១៤. អំពីការកាត់ក្ដី
រឿងប្រជារាស្ត្រក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាចប៉ុន្តែជាការមួយគួរឲ្យចង់ដឹងចង់ឮដែរ ។
រឿងក្ដីក្ដាំរបស់រាស្ត្រ សុទ្ធតែឡើងគាល់រហូតដល់ស្ដេចឲ្យជម្រះក្ដី ។ ដើមឡើយ ស្ដេចឥតមានវាយតប់ដោយរំពាត់ធំឬតូចឡើយ មានតែពិន័យជាមាសប៉ុណ្ណោះ ។ បើអ្នកនោះមានៈមិនព្រមធ្វើតាម ឬមានទោសធ្ងន់នោះ គេមិនចាប់ចងយកទៅប្រហារជីវិតដែរ គ្រាន់តែនាំចេញទៅទ្វារខាងលិច ហើយឲ្យជីករណ្ដៅកប់អ្នកទោសនោះ និងយកដីឬថ្មកប់គ្របពីលើប៉ុណ្ណោះ ។
ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ ។ រឿងសហាយស្មន្ធ និងលេងល្បែង ឥតមានហាមឃាត់ទេ ។ បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ ទៅចងគាបជើងរបស់ប្រុសសហាយនោះឲ្យឈឺស្ទើរនឹងស្លាប់ ។ បក្សពួកខាងប្រុសទាំងប៉ុន្មានត្រូវរួចខ្លួន ។ ឯអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ ។ បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅទីវាលក្រៅទីក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសពអ្វីទេ ។ បើគេចាប់បានចោរ ក៏អាចនាំទៅឃុំឃាំងសួរចម្លើយដែរ តែមានការគួរឲ្យអស់សំណើច គឺថាបើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព គេនឹងយកខ្ទះមកដាំខ្លាញ់ឲ្យក្ដៅមែនទែន ហើយគេឲ្យជននោះ លូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះឯង ។ បើជននោះជាចោរមែនក៏ត្រូវរលាករលួយដៃ បើមិនមែនជាចោរទេ ឥតមានរលាកឡើយ ។ គេប្រាប់ខ្ញុំថា អ្នកស្រុកនេះចេះមន្តអាគមពូកែណាស់ ។ ម៉្យាងទៀត បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីថា នរណាត្រង់វៀចមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំងមានប្រាសាទថ្មតូចៗ ១២ ខ្នង ហើយបញ្ជាកូនក្ដីឲ្យចូលទៅអង្គុយក្នុងប្រាសាទនោះមួយម្នាក់ ។ គេឲ្យអង្គុយតាំងពីមួយថ្ងៃ ពីរ បី ឬបួនថ្ងៃទៅ បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្តុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អកក្ដៅផ្ដាសាយដែរ ។ ឯអ្នកទៀងត្រង់ឥតមានផលរមាស់អ្វីឡើយ ។ ការវិនិច្ឆ័យដូច្នេះ គេហៅថា គុកសួគ៌ ។ រឿងធ្វើដូច្នេះបាន មកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្តិសិទ្ធិណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត ។
១៥. អំពីជម្ងឺស្រែង
អ្នកស្រុកមានកើតជម្ងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្តមុជត្រាំក្នុងទឹក ហើយឧស្សាហ៍កក់លាងសក់ក្បាល តែងមានកើតជម្ងឺស្រែងច្រើនណាស់ ។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ ។
ខ្ញុំឮគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជម្ងឺមួល បណ្ដាលឲ្យស្លាប់អស់ ៨‑៩ នាក់ដែរ ក្នុងបណ្ដាមួយពាន់នាក់ ។ នៅទីផ្សារ មានលក់ថ្នាំសម្រាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្តអាគមដើរព្យាបាលរោគឲ្យគេជាការគួរអស់សំណើចណាស់ ។
១៦. អំពីមរណភាព
មនុស្សស្លាប់ គេឥតមានដាក់ក្ដារមឈូូសទេ គេយកតែកន្ទេលក្រាលពីក្រោម យកកំណាត់សំពត់គ្របពីលើ ហើយគេយកទៅព្រៃហើយ ។ កាលពីដើម គេក៏ប្រើទង់ព្រលឹង និងភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីមុខ បាចតាមផ្លូវនាំមុខខ្មោច លុះសែងទៅដល់ក្រៅក្រុងដល់កន្លែងណាស្ងាត់ គេដ៏ដាក់ចោលខ្មោចនោះហើយត្រឡប់មកវិញ ។ បើមានសត្វខ្លែង ឬតិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថា ឪពុកម្ដាយនោះ មានភ័ព្វបានសុខសប្បាយល្អណាស់ តែបើគ្មានសត្វស៊ីសោះ ឬមានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា ឪពុកម្ដាយនេះ មានពៀរមានទោសទើបបានជាដូច្នេះ ។
លុះមកដល់គ្រាឥឡូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ ។ ពួកអ្នកដែលមានជាប់ពូជជាកូនចៅចិន ឪពុកម្ដាយស្លាប់ទៅ គេឥតស្លៀកពាក់សកាន់ទុក្ខទេ ។ ប្រុសគ្រាន់តែកោរសក់ ស្រីគេគ្រាន់តែកាត់សក់ខាងមុខធ្លាក់មកលើថ្ងាស់ប៉ុនមួយទះ ក៏ចាត់ជាការកាន់ទុក្ខហើយ ។
ចំណែកស្ដេចវិញ មានប្រាសាទសម្រាប់កប់ ប៉ុន្តែមិនដឹងជាកប់ខ្លួនទាំងមូល ឬកប់តែឆ្អឹងទេ ។
១៧. អំពីការភ្ជួរដាំ
ប្រហែលជាក្នុងមួយឆ្នាំ គេអាចសាបព្រោះ និងច្រូតស្រូវបានបី ឬបួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួលល្អ ដូចជានៅខែទី៥ ទី៦ ដែរ ។ ម៉្យាងទៀត ស្រុកនេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល ឬទឹកកកឡើយ ។ ស្រុកគេ កន្លះឆ្នាំមានភ្លៀង កន្លះឆ្នាំឥតមានភ្លៀងសោះ ។ ចាប់តាំងពីខែ៤ ដល់ខែទី៩ តែដល់ពេលរសៀល មានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុងសមុទ្ទទឹកសាប (ទន្លេសាប) ជោរឡើងមានកម្ពស់ ៧០ ឬ ៨០ ហត្ថ ។ ដើមឈើធំៗលិចនៅសល់តែចុង ឯពួកអ្នកស្រុករស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រកខាងក្រោយភ្នំវិញ ។
ចាប់ពីខែទី១០ ដល់ខែទី៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយតំណក់ទេ នៅក្នុងសមុទ្ទទឹកសាបនោះ ធ្វើដំណើរបានតែដោយកូននាវាតូចៗទេ ។ ត្រង់កន្លែងទឹកជ្រៅ មានជម្រៅតែត្រឹម ៣ ឬ ៥ ហត្ថប៉ុណ្ណោះ ។ ពេលនោះអ្នកស្រុករើទីលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរដាំវិញ ។ ចំពោះស្រូវដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម ។ គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សារៀងខ្លួន ។ គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ ។ ចប និងកណ្ដៀវរបស់គេ ពិតមែនតែមានសណ្ឋានប្រហាក់ប្រហែលគ្នានឹងរបស់ចិនដែរ តែមិនដូចគ្នាឡើយ ។
មានស្រែព្រៃមួយបែបទៀត គេមិនព្រោះដូចស្រូវធម្មតាទេ ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់កម្ពស់ ១០ ហត្ថ ក៏ស្រូវលូតលាស់កម្ពស់នោះដែរ ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ ។ ស្រែអំពក និងថ្នាលបន្លែ គេមិនប្រើគ្រឿងស្មោគគ្រោកដែលជាហេតុនាំឲ្យមិនស្អាតនោះទេ ។ ពួកចិនដែលទៅដល់ស្រុកនោះ ក៏គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនឲ្យពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ ។ នៅក្នុងផ្ទះពីរបីខ្នង គេជីករណ្ដៅបង្គន់អាចម៍មួយហើយគេប្រក់ស្បូវ ។ ដល់កាលណាពេញទៅនោះ គេលប់ចោលវិញ ហើយទៅជីករណ្ដៅមួយទៀត ។ នៅរាល់ពេលដែលបន្ទោរបង់រួច គេតែងតែចុះទៅលាងឯក្នុងស្រះឲ្យបានស្អាតជានិច្ច តែគេយកតែដៃឆ្វេងទៅលាងទេ ឯដៃស្ដាំ គេទុកបរិភោគបាយ ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយ យកក្រដាសកិតគេសើច ថែមទាំងមិនចង់ឲ្យឡើងលើផ្ទះគេទៀតផង ។ ស្រីៗស្រុកនេះ បត់ជើងតូចក៏ឈរដូចប្រុសដែរ ជាការគួរឲ្យអស់សំណើចណាស់ ។
0 ការពិគ្រោះ:
Post a Comment