Social Icons

ប្រវត្តិសាស្ត្រខ្មែរតាមសិលាចារឹក និងឯកសារចិន(ត)

ប្រវត្តិវិទូ និង​អ្នកស្រាវជ្រាវ​មួយ​ភាគ​ធំ​នៅ​បរទេស ជាពិសេស​នៅ​ប្រទេស​បារាំង ដើម្បី​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ចងចាំ បាន​នាំ​គ្នា​កំណត់​ដាក់​ឈ្មោះ​កាត់​ឲ្យ​ដល់​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេងៗ មាន​ដូចជា 
KK: គឺ ព្រះរាជពង្សាវតារ​នគរ​ខ្មែរ ដែល​រៀបចំ​តាក់តែង​ក្នុង​គ.ស​១៨៦៩ តាម​បទបញ្ជា​របស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម  ពង្សាវតារ​នេះ​មាន​ចែក​ចេញ​ជា​ពីរ​ភាគ  ភាគ​ទី​១ ដែល​ជា​ប្រវត្តិសាស្ត្រ​ភាគ​រឿង​និទាន ត្រូវ​បាន​និពន្ធ​ដោយ​សម្ដេច​ព្រះសុគន្ធ​ប៉ាន់  ព្រះអង្គ​ជា​អ្នក​បាន​នាំ​ចូល និង​បង្កើត​ឲ្យ​មាន​ព្រះពុទ្ធសាសនា​ផ្នែក​និកាយ​ធម្មយុត្តិ​នៅ​ប្រទេស​កម្ពុជា 
SP: គឺ​ ព្រះរាជពង្សាវតារ​ខត្តិយាម​មហារាជ​វត្ត​សត្បូ ដែល​បាន​និពន្ធដោយ​ព្រះអង្គម្ចាស់​នព្វរត្ន បុត្រ​របស់​ព្រះបាទ​អង្គឌួង ក្នុង​គ.ស​១៨៧៨  គេ​និយម​ហៅ​ពង្សាវតារ​នេះ​ថា ពង្សាវតារ​វត្ត​សត្បូ  ពង្សាវតារ SP មាន​លំនាំ​ប្រហាក់ប្រហែល​គ្នា​នឹង​ពង្សាវតារ KK  តែ​គេ​សង្កេត​ឃើញ​មាន​សេចក្ដី​បន្ថែម​យ៉ាង​ក្បោះក្បាយ​ជាច្រើន  ពង្សាវតារ​វត្ត​ព្រែក​តាមាក់​ក៏​បាន​ចម្លង​ចេញ​ពី​ពង្សាវតារ​នេះ​ដែរ 
P48: គឺ ព្រះរាជពុង្សសោវតារ ដែល​សាលា​បារាំង​ចុងបូព៌ា (Ecole Française d’ Extrème Orient) ចម្លង​ចេញ​ពី​ពង្សាវតារ​របស់​ព្រះអង្គ​ម្ចាស់​នព្វរត្ន​ដែល​មាន​សេចក្ដី​ដូចគ្នា​នឹង​ពង្សាវតារ​វត្ត​សត្បូ SP 
P3: គឺ ព្រះរាជពង្សាវតារ​ក្រុង​ក័ម្ពុជាធីប្ឌី ដែល​រៀបចំ​ដោយ​គណៈកម្មការ​ព្រះបរមរាជវាំង​ក្នុង​គ.ស​១៨៧៨  ពង្សាវតារ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​បារាំង​ឈ្មោះ Jean Moura បកប្រែ​ជា​ភាសា​បារាំង 
P58: គឺ ព្រះរាជពង្សសៅដារ​ព្រះមហាក្រសត្រ​សោ្យរាជសំបត្តិ​ក្នុង​ក្រុង​កំម្ពុជាធិប្ដី​ជា​លំដាប់​រៀង​មក ដែល​ចងក្រង​ក្នុង​ចន្លោះ​គ.ស​១៨៩៤១៨៩៥ ជា​ស្នាដៃ​របស់​គណៈកម្មការ​ថ្មី​មួយ​ទៀត​តែង​តាំង​ដោយ​ព្រះបាទ​នរោត្ដម  គណៈកម្មការ​នេះ​ស្ថិត​នៅ​ក្រោម​អធិបតីភាព​សម្ដេច​សង្ឃារាជ​ទៀង ដោយ​មាន​ទាំង​វត្តមាន​សម្ដេចសង្ឃ​នាយក​សុគន្ធ​ប៉ាន់​ចូលរួម​ផង  តែ ព្រះបាទ​នរោត្ដម​មិន​បាន​ពេញ​ចិត្ត​នឹង​ស្នាដៃ​នេះ​ទេ  ប្រហែល​ជា​គណៈកម្មការ​និពន្ធ​នេះ​មិន​បាន​អធិប្បាយ​រៀបចំ​បំភ្លៃ​ទៅ​តាម​ចំណង់​របស់​ព្រះអង្គ  ពង្សាវតារ P58 ត្រូវ​បាន​ប្រវត្តិវិទូ​ជាតិ​បារាំង​លោក Adhémard Leclère យក​មក​បកប្រែ​ជា​ភាសា​បារាំង 
P63: គឺ ព្រះរាជពង្សសោវតា​ខេម្មរឡេកឱង្ការ ដែល​ចាប់​ផ្ដើម​សរសេរ​និពន្ធ​ក្នុង​គ.ស​១៩០៣​ដោយ​គណៈកម្មការ​ថ្មី​មួយ​ទៀត តាម​បញ្ជា​របស់​ព្រះបាទ​នរោត្ដម  ក្រោយពេល​ព្រះបាទ​នរោត្ដម​បាន​ចូល​ទីវង្គត ព្រះបាទ​ស៊ីសុវត្ថិ​ដែល​បាន​ទទួល​ព្រះរាជាភិសេក​ក្នុង​ខែ​មេសា .ស​១៩០៤​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ដដែល​បន្ត​កាតព្វកិច្ច​នេះ​រហូត​ដល់​ចប់  ពង្សាវតារ P63 ត្រូវ​បាន​រៀបចំ​អធិប្បាយ​ទៅ​តាម​លំនាំ​ឯកសារ​ដែល​ធ្លាប់​មាន​ស្រាប់​នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង  ឯកសារ​ទាំង​នេះ គេ​បាន​រក្សាទុក​ក្នុង​ឃ្លាំង​ព្រះរាជទ្រព្យ 
VJ: គឺ ព្រះរាជពង្សាវតារ​មហាក្សត្រ​ខ្មែរ  ព្រះរាជពង្សាវតារ​ក្រុងកម្ពុជាធិបតី ដែល​គណៈកម្មការ​វាំង​ថ្មី​មួយ​ទៀត ស្ថិត​នៅ​ក្រោម​អធិបតីភាព​សម្ដេច​វាំងជួន បាន​និពន្ធ​រៀបរៀង​ចប់​នៅ​ក្នុង​ទសវត្ស​១៩៣០  ស្នាដៃ​នេះ​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ពង្សាវតារ P63 ដែល​គេ​យក​មក​រុះរើ​បន្ថែម​បន្ថយ​ទៅ​តាម​កាលៈទេសៈ  សារសំខាន់​របស់​ពង្សាវតារ VJ ស្ថិត​នៅ​ត្រង់​ថ្ងៃ​ខែ​ឆ្នាំ ពេលវេលា​មាន​លក្ខណៈ​ចាប់​ជួន​ស៊ី​សង្វាក់​គ្នា  ឯ​វិធី​និពន្ធ​វិញ​ក៏​មាន​លក្ខណៈ​ទំនើប ងាយ​ស្រួល​ដល់​ការ​ចង​ចាំ​ដែរ  ប្រវត្តិវិទូ​ខ្មែរ​លោក​បណ្ឌិត ប៉ក់ ភឿន និង​ ឃិន សុខ បាន​ធ្វើ​ការ​ស្រាវជ្រាវ​សិក្សា​ប្រៀបធៀប និង​បកប្រែ​ទាំងស្រុង​ពង្សាវតារ VJ ជា​ភាសា​បារាំង 
DV: គឺ ពង្សាវតារ​ប្រទេស​កម្ពុជា ដែល​គេ​និយម​ហៅ​ថា ពង្សាវតារ​វត្ត​ទឹកវិល  ពង្សាវតារ DV ប្រហែល​ជា​បាន​និពន្ធ​នៅ​ចុង​ទសវត្ស​១៩៣០ ឬ​ដើម​ទសវត្ស​១៩៤០ ដោយ​ព្រះភិក្ខុ ហាស់ ស៊ុក ដែល​គង់​នៅ​វត្ត​ទឹកវិល ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល  ឯកសារ DV មាន​លំនាំ​ដូចជា​ដក​ស្រង់​ចេញ​មក​អំពី​ពង្សាវតារ P58 និង VJ  ម្យ៉ាង​វិញ​ទៀត គេ​អាច​កត់​សម្គាល់​បាន​ថា DV មាន​លំនាំ​ដូច​គ្នា​បេះ​បិទ​នឹង​ពង្សាវតារ​វត្ត​កំពង់ត្រឡាច ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​លោក អេង សុទ្ធ បាន​លើក​យក​មក​បោះពុម្ព​ផ្សាយ​ក្រោម​ចំណងជើង​ថា ឯកសារ​មហាបុរស​ខ្មែរ 

0 ការពិគ្រោះ:

Post a Comment

Booking.com