៤. បដិវត្តន៍ខ្មែរក្នុងសតវត្សទី១៤ ?
ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារប្រវត្តិសាស្ត្រចិនត្រូវបញ្ចប់នៅត្រង់សម័យនេះ ដោយប្រវត្តិវិទូ អ្នកបុរាណវិជ្ជា និងអ្នកស្រាវជ្រាវផ្សេងៗពុំទាន់បានរកឃើញអក្សរសិលាចារឹកថ្មីផ្សេងទៀត ។
ដូច្នេះហើយបានជាគ្រប់ប្រវត្តិវិទូ និងអ្នកស្រាវជ្រាវនាំគ្នាងាកមកសិក្សាតាមរយៈឯកសារពង្សាវតារខ្មែរវិញ ដែលជាបច្ច័យធ្វើឲ្យលំនាំប្រវត្តិសាស្ត្រខ្មែរមានរូបរាងប្រហាក់ប្រហែលដូចគ្នាចាប់ពីកាលសម័យនេះ លើកលែងតែថ្ងៃខែឆ្នាំ ទីកន្លែង និងព្រឹត្តិការណ៍បន្ទាប់បន្សំខ្លះ ។
សតវត្សទី១៤ត្រូវប្រវត្តិវិទូចាត់ទុកជាសករាជថ្មីមួយធ្ងន់ធ្ងរបំផុតចំពោះជោគវាសនាអនាកតរបស់ប្រទេសកម្ពុជា ។ ជោគវាសនានគរខ្មែរក៏ត្រូវបានកំណត់ពីសម័យកាលនោះដែរ ។
ក. បុព្វហេតុ
ដូចដែលយើងបានឃើញស្រាប់តាមរយៈប្រវត្តិសាស្ត្រនាចុងសតវត្សទី១៣ និងដើមសតវត្សទី១៤ ប្រទេសកម្ពុជាតែងតែជួបប្រទះនូវសង្គ្រាមសាសនា ប្រល័យជីវិត បំផ្លិចបំផ្លាញជាតិសាសន៍ឯងគ្មានពេលទំនេរ ។ បើយើងនិយាយឲ្យចំទៅ សង្គ្រាមនេះមានសាសនាជាសម្បកក្រៅ ។ តែតាមការពិតគឺជាសង្គ្រាមដណ្ដើមអំណាចគ្នា ដណ្ដើមរាជសម្បត្តិដោយយកក្រុមវណ្ណៈ និងសាសនាមកធ្វើជាឈ្នាន់ ។ គេយកសាសនា មនោគមន៍វិជ្ជា មកពន្យល់ណែនាំបញ្ចុះបញ្ចូលប្រមែប្រមូលរាស្ត្រប្រជាឲ្យនាំគ្នាទៅបូជាជីវិត ស្លាប់ដើម្បីរាជបល្ល័ង្ក និងអំណាចទ្រព្យសម្បត្តិធនធានរបស់គេ និងក្រុមបក្សពួក ។
គឺជាវិបត្តិសង្គម វិបត្តិអំណាច វិបត្តិនយោបាយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាផ្លាស់ប្ដូរចាកចេញពីភពភាពរុងរឿងជាមហាអំណាច ធ្លាក់ខ្លួនចុះទន់ខ្សោយថមថយ រួមតូចទៅៗ បន្តិចម្ដងៗជាលំដាប់រហូតមកដល់សព្វថ្ងៃ ។
ព្រឹត្តិការណ៍ដ៏ធំនេះ ប្រវត្តិវិទូ និងអ្នកស្រាវជ្រាវបានចាត់ទុកជាបដិវត្តន៍ទី១នៅក្នុងសង្គមជាតិខ្មែរ ។ គឺជាបដិវត្តន៍ប្រឆាំងនឹងរបបរាជានិយមដែលប្រជាពលរដ្ឋខ្មែរយល់ថាឃោរឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មានសន្ដោស ករុណាមេត្តាធម៌ គ្មានទសពិធរាជធម៌ និងគ្មានសមត្ថភាពក្នុងការបំពេញភារកិច្ចដឹកនាំប្រទេសជាតិ ។
កត្តាជាច្រើនបានអប់រំ ផ្លាស់ប្ដូរចិត្តគំនិតខ្មែរ ហើយជំរុញនាំខ្មែរឲ្យហ៊ានងើបបះបោរតស៊ូប្រឆាំងនឹងស្ដេច ព្រមទាំងក្រុមបក្សពួកបរិវារ ។
ខ. ព្រះពុទ្ធសាសនាថេរវាទ
កត្តាធំដែលជាមូលដ្ឋានបដិវត្តន៍គឺព្រះពុទ្ធសាសនាថេរវាទ ។ ព្រះពុទ្ធសាសនារបៀបថេរវាទបាននាំចូលមកប្រទេសកម្ពុជានូវទ្រឹស្ដី គោលគំនិត និងទស្សនៈថ្មីស្ដីអំពី ជោគវាសនា ផលបុណ្យ កម្មពៀរវេរារបស់អស់សត្វលោកម្នាក់ៗ ដែលជាលក្ខណៈខុសប្លែកអំពីមនោគមន៍វិជ្ជាដែលគេធ្លាប់ទទួល ។ ជាពិសេស ចំពោះតួអង្គព្រះមហាក្សត្រដែលគេតែងតែគោរពទុកជាទីសក្ការបូជា និងចាត់ទុកជាព្រះអាទិទេព ឬជាព្រះពោធិសត្វលោកេស្វរៈ ។ គេលែងឲ្យតម្លៃទៅលើទ្រឹស្ដីទេវរាជក្នុងព្រហ្មញ្ញសាសនា និងពុទ្ធរាជដែលមាននៅក្នុងព្រះពុទ្ធសាសនាមហាយានទៀតហើយ ។ ពីព្រោះតាមទ្រឹស្ដីថេរវាទ ព្រះពុទ្ធអង្គបានយាងចូលព្រះនិព្វានរួចស្រេចបាត់ទៅហើយ ។ ដូច្នេះ ព្រះអង្គមិនបានមកកើតជាមនុស្ស ឬជាស្ដេចដូចក្នុងទ្រឹស្ដីមហាយានឡើយ ហើយកាលព្រះអង្គនៅជាព្រះពោធិសត្វ កើតជាសត្វលោក ព្រះអង្គក៏មិនដែលកើតចេញមកធ្វើជាស្ដេច ជាព្រហមហាក្សត្រជារៀងរហូត និងអចិន្ត្រៃយ៍នោះដែរ ។ ព្រះមហាក្សត្រ ឬអ្នកដឹកនាំនគរក៏មិនមែនសុទ្ធតែជាព្រះបាទធម្មិកដែរ ។ ជួនព្រះពោធិសត្វ ព្រះអង្គចាប់ជាតិកើតជាសត្វ ជាមនុស្ស ជាទុរគតជនក្រីក្រតោកយ៉ាក ជាអ្នកប្រាជ្ញ ឬជាស្ដេចដែលប្រកបទៅដោយធម៌ ។ល។
ដូច្នេះ តាមទស្សនៈព្រះពុទ្ធសាសនាថេរវាទ ព្រះមហាក្សត្រ ឬពូជស្ដេចមិនមែនសុទ្ធតែមានតេជៈបុណ្យបារមី ជាព្រះអាទិទេព ឬជាព្រះពោធិសត្វឡើយ ។ អ្វីដែលគេនិយាយ អ្វីដែលគេធ្វើមិនមែនសុទ្ធតែល្អត្រឹមត្រូវដូចជាព្រះពុទ្ធដីកានោះទេ ។ ព្រះមហាក្សត្រជាមនុ្សប្រថុជ្ជនដូចសត្វឯទៀតក្នុងលោក ។ ទ្រឹស្ដីព្រះពុទ្ធសាសនាថេរវាទអាចបំភ្លឺឲ្យប្រជាពលរដ្ឋយល់ និងជឿជាក់ថា ៖ «អ្វីដែលព្រះមហាក្សត្រខំនិយាយពន្យល់ ដើរតួចាក់ត្លុកទាំងប៉ុន្មានជាការភូតភរកុហកបោកប្រាស់ បន្លំចាកការពិតទាំងអស់ គឺធ្វើដើម្បីរក្សាការពារអំណាច ផលប្រយោជន៍ និងបុព្វសិទ្ធិរបស់គេតែប៉ុណ្ណោះ ។» បានសេចក្ដីថា អ្នកមានបុណ្យបារមី ឬព្រះពោធិសត្វអាចកើតមានជីវិតរស់នៅក្នុងគ្រប់ក្រុមគ្រួសារ គ្រប់ស្រទាប់វណ្ណៈមនុស្សសត្វលោក ។
គ. សាសនាជាឧបករណ៍នយោបាយ
ដោយសំអាងទៅលើទ្រឹស្ដីព្រះពុទ្ធសាសនាថេរវាទជាមូលដ្ឋាននៃបដិវត្តន៍ អ្នកបដិវត្តខ្មែរក្នុងសតវត្សទី១៤អាចបំបះបំបោរ ធ្វើចលាចល និងរំលំរបបរាជានិយម ។
ទស្សនៈ ទ្រឹស្ដីព្រះពុទ្ធសាសនាផ្នែកថេរវាទ ដែលមានខ្លឹមសារខុសអំពីព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាមហាយានបាននាំមកនូវឧត្ដមគតិថ្មីមួយទៀតក្នុងការរស់នៅយល់ឃើញអ្វីដែលមាននៅក្នុងជីវិត និងសង្គមជាតិ ។ គឺជាមូលហេតុធ្វើឲ្យប្រជានុរាស្ត្រខ្មែរដែលកំពុងតែមានទុក្ខវេទនា រកច្រកដោះស្រាយ រកក្ដីសង្ឃឹមមិនឃើញ នាំគ្នាជឿ អនុលោម គោរព និងចូលចិត្តយកមកប្រតិបត្តិ ។ តែអ្នកដែលស្រឡាញ់អំណាចក៏ឆ្លៀតយកព្រះពុទ្ធសាសនាមកធ្វើជាឧបករណ៍សម្រាប់បម្រើផលប្រយោជន៍ក្រុមបក្សពួករបស់គេដែរ ។
១. សម្រាប់បំពាក់ស្មារតី
គេយកទ្រឹស្ដីព្រះពុទ្ធសាសនាមកធ្វើជាមនោគមន៍វិជ្ជាមកធ្វើជាពាក្យស្លោកសម្រាប់ឃោសនា និងជាអាវុធសម្រាប់វាយប្រហារព្រះមហាក្សត្រ ។ ប្រជានុរាស្ត្រខ្មែរដែលធ្លាប់រងទុក្ខវេទនា ឈឺចុកចាប់ ព្រាត់ប្រាសក្រុមញាតិគ្រួសារដោយសារស្ដេចអយុត្តិធម៌ ស្ដេចឃោរឃៅ កាចសាហាវយង់ឃ្នង ត្រូវតែពេញចិត្ត ស្រឡាញ់ជឿ ទទួល គោរព និងអនុវត្តទៅតាមទស្សនៈថ្មីរបស់ព្រះពុទ្ធសាសនាថេរវាទ ។
ដូច្នេះ គេយល់ និងមានជំនឿថា វាសនាអនាគតរបស់គេស្ថិតនៅលើព្រះពុទ្ធសាសនាផ្នែកថេរវាទ ពីព្រោះទ្រឹស្ដីថ្មីនេះឆ្លើយតបទៅតាមគោលគំនិត និងចំណង់របស់ប្រជាជនខ្មែរដែលយល់ជឿថាត្រឹមត្រូវល្អស័ក្តិសម ផ្សព្វផ្សាយនូវកុសលបុណ្យទាន និងមេត្តាករុណាធម៌ទៅដល់អស់សព្វសត្វដោយឥតរើសអើងវណ្ណៈ ។
គេបានយកកម្លាំងព្រះពុទ្ធសាសនាថេរវាទទៅប្រឈមមុខ ប្រយុទ្ធតទល់នឹងលទ្ធិព្រហ្មញ្ញសាសនា ។ គឺជាការប្រយុទ្ធប្រឆាំងនឹងរបបរាជានិយមផ្ដាច់ការ ពីព្រោះព្រហ្មញ្ញសាសនាជាតំណាង និងជាចន្ទល់របស់ព្រះមហាក្សត្រ ។ គឺជាការប្រយុទ្ធ តាមទ្រឹស្ដី តាមមនោគមន៍វិជ្ជា ដូចដែលធ្លាប់មានក្នុងប្រវត្តិពិភពលោកបច្ចុប្បន្នរវាងលទ្ធិកម្មុយនិស្ត និងលោកសេរី ។ កម្លាំងនេះអាចមានឥទ្ធិពលអនុភាពខ្លាំងក្លា អាចធ្វើបដិវត្តិន៍រំលំរបបរាជានិយម ។
២. សម្រាប់បំបាក់ស្មារតី
តែអ្នកដែលឈ្នះសង្គ្រាម កាន់អំណាចថ្មី ដើម្បីជាការតបស្នងគុណដល់ប្រជាជនខ្មែរដែលធ្លាប់ជួយជ្រោមជ្រែង កម្ចាត់ស្ដេចចាស់ផ្ដាច់ការ អកុសល គ្មានទសពិធរាជធម៌ គ្មានអ្វីក្រៅអំពីក្ដោបឱបអំណាច និងប្រើអំណាចផ្ដាច់ការ ជិះជាន់វាយបំបាក់ប្រជារាស្ត្រទាំងនេះឡើយ ។
ក្នុងការវាយបំបាក់ និងត្រួតត្រាសង្កត់សង្កិនប្រជានុរាស្ត្រខ្មែរ ពួកព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ មិនបានបង្កើតទ្រឹស្ដី ឬទស្សនៈនយោបាយអ្វីជាថ្មីទេ ។ គេគ្រាន់តែយកទ្រឹស្ដីក្នុងព្រះពុទ្ធសាសនាថេរវាទមកអធិប្បាយពន្យល់ បកប្រែកាឡៃបន្តិចបន្តួចប៉ុណ្ណោះ ក៏ខ្មែរជឿស៊ប់លង់លក់លែងហ៊ានកម្រើក ឬហ៊ានក្អក ។
របៀបឃោសនាពន្យល់ឲ្យជឿទៅតាម «ព្រះពុទ្ធដីកា» របស់ព្រះពុទ្ធត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌសរសេរនិពន្ធធ្វើជាសាស្ត្រាជាសៀវភៅ រៀបរាប់អធិប្បាយអំពីប្រវត្តិព្រះសមណគោតម ឬក្នុងការទេសនា ។ ក្នុងឱកាសនោះ អ្នកនិពន្ធឆ្លៀតបញ្ចេញបញ្ចូលបន្ថែមបន្ថយពាក្យពេជន៍ទស្សនៈខ្លះទុកសម្រាប់ធ្វើជាការកំញើញគំរាមដល់សតិអារម្មណ៍របស់ពួកពុទ្ធសាសនិកជន ។ ដល់ពេលវេលាចេះតែកន្លងទៅៗ ពាក្យពន្យល់បន្ថែមបន្ថយទាំងនេះ ក៏ប្រែក្លាយបន្តិចម្ដងៗទៅជាពាក្យពិតសច្ចៈរបស់ព្រះពុទ្ធដែលគេត្រូវតែជឿ និងគោរពប្រតិបត្តិធ្វើតាម ។
កន្លែងដែលគេយកគ្របសង្កត់លើស្មារតីចិត្តអារម្មណ៍ ធ្វើឲ្យខ្មែរភ័យខ្លាចជាទីបំផុតនោះគឺត្រង់ចំណុច បាប និង បុណ្យ ស្ថាននរក និង ស្ថានសួគ៌ ។
ព្រះមហាក្សត្រ នាម៉ឺនមុខមន្ត្រីធំៗ ឬអ្នកមានស្ដុកស្ដម្ភសុទ្ធតែជាអ្នកមានសម្ពាយបុណ្យមកពីជាតិមុន ។ ដូច្នេះ មិនត្រូវខឹងសម្បាអាក់អន់ស្រពន់ចិត្តអ្វីទេ ប្រសិនបើយើងក្រ មិនមានបានដូចគេ ពីព្រោះពីជាតិមុន យើងកសាងមិនល្អ ។ បើយើងចង់បានធ្វើស្ដេច ចង់ធ្វើនាម៉ឺនធំអាចជិះជាន់លួចប្លន់ធ្វើបាបកាប់សម្លាប់ប្រជាជនតាមអំពើចិត្ត ចង់ធ្វើមហាសេដ្ឋីមានទ្រព្យធនហូរហៀរ យើងត្រូវតែនាំគ្នាធ្វើបុណ្យឲ្យបានច្រើនសម្រាប់រៀបចំកសាងស្ពានទុកឆ្លងទៅជាតិក្រោយ ។ ទស្សនៈនេះបានជ្រួតជ្រាបទៅក្នុងឈាម ចិត្តគំនិត មនោសញ្ចេតនាខ្មែរគ្រប់រូប គ្រប់ជំនាន់គ្មានសេសសល់ ។
៣. វិធីបំភ្លេចបច្ចុប្បន្នភាព
ក្នុងការឃោសនានេះ អ្វីដែលគេបានបំភ្លេចចោលនោះ គឺបច្ចុប្បន្នកាល ។ បច្ចុប្បន្នកាលដូចជាគ្មានន័យអ្វីទាំងអស់ចំពោះសត្វលោកដែលកំពុងតែមានជីវិតរស់នៅ ។ បើយោលទៅតាមការពន្យល់ និងជំនឿខ្មែរក្នុងបច្ចុប្បន្ននេះ សត្វលោកមានភារកិច្ចត្រឹមតែកើតមករង់ចាំទទួលផលបុណ្យ និងកម្មពារតែប៉ុណ្ណោះ ។ ដើម្បីទៅជាតិក្រោយកុំឲ្យមានបាបកម្ម ហើយអាចមានបុណ្យឡើងស្ថានសួគ៌ ក្លាយខ្លួនទៅជាទេវតា គេត្រូវតែខំធ្វើបុណ្យឲ្យបានច្រើន ។ ទស្សនៈនេះធ្វើឲ្យខ្មែរភ្លេចអស់ជីវភាពរស់នៅជាអចិន្ត្រៃយ៍ ហើយបែរជាយល់ថានេះជាកម្មពីអតីត ។ ប្រសិនបើរើបង្រះ ប្រឆាំងតស៊ូ គឺខុសនឹងពាក្យរបស់ព្រះ ហើយអំពើនេះអាចនាំឲ្យបាបធ្លាក់ចុះនរកទៀត ។
អ្វីដែលអ្នកកាន់អំណាចខ្មែរ និងដឹកនាំព្រះពុទ្ធសាសនាជំនាន់ដើមចេះផ្អិបបិទមិនឲ្យចាប់អារម្មណ៍នោះ គឺត្រង់ព្រះពុទ្ធឱវាទ មិនមែនសំដៅតែទៅលើអតីតជាតិ និងអនាគតជាតិប៉ុណ្ណោះនោះទេ ។ ព្រះពុទ្ធដីកាក៏បានសំដៅចំទៅលើបច្ចុប្បន្នកាលដែរ ។ ក្នុងបច្ចុប្បន្ន បើយើងប្រព្រឹត្តអំពើបាបកម្ម កម្មពៀរវេរានោះ យើងនឹងទទួលភ្លាម មិនចាំបាច់ដល់ជាតិក្រោយទេ ។ ឧទាហរណ៍ជាក់ស្ដែងមានច្រើនណាស់នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ដោយសារតែអ្នកដឹកនាំខ្មែរ និងប្រជារាស្ត្រខ្មែរខ្វះចំណេះវិជ្ជា មានតែអវិជ្ជា មិនចេះរិះគិតពិចារណាឲ្យបានមុតមាំ ចេះតែប្រព្រឹត្តបាបកម្មអំពើអបាយមុខ ស្រឡាញ់ប្រើអំណាចផ្ដាច់ការ និងពោរពេញទៅដោយអសីលធម៌ គ្រប់បែបយ៉ាង កម្មពៀរវេរាទណ្ឌកម្ម យមរាជ ស្ថាននរកបានមកដល់ភ្លាម មិនបាច់ចាំដល់ជាតិក្រោយឡើយ ។ មើលចុះប្រវត្តិនគរខ្មែរដែលត្រូវទន់ខ្សោយ អស់ទឹកដីជារៀងរហូតមកដល់សព្វថ្ងៃ ។ ហើយការកាប់សម្លាប់ពូជសាសន៍ឯងអស់រាប់លាននាក់របស់ពួកឃាតករខ្មែរក្រហម ក៏មិនមែនជាបាបកម្ម ឬជាកម្មពារវេរាដែលមានមកពីជាតិមុនដែរ ។ កម្មដ៏សែនអាក្រក់នេះគឺបណ្ដាលមកពីអ្នកដឹកនាំ អ្នកនយោបាយខ្មែរ និងប្រជានុរាស្ត្រយល់ ហើយជឿថាពួកឃាតកទាំងនេះស្អាតស្អំ មានសមត្ថភាព ចេះស្រឡាញ់ជាតិ គ្មានអ្នកណាល្អជាង ។ ពួកខ្មែរក្រហមមានសមត្ថភាពមែនក្នុងការកាប់សម្លាប់ជនជាតិខ្មែរទាំងស្រីទាំងប្រុស ទាំងក្មេងទាំងចាស់ ។ ពួកនេះស្រឡាញ់ជាតិពេករហូតដល់ទៅស៊ីលេបហុតឈាមជនជាតិឯង ។ គឺអវិជ្ជា កង្វះការកសាងក្នុងបច្ចុប្បន្នដែលនាំមកនូវបាបកម្មកម្មពៀរទាំងនេះ ។
ផ្ទុយទៅវិញ ក្នុងសម័យមហានគរ ដោយព្រះមហាក្សត្រ និងប្រជាពលរដ្ឋខ្មែរមានវិជ្ជា ចេះខំប្រឹងកសាងបុណ្យ និងអំពើល្អសម្រាប់ប្រទេសជាតិ ផលបុណ្យកុសល រាស្ត្រខ្មែរបានទទួលភ្លាមមិនបាច់ចាំជាតិក្រោយឡើយ ។ ហើយ ស្រុកខ្មែរក៏ក្លាយទៅជាមហាអំណាចមានទឹកដីធំទូលំទូលាយលាតសន្ធឹងទៅគ្រប់ទិសទីក្នុងអាស៊ីភាគអគ្នេយ៍ ។
ឧទាហរណ៍មានជាច្រើនទៀតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។ គ្រាន់តែយកបុណ្យបាប ស្ថានសួគ៌ ស្ថាននរក និងជាតិមុនជាតិក្រោយ យកមកប្រើ ព្រះមហាក្សត្រខ្មែរជំនាន់ដើម និងអ្នកដឹកនាំជាតិខ្មែរមួយចំនួនធំ ទោះបីជាធ្វើខុសបំពារបំពាន លួចប្លន់កាប់សម្លាប់ ក្បត់លក់ជាតិ ដូចម្ដេចក៏ដោយ ក៏នៅតែរួចខ្លួន គ្មានរាស្ត្រប្រជាមួយណាហ៊ានចោទប្រកាន់ កាត់ទោសឡើយ ។ នេះ ព្រោះតែគេកសាងពីជាតិមុនមកល្អ !។
៤. បច្ចុប្បន្នសម្រាប់បច្ចុប្បន្ន
គ្រាន់តែគេនាំគ្នាភ្លេចនិយាយអំពីកម្មពៀរទាន់ហន់ក្នុងបច្ចុប្បន្នកាលប៉ុណ្ណោះ ប្រជារាស្ត្រខ្មែរត្រូវឡប់សតិ ទន់ដៃ ទន់ជើង បាក់ស្បាត លែងកម្រើក ហើយចេះតែនាំគ្នារង់ចាំទ្រាំទ្រទទួលកម្មពីបុព្វេជានិច្ច ។ ខ្មែរភ្លេចពិចារណាលើព្រះពុទ្ធដីកាដែលមានបន្ទូលថា «ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប» ។ ព្រះពុទ្ធឱវាទនេះយកទៅដាក់ក្នុងអតីតកាលក៏ត្រូវ ក្នុងបច្ចុប្បន្នក៏ត្រូវ ហើយក្នុងអនាគតកាលក៏ត្រូវដែរ ។ ព្រះពុទ្ធអង្គបានត្រាស់ដឹងមិនមែនដោយសារតែការកសាងក្នុងអតីតកាលតែមួយគត់នោះទេ គឺដោយសារការខំប្រឹងតស៊ូព្យាយាមកសាងក្នុងបច្ចុប្បន្នដែរ ។ ព្រះពុទ្ធមិនដែលបំភ្លេចបច្ចុប្បន្នឡើយ ។ សត្វលោកនីមួយៗត្រូវកសាងក្នុងបច្ចុប្បន្នសម្រាប់បច្ចុប្បន្នកាល ដើម្បីធ្វើឲ្យបច្ចុប្បន្នកាលនេះមានការរីកចម្រើនលូតលាស់ រុងរឿង និងសុខដុមរមនា ។ ឯការកសាងក្នុងបច្ចុប្បន្នកាលក៏ជាការរៀបចំសម្រាប់អនគតកាលដែរ ។ គឺជាការកសាងទុកឲ្យកូនចៅ ក្រុមគ្រួសារ និងសង្គមជាតិទៅថ្ងៃក្រោយ ។ បើយើងកសាងល្អ កូនចៅក្រុមគ្រួសារ និងប្រទេសជាតិយើងក៏នឹងបានទទួលនូវកុសលផលបុណ្យល្អក្នុងអនាគតកាលដែរ ។ បើយើងកសាងអាក្រក់មិនល្អ នោះប្រទេសជាតិនឹងត្រូវទទួលបាបកម្មគ្រប់បែបយ៉ាងដែលយើងមិនអាចប៉ាន់ស្មានបានដឹងជាមុន ។ មានដូចសោកនាដ្យកម្មដ៏សែនជូរចត់ដែលកម្ពុជាធ្លាប់បានជួបប្រទះក្នុងអតីតកាលក៏ដូចជាក្នុងបច្ចុប្បន្នកាលនេះដែរ ។
ដូច្នេះបដិវត្តន៍នៅក្នុងសតវត្សទី១៤នេះមិនអាចចាត់ទុកជាបដិវត្តន៍បានឡើយ គឺគ្រាន់តែជាសង្គ្រាមផ្ទៃក្នុង ដណ្ដើមអំណាចយករាជសម្បត្តិតែប៉ុណ្ណោះ ។ ព្រះពុទ្ធសាសនាថេរវាទក្នុងសម័យនោះ គ្រាន់តែជាឧបករណ៍ ជាឈ្នាន់ ដែលស្ដេចខ្មែរយកមកប្រើតែប៉ុណ្ណោះ ។ ឯលទ្ធផលវិញគ្មានបាននាំអ្វីជាគាប់ប្រសើរល្អបរិសុទ្ធជាចម្រើនថ្កុំថ្កើងដល់ប្រទេសជាតិ និងប្រជារាស្ត្រឡើយ ។ ផ្ទុយទៅវិញ របៀបបន្លំយកសាសនាមកបម្រើអំណាចបុគ្គលម្នាក់ និងក្រុមគ្រួសារបាននាំមកនូវក្ដីវិនាសអន្តរាយដល់ផលប្រយោជន៍ជាតិ ។
ទិដ្ឋភាពនយោបាយដែលយើងបានលើកយកមកអធិប្បាយនេះមិនមែនជាកត្តាថ្មីថ្មោងទេ ។ បុព្វបុរសអ្នកប្រាជ្ញខ្មែរធ្លាប់បានវែកញែកទិតៀន រិះគន់ជាហូរហែយួរយារណាស់មកហើយនៅក្នុងរឿងព្រេងនិទានផ្សេងៗ ។ តែលោកមិនបានហ៊ាននិយាយចំៗឡើយ លោកបានប្រឌិតលើកជារឿងព្រេងយកមកនិទាន ។
ការយកសាសនាមកបកប្រែកាឡៃ ប្រើជាឈ្នាន់សម្រាប់បម្រើអំណាចផលប្រយោជន៍របស់មនុស្សម្នាក់ ឬក្រុមបក្សពួកមួយដោយមិនគិតអំពីជោគវាសនាអនាគតរបស់ប្រជាជាតិ អាចនាំមកនូវវិបត្តិ ផលអាក្រក់ និងបាបកម្មមកដល់បណ្ដារាស្ត្រទាំងក្នុងបច្ចុប្បន្នទាំងទៅក្នុងអនាគតកាល ។
តែប្រសិនជាយើងចេះយកព្រះពុទ្ធសាសនាដែលពោរពេញទៅដោយសីលធម៌ មេត្តាករុណាធម៌ សន្ដោសប្រោសប្រណី និងការប្រដែប្រដៅឲ្យចេះដុសខាត់ទៅរកវិជ្ជា និងការកសាង មកធ្វើជាមូលដ្ឋានកសាងជាតិត្រឹមត្រូវពិតប្រាកដ នោះប្រទេសជាតិប្រជាពលរដ្ឋខ្មែរនឹងបាននូវសេចក្ដីសុខក្សេមក្សាន្ត ចម្រុងចម្រើនក្សេមក្សាន្តជាមិនខាន ។
ក្នុងធម្មបទ ព្រះពុទ្ធព្រះបរមគ្រូបានមានពុទ្ធដីកាជាអាទិថា «អ្វីទាំងអស់សុទ្ធតែចេញអំពីចិត្ត និងគំនិត ។ បើចិត្តគំនិតមិនស្អាតស្អំ អ្វីៗទាំងនោះនឹងនាំមកនូវវិបត្តិ និងក្ដីវិនាសជាមិនខាន ។ តែបើចិត្តគំនិតស្អាតស្អំល្អបរិសុទ្ធស្មោះត្រង់ គ្មានគំនិតអាក្រក់វៀចវេរ អ្វីៗដែលកើតចេញមកទាំងប៉ុន្មានក៏ល្អប្រសើរគ្មានសៅហ្មងដែរ» ៕
0 ការពិគ្រោះ:
Post a Comment