Social Icons

កំណត់ហេតុរបស់ ជីវតាក្វាន់ (ត)

៣. សម្លៀក​បំពាក់ និង គ្រឿង​អលង្ការ
អ្នក​ស្រុក​ទាំង​អស់ ចាប់​តាំង​ពី​ស្ដេច​ចុះ​ទៅ ទាំង​ស្រី​ទាំង​ប្រុស​សុទ្ធ​តែ​បួង​សក់​ទាំងអស់ ហើយ​គេ​លែង​ខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំ​វិញ​ខ្លួន របៀប​គេ​ចង​ពុង ហើយ​បើ​ត្រូវ​ការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​ធំ​ជាង​មុន មក​រុំ​ស្រោប​ថែម​ពី​លើ ។ ការ​ស្លៀក​ពាក់​នេះ មាន​លក្ខខណ្ឌ​ទៅ​តាម​ឋានៈ​ទៀត ។ ព្រះ​ពស្ត្រ​របស់​ស្ដេច មាន​តម្លៃ​ជា​មាស​បី ឬ​បួន​តម្លឹង គឺ​ល្អ​ដាច់​ពី​សម្លៀក​បំពាក់​អ្នក​ផង​ទាំង​ពួង ។ អ្នក​ស្រុក​នេះ ចេះ​ត្បាញ​សំពត់​ប្រើ​ហើយ តែ​មាន​ប្រើ​សំពត់​មក​ពី​ស្រុក​សៀម​ និង​ចាម​ផង​ដែរ ។ សំពត់​ពិសេស​មក​ពី​បស្ចិម​ប្រទេស​ដែល​មាន​សាច់​ម៉ដ្ធ​ល្អ មាន​តែ​ស្ដេច​ទេ​ដែល​មាន​ប្រើ គឺ​ជា​សំពត់​ផ្កា​សរសៃ​សូត្រ​ឆ្មារ ។ ស្ដេច​ពាក់​មកុដ​មាស បើ​ជួនកាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កម្រង​ផ្កា​ដូចជា​ផ្កា​ម្លិះ​ជា​ដើម ព័ទ្ធ​ជុំ​វិញ​ព្រះ​សិរ ។ នៅ​លើ​កំពូល​ព្រះ​កេស មាន​ស្នៀត​សក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀត​ផង ។ គ្រាន់​តែ​គ្រឿង​អលង្ការ​ដែល​ពាក់​នៅ​នឹង​ព្រះ​បាទ និង​ព្រះ​ហស្ត មាន​ទម្ងន់​ដល់​ទៅ​ជាង​បី​នាឡិ ។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់​ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​ភ្នែក​ឆ្មា ។ បាត​ព្រះ​ហស្ត​ និង​បាត​​ព្រះ​បាទ​មាន​លាប​ពណ៌​ក្រហម ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​មក​ម្ដងៗ​តែ​ងកាន់​ព្រះ​ខ័ន​មាស​មួយ​ជានិច្ច 
ចំណែក​ប្រជា​រាស្ត្រ​វិញ មាន​តែ​ស្ត្រី​ភេទ​ទេ​ដែល​អាចលាប​ថ្នាំ​ក្រហម​នៅ​បាត​ដៃ​បាត​ជើង​បាន ឯ​ប្រុសៗ​មិន​ហ៊ាន​លាប​ទេ ។ ព្រះ​ញាតិវង្ស និង​មន្ត្រី​ធំ​អាច​ប្រើ​កំណាត់​ផ្កា​រង្វើលៗ​បាន ឯ​មន្ត្រី​ធម្មតា​ប្រើ​បាន​តែ​ត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ត្រ​សាមញ្ញ បើ​ស្រីៗ​អាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​ដែរ 
ជនជាតិ​ចិន​ដែល​ទើប​នឹង​មក​ដល់​ប្រទេស​នេះ​ថ្មីៗ ទោះ​បី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំង​សង​ខាង ក៏​គេ​មិន​ថាអី​ដែរ ព្រោះ​គេ​សន្មត​ថា​ជា​ពួក​មិន​ទាន់​ដឹង​ទំនៀម អ្នក​​ស្រុក​​ហៅ​ថា ពួក​ង៉ានទីង ប៉ា ឆា (មិន​ដឹង​ភាសា?) 
៤. អំពី​មន្ត្រី
ប្រទេស​នេះ​មាន​រដ្ឋមន្ត្រី មេទ័ព និង​ហោរា ហើយ​មន្ត្រី​ក្រោម​ពី​នោះ មាន​ច្រើន​ឋានៈ​ទៀត ដូចជា​នៅ​ប្រទេស​ចិន​ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ ។ មន្ត្រី​ទាំង​នេះ​ភាគ​ច្រើន​ជា​ពូជ​ពង្ស​របស់​ស្ដេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើ​ជា​មន្ត្រី​ផង​ទាល់​តែ​អ្នក​នោះ​យក​កូន​ទៅ​ថ្វាយ​ឲ្យ​ធ្វើ​ជា​ស្នំ​ស្ដេច ។ ការ​ធ្វើ​ដំណើរ​នៃ​មន្ត្រី​ទាំង​នោះ គេ​សម្គាល់​តាម​គ្រឿង​ហែហម​តាម​ឋានៈ ។ អ្នក​ធំ​ជាង​គេ​អង្គុយ​លើ​គ្រែ​ស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស​បួន ។ អ្នក​បន្ទាប់​មក​ទៀត ​គ្រែ​ស្នែង​មាស​ក្លស់​ដង​មាស​ពីរ ចុះ​មក​ទៀត​មាន​គ្រែ​ស្នែង​មាស​ដែរ តែ​ក្លស់​ដង​មាស​មួយ ។ អ្នក​តូច​មក​ទៀត​គ្រែ​ស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស​មួយ ។ អ្នក​តូច​បន្ត​មក​ចេះ​តែ​ថយ​មក​ក្លស់​ដង​មាស​តែ​មួយ រួច​ក្លស់​ដង​ប្រាក់​មួយ​ ឥត​មាន​គ្រែ​ស្នែង 
ចំពោះ​មន្ត្រី​ដែល​ត្រូវ​ជិះ​គ្រែ​ស្នែង​ប្រាក់ និង​ក្លស់​ដង​មាស​មួយ​ឡើង​ទៅ សុទ្ធ​តែ​ហៅ​ថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នក​ដែល​មាន​តែ​ក្លស់​ដង​ប្រាក់ ហៅ​ថា “សីឡាត់ទី” (ស្រិស្ធិន?) ។ ក្លស់​នោះ​ គេ​យក​សំពត់​ជា​តី​សូត្រ​ដែល​ធ្វើ​មក​ពី​ប្រទេស​ចិន​ពាស ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី ។ ឯ​ឆ័ត្រ​តាំង​យូរ គេ​យក​សំពត់​សូត្រ​ពណ៌​ខៀវ​មក​ពាស ហើយ​ទម្លាក់​រំភាយ​ខ្លី​បន្តិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ាង​រលើប​ទៀត​ផង 
៥. អំពី​លទ្ធិ​សាសនា​បី​បែប
អ្នក​ចេះ​ដឹង (ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ានឃាប (ទំនង​មក​ពី​ពាក្យ​ បណ្ឌិត”) លោក​សង្ឃ​គេ​ហៅ​ថា ជូគូ (ប្រហែល​មក​ពី​ពាក្យ ចៅ​គូ”) ពួក​តាបស​គេ​ហៅ ប៉ាស៊ីវ៉ី (ប្រហែល​មក​ពី​ពាក្យ បស្វៈបស្វិ”) 
ដែល​ហៅ​ថា ប៉ានឃាប នេះ​មិន​ដឹង​ជា​រៀន​ពី​កន្លែង​ណា​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សាលា ឬ​ទី​កន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​ពួក​នេះ​ឯង​ដែល​ស្លៀក​ពាក់​ដូច​តែ​ជន​ធម្មតា​ដែរ ប៉ុន្តែ​មាន​ប្លែក​ត្រង់​ពាក់​អំបោះ​ស​វេញ​មួយ​ខ្សែ​នៅ​ក ហើយ​អំបោះ​នេះ ពាក់​ជាប់​នឹង​ក​អស់​មួយ​ជីវិត ។ គេ​តែង​រើស​យក​ពួក​ ប៉ានឃាប នេះ​ឯង ធ្វើ​ជា​មន្ត្រី ព្រោះ​គេ​ទុក​ជា​អ្នក​ចេះ​ដឹង​ជាន់​ខ្ពស់​ហើយ 
ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះកេស គ្រ​ង​ចីវរ​ពណ៌​លឿង​បញ្ចេញ​ស្មារ​ខាង​ស្ដាំ ហើយ​និមន្ត​ដោយ​ជើង​ទទេ ឥត​ពាក់​ស្បែក​ជើង​ឡើយ ។ ព្រះវិហារ​មួយ គេ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន ហើយ​នៅ​កណ្ដាល​ព្រះវិហារ​នោះ​មាន​តម្កល់​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ ដែល​មាន​ភិនភាគ​ដូចជា​ព្រះ​សក្យមុនី​ដែរ (តាម​មហាយាន គេ​ជឿថា មាន​ព្រះ​ពុទ្ធ​២​អង្គ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋាន​សួគ៌​នាម អាមិតាតៈនិង​ព្រះពុទ្ធ​ដែល​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម សក្យមុនី”) គេ​ហៅ​ថា “ពុតឡៃ” លាប​លន​ពណ៌​ក្រហម ដោយ​​គេ​យក​ដី​ស​មក​សូន​ធ្វើ​ ហើយ​លាប​ពណ៌​ផ្សេងៗ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពី​នេះ​ទេ ។ មាន​ព្រះ​ពុទ្ធរូប​តូចៗ​ច្រើន​អង្គ​ទៀត មាន​ព្រះ​ភក្ត្រ​មិន​ដូច​គ្នា​ទេ ច្រើន​តែ​កសាង​អំពី​ស្ពាន់ ហើយ​គ្មាន​ជួង ស្គរ រគាំង ទង់​អ្វី​ទាំងអស់ ។ ព្រះ​សង្ឃ​ឆាន់​ត្រី​សាច់​បាន តែ​មិន​ឆាន់​ស្រា​ទេ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំង​នេះ​ថ្វាយ​ព្រះ​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​និមន្ត​ទៅ​បិណ្ឌ​បាត​ពី​ផ្ទះ​បាសក​តែ​មួយ​ដង​ទេ ហើយ​គ្មាន​រៀប​ដណ្ដាំ​ស្ល​នៅ​ក្នុង​វត្ត​ឡើយ ។ លោក​ឆាន់​មួយ​ដង​ក្នុង​មួយ​ថ្ងៃ 
ធម៌​ដែល​លោក​សូត្រ​មាន​ច្រើន​ណាស់ គេ​ចង​ក្រង​នៅ​នឹង​ស្លឹក​តាលព្រឹក្ស ដិត​ស្នាម​អក្សរ​ពណ៌​ខ្មៅ តែ​មិន​មែន​សរសេរ​ដោយ​ជក់ ឬ​ខ្មៅ​ដុស​ឡើយ ។ ខ្ញុំ​មិន​ដឹង​គេ​សរសេរ​ដោយ​អ្វី​ទេ (ការ​ពិត​គេ​ចារ​ដោយ​ដែក​ចារ ហើយ​យក​ធ្យូង​លាយ​ប្រេង​មក​លុប ទើប​បាន​ជា​ស្នាម​ខ្មៅ​នេះ។ គេ​មាន​យក​គ្រែ​ស្នែង និង​ក្លស់​ដង​មាស​ ឬ​ដង​ប្រាក់​ មក​សែង​មក​បាំង​លោក​សង្ឃ​ដែរ ព្រោះ​ស្ដេច​តែង​ពិគ្រោះ​នឹង​ព្រះសង្ឃ ចំពោះ​បញ្ហា​ណា​ដែល​ធំៗ​របស់​ស្រុក​ទេស ។ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដូន​ជី​នៅ​ក្នុង​វត្ត​ទាំង​នោះ​ទេ 
រី​ឯ​ពួក​តាបស​ដែល​ហៅ ប៉ាស៊ីវ៉ី នេះ​ស្លៀក​ពាក់​ជា​អ្នក​ស្រុក​ធម្មតា​ដែរ តែ​មាន​ជួត​ក្បាល​កំណាត់​ពណ៌​ស ឬ​ពណ៌​ក្រហម របៀប​ដូច​ពួក​ស្រី​តារតា​នៃ​ជាតិ​ម៉ុងហ្គោល​ដែរ តែ​ទាប​ជាង​បន្តិច ។ ពួក​នេះ​មាន​វត្ត​ដូច​ព្រះ​សង្ឃ​ពុទ្ធសាសនា​ដែរ តែ​មាន​ទំហំ​តូច​ជាង ។ លទ្ធិ​ពួក​តាបស​នេះ គ្មាន​ឥទ្ធិពល​ខ្លាំង​ដូច​សាសនា​ព្រះពុទ្ធ​ទេ ។ ពួក​គេ​គោរព​ចំពោះ​តែ​ថ្ម​មួយ​ដុំ​ធំ (លិង្គ) ដូច​ថ្ម​រូប​អ្នក​តា​ព្រះ​ស្រុក​ដូច្នោះ​ដែរ ។ ប្រភព​ក្ដី របៀប​ប្រតិបត្តិ​នៃ​ពួក​នេះ​ក្ដី ខ្ញុំ​ពុំ​បាន​ដឹង​ទេ ។ ពួក​នេះ​មាន​ដូន​ជី ហើយ​វិហារ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន​ដែរ ។ ពួក ប៉ាស៊ីវ៉ី មិន​បរិភោគ​របស់​អ្នក​ដទៃ​ទេ ហើយ​មិន​បរិភោគ​នៅ​ចំពោះ​​ទី​សាធារណៈ​ផង ហើយ​មិន​សេព​សុរា​ជា​ដាច់​ខាត ។ ខ្ញុំ​មិន​ដែល​ឃើញ​តាបស​សូត្រ​ធម៌ ឬ​ក៏​ធ្វើ​អំពើ​អ្វី​ជា​ប្រយោជន៍​អ្នក​ផង​ច្បាស់​នឹង​ភ្នែក​ម្ដង​ណា​ឡើយ 
ចំណែក​ក្មេង​កូន​អ្នក​ស្រុក​វិញ ដែល​ត្រូវ​ការ​រៀន​សូត្រ​ គេ​តែង​យក​ទៅ​ទុក​ដាក់​រៀន​ជាមួយ​ព្រះសង្ឃ​ ហើយ​បួស​ជា​សង្ឃ​ផង លុះ​ដល់​អាយុ​ច្រើន​ក៏​វិល​ត្រឡប់​មក​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ ។ ឯ​ការ​ល្អិត​ល្អន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​បាន​ដឹង​ឲ្យ​ច្បាស់​លាស់​ឡើយ 

0 ការពិគ្រោះ:

Post a Comment

Booking.com