ឧបាសកនិទ្ទេស
សំដែងអំពីនាមថា ឧបាសក និងធម៌របស់ឧបាសកផ្សេងៗ មានសីលជាដើម ។ ជនដែលមាននាមបញ្ញាតិ្តថា ឧបាសកនោះ ដោយហេតុដែលបានចូលទៅជិតដល់នូវព្រះរតនៈត្រ័យ ជាទីពឹងទីរលឹកដូច ពុទ្ធភាសិតដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងចំពោះនិងមហានាមសក្យរាជថា ម្នាលមហានាម គ្រហស្ថឯណាមួយដែលដល់ ព្រះពុទ្ធ- ព្រះធម៌- ព្រះសង្ឈ- ជាទីពឹងទីរលឹកហើយ គ្រហស្ថនោះឯងបានឈ្មោះថាឧបាសក (បើស្រ្តីហៅថា ឧបាសក) ។
ម្យ៉ាងទៀតមានបាលីថា រតនត្តយំ ឧបាសតីតិ ឧបាសកោ ប្រែថា ជនឯណាចូលទៅអង្គុយជិតព្រះរតនៈត្រ័យ ជននោះឈ្មោះថា ឧបាសក។
អធិប្បាយថា ជនដែលចូលទៅអង្គុយជិតព្រះរតនៈត្រ័យនោះ គឺមិនមែនចូលទៅអង្គុយជិតព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ ជានិច្ច ដោយរូបកាយនោះទេ គឺលោកសង្រ្គោះយក នាមកាយជាប្រមាណ សូម្បីជនស្ថិតនៅក្នុងទីចម្ងាយប៉ុន្មាន តែមានសន្តានចិត្តប្រព្រឹតជាប់នៅក្នុងគុណព្រះរតនៈត្រ័យជានិច្ច ចិត្តនោះឱនទៅតោងយកគុណព្រះព្រះរតនៈត្រៃ ជាទីពឹងទីរលឹកជានិច្ចហើយ ជននោះឈ្មោះថា បានចូលទៅអង្គុយជិតព្រះរតនៈត្រ័យជានិច្ចបើគ្រាន់តែចូលទៅអង្គុយជិតព្រះពុទ្ធដោយរូបកាយ តែសន្តានចិត្តនោះស្ថិតនៅក្នុងទីឆ្ងាយអំពីគុណព្រះរតនៈត្រ័យ មិនបង្អោនចិត្តទៅក្នុងគុណព្រះរតនត្រ័យទេជននោះឈ្មោះថាស្ថិតនៅទីឆ្ងាយអំពីគុណព្រះរតនត្រ័យមិនមែនជាឧបាសកឡើយ។
សីលនៃឧបាសក
បញ្ចវិតិចេតនា គឺចេតនាដែលវៀរចាកវេរា ៥ ឈ្មោះថាជាសីលនៃឧបាសក ដូចពុទ្ធភាសិតដែលព្រះបរមគ្រូជាម្ចាស់ត្រាស់សំដែងចំពោះ មហានាមសក្យរាជ ថាម្នាលមហានាមឧបាសកឯណាបានវៀរចាក បាណាតិបាតគឺមិនសម្លាប់សត្វ១ វៀរចាកអទិន្នាទាន គឺមិនលួចទ្រព្យអ្នកដទៃ ១ , វៀរចាក កាមេសុមិច្ឆាចារ គឺមិនប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១, វៀរចាកមុសាវាទ គឺមិននិយាយកុហក១ ,វៀរចាក សុរាមេរយ គឺមិនផឹកនូវទឹកសុរានឹងមេរ័យ ១, ឧបាសកនោះឈ្មោះថាឧបាសកមានសីល។
អាជីវៈនៃឧបាសក
កិរិយាលៈបង់នូវជំនួញ៥ប្រការ ហើយប្រកបកិច្ចការចិញ្ចឹមជីវិតដោយត្រឹមត្រូវតាមធម៌ ឈ្មោះថា អាជីវៈនៃឧបាសក ដូចមានពុទ្ធប្បញ្ញត្តិដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា បញ្ចិមា ភិក្ខវេ វណិជ្ជា ឧបាសិកេន អករណីយា ម្នលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ៥ប្រការឧបាសកមិនគប្បីធ្វើឡើយ, ជំនួញខុស៥ប្រការនោះគឺ ៖
១-សត្ថវណិជ្ជា ជួញគ្រឿងសស្រ្តាវុធសំរាប់ប្រហារ គឺគ្រឿងនោះធ្វើដោយខ្លួនឯង ឬឱ្យអ្នកដទៃធ្វើឬបានមកដោយហេតុឯណាមួយ ហើយលក់គ្រឿងសស្រ្តាវុធនោះ ២-សត្តវណិជ្ជាជួញមនុស្ស។
៣-មំសវណិជ្ជាជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយមានជ្រូកជាដើម លុះដល់សត្វទាំងឡាយនោះចំរើនធំឡើងក៏សម្លាប់យកសាច់លក់។
៤-មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងឯណាមួយ ឱ្យកើតឡើងជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមកលក់នូវទឹកស្រវឹងនោះ។
៥-វិសវណិជ្ជា ជួញថ្នាំពិល គឺចាត់ចែងផ្សំថ្នាំពិលឱយកើតឡើងដោយខ្លួនឯង ឬឱ្យគេផ្សំឱ្យ ឬបានមកដោយហេតុឯណាមួយ ហើយលក់នូវថ្នាំពិលនោះ។
ឧបាសកកាលបើវៀចាកជំនួញខុស៥ប្រការនេះហើយបានប្រកបកិច្ចការចិញ្ចឹមជីវិតដោយធម៌ឈ្មោះថាមានអាជីវធម៌ដោយប្រពៃ។
វិបត្តិនៃឧបាសក
ធម្មជាតិដែលញ៉ាំងសីល និងអាជីវធម៌នៃឧបាសកឱ្យវិនាស ឈ្មោះថាវិបត្តិៗនោះមាន៥យ៉ាងគឺ៖
១-អស្សទ្ធោ ហោតិ ឧបាសកមិនជឿគុណព្រះរតនត្រ័យ។
២-ទុសី្សលោ ហោតិ ឧបាសកទ្រុស្ថសីល ។
៣-កោតុហលមង្គលិកោ ហោតិ ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើល.
៤-មង្គលំ បច្ចេតិ នោកម្មំ ឧបាសកប្រកាន់ជឿថាមង្គលមានឫក្សពារវេលាជាដើមឱ្យផល មិនប្រកាន់ជឿថា កម្មជាកុសលអកុសលឱ្យផលឡើយ។
៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ តវេសេតិ តត្ថ ចបុព្វការំ ករោតិឧបាសកស្វែងរកតែទក្ខិណេយ្យបុគ្គល គឺបដិគា្គហកអ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសន ហើយធ្វើនូវខានដល់ទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះ ។
ឧបាសកឯណាប្រកបដោយវិបត្តិ៥យ៉ាងនេះ ត្រង់វិបត្តិឯណាមួយហើយ ឧបាសកនោះឈ្មោះថា ឧបាសកចណ្ឌាល គឺឧបាសកដូចជាមនុស្ស ចណ្ឌាលផង ឈ្មោះថាឧបាសកមលៈគឺឧបាសកមានធម៌ជាមន្ទិលសៅហ្មងផង ឈ្មោះថាឧបាសកបដិកិដ្ឋ គឺឧបាសកដែលជាអ្នកប្រាជ្ញទាំងឡាយលោកតិៈដៀលផង។
សម្បត្តិនៃឧបាសក
ធម្មជាតិដែលញ៉ាំងសីល និងអាជីវធម៌នៃឧបាសកឱ្យបរិបូណ៌ ឱ្យបរិសុទ្ធប្រពៃឈ្មោះថាសម្បត្តិនោះៗមាន៥យ៉ាងគឺ
១- សទ្ធោ ហោតិ ឧបាសកមានសេចក្តីជឿជាក់ច្បាស់ក្នុងគុណព្រះរតនត្រ័យ។
២-សីលវា ហោតិ ឧបាសក មានសីល ។
៣-នកោតុហលមង្គលិកោ ហោតិ ឧបាសកមិនប្រកបដោយមង្គលភ្ញាក់ផ្អើល ។
៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសកប្រកាន់ជឿថាកម្មជាកុសលនិងអកុសលឱ្យផល មិនប្រកាន់មង្គលមានឫក្សពារវេលាជាដើមឱ្យផលឡើយ ។
៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ តវេសតិ ឥធ ច បុព្វការំ ករោតិឧបាសកមិនស្វែងរកទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈ អ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាឡើយ , ហើយធ្វើទានតែក្នុងទក្ខិណេយ្យបុគ្គល ក្នុងព្រពុទ្ធសាសនានេះ ។
ឧបាសកឯណាប្រកបដោយសម្បត្តិ៥យ៉ាងនេះហើយ ឧបាសកនោះឈ្មោះថា ឧបាសករតនៈគឺឧបាសកដូចជារតនៈវត្ថុមានកែវជាដើមផង ឈ្មោះថាឧបាសកបទុមៈ គឺឧបាសកដូចជាផ្កាឈូកមានពណ៌ក្រហមផង ឈ្មោះថា បុណ្ឌរីក ឧបាសកដូចជាផ្កាឈូកមានពណ៌ស ។
គុណនៃឧបាសក
ធម៌សំរាប់ឧបាសកឧបាសិកា ប្រតិបត្តិគ្រប់រូបដើម្បីនឹងឱ្យកើតចំរើននូវសម្បត្តិទាំងពួងឈ្មោះថាគុណៗនេះជារបស់ឧបាសក ឧបាសិកា ហៅថាឧបាសកគុណមាន១០ យ៉ាង
១-សង្ឈេន សទ្ធឹ សមានសុខទុក្ខោ ហោតិ ឧបាសកអ្នករួមសេចក្តីសុខ ទុក្ខ មួយអន្លើដោយភិក្ខុសង្ឈ គឺថាបើភិក្ខុសង្ឈមានសេចក្តីសុខក៏ត្រេកអរ បើភិក្ខុសង្ឈមាន សេចក្តីទុក្ខព្រួយក៏ព្រួយជាមួយផង ។
២-កាយិកវាចសិកញ្ច សុរក្ខិតំ ហោតិឧបាសកមានកាយកម្មនិងវិចីកម្មរក្សាហើយដោយប្រពៃ ។
៣-ធម្មោ អធិបតេយ្យោ ហោតិ ឧបាសកមានធម៌អធិបតី គឺថាកាលបើប្រព្រឹត្តធ្វើអ្វីៗរមែងកាន់យកធម៌ជាធំ ជាទីតាំង ជាទីអាងមាំមិនឱយខុស មិនឱ្យឃ្លៀងឃ្លាតអំពីធម៌ឡើយ ។
៤ -យថា ថាមេន សំវិកាគរតោ ច ហោតិឧបាសក ជាអ្នកត្រេកអរក្នុងការបរិច្ចាគទាន សមតាមគួរដល់កម្លាំងនៃខ្លួន គឺធ្វើទានតាមទ្រព្យសម្បត្តិតិចនិងច្រើនបើមានតិចធ្វើតិច មានច្រើនក៏ធ្វើច្រើន មិនមានមច្ឆរិយធម៌គ្រប់សង្កត់សន្តានចិត្តឡើយ ។
៥-ជិនសាសនំ ជានិតុញ្ច វាយមតិ ឧបាសកឧស្សាហ៍ព្យាយាម ដើម្បីនឹងឱ្យច្បាស់នូវសាសនៈគឺពាក្យប្រៀនប្រដៅ ពាក្យបណ្តាំនៃជិនស្រី ។
៦-សម្មាទិដ្ឋិកោ វ ហោតិ ឧបាសក ជាសម្មាទិដ្ឋិ គឺមានប្រាជ្ញាឃើញត្រូវតាមសេចក្តីពិត ។
៧-អបគតោ កោតុហលមង្គលិកោ វ ហោតិ ឧបាសកប្រាស់ចាកមង្គលភ្ញាក់ផ្អើល ហើយជាអ្នកមិនប្រកាន់ជឿថាមង្គលឫក្សពារពាលាជាដើមឱយផលឡើយ ប្រកាន់ជឿតែកម្មជាកុសលនិងអកុសល ថាឱ្យផល ។
៨-ជីវិតហេតុបិ អញ្ញំ សត្ថារំ ន ឧទ្ទិសតិ ឧបាសក បើទុកជាមានហេតុគួរដល់នូវសេចក្តីវិនាសជីវិតក្តី ក៏មិនលៈបង់ព្រះរតនៈត្រ័យ ហើយត្រឡប់ទៅកាន់យកមនុស្សដទៃជាគ្រូអាចារ្យ ជាទីពឹងរបស់ខ្លួន ថាប្រសើរជាងព្រះរតនត្រ័យនោះឡើយ ។
៩-សមគ្គារាមោ វ ហោតិ ឧបាសក ត្រេកអរក្នុងសាមគ្គីធម៌ គឺសេចក្តី ព្រមព្រៀងគ្នា ។
១០-សាសនេ ចរតិ ឧបាសកប្រព្រឹត្តក្នុងព្រះពុទ្ធសាសនា គឺប្រព្រឹត្តតែតាមធម៌ វិនយ័ជាពុទ្ធសាសនា។
ឧបាសកគុណទាំង១០យ៉ាងនេះ ឧបាសកឧបាសិកាគប្បីប្រតិបតិ្តតាមកុំបីឃ្លៀងឃ្លាតឡើយ ព្រោះជាធម៌អាចនឹងធ្វើចិត្តឧបាសក ឧបាសិកា អ្នកប្រតិបតិ្តឱយសុចរិតផូរផង់ក្នុងព្រះពុទ្ធសាសនា ហើយបានជាបច្ច័យនៃព្រះនិព្វានសម្បត្តិផង។
ចប់ឧបាសកនិទ្ទេសដោយសង្ខេបប៉ុណ្ណេះ






0 ការពិគ្រោះ:
Post a Comment