១៨. អំពីទឹកដី
ចាប់តាំងពីចូលក្នុងស្រុក “ចេងផូវ” មក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង មានដើមឈើធំចាស់បុរាណ និងគុម្ពផ្ដៅស៊ុបទ្រុបចម្ងាយរាប់រយលី ហើយមានសម្លេងបក្សាបក្សីស្រែកទ្រហឹងអឺងកង នៅទីនោះផង ។ លុះទៅដល់ពាក់កណ្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ ។
មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ ។ មានឫស្សីដុះជាប់គ្នាជាដងព្រៃ មានចម្ងាយរាប់រយលី ហើយឫស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង ។ ទំពាំងឫស្សីមានរសជាតិហាងខ្លាំងណាស់ ហើយនិងមានភ្នំនៅគ្រប់ទិសទាំងបួនទៀតផង ។
១៩. អំពីផលានុផល
ស្រុកនេះមានភ្នំច្រើន និងមានដើមឈើប្លែកៗ ។ កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាស និងដំរីរស់នៅ ។ ពពួកសត្វស្លាបដ៏មានតម្លៃ និងសត្វម្រឹគដ៏ប្លែកៗ មានច្រើនឥតគណនា ។ មានសត្វចចាតពណ៌ និងរោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង) ប្រេងសំរោង (តៃហួងជឺ)... ។
ចចាតជាសត្វព្រៃមួយបែប គេកម្រចាប់វាបានណាស់ ។ នៅក្នុងព្រៃមានស្រះ ឬត្រពាំង ហើយនៅក្នុងទឹកនោះ មានត្រីជាច្រើន ។ សត្វចចាត វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ ។ ពួកអ្នកព្រៃ គេយកស្លឹកឈើបិទបាំងខ្លួន ហើយទៅអង្គុយនៅក្បែរមាត់ទឹក ។ គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល គឺនៅនឹងដៃគេមានកាន់កូនលប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលនោះមកជិត គេក៏គ្របលប់នោះយកវា ។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច ជួនកាលចាប់ឥតបានសោះក៏មានដែរ ។ ភ្លុកដំរី មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន ។ ដំរីមួយស្រុតស្លាប់ទៅនៅសល់តែភ្លុកមួយគូប៉ុណ្ណោះ ។ ដូច្នេះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដងនោះ មិនពិតទេ ។ ភ្លុកណាដែលចាក់នឹងច្បូក ឬលំពែងបានមក គេទុកជាភ្លុកល្អលេខមួយ បើភ្លុកដែលគេបានដោយឃើញថាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជាភ្លុកល្អលេខពីរ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ គេចាត់ជាធុនអន់ជាងគេ ។
ក្រមួនឃ្មុំគេរកបានពីដើមឈើចាស់ៗ នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ ដូចសត្វអង្ក្រង វាធ្វើសម្បុក ។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត ។ ផ្លិតណាដែលធំជាងគេមានទម្ងន់ដល់ទៅ ៣០‑៤០ នាឡិ ឯផ្លិតណាដែលតូចក៏មិនតិចជាង ១៨ ឬ ១៩ នាឡិដែរ ។
កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ ហើយបើខ្មៅវិញ គេទុកជាកុយអន់មិនសូវល្អ ។
ឈើចន្ទន៍ក្រស្នា ដុះតែនៅក្នុងព្រៃស្បាត ព្រៃស្ដុក ។ អ្នកស្រុកទៅកាប់យកមកបានដោយពិបាកណាស់ ព្រោះជាឈើដែលមានខ្លឹម ។ ឈើនេះមានសាច់ស្រាយកម្រាស់ ៨ ឬ ៩ តឹក ។ ទោះបីដើមតូចក៏មានសាច់ស្រាយ ៤ ឬ ៥ តឹកដែរ ។
ក្រវាញ គឺជាពួកអ្នកព្រៃ គេដាំនៅលើភ្នំ ។
ជ័រចុង គឺជាជ័រឈើមួយយ៉ាងដែលអ្នកស្រុកនេះ គេយកកាំបិតទៅចោះឈើសម្រក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មកទើបគេទៅយកជ័រនោះមក ។ បញ្ញើក្អែកជីកេង (អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើសាំនឹងគេដូច្នេះដែរ ហើយគេកម្រនឹងរកបានណាស់ ។
ប្រេងសំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសណ្ឋានដូចផ្លែដូងល្អិតមូលៗ ។ នៅក្នុងផ្លែនោះមានគ្រាប់ជាច្រើនទៅទៀត ។ ឯម្រេច ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូចផ្លែស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់ផង ។
២០. អំពីរបរជំនួញ
អ្នកស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះ ពួកចិនៗគេត្រូវរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំណេញច្រើនដោយគេប៉ិនប្រសប់រកស៊ី ។ រាល់ថ្ងៃ គេទៅលក់តាំងពីភ្លឺព្រាងៗដល់ពេលថ្ងៃត្រង់ទើបឈប់ ហើយពួកនេះគ្មានគ្រែ ឬផ្ទះសម្រាប់ដាក់លក់ឥវ៉ាន់ទេ គេច្រើនតែក្រាលវត្ថុ ហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតម្រៀបគ្នា ។ ខ្ញុំឮគេថា មានបង់ឈ្នួលដីជាលុយឲ្យពួកមន្ត្រីទៀតផង ។
ជំនួញតូចតាច គឺគេជួញស្រូវអង្ករ និងរបស់ដែលធ្វើមកពីស្រុកចិន ។ បន្ទាប់មក មានលក់ដូរកំណាត់សំពត់ផ្សេងៗ ។ ជំនួញធំ គឺគេជួញមាសប្រាក់ ។ តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសម្បើមណាស់ ទុកដូចបានជួបនឹងព្រះ ហើយក្រាបក្បាលគោរពទៀតផង ។ លុះមកដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់ និងមើលងាយចិន ដោយហេតុមកពីមានមនុស្សទៅច្រើនពេក ។
២១. ទំនិញចិនដែលគេត្រូវការ
អ្នកស្រុកនេះ គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលលេខ១ កំណាត់មានពណ៌ទាំងប្រាំជាលេខ២ ។ បន្ទាប់មក គេត្រូវការសំណមកពីស្រុកកេងជីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ ថូផ្កាពណ៌មកពីស្រុកជួរជីវ និងទឹកប្រាក់ ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប ឫសប៉េកជី ក្រលៀនប្រើស សំពត់សរសៃឆ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាស់ស្ពាន់ គជ់ ម្រ័ក្សណ៍ ក្រាសឈើ ម្ជុល ជាដើម ។ ក្រៅពីនេះ របស់ដែលធំៗដូចជាកន្ទេលស្រុកម៉េងជីវ ដែលគេពេញចិត្តបំផុត គឺមានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ ។
0 ការពិគ្រោះ:
Post a Comment