Social Icons

កំណត់ហេតុរបស់ ជីវតាក្វាន់ (ត)

៦. អំពី​អ្នក​ស្រុក
​តាម​ទម្លាប់​របស់​ពួក​មនុស្ស​ដែល​មិន​ទាន់​ស៊ីវិល័យ ច្រើន​តែ​មាន​រូប​ឆោម​ខ្មៅ​គម្រីង​គម្រាំង មិន​និយម​ទៅ​នៅ​លើ​កោះ​ដែល​សម្បូណ៌​ដោយ​ទឹកទេ ចូល​ចិត្ត​តែ​នៅ​ក្នុង​ភូមិ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ ។ ទម្លាប់​បែប​នេះ​ជា​ការ​ពិត​ណាស់ 
ចំណែក​ស្ត្រី​ក្នុង​វាំង ឬ​ស្ត្រី​ក្នុង​ត្រកូល​ថ្កុំ​ថ្កើង​វិញ​មាន​សាច់​ស​ដូច​ចាន ព្រោះ​តែ​គេ​មិន​ងាយ​ប្រទះ​នឹង​កម្ដៅ​ថ្ងៃ​ឡើយ ។ តាម​ធម្មតា​ទាំង​ស្រី ទាំង​ប្រុស គ្មាន​ស្លៀក​ដណ្ដប់​អ្វី​ក្រៅ​ពី​សំពត់​មួយ​ផ្ទាំង​រុំព័ទ្ធ​ភ្ជាប់​នឹង​ចង្កេះ​នោះ​ទេ ។ គេ​លែង​ខ្លួន​ទុក​ដើម​ទ្រូង​នៅ​កណ្ដាល​វាល​ ឯ​សក់​បួង ជើង​ទទេ គ្មាន​ស្បែក​ជើង​ឡើយ ទោះ​ជា​ស្ត្រី​មហេសី​ស្ដេច​ក៏​ដោយ 
ព្រះ​មហាក្សត្រ​មាន​មហេសី​ប្រាំ​អង្គ គឺ​អគ្គមហេសី​មួយ​ និង​មហេសី​សាមញ្ញ​បួន​ប្រចាំ​ទិស​ធំ​ទាំង​បួន​ដែរ ។ ចុះ​ពី​នោះ​មក ខ្ញុំ​ឮ​ថា​មាន​ស្ត្រី​ស្នំ បួន​ពាន់ ឬ​ប្រាំ​ពាន់​នាក់ ហើយ​មាន​ចែក​ជា​ជាន់​ថ្នាក់ និង​មិន​ឲ្យ​ចេញ​ដើរ​ទៅ​ណា​មក​ណា​ផ្ដេស​ផ្ដាស់​ឡើយ ។ ខ្ញុំ​ចូល​ទៅ​ក្នុង​វាំង​ពេល​ណា ក៏​ឃើញ​ស្ដេច​ខ្មែរ​ចេញ​មក​ជា​មួយ​អគ្គ​មហេសី ហើយ​គង់​ប្រថាប់​នៅ​ក្នុង​ស៊ុម​មាស (បុស្បុក​ដែល​ជាទី​ប្រថាប់​ក្នុង​ក្រឡា​ព្រះ​គំនាល់) នា​ល្វែង​កណ្ដាល​ធំ​ទូលាយ ។ ចំណែក​មន្ត្រី អ្នក​ក្នុង​វាំង​វិញ នាំ​គ្នា​ទៅ​អង្គុយ​ក្នុង​ថែវ​ព័ទ្ធ​ជុំ​វិញ​តាម​លំដាប់​ថ្នាក់​យស​សក្តិ​រៀង​ខ្លួន ហើយ​នាំ​គ្នា​លប​មើល​ពី​ក្រោម​ស៊ុម​មាស​នោះ​មក ។ ខ្ញុំ​បាន​ចូល​ទៅ​ឃើញ​ម្ដង គឺ​ឲ្យ​តែ​នរណា​មាន​កូន​ក្រមុំ​ល្អ ច្បាស់​ជា​ត្រូវ​គេ​ហៅ​ឲ្យ​នាំ​ចូល​ទៅ​ក្នុង​វាំង ។ ពួក​ស្រី​នៅ​ខាង​ក្រោយ​នេះ ដែល​ដើរ​ច្រវាត់​ចេញ​ចូល​បម្រើ​គេ​ហៅ​ថា “តាំងកេឡាង” (ស្រឹង្គារ?) ។ ពួក​នេះ​មាន​ចំនួន​មិន​តិច​ជាង​មួយ​ពាន់ ឬ​ពីរ​ពាន់​នាក់​ទេ តែ​អាច​យក​ប្ដី​រស់​នៅ​ជាមួយ​អ្នក​ធម្មតា​បាន ។ ស្ត្រី​ទាំង​នេះ​សុទ្ធ​តែ​កោរ​សក់​ពី​លើ​ថ្ងាស់​បន្តិច​ ហាក់​ដូច​ជា​ពួក​អ្នក​បើក​ផ្លូវ​ទឹក​នៅ​ស្រុក​ចិន​ខាង​ជើង ហើយ​គេ​លាប​ជាតិ​ហិង្គុល​នៅ​ត្រង់​ជើង​សក់​ក្បែរ​គុម្ព​ត្រចៀក​ទាំង​សង​ខាង ។ នេះ​ហើយ​ជា​សញ្ញា​សម្គាល់​ពួក​ តាំងកេឡាង  ជេនគាឡាង គឺ​មាន​តែ​ពួក​នេះ​ហើយ​ដែល​អាច​ចូល​ក្នុង​វាំង​បាន ឯ​អ្នក​ថយ​ថោក​ពី​នេះ​ទៀត ចូល​ទៅ​កាន់​ផ្លូវ​ខ្វែង​ខ្វាត់​ខាង​ក្រោម​ប្រាសាទ​នោះ​មិន​បាន​ទេ 
ស្ត្រី​អ្នក​ភូមិ​ធម្មតា ក៏​បួង​សក់​ដែរ ប៉ុន្តែ​គ្មាន​សៀត​ស្នៀត​សក់ និង​តុប​តែង​លម្អ​លើ​សក់​ក្បាល ឬ​លម្អ​មុខ​ឡើយ ។ នៅ​ក​ដៃ​មាន​ពាក់​កង​មាស​នៅ​នឹង​ម្រាម​ដៃ មាន​ពាក់​ចិញ្ចៀន​មាស ។ ម្យ៉ាង​ទៀត ពួក​ជេនគាឡាង និង​អ្នក​នៅ​ក្នុង​វាំង​ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​លាប​ប្រេង​ក្រអូប​ដែល​ផ្សំ​ធ្វើ​ឡើង​ពី​ជាតិ​ឈើ​ក្រអូប និង​ក្រលៀន​ប្រើស 
គ្រប់​គ្រួសារ​ទាំង​អស់​សុទ្ធ​តែ​គោរព​ប្រណិបតន៍​ព្រះពុទ្ធ 
ក្នុង​ប្រទេស​នេះ មាន​មនុស្ស​ស្រី​ភេទ​ខ្លះ​ស្អាតៗ រាល់​ថ្ងៃ​តែង​ដើរ​ជា​ក្រុម​ដប់​នាក់ ឬ​លើស​ពី​នេះ ទៅ​ពាស​ពេញ​ទី​ផ្សារ​ជា​ញឹក​ញយ​ណាស់​មាន​បំណង​ទាក់​ទង​ពួក​ចិនៗ ដូរ​យក​របស់​មាន​តម្លៃ ដែល​ជា​ទម្លាប់​មួយ​មិន​ល្អ មិន​ថ្លៃ​ថ្នូរ​សោះ 
៧. អំពី​ស្ត្រី​សម្រាល​កូន
ស្រី​អ្នក​ស្រុក​នេះ ក្រោយ​ដែ​លសម្រាល​កូន​រួច​ទៅ គេ​យក​បាយ​ក្ដៅ​ប្រឡាក់​លាយ​អំបិល ហើយ​ញាត់​ចូល​ទៅ​ក្នុង​ទ្វារ​មាស លុះ​ដល់​បាន​មួយ​យប់​មួយ​ថ្ងៃ ទើប​គេ​យក​ចេញ​មក​វិញ ។ ការ​ធ្វើ​ដូច្នេះ ជា​ហេតុ​នាំ​ឲ្យ​មិន​សូវ​មាន​ជម្ងឺ និង​ឲ្យ​បាន​រួម​ទ្វារ​មាស​តូច​ដូច​ជា​ស្រី​ក្រមុំ​ទៀត​ផង ។ កាល​ខ្ញុំ​ទើប​នឹង​ដឹង​រឿង​នេះ​ដំបូង ឆ្ងល់​ថា ក្រែង​មិន​ពិត​ដូច្នោះ​ទេ​ដឹង ? ព្រោះ​ថា បើ​បាន​ជា​មាន​ប្ដី និង​មាន​កូន​ទៅ​ហើយ ចុះ​ម៉េច​ខ្លាច​គេ​ដឹង​រឿង​នេះ​ទៀត ? ប៉ុន្តែ​នៅ​នឹង​ផ្ទះ​ដែល​ខ្ញុំ​សំណាក់​នៅ​មាន​ស្រី​ម្នាក់​សម្រាល​កូន ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​លាស់ៈ នៅ​ក្រោយ​ពេល​សម្រាល​កូន​ហើយ មួយ​ថ្ងៃ​ទៀត ស្រី​នោះ​ពរ​​កូន​ខ្ចី​ទៅ​មុជ​ទឹក​ទន្លេ ដែល​ជា​ការ​ចម្លែក​មិន​ដែល​ជួប​ប្រទះ​ទេ 
នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ជួប​នឹង​គេ​ម្ដង​ណា គេ​តែង​ពោលថា ស្រី​ស្រុក​នេះ​ក្រាស់​ដោយ​កាម​តណ្ហា​ណាស់ ។ ក្រោយ​ពេល​ដែល​សម្រាល​កូន​ហើយ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គេ​ក៏​រួម​ដំណេក​ជា​មួយ​ប្ដី​ទៀត​ហើយ ។ បើ​ប្ដី​នោះ​បំពេញ​ចំណង់​ខ្លួន​មិន​បាន​ទេ នឹង​ត្រូវ​គេ​បោះ​បង់​ចោល​​ដូច​ពួក​បូយឆេង (ពួក​ដែល​គេ​ទិញ​ដាច់​មិន​ឲ្យ​ទៅ​នៅ​មាន​ប្រពន្ធ​កូន​ឡើយ) មិន​ខាន ។ ប្រសិន​ប្ដី​នោះ​មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​អស់​ពេល​ច្រើន​យប់ ចាប់​ពី​ដប់​យប់​ឡើង​ទៅ ច្បាស់​ជា​ត្រូវ​ប្រពន្ធ​ស្ដី​ឲ្យ​ថា ខ្ញុំ​មិន​មែន​ស្រី​ខ្មោច​ទេ តើ​ឲ្យ​ខ្ញុំ​ដេក​ម្នាក់​ឯង​ម្ដេច​នឹង​បាន ?” ។ ខ្ញុំ​ឮ​ថា​មាន​ស្ត្រី​ច្រើន​ណាស់​រក្សា​ទុក​សេចក្ដី​បរិសុទ្ធ​របស់​ខ្លួន ។ ស្រីៗ​ច្រើន​តែ​ឆាប់​ចាស់​ណាស់ ពី​ព្រោះ​តែ​គេ​ឆាប់​មាន​ប្ដី ឆាប់​មាន​កូន​ពេក ។ មនុស្ស​ដែល​មាន​អាយុ ២០ ឬ ៣០ គឺ​ប្រហែល​គ្នា​នឹង​ជនជាតិ​ចិន​ដែល​មាន​អាយុ ៤០ ឬ ៥០ ឆ្នាំ​ដូច្នោះ​ដែរ 

0 ការពិគ្រោះ:

Post a Comment

Booking.com