២២. អំពីស្មៅ និង ដើមឈើ
មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេមម៉ា ចេក ដូចនៅស្រុកចិនដែរ ។ គូលែន និងក្រូចឃ្វិច ក៏មានរាងរៅដូចតែជូរ ។ ក្រៅពីនេះ មានឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ ហើយប្លែកៗទៀតផង ។ មានផ្កាជាច្រើន ដែលល្អៗ ហើយមានក្លិនក្រអូបណាស់ ។ ផ្កាដែលដុះនៅក្នុងទឹកក៏មានជាច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថា ជាឈ្មោះផ្កាអ្វីទេ ។ ចំណែកដើមថោ លីហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលូយ ឈើប្រភេទអស់នេះ គ្មានទេ ។ នៅស្រុកនោះខែទី១ ក៏មានផ្កាឈូកដែរ ។
២៣. អំពីសត្វស្លាប
បណ្ដាសត្វស្លាប ឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និងចាបពូកជាដើមសុទ្ធតែមានទាំងអស់ ។ សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង (ក្ងានព្រៃ) អ៊ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ) ... ។
២៤. អំពីសត្វជើងបួន
សត្វចតុបាទ មានរមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន ។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និងកញ្ជ្រោងជាដើម សុទ្ធតែមានច្រើនណាស់ ។ សត្វដែលស្រុកនេះគ្មាន គឺ តោស៊ីងស៊ីង (ស្វាគីងកុង) និងឱដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង ពពែ មានច្រើនក្រៃលែង ។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗ ក៏មានច្រើនណាស់ដែរ ។ សត្វគោនៅរស់ គេហ៊ានជិះតែដល់វាស្លាប់ទៅ គេមិនហ៊ានស៊ី និងមិនហ៊ានវះយកស្បែកវាទេ គេទុកឲ្យវារលួយទៅតាមចិត្តចុះ ពីព្រោះវាធ្លាប់ជួយដល់កម្លាំងមនុស្សលោក ។ វាធ្លាប់តែអូសរទេះ ។ ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្តែឥឡូវនេះមានហើយ ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ ។ កណ្ដុរស្រុកនេះធំៗដូចសត្វឆ្មា ហើយមានកណ្ដុរមួយមុខទៀត មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ ។
២៥. អំពីបន្លែបង្ការ
បន្លែមានត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។ បន្លែដែលគ្មានសោះ គឺឆាយថៅ ស្ពៃខៀវ ខូវចេង ប៉ោឡេង ជាដើម ។ បន្លែដូចជាត្រប់ ឪឡឹក ត្រសក់ ត្រឡាចជាដើម តែដល់ខែទី១ មានហើយ ។ ដើមត្រប់មានដុះរាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន ។ ដើមគរខ្ពស់ៗ ជាងផ្ទះទៅទៀត អាយុជាង ១០ ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ ។ មានបន្លែច្រើនមុខទៀតដែលខ្ញុំមិនស្គាល់ឈ្មោះ ឯបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ ។
២៦. អំពីត្រី និង សត្វលូន
ពួកត្រី និងអណ្ដើកមានៈ ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រីឆ្ពិន និងត្រីល្អិតៗ ឯទៀតរិតតែច្រើនណាស់ទៅទៀត មានត្រីថូវពូដែលធំនោះ មានទម្ងន់ដល់ជាងពីរនាឡិ ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ ក៏មានច្រើនណាស់ដែរ ដែលជាត្រីមកពីសមុទ្ទទឹកសាប (ទន្លេសាប) ។ ចំណែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខ រាងដូចអន្ទង់ និងត្រីខ្ជឹងបឹងដែរ ។ ពួកអ្នកស្រុកនេះ មិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់ គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ ។ អណ្ដើក‑កន្ធាយធំៗប៉ុនចង្អេរអុំ ។ ទោះជាអណ្ដើកនោះមានអាយុដល់ទៅ ៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ ។ បង្កងនៅស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ មានទម្ងន់ដល់ជាងមួយនាឡិ ។ ជើងអណ្ដើកនៅស្រុកចេនភូមានប្រវែងជាង ៨‑៩ តឹក ។ ក្រពើធំប៉ុនៗទូក ។ មាននាគជើងបួនមួយប្រភេទយ៉ាងចម្លែកឥតមានស្នែងទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្ទទឹកសាបនោះ គ្រាន់តែលូកដៃទៅក៏យកបានភ្លាមហើយ តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ តែគេមិនស៊ីទេមើលទៅ ។
២៧. អំពីការបិទស្រា
ស្រាស្រុកគេនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅស្រាទឹកឃ្មុំ ដែលគេយកជាតិថ្នាំ និងទឹកឃ្មុំលាយជាមួយទឹក ហើយផ្សំធ្វើឡើង ។ បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះ ផេងកេស៊ី (ភ្ងាស) នេះឯង ជាឈើមួយប្រភេទ ។ បន្ទាប់មកទៀត គេយកអង្ករ ឬបាយដែលសេសសល់ទៅបិទស្រាហៅ ប៉ាវឡេងកាក ព្រោះពាក្យថា ប៉ាវឡេងកាក បានន័យថា អង្ករ ។ ក្រោមពីនោះមកទៀត មានស្រាទឹកល្ងៃស្ករ ដែលគេយកជាតិស្ករមកបិទឲ្យកើតទៅជាស្រា ។ បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅមាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន ។
២៨. អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
នៅប្រទេសនេះ ការធ្វើរបស់ទាំងនេះ ឥតមានហាមឃាត់ទេ ។ តាមឆ្នេរសមុទ្ទចាប់ពីចេនភូ (ចន្ទបូរ) និងប៉ាកាង (បាកាន) គេធ្វើអំបិលដោយទឹកសមុទ្ទ ។ នៅក្នុងភ្នំមានរ៉ែ ដែលគេបានជាតិថ្មធ្វើជាអំបិលប្រសើរជាងអំបិលសមុទ្ទទៀត និងយកថ្មធ្វើជាវត្ថុដទៃៗទៀត ។ ពួកអ្នកស្រុកនេះ មិនចេះធ្វើទឹកខ្មេះតែគេចូលចិត្តប្រើជាតិជូរនៅក្នុងម្ហូបណាស់ គេត្រាំទឹកកាំផេង (អម្ពិល) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់ គេយកស្លឹក ឬទងខ្ចី កាលណាមានផ្លែ គេយកផ្លែវិញ ។
គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាឡី និងសណ្ដែក ។
ពួកនេះ មិនចេះធ្វើដំបែគ្រាប់ទេ ។ កាលណាគេបិទស្រា គេលាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ ឲ្យបានជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើងដែរ ។
២៩. អំពីដង្កូវនាង និង ដើមមន
អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ ។ ស្រីៗមិនចេះប៉ាក់ជុល និងដេរប៉ះឡើយ ។ គេចេះត្បាញសំពត់តែគេមិនចេះរវៃអំបោះទេ គេយកដៃត្រគួញសរសៃកប្បាសឲ្យកើតបានជាអំបោះ ហើយគេយកមកត្បាញមិនបាច់មានកីទេ ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញពីចុងម្ខាងទៀត ដោយមានត្រល់ជាបំពង់ឫស្សី ។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមន ចិញ្ចឹមនាងធ្វើសូត្រ ដោយយកពូជមកពីស្រុកសៀម ។ នៅស្រុកនេះ គ្មានដើមឆ្មៃទេ មានតែដើមក្រចៅ ។ ជនជាតិសៀមចេះដេរប៉ាក់ចំណាប់ បើសំពត់អ្នកស្រុកនេះរហែក គេយកមកពឹងស្រីសៀមឲ្យដេរប៉ះឲ្យ ។
0 ការពិគ្រោះ:
Post a Comment