០ ហត្ថ ។ ក្នុងយប់នោះ គេមានអុជកាំជ្រួច រន្ទា ឬ ផាវ បី‑បួន ឬ ប្រាំកន្លែង ។ នៅក្នុងរោងនោះ មានសុទ្ធតែមន្ត្រីធំ‑តូច គ្រប់ជាន់ថ្នាក់ ។ វេលានោះ ស្ដេចក៏យាងចេញមកទត កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចម្ងាយ ១០០ លី តែគេអាចមើលឃើញ និងស្ដាប់ឮសូរយ៉ាងច្បាស់ ឮខ្លាំងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង ។
មន្ត្រី និងញាតិវង្សទាំងអស់ចែកគ្នាកាន់ទៀន និងម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើន ។ នៅក្នុងពិធីនេះ ស្ដេចបានអញ្ជើញពួកទូតបរទេសទៅចូលរួបរួមផងដែរ ។ គេធ្វើដូចនេះ អស់រយៈកន្លះខែបានចប់ ។
នៅក្នុងខែនិមួយៗសុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់ ពិធីនេះ គេហៅប្រជុំមនុស្សមកចូលក្នុងទីក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង ។ ខែទី៥ គេទទួលយកទឹកមន្តព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយពេញទាំងអាណាចក្រ យកមកស្រោចស្រង់ថ្វាយព្រះរាជាជម្រះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក) ឯស្ដេចយាងឡើងលើកើយប្រាសាទ ទតមកពិធីនេះ ។ ខែទី៧ ធ្វើពិធីដុតភ្នំស្រូវ ។ ពេលនោះ ស្រូវទើបនឹងទុំថ្មី គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ ។ មានស្រីៗជាច្រើនណាស់ជិះរទេះ ឬជិះដំរី នាំគ្នាមកមើលពិធីនេះ ឯព្រះរាជាមិនចេញមកក្រសាលទតពិធីនេះទេ ទ្រង់គង់នៅឯព្រះដំណាក់ ។ ខែទី៨ ធ្វើពិធី អៃឡាំ ពិធីនេះគឺគេរាំរែក ។ គេចាត់អ្នករាំ និងអ្នកភ្លេងពូកែៗឲ្យចូលទៅរាំអៃឡាំ ឯក្នុងវាំងរាល់ៗថ្ងៃ ។ ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត ។ ពិធីនេះ ស្ដេចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ ។ គេធ្វើដូច្នេះ រហូតដល់គ្រប់ដប់ថ្ងៃ ។ ឯខែដទៃទៀត ខ្ញុំមិនបានកត់ត្រាឲ្យច្បាស់លាស់ទេ ។ អ្នកស្រុកនេះ ក៏មានអ្នកចេះវិជ្ជាតារាសាស្ត្រដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច ឬសូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃ‑ខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ ។ បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើកខែដែរ ។ ខែដែលត្រូវលើកនោះ គឺខែទី៩ ប៉ុន្តែខ្ញុំមិនបានដឹងការនេះសព្វគ្រប់ទេ ។ ក្នុងមួយយប់ គេចែកចេញជាប្រាំយាម ។ ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគ្នានៅស្រុកចិន ហៅថា កាយ‑ពី‑ភៀន‑ជូ ។
អ្នកស្រុកនេះ គ្មានប្រើនាមត្រកូល (សែ) គ្មានឈ្មោះ ហើយមិនចេះកត់ថ្ងៃខែកំណើតផង ភាគច្រើន គេយកឈ្មោះថ្ងៃដែលកើត ហៅជាឈ្មោះមនុស្ស ។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្អមធ្យម ពីរថ្ងៃអាក្រក់ ហើយថ្ងៃណាត្រូវចេញដំណើរបែរមុខទៅទិសបូព៌ ឬត្រូវឆ្ពោះទៅទិសបស្ចិម ។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ ។
ឆ្នាំទាំង ១២ មានយកសត្វជាដំណាងដូចឆ្នាំរបស់ចិនដែរ តែគេហៅឈ្មោះខុសគ្នា ឧបមាដូចគេហៅឆ្នាំសេះថា “ប៉ុកសាយ” ឆ្នាំមាន់ហៅថា “ឡាក់” ឆ្នាំជ្រូក ហៅថា “ចេកលូ” និងឆ្នាំគោ ហៅ “គូ” ជាដើម ។
0 ការពិគ្រោះ:
Post a Comment